ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បានស្នើ​ដល់​អភិបាលក្រុង​ប៊ូសាន លោក អូ កែដុន ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ដល់​សុខុមាលភាព​របស់​ពលករ​កម្ពុជា ដែល​កំពុង​ធ្វើការ​នៅ​ទីក្រុង​នេះ​ជាមួយ​នឹង​ការជំរុញ​កូរ៉េ​ខាង​ត្បូង​បញ្ចប់​​ឱ្យ​បាន​ឆាប់​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​បណ្ដាប្រទេស​នៅ​អាស៊ាន​។

ការស្នើ​របស់​លោក ប្រាក់ សុខុន បាន​ធ្វើ​ឡើង​នៅក្នុង​ជំនួប​ដាច់ដោយ​ឡែក​ជាមួយ​លោក អូ កែដុន កាលពី​ថ្ងៃ​ចន្ទ ខណៈ​លោក​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សារីយ៍​អាស៊ាន-កូរ៉េ និង​កិច្ចប្រជុំ​កំពូល​មេគង្គ-កូរ៉េ​លើក​ទី​ ១ ដែល​តំណាងឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​ប៊ូសាន​ចាប់ពី​ថ្ងៃ​ ២៤ ​ដល់​ ២៧ ​ខែ​វិច្ឆិកា​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ-កូរ៉េ​លើក​ទី​ ១ ​កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា នៅក្នុង​ជំនួប​ទ្វេភាគី​លោក ប្រាក់ សុខុន បាន​​អរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​បន្ត​បង្កើន​កូតា​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​កូរ៉េ និង​បាន​យកចិត្ត​ទុកដាក់​ដល់​សុខុមាលភាព​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​កូរ៉េ ជាពិសេស​ពលករ​កម្ពុជា​ចំនួន​ ៩ ០០០ ​នាក់​ ដែល​បាន​និង​​កំពុង​ស្នាក់នៅ​ធ្វើការ​នៅ​ទីក្រុង​ប៊ូសាន​។

លោក ប្រាក់ សុខុន ​បាន​បញ្ជាក់​​នៅក្នុង​សេចក្តី​ប្រកាស​នោះ​​ថា ចាប់ពី​ឆ្នាំ​ ២០០៧ ​មក​ប្រជាជន​កម្ពុជា​ជាង​ ៦១ ០០០ ​នាក់​ បាន​មាន​ឱកាស​ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បូង​ក្រោម​ប្រព័ន្ធ​ការអនុញ្ញាត​ការងារ​។

នៅក្នុង​សេចក្តី​ប្រកាស​នោះ​លោក ប្រាក់ សុខុន បាន​បង្ហាញ​ក្តីសង្ឃឹម​ដែរ​ថា កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​បន្ថែមទៀត​ពី​ជំនួយ​បច្ចេកទេស​របស់​កូរ៉េ សម្រាប់​ការបណ្តុះបណ្តាល​ជំនាញ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុង​វិស័យ​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ឌីជីថល​នវានុវត្តន៍​ដើម្បី​កម្ពុជា​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការវិវឌ្ឍ​បដិវត្តន៍​ឧស្សហកម្ម​ទី​ ៤ និង​បានទទួល​ស្គាល់​ពី​តួនាទី​ដ៏សំខាន់​របស់​មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ និង​មជ្ឈមណ្ឌល​វប្បធម៌​អាស៊ាន​​ដើម្បី​លើក​កម្ពស់​ទេសចរណ៍ វប្បធម៌​ពាណិជ្ជកម្ម និង​វិនិយោគ​នៅក្នុង​អាស៊ាន និង​កូរ៉េ​។

ទន្ទឹមនឹង​នេះ​លោក ប្រាក់ សុខុន បាន​ជំរុញ​មាន​ការបញ្ចប់​ឱ្យបាន​ឆាប់​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) ​ដោយ​ប្រទេស​ចូលរួម​ទាំង​ ១៥ ​នៅ​ដើម​ឆ្នាំក្រោយ​ដោយ​លោក​​ស្នើឱ្យ​កូរ៉េ​លើក​ទឹកចិត្ត​ក្រុមហ៊ុន​របស់​ខ្លួន​ឱ្យចូលរួម​នៅក្នុង​គម្រោង​ការតភ្ជាប់​នានា​នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ជាពិសេស​ក្នុង​វិស័យ​បណ្តាញ​ទីក្រុង​ឆ្លាត ហេដ្ឋារចនាសម្ព័ន្ធ​រឹង និង​ទន់​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ កម្ពុជា-កូរ៉េ ឃើញ​ថា​សុទ្ធតែ​មាន​សុច្ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​ក្នុង​ការជំរុញ​​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក​ថ្លែងថា​៖ «​បើ​យើង​មើល​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​សម្លឹង​មក​ទិស​ខាង​ត្បូង​ថ្មី​កូរ៉េ​នេះ គឺ​គេ​បាន​បាញ់​ឆ្ពោះ​មក​កាន់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា ឥណ្ឌា​ដែល​អាច​រួមចំណែក​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​...​។ យើង​ឃើញ​មាន​យន្តការ​ច្រើន​។

យន្តការ​កូរ៉េ-មេគង្គ យន្តការ​កូរ៉េ-អាស៊ាន​។ យើង​គិតថា​កម្ពុជា និង​កូរ៉េ​នឹងមាន​ទំនាក់ទំនង​គ្នា​កាន់តែ​ស៊ីជម្រៅ​ទ្វេ​ឡើង​ថែម​ទៀត​។

លោក គិនភា ថ្លែង​សង្ឃឹម​ថា​ការវិនិយោគ​ផ្ទាល់​ពី​កូរ៉េ​មកកាន់​កម្ពុជា​កាន់តែច្រើន​។ គោលនយោបាយ​សម្លឹង​មក​ទិស​ខាង​ត្យូង​ថ្មី​កូរ៉េ​នេះ​គឺ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​បញ្ហា​សន្តិភាព វិស័យ​សន្តិសុខ និង​ការជំរុញ​ទំនាក់ទំនង​រវាង​មនុស្ស​​កាន់តែ​ច្រើនឡើង​ក៏​ដូចជា​ប្រទេស​ជា​ដៃគូ​៕