ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសបានអំពាវនាវឱ្យអាស៊ាន និងអូស្ត្រាលី ប្រុងប្រយ័ត្នចំពោះរលកទី២ នៃជំងឺកូវីដ ១៩ ដោយត្រូវបន្តកិច្ចខិតខំប្រឹងប្រែងកម្ចាត់ជំងឺនេះ និងសហការគ្នាផលិតឱសថ និងវ៉ាក់សាំង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានទាន់ពេលវេលា។
ការថ្លែងរបស់លោក ប្រាក់ សុខុន ធ្វើឡើងក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្រ្តាលី តាមប្រព័ន្ធវីដេអូ ស្តីពីជំងឺឆ្លងកូវីដ ១៩ កាលពីថ្ងៃទី ៣០ ខែមិថុនា។
បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកាលពីថ្ងៃទី ៣០ ខែមិថុនា លោក ប្រាក់ សុខុន បានថ្លែងថា៖ «អាស៊ាន និងអូស្ត្រាលី ត្រូវរក្សាការប្រុងប្រយ័ត្នជានិច្ចចំពោះការឆ្លងរលកទី២ នៃជំងឺរាតត្បាតនេះ ខណៈដែលបណ្តាប្រទេសទាំងឡាយកំពុងចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវរៀងៗខ្លួន ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងចំពោះជំងឺកូវីដ ១៩»។
លោកបន្តថា៖ «យើងទាំងអស់គ្នាត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកម្ចាត់ជំងឺរាតត្បាតនេះជាមួយគ្នាលើគ្រប់ផ្នែកទាំងអស់ ស្របតាមការប្តេជ្ញាចិត្តរួមគ្នា នៅមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣»។
លោកបន្តថា អាស៊ាន និងអូស្ត្រាលី គួរតែសហការគ្នានៅគ្រប់កម្រិត ដើម្បីអភិវឌ្ឍធ្វើតេស្ត និងផលិតកម្មឱសថ និងវ៉ាក់សាំងការពារសម្រាប់ជំងឺរាតត្បាតកូវីដ ១៩ នេះឱ្យបានប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យដោយធានាថា ប្រជាពលរដ្ឋដែលមានសេចក្តីត្រូវការអាចមានឱកាសទទួលបានទាន់ពេលវេលានូវឱសថ និងវ៉ាក់សាំងទាំងនេះ ដោយគ្មានការរារាំង។
លោក ប្រាក់ សុខុន ថ្លែងថា អាស៊ានបានធ្វើការយ៉ាងសកម្មចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ ១៩ នេះក្នុងការឆ្លើយតបជាសមូហភាពដែលមិនត្រឹមតែធ្វើការឆ្លើយតបរវាងបណ្តាប្រទេសសមាជិកអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយដៃគូខាងក្រៅទៀតផង។
លោកថ្លែងថា៖ «ដំណោះស្រាយដែលប្រកបដោយបុរេសកម្មរបស់អាស៊ានអាចផ្ញើសារយ៉ាងច្បាស់មួយថា នៅក្នុងពេលមានវិបត្តិសហគមន៍អន្តរជាតិ ចាំបាច់ត្រូវបង្កើនការសម្របសម្រួល និងការឆ្លើយតបរួមគ្នា ក៏ដូចជាសាមគ្គីភាពជាអន្តរជាតិ»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី បានឯកភាពគ្នា ធ្វើកិច្ចសហការជាមួយអង្គការអន្តរជាតិពាក់ព័ន្ធនានា ជាពិសេសអង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការត្រៀមខ្លួន និងការឆ្លើយតបរួមគ្នា ចំពោះជំងឺរាតត្បាត និងទប់ស្កាត់ផលប៉ះពាល់ក្នុងរយៈពេលវែង។
ភាគីទាំង ២ បានប្តេជ្ញាចិត្តធ្វើការរួមគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពអាស៊ាន-អូស្ត្រាលី (២០-២០-២០២៤) ដើម្បីកសាងការឆ្លើយតបតំបន់មួយដែលអាចកាត់បន្ថយបាននូវផលប៉ះពាល់លើវិស័យសុខាភិបាល និងសេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីជំងឺឆ្លង និងដើម្បីគាំទ្រគ្នាទៅវិញទៅមក នៅក្នុងដំណាក់កាលជាសះស្បើយឡើងវិញ។
លោកស្រី Hon Marise Payne រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសអូស្ត្រាលី កាលពីថ្ងៃទី ៣០ ខែមិថុនា ថា ក្នុងអំឡុងកិច្ចពិភាក្សានៃកិច្ចប្រជុំនេះលោកស្រីបានប្រកាសផ្តល់ថវិកា ចំនួន ២៣ លានដុល្លារ ដើម្បីជួយអាស៊ានពង្រឹងសន្តិសុខផ្នែកសុខភាព ការស្តារសេដ្ឋកិច្ច និងស្ថិរភាព នៅក្នុងតំបន់របស់ភាគីទាំង ២។
លោកស្រីថ្លែងថា៖ «កញ្ចប់ថវិកានេះបំពេញបន្ថែមទៅលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អូស្រ្តាលីជាមួយអាស៊ាន ក៏ដូចជាការងារទ្វេភាគីដ៏សំខាន់ ដែលបានដំណើរការជាមួយប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍របស់យើង និងការចូលរួមចំណែកដ៏សំខាន់របស់យើង ចំពោះកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជា ថ្លែងពីថ្ងៃពុធថា ក្នុងក្របខ័ណ្ឌអាស៊ានវាអាចជាមេរៀនមួយល្អ ដែលអាស៊ានអាចគ្រប់គ្រងជំងឺកូវីដ ១៩ មានប្រសិទ្ធភាពជាងគេបើធៀបនឹងតំបន់ផ្សេងៗ ប៉ុន្តែប្រសិនបើមានការធ្វេសប្រហែសវាអាចនឹងមានរលកទី២ នៃការឆ្លងជំងឺនេះ។
លោកថ្លែងថា ការអំពាវនាវរបស់លោក ប្រាក់ សុខុន គឺជាការពញ្ញាក់ស្មារតីក្នុងក្របខ័ណ្ឌតំបន់អាស៊ានក៏ដូចជាអូស្ត្រាលី ដែលត្រូវមានការប្រុងប្រយ័ត្ន។ លោក គិន ភា បានថ្លែងថា៖ «ចំពោះប្រទេសមួយចំនួនដែលយកបញ្ហាកូវីដ ១៩ ជាការសាចទឹកដាក់គ្នាពីបញ្ហាប្រភពនៃការឆ្លងអីជាដើមហ្នឹង អាហ្នឹងខ្ញុំយល់ថា ប្រសិនបើយើងនាំគ្នាឆ្លើយដាក់គ្នា សាចទឹកដាក់គ្នាពីបញ្ហានេះ គឺយើងអត់អាចរកដំណោះស្រាយអីបានទេ»។
លោក គិន ភា បានបញ្ជាក់ទៀតថា៖ «អ្វីដែលប្រជាជាតិទាំងអស់ប្រឈម ហើយនិងខំដុតដៃដុតជើងហ្នឹង គឺធ្វើម៉េចផលិតវ៉ាក់សាំង ថ្នាំព្យាបាលឱ្យបាន ហើយជាថ្នាំព្យាបាលមួយដែលប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានការអភិវឌ្ឍតិចតួចហ្នឹងគាត់អាចមានលទ្ធភាពក្នុងការទិញ ដើម្បីផ្តល់ការព្យាបាលដល់ប្រជាជនរបស់ខ្លួនបាន។ អាហ្នឹងជារឿងដែលប្រសើរ»៕