ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស លោក ប្រាក់ សុខុន បាន​អំពាវនាវ​ដល់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ខ្សែក្រវាត់ និង​ផ្លូវ​ចំនួន​ជាង​ ២០ ​ប្រទេស​ឱ្យ​រិះ​រក​មធ្យោបាយ​ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ខណៈ​ស្ថានភាព​ប្រទេស​មួយចំនួន​បាន​ធូរស្រាល​ពី​ជំងឺ​នេះ​។

ការអំពាវនាវ​របស់​លោក ប្រាក់ សុខុន បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបតិ្តការ​អន្តរជាតិ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ដោយ​សាមគ្គីភាព តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) កាលពី​ថ្ងៃទី​ ១៨ ខែមិថុនា​។ កិច្ចប្រជុំ​នេះ​ផ្តួចផ្តើម​ឡើង​ដោយ​ប្រទេស​ចិន និង​ដឹកនាំ​ដោយ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន និង​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​មកពី​ ២៦ ​ប្រទេស​ដែល​ជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​។

លោក ប្រាក់ សុខុន ត្រូវ​បាន​ដកស្រង់​សម្ដី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ទី​ ១៩ ថា​៖ «​ខណៈ​ដែល​ស្ថានភាព​ជំងឺ​កូវី​១៩​កំពុង​ធូរស្រាល​នៅ​តាម​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក វេលា​នេះ​ជា​ពេល​ត្រូវ​ចាប់ផ្តើម​រិះរក​របៀប និង​ធានា​ឱ្យ​បាន​នូវ​មធ្យោបាយ ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ជំងឺ​កូវីដ​១៩​រាតត្បាត​កន្លងផុត​»​។

លោក ប្រាក់ សុខុន ថ្លែង​បន្ត​ថា​៖ «​ទីផ្សារ​ដែល​កំពុង​រីកចម្រើន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​សារៈសំខាន់​ជា​អ្នក​ផ្គត់ផ្គង់​ផង និង​ជា​ទីផ្សារ​ផង​។ ការធានា​បាន​នូវ​ការតភ្ជាប់​ដែល​គ្មាន​របាំង​ក្នុង​ចំណោម​យើង​ទាំងអស់​គ្នា​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​របស់​យើង​»​។

លោក ប្រាក់ សុខុន ក៏បាន​អំពាវនាវ​ដល់​រដ្ឋមន្ត្រី​ជាង​ ២០ ​ប្រទេស​នេះ​ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថភាព​ដើម្បី​ដោះស្រាយ​វិបត្តិ​សុខភាព​សាធារណៈ​នេះ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ និង​ជំនាញ​បច្ចេកទេស ការចែករំលែក​ឧត្តម្មានុវត្តន៍ ហើយ​និង​រិះរក​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​រួមគ្នា​លើ​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​។ «​ក្នុង​ន័យ​នេះ​កម្ពុជា​គាំទ្រ​ដល់​ការបង្កើត​ឱ្យ​មាន​គំនិត​ផ្តួចផ្តើម​វិថី​សុខភាព​»​។

លោក ប្រាក់ សុខុន ថ្លែង​ថា​ក្នុង​នាម​ជា​ប្រទេស​ដែលមាន​ជំនឿ​មុតមាំ​លើ​ពហុភាគី​និយម និង​ជា​តួអង្គ​សកម្ម​នៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ កម្ពុជា​អំពាវនាវ​ឱ្យ​មាន​ការចូលរួម​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ពី​តួអង្គ​រដ្ឋ និង​តួអង្គ​មិនមែន​រដ្ឋ​ទាំងអស់​នៅក្នុង​បណ្តា​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​ដើម្បី​បំពេញ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០ របស់​អង្គការ​សហប្រជាជាតិ​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​គ្មាន​កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​អន្តរជាតិ​ទេ យើង​មិន​អាច​ឈ្នះ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ​ទេ​។ ការធ្វើ​នយោបាយ​ណាមួយ​ទៅ​លើ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត ឬ​ការលេង​ល្បែង​ស្តីបន្ទោស​ដាក់​គ្នា​គឺ​បាន​ត្រឹម​តែ​កាត់បន្ថយ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​នេះ​តែប៉ុណ្ណោះ​»​។

លោក វ៉ាង យី ត្រូវ​ដកស្រង់​សម្ដី​ដោយ​គេហទំព័រ​ក្រសួង​ការបរទេស​ចិន​កាលពី​ថ្ងៃទី​ ១៩ ខែមិថុនា បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា ចិន​ត្រៀម​ខ្លួន​ធ្វើការ​ជាមួយ​ដៃគូ​អន្តរជាតិ​ដើម្បី​ធ្វើឱ្យ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ក្លាយ​ជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ សុខាភិបាល ការស្តារ​ឡើងវិញ និង​ការរីកចម្រើន និង​បើក​អនាគត​ភ្លឺស្វាង​សម្រាប់​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ​។

លោក វ៉ាង ថ្លែង​ថា​៖ «​ប្រទេស​ចិន​នឹង​ផ្តោតលើ​ការគាំទ្រ​ដល់​បណ្តា​ប្រទេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ និង​ការបន្ត​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​ពិចារណា​ជា​វិជ្ជមាន​ដល់​តម្រូវការ​របស់​ដៃ​គូ​ខ្សែក្រវាត់ និង​ផ្លូវ​ក្នុងការ​អភិវឌ្ឍ និង​ការប្រើប្រាស់​វ៉ាក់សាំង​។ ប្រទេស​ចិន​ក៏​នឹង​ពិភាក្សា​អំពី​ការបង្កើត​ផ្លូវ​ល្បឿន​លឿន​សម្រាប់​លំហូរ​មនុស្ស និង​ទំនិញ​ឆ្លងកាត់​ព្រំដែន​ជាមួយ​ដៃគូ​ខ្សែក្រវាត់ និង​ផ្លូវ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ថ្លែងថា ជំងឺ​កូវីដ​ ១៩ ​គឺជា​គ្រោះមហន្តរាយ​សកល​ដែល​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ដល់​គ្រប់​ប្រទេស​ទាំងអស់ ស្ទើរតែ​គ្រប់​វិស័យ​។ ជាពិសេស​នោះ វិស័យ​សេដ្ឋកិច្ច​សង្គម​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ អ្វី​ដែល​ជា​តម្រូវ​ការចាំបាច់​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​៕