ភ្នំពេញៈ ​លោក​ ផៃ​ ស៊ី​ផាន ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាលកម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ បានថ្លែង​ទៅ​កាន់​អ្នកសារព័ត៌​មាន​ដោយ​បាន​អះអាង​ថា​ កម្ពុជា​​សហ​រដ្ឋ​អា​មេរិក​នៅ​តែ​ជា​មិត្ត​ ទន្ទឹម​គ្នា​នោះ​ដែរ​ក៏​បាន​ប្រើ​សម្ដី​បែប​ធ្ងន់​ទៅ​កាន់​មន្ត្រី​ដែល​នៅ​ក្នុង​​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំ​ពេញ​​ឲ្យ​វេច​អីវ៉ាន់​ចេញ​​បើ​មិន​ពេញ​ចិត្ត​កម្ពុជា​ ​ដែលអ្នក​វិភាគ​យល់​ថា​ ស្មើ​នឹង​ការ​បណ្ដេញ​ទូត​មួយ។​ ​

​លោក ​ស៊ី​ផាន​ ថ្លែង​ថា​៖​ «​ដ្បិត​យើ​ង​នៅ​​ជា​មិត្ត​ជា​មួយ​គ្នា ​ហើយ​បើ​មន្ត្រី​នោះ​មិន​ពេញ​ចិត្ត​ស្រុក​ខ្មែរ វេច​អីវ៉ាន់​​​ចេញ​ទៅ​​វិញ​ទៅ​ យើង​មិន​ស្វា​គមន៍​ទេ​។​ ​មន្ត្រី​ដែល​នៅ​ក្នុង​ស្ថាន​ទូត​ ដែល​ប្រើប្រាស់​នូវ​លក្ខ​ណៈ​ព្រៃ​ផ្សៃ​គួរ​តែ​បញ្ចប់​ នេះ​គឺ​ជា​សំ​ណូម​ពរ​របស់​យើង​»​។​ ​

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​៖​ «​យើង​ដោះ​ស្រាយ​តាម​ការ​ទូត​ យើង​មិន​ដោះ​ស្រាយ​តាម​ពួក​ព្រៃ​ទាំង​នោះ​ទេ។​ ​រី​ឯ​អ្នក​និយាយ​ ​និង​អ្នក​ញុះញង់​គឺ​ស្ថិត​នៅ​ក្នុង​ការ​ញុះញង់​ ប្រើ​កម្លាំង​បាយ​ និង​ការ​ប្រើប្រាស់​របៀប​ព្រៃ​ផ្សៃ។​ ​យើង​យក​ការងារ​ទូត​ជា​ការងារ​ដោះស្រាយ​ តាម​​រយៈ​គោលការណ៍រដ្ឋធម្មនុញ្ញ​ និង​ន​យោ​​បាយរបស់​កម្ពុជា និង​គោលការ​ណ៍​អាស៊ាន។ ម​ន្ត្រី​ទូត​អាមេ​រិ​ក​ ជា​មនុ​ស្ស​ព្រៃ​ក្នុង​ការញុះ​ញង់​»​។​

​ប្រតិ​កម្ម​របស់​លោក​ ផៃ​ ស៊ី​ផាន​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និ​សីទ​សារ​​ព័ត៌​មាន​ស្តី​អំពី «​សមិទ្ធ​ផល​ ១ ​ឆ្នាំ​ ​ក្រោយ​ការ​បោះ​ឆ្នោ​ត​»​ ដែល​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី​ ១ ខែ​ សី​ហា។ ២ ​ថ្ងៃ ​ក្រោយ​ពី​ស្ថាន​ទូត​សហ​រដ្ឋ​​អាមេរិក​នៅ​ភ្នំ​ពេញ​បាន​​ប្រកាស​តាម​បណ្តាញ​សង្គម Facebook ​របស់​ខ្លួន​ថា​ ​ការ​បោះ​ឆ្នោ​ត​កាល​ពី​ថ្ងៃ​ទី​ ២៩​ ​ខែ​ កក្កដា​ ឆ្នាំ​ ២០១៨ ​មាន​កំហុស​ឆ្គង​ខ្លាំង​ មិន​មាន​ភាព​សេរី​ ​និង​យុត្តិ​ធម៌​ទេ​ ហើយ​ក៏​​មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទេ​។​

