ភ្នំពេញៈ លោក ផែង វណ្ណៈ ដែល​ជា​ជន​ល្បី​ឈ្មោះ​ នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនា​​គារ​រាជ​ធានី​ភ្នំពេញ​ ហើយ​ កាល​ពី​ម៉ោង​ជាង ​៦ ​ល្ងាច ថ្ងៃ​ចន្ទ ​ក្រោយ​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ចេញ​សាល​ក្រម​ផ្ដន្ទា​ទោស​​រយៈ​ពេល​ ១ ឆ្នាំពាក់​ព័ន្ធ​នឹង​ករណី​ បទ​ចោទ​ញុះ​ញង់​ឲ្យ​ប្រព្រឹ​ត្ត​បទ​ឧក្រិដ្ឋ​ជា​អា​ទិ៍​ និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ ប៉ុន្តែ​អនុវត្ត​ទោស​តែ ២​ ខែ​កន្លះ ​ក្នុង​ពន្ធ​នាគារ​ ចំណែក​ទោស​ក្រៅ​ពី​នេះ​ត្រូវ​ព្យួរ។

លោក នុត សវនា ​អ្នក​នាំ​ពាក្យ​នៃ​អគ្គនា​យក​ដ្ឋាន​ពន្ធនា​​គារ​ ​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា​៖ «​យើង​បាន​ដោះ​លែង​គាត់​ហើយ កាល​ពី​ម៉ោង​ ៦​ ល្ងាច ​ថ្ងៃ​ចន្ទ»។

លោក​ ​ផែង​ វណ្ណៈ ​ត្រូវ​បាន​ជាប់​​បណ្តឹង​​មេធាវី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​បុគ្គល​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​​ការ​និ​យាយ​​រិះ​គន់​គ្មាន​សំចៃ​​មាត់​របស់​លោក រហូត​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃាត់​ខ្លួន​ និង​​ឃុំ​ខ្លួន​ កាល​ពី​ថ្ងៃ​ទី ៣ ខែ​ មេសា​ កន្លង​មក​ ដែល​គិត​មក​ដល់​ថ្ងៃ​អង្គារម្សិល​មិញគឺ​មាន​​រយៈ​ពេល​ ២ ខែ​កន្លះ។

លោក​ សួស ​វិទ្យា​រ៉ាន់​ឌី​ ​អនុ​​ប្រធានលេខាធិការដ្ឋាន​រដ្ឋបា​ល​ សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​សាល​ក្រម​សាលា​​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​​ផ្តន្ទា​ទោស​​លោក​ ​ផែង​ វណ្ណៈ ​រយៈ​ពេល​ ១ ឆ្នាំ ​តែ​អនុវត្ត​ទោសក្នុង​ពន្ធ​នា​គារ​តែ​ ២ ​ខែ​ ១៥ ថ្ងៃ​ប៉ុណ្ណោះ​ ឯ​ទោស​នៅ​សល់​ គឺ​ត្រូវ​ព្យួរ​ និង​ពិន័យ​ទឹកប្រាក់​ចំនួន​ ៤ លានរៀល។

លោក ផែង វណ្ណៈ ក្រៅ​ពី​ជាបុគ្គល​ល្បី​ឈ្មោះដែល​​សា​​ធារណ​ជន​ជា​ច្រើន​បាន​ស្គាល់​ដោយ​សារ​តែ​លោក​មាន​ភាពសកម្ម​ក្នុង​ការ​​បញ្ចេញ​មតិ​រិះ​គ​ន់​​ពី​ភាព​អសក​ម្ម​ជា​ច្រើន​នៅ​ក្នុង​សង្គមតាម​​រយៈ​​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក លោក​ក៏មាន​តួនាទីជា​វរសេនីយ៍ទោ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​យោធានៃ​ក្រសួង​ការពារ​ជាតិ​ផងដែរ។

ប៉ុន្តែលោក ឈុំ សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កា​ល​ពី​​ម្សិល​មិញ​ថា លោក ផែង​ វណ្ណៈ លែង​មាន​ក្រប​ខ័ណ្ឌ​យោធា​នៅ​ក្រសួង​ការ​ពារ​ជាតិ​ទៀត​ហើយ​​។ លោក​បាន​ថ្លែង​ថា​៖ «​ហ្នឹង​ហើ​យ ​លោក ផែង​ វណ្ណៈ ​អស់​ក្រប​ខ័ណ្ឌ​ជា​មន្រ្ដី​យោធា​ក្រោយ​ពេល​មាន​សាលក្រម​ជា​ស្ថាពរ»។

លោកបាន​ឲ្យ​ដឹង​ថា គោល​ការណ៍​ក្រសួង​ការពារ​ជាតិ អ្នក​មាន​ទោស​ព្រហ្ម​ទណ្ឌ ​គឺ​ត្រូវ​តែដ​កហូត​តួនា​ទី ​និង​ក្រប​ខ័ណ្ឌ​​ជា​បណ្តោះ​អាសន្ន​សិន​ ដើម្បី​ឲ្យ​តុ​លាការ​អនុវត្ត​តាម​នីតិវិ​ធី ​ព្រោះ​ថា​ តាម​ច្បាប់​យោធា​​ មិ​ន​​អាច​​យក​​យោ​ធិន​​ទៅ​កាត់​ទោស​​ ដោយ​មិន​បាន​ដក​ហូត​តួនា​ទីនិង​ការ​អនុញ្ញាត​​ពី​អង្គភាព​សាមី​បាន​ទេ៕