ភ្នំពេញៈ តុលាការ​នឹង​បន្ត​សាក​សួរ​វរសេនីយ៍​ទោ​ ផែង វណ្ណៈ ​ដែល​ល្បី​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុកនៅ​ថ្ងៃ​នេះ​ទៀត ​តាម​បណ្ដឹង​ចោទ​ប្រកាន់​ពីបទ​ «ញុះ​​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍» របស់​មេធាវី​តំណាង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​ភ្ជាប់​នឹង​ការ​ស្លាប់​របស់​លោក ​កែម ឡី។

លោក ​លី សុផាណា ​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​កាល​ពីល្ងាច​ម្សិល​មិញ​ថា ​លោក​ ផែង វណ្ណៈ​ ត្រូវ​បាន​តំណាង​​អយ្យការ​សួរ​ចម្លើយ និង​សម្រេច​ឃាត់​ខ្លួន​កាល​ពី​ម្សិល​មិញ ហើយ​នឹង​បន្ត​នីតិវិធី​នៅ​ថ្ងៃ​ពុធ​នេះ​ទៀត។

លោក​ ផែង វណ្ណៈ​ ត្រូវ​បាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសឃាត់​ខ្លួន​កាល​ពី​ម្សិល​មិញ ​តាម​ដីកា​របស់​ព្រះរាជ​អាជ្ញាអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ​លោក ​អេង ហ៊ី ​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ​ការ​ឃាត់​ខ្លួន​តាម​ដីកា​បញ្ជា​នេះ ​មិន​តម្រូវ​ឲ្យ​កង​រាជអាវុធ​ហត្ថ​ធ្វើ​ការ​សាក​សួរ​ទេ ​គឺ​បញ្ជូន​ទៅ​តុលាការ​តែម្ដង។

លោក ​គី តិច ​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​ ១ ខែ​ មេសា​។ ប៉ុន្តែ​លោក​ ផែង វណ្ណៈ ​បាន​រង​បណ្ដឹង​ ២ ​រួច​ហើយ​ដែល​ប្ដឹង​ដោយ​លោក ​ពេជ្រ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ​និង​ជាសមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់ ​និង​អង្គភាព​ព័ត៌មាន​ Fresh News ពាក់​ព័ន្ធ​នឹង​ការ​យក​ប្រាក់​ ៥ ០០០​ ដុល្លារ​ពី​គ្រួសារ​ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅ​ឲ្យ​គ្រួសារ​និស្សិត​ ឌុំ រីដា ​ដែល​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។

ពាក្យ​បណ្ដឹង​របស់​លោក គី​ តិច​ បញ្ជាក់​ថា ​លោក ​ផែង ​វណ្ណៈ ​មាន​ចេតនា​ទុច្ចរិត​ ប្រើ​ប្រាស់​មធ្យោបាយ​ទូរគមនាគមន៍​សោត​ទស្សន៍​របស់​ខ្លួន​ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ទូលំ​ទូលាយ​ទៅ​ដល់​សាធារណ​ជន​​ទូ​ទៅ​ក្នុង​គោល​បំណង​បរិហារកេរ្តិ៍​ជា​សាធារណៈ​លើ​លោក​ ហ៊ុន សែន។ ពាក្យ​បណ្ដឹង​នេះ ​យោង​លើ​សំណេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Pheng Vannak News ដែល​បាន​សរសេរ​កាល​ពី​ថ្ងៃទី​ ២៩​ ខែ ​មីនា។

ក្នុង​សំណេរ​កាល​ពី​ថ្ងៃទី ​២៩ មីនា ​លោក​ ផែង វណ្ណៈ ​បាន​បក​ស្រាយ​ពីការប្តឹង​លើ​រូប​លោក​ពី​សំណាក់​លោក ​ពេជ្រ ស្រស់ ​ដោយ​ចោទ​ថា​លោក​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ រឿង​យក​ប្រាក់​ ៥ ០០០​ ដុល្លារ​ ពី​ឪពុក​របស់​ក្មេង​ស្រីបង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ ឌុំ រីដា។ ក្នុង​សំណេរ​នោះ​ដែរ​លោក​ ផែង វណ្ណៈ​ បាន​ប្រៀប​ធៀប​ការ​នាំ​យក​ប្រាក់​នោះ​ ទៅ​នឹង​ការ​យក​ថវិកា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ទៅ​ចូល​សម្រាប់​ការ​សាងសង់​ចេតិយ​ លោក ​កែម ឡី។

លោក​សរសេរថា​៖ «លោក​ លឹម ជាយុត្ថា ​(វុត្ថា)​ អគ្គនាយក​អង្គភាព​ Fresh News តំណាង​ថ្នាក់​ដឹកនាំ​ នាំ​យក​ថវិកា​ ៥០ ០០០ ដុល្លារ​ទៅ​ចូល​បុណ្យ​ដល់​ក្រុម​គ្រួសារ​លោក​បណ្ឌិត​ កែម ឡី ​ដើម្បី​ធ្វើ​ចេតិយ​ ម្ដេច​លោក​ទេស​រដ្ឋ​មន្ត្រី​ ពេជ្រ​ ស្រស់​ មិន​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ? ​ខុស​គ្នា​ដូចម្តេច​ខ្លះ​បើ​កាន់​លុយ​ជា​តំណាង​ទៅចូល​បុណ្យ​ដូចគ្នា»។