​លោក ​ផៃ ​ស៊ី​ផាន​​ ​បាន​ថ្លែង​ផង​ដែរ​ថា ​ស្ថាន​ទូត​អាមេ​រិក​ប្រចាំ​នៅ​កម្ពុជា​មិន​ទាន់​មាន​ឯកអគ្គ​រដ្ឋ​ទូត​ទេ​ហើយ​ប្រទេស​ កម្ពុ​ជា ​មាន​ការ​ពិបាក​នឹង​ធ្វើ​ការ​ជា​មួយ ​ហើយ​លោក​ក៏បាន​​ចាត់​ទុក​ថា​ទង្វើរិះ​គន់​របស់​ស្ថាន​ទូត​អា​មេរិក​ជា​សកម្ម​ភាព​របស់​ក្រុម​ព្រៃ​ និង​បាន​ស្នើ​មន្ត្រី​ស្ថាន​ទូត​នេះ​បញ្ឈប់​ការ​ញុះញង់​ ការ​ជ្រៀត​​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ កម្ពុជា​។​

​លោក​​ក៏​បាន​ព្រមាន​ដល់​ជន​ណា​ ក្រុម​ណាដែល​ហ៊ាន​បំផ្លាញ​សន្តិ​ភាព ​ស្ថិរ​ភាព ​និង​សណ្តាប់​ធ្នាប់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ នោះ ​នឹង​ត្រូវ​កម្ទេច​ចោល​តែ​ម្តង​ដោយ​មិន​ទុក​នោះ​ទេ​។​

​លោក​បាន​ថ្លែង​​ថា​៖​ «​ពេល​នេះ​មិន​គួរ​ណា​មាន​អមិត្ត​មួយ​ចំនួន​កំពុង​តែ​ព្យាយាម​បំផ្លាញ​នូវ​សិទ្ធិសេរី​ភាព​មហា​ជន​ ​បំផ្លាញ​នូវ​ដំណើរ​ការ​លិទ្ធ​ប្រជា​ធិប​តេយ្យ។​ យើង​សំ​ណូ​ម​ពរ​ឲ្យ

ចាត់​ទុក​កម្ពុជា​ជា​ប្អូន​ស្រី​មួយ​ដែល​ទើប​តែ​ពេញ​ក្រ​មុំ​ កុំ​ឆាឆៅ​ យើង​មិន​ឲ្យ​អ្នក​ណា​មក​រំលោភ​យើង​ជា​ដាច់​ខាត​»​។​ ​

​ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ ​លោក​ ផៃ​ ស៊ី​ផាន ​អះ​អាង​ថា​ ប្រទេស ​កម្ពុជា ​នឹង​ប្រើប្រាស់​យន្ត​ការ​ការ​ទូត​ធ្វើ​ការ​ដោះ​ស្រា​យ​តាម​រយៈ​គោល​ការណ៍​រដ្ឋ​ធម្ម​នុញ្ញ​ និង​ការងារ​គោល​នយោ​បាយ​ការ​បរទេស​របស់​កម្ពុ​ជាក៏​ដូច​ជា​គោល​ការណ៍​រប​ស់​អា​ស៊ានដែរ​។​

​លោក​ ​ជិន​ ​ម៉ា​លីន​ អ្នក​នាំ​ពា​ក្យ​ក្រសួង​យុត្តិ​ធម៌​ថ្លែងថា ចំ​ពោះ​ការ​ដែល​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​អំ​ពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ទម្លាក់​បទ​ចោទ​ប្រ​កាន់​ទាំង​ឡាយ​ប្រ​ឆាំង​លោក​ កឹម​ សុខា ​និង​អ្ន​កទោស​នយោ​បាយ​ដទៃ​ទៀត​ ​នឹង​មិន​មាន​ឥទ្ធិ​ពល​អ្វី​មក​លើ​ស្ថាប័ន​តុលា​ការ​កម្ពុជា​​ឡើយ។​

លោក​ ម៉ាលីន​ បានថ្លែង​ថា​៖ ​«​ស្ថាប័ន​តុលា​ការ​ជា​ស្ថាប័ន​ឯក​រាជ្យ​ មិន​មាន​ក្រុម​ណា​ ឬ​ស្ថាប័ន​ណា​ ឬ​អង្គ​ទូត​ ​មក​បង្គាប់​បញ្ជា ​ទៅ​តុលា​ការ​នៃ​រដ្ឋ​អធិប​តេយ្យ​មួយ​ឲ្យ​មក​ដោះលែង​ ​ឬ​មិន​ដោះ​ ទម្លាក់​ការ​ចោទ​ប្រកាន់​នោះ ​គឺ​មិន​អាច​បាន​ទេ ​ដោយ​សារ​តុលា​ការ​ជា​ស្ថាប័ន​ឯក​រាជ្យ​»​។

ទន្ទឹ​ម​នឹង​នេះ​ដែរ​ ក្រសួង​ការ​បរ​ទេស​កម្ពុ​ជា​កាល​ពី​ថ្ងៃ​ពុធ​ ​បាន​សម្ដែង​នូវ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ​ ​បាន​វា​យ​ប្រហារ​លើ​ភាព​ត្រឹម​ត្រូវ​នៃការ​បោះឆ្នោត​​ទូ​ទៅ​នៅ​កម្ពុជា​ ​កាល​ពី​ឆ្នាំ​ ២០១៨​។​

តាម​រយៈ​សេច​ក្ដី​ថ្លែង​ការណ៍ ​នៅ​ថ្ងៃ​ទី​ ៣១ ​កក្កដា​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​ប្រទេស​ កម្ពុជា ​បាន​ថ្លែង​ថា​៖ ​«​វា​ជា​រឿង​គួរ​ឱ្យ​ភ្ញា​ក់​ផ្អើល ​និង​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ក្រោយ​ពី​បាន​កត់​សម្គាល់​ ឃើញ​នូវ​អា​កប្ប​កិរិ​យា​ ​ខ្វះ​ការ​ទូត ​និង​មិន​គោរព​មួយ​ទៀត​ របស់​ស្ថាន​ទូត​សហ​រដ្ឋអា​ មេរិក​នៅ​ភ្នំពេញ​ចំពោះ​កម្ពុ​ជា​ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ។​ ​តាម​រយៈ​ការ​បង្ហោះ​សារ​លើទំព័រ​ ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការ​របស់​ខ្លួន​នៅ​ថ្ងៃទី​ ៣០​ ​ខែ​កក្កដា​ ​ឆ្នាំ ​២០១៩​ ​ស្ថាន​ទូត​បាន​ផ្សព្វផ្សាយ​នូវ​បទ​អត្ថា​ធិប្បាយ​ខុស​ឆ្គងវាយ​ប្រហារ​ លើ​ភាព​ត្រឹម​ត្រូវ​នៃ​​ការ​បោះ​ឆ្នោត​ទូទៅ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​ ២០១៨​»។

សេច​ក្ដី​ថ្លែង​ការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​៖​ «​យើង​នឹក​ស្មាន​មិន​ដល់​ទាល់​តែ​សោះ​​ថា​ ទង្វើ​វាយ​ប្រហារ​ដ៏​គឃ្លើន​បែប​នេះ​ ដែល​រំលោភ​បំពាន​ ទៅ​លើ​បទ​ប្ប​ញ្ញត្តិ​ទាំង​ឡាយ​ ដែល​មាន​ចែង​ក្នុង​ធម្ម​នុញ្ញ​ ​អង្គ​ការ​សហ​ប្រជា​ជាតិ ​និង​ក្នុង​អនុ​សញ្ញា​ទី​ក្រុង​វី​យែ​ន​ ស្តី​ពី​ទំនាក់​ទំនង​កា​រទូត​​ឆ្នាំ​ ១៩៦​១​ ​ត្រូវ​បាន​បង្ក​ឡើង​​ដោយ​ស្ថាន​បេស​កក​ម្ម​ ដែល​តំណាង​ឱ្យ​ប្រទេស​ ដែល​ មាន​អារ្យ​ធម៌​មួយ»។ «សកម្ម​ភាព​មួល​បង្កាច់​ឥត​ឈប់​ឈរ​របស់​ស្ថាន​ទូត​សហ​រដ្ឋ​អាមេ​រិក​ មិន​ត្រឹម​តែ​ប្រ​ព្រឹត្ត​​ផ្ទុយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​បច្ចុ​ប្បន្ន​ប្រកប​ដោយ​សុ​ច្ឆន្ទៈ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​មិត្ត​ភាព​លើ​គ្រប់​វិស័យ ​ជា​មួយ​នឹង​សហ​រដ្ឋ​អា​មេរិក​​​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​បាន​ចោទ​ជា​សំណួរ​អំពី​គោល​បំណង​ ​ស្មោះ​ត្រង់​របស់​ស្ថាន​ទូត​​សហ​រដ្ឋ​អា​មេរិក​ ​ចំពោះ​កម្ពុជា​ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ផង​ដែរ​»​។​