លោក ​គី តិច ​ចាត់​ទុក​សំណេរ​នេះ​ថា​៖​ «មាន​ផែន​ការ​ច្បាស់លាស់​និង​ចេតនា​ទុច្ចរិត​ពិត​ប្រាដក​ធ្វើ​ការ​ប្រៀប​ធៀប​ក្នុង​គោល​បំណង​ចោទ​ប្រកាន់​និង​ទម្លាក់​កំហុស​ទៅ​លើ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ថា​ ជា​ឃាតករ​សម្លាប់​លោក​បណ្ឌិត ​កែម​ ឡី»។

លោក​ គី តិច​ បន្ត​ថា ​សំណេរ​បែប​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឲ្យ​សាធារណជន​មាន​ការ​ភាន់​ច្រឡំ ​ជឿជាក់​ និង​ទម្លាក់​កំហុស​លើ​លោក ​ហ៊ុន សែន ​ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូល។

លោក​បញ្ជាក់​ថា ​នៅមាន​អ្នក​ចូល​ទៅ​បញ្ចេញ​មតិ​នៅ​លើ​ការ​បង្ហោះ​នោះ​ដោយ​ពួក​គេ​ភាន់​ច្រឡំ​ទៅលើ​លោក​ ហ៊ុន សែន ថា​ជា​ឃាតករ​សម្លាប់​លោក ​កែម ឡី។ លោក​ថា​មាន​ភ័ស្តុតាង​ចំនួន ​១៤ ​ទំព័រ​ដែល​បាន​ដាក់ភ្ជាប់​ទៅ​ជា​មួយ​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​ពិនិត្យ​ និង​សម្រេច។

លោក ​គី តិច បាន​ស្នើ​ឲ្យ​មាន​ការចោទប្រកាន់​លោក ​ផែង វណ្ណៈ​ និង​ផ្ដន្ទាទោស​លោក​ឲ្យ​បាន​ធ្ងន់​ធ្ងរ​បំផុត​តាម​ច្បាប់​ពី​បទ​បរិហារកេរ្តិ៍​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ ​តាម​​មាត្រា​ ៣០៥, ៤៩៤ និង​ ៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

លោក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ឃាត់​ខ្លួន ​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​លោក​ ផែង វណ្ណៈ​ ជា​បន្ទាន់ ​«ដើម្បី​ទប់​ស្កាត់​ការ​ប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្ត​បន្ទាប់​ដែល​អាច​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

នាយ​ឧត្តមសេនីយ៍ ​ឈុំ សុជាតិ​ អ្នក​នាំពាក្យ​ក្រ​សួង​ការ​ពារ​ជាតិ​​ប្រាប់​​ពី​ម្សិល​មិញ​ថា ​លោក​ ផែង​ វណ្ណៈ ជានាយ​ទាហាន​រង់ចាំ​នៃ​អគ្គ​បញ្ជាការ ​នៅ​ទីចាត់​ការ​បុគ្គលិក​ក្រសួង​ការពារ​ជាតិ ​មាន​ឋានន្តរ ស័ក្តិ​ជា​វរ​សេនីយ៍ទោ​ (ស័ក្តិ ៤ កន្លះ)។

លោក​ថ្លែង​ថា​៖ «និយាយ​រួម​គាត់​ប្រើ​សេរីភាព​ហួស​ព្រំដែន។ នៅ​ក្នុង​យោធា​ធម្មតា​មាន​វិន័យ​មាន​មេ​មាន​កើយ​គេ​ ការងារ​គេ​បម្រើ​ជាតិ​មាតុភូមិ​ មិន​មែន​ទៅធ្វើ​ការ​ងារ​អ៊ីចឹងៗ​ទេ​ ដែល​មិន​មាន​ប្រយោជន៍​ដល់​សង្គម ​ដល់​កង​ទ័ព​ផង​ហ្នឹង​ ធ្វើ​ឲ្យ​តែ​មាន​ទំនាស់​ហ្នឹង​ ភារកិច្ច​យើង​មាន​ច្រើន​ណាស់​ មាន​ពេល​ឯ​ណា​ទៅ​ឡាយ​តាម​ហ្វេសប៊ុក​អ៊ីចឹង​នោះ។ និយាយ​រួម​យើ​ង​គាំទ្រ​ចំណាត់​ការ​ហ្នឹង»។

លោក​ថ្លែង​បន្ត​ថា​៖ «និយាយ​រួម​អ្វី​ដែល​គាត់​ធ្វើ​កន្លង​មក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​និង​កង​ទ័ព​ដែល​កង​ទ័ព​មាន​វិន័យ​រឹង​ប៉ឹង​ល្អណាស់​ដើម្បី​ការ​ពារ​ជាតិ។ មិន​មែន​យក​ពេលវេលា​ទៅ​ធ្វើ​អ៊ីចឹង​ទេ វា​ធ្វើ​ឲ្យ​កងទ័ព​សាប​រលាប​នៃ​សីលធម៌​កងទ័ព»។

លោក​ថា​ក្នុង​នាម​កង​ទ័ព លោក​ ផែង វណ្ណៈ​ គួរ​តែ​យក​ពេល​វេលា​ទៅ​ពង្រឹង​សមត្ថភាព​បន្ថែម​ ប៉ុន្តែ​ជាក់ស្ដែង​លោក​បាន​ធ្វើ​ផ្ទុយ​ពី​នេះ ​ហើយ​ខុស​នឹង​ច្បាប់​ក៏​ដូចជា​លក្ខន្តិកៈ​កង​ទ័ព​ទៀត​ផង៕