​លោក​ គិន​ ភា​ ប្រធាន​វិទ្យា​​ស្ថាន​​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​ហៅ​ម​ន្ត្រី​ទូត​ជា​មនុស្ស​ព្រៃ​ ​វា​ជា​ការ​ជ្រុល​ហួស​ហេតុ​ដែល​មិន​គួរ​គប្បី​ ​ហើយ​វាក៏មិន​មាន​លក្ខណៈ​ការ​ទូត​ ​ក្នុង​ន័យ​ស្ថាប​នា​។​

​លោក​ ​ភា ​ថ្លែង​ថា​៖​ «​យើង​ឃើញ​ថា​ ទំនាក់​ទំនង​ការ​ទូត រ​វាង​ប្រទេស​យើង​ជា​មួយ​សហ​រដ្ឋ​អា​មេរិក វា​កំ​ពុ​ង​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​មិន​សូវ​ល្អ​ប្រ​សើរ​ ​ហើយ​យើង​ទទួល​ស្គាល់​ថា​ឥរិយា​បថ​ឬ​ការ​អត្ថា​ធិប្បាយ​របស់​ស្ថាន​ទូត​ ​វា​មិន​អាច​ទទួល​យក​បាន​ ប៉ុន្តែ​យើង​ក៏​មិន​គួរ​ចេញ​ប្រតិ​កម្ម​ដែល​មិន​អាច​ទទួល​យក​បាន​ដែរ​»​។​​​

​លោក​ ​ភា បាន​អះ​អាង​ទៀត​ថា​៖ ​​​«​នៅ​ពេល​ដែល​យើង​និយាយ​ថា​ឲ្យ​គេ​វេចអីវ៉ាន់​ វា​ដូច​ជា​ការ បណ្តេញ​ទូត​មួយ​ ​ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​នឹង​សហ​រដ្ឋ​អា​មេរិក​​នៅ​ប្រ​ក្រតី​ទេ​។​ ​វា​គ្រាន់​តែ​មាន​ការ​មិន​យល់​គ្នា​ខ្លះ​ ​ឬ​យល់​ច្រ​ឡំ​ខ្លះ​ប៉ុន្តែ​មិន​ទាន់​ដល់​ការ​បណ្តេញ​ទូត​ទេ។ ​យើ​​ង​អាច​នឹង​មាន​ការ​កោះ​ហៅ​តំណាង​​ស្ថាន​ទូត​ឲ្យ​មក​ធ្វើ​ការ​ ​បញ្ជាក់​ឬ​តំណាង​អគ្គ​រដ្ឋ​ទូត​របស់​យើង​នៅ​វ៉ាស៊ីនតោន​ធ្វើ​សេច​ក្តី​តវ៉ា​ទៅ​ក្រ​សួង​ការ​បរទេ​ស​ស​ហរដ្ឋ​អា​មេរិ​ក​»​។

លោក​ ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោបាយ​ បាន​ឲ្យ​ដឹង​ថា៖ «វា​ជាការ​ល្អ​សម្រាប់​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​យើង​ក្នុង​ការ​ប្រើ​ប្រាស់​ភាសាដោយ​ហេតុ​ផល​ដែល​វាគួរ​តែ​ឆ្លុះ​បញ្ចាំង​ពី​វប្ប​ធម៌​និង​អរិ​យធម៌ ខ្មែរយើង»។

លោក​ស្រី​ Emily Zeeberg អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​នៅ​ភ្នំ​ពេញ​មិន​មាន​ការ​ឆ្លើយតប​​​ នៅ​ពេល​ដែល​ភ្នំ​ពេញ​​ប៉ុស្តិ៍​ទាក់ទង​សុំ​អត្ថា​ធិប្បាយ​កាល​ពី​ថ្ងៃម្សិលមិញ​៕​