ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ម្សិលមិញ​បាន​បានចាត់ទុក​របាយការណ៍​នៃ​ការវាយតម្លៃ និង​ដាក់ពិន្ទុ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (TI) មកលើ​កម្ពុជា​ដោយ​បាន​កម្រិត​អំពើពុករលួយ​នៅ​កម្ពុជា​ខ្ពស់​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ថា ជា​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់​របស់​ពួកគេ និង​គ្មាន​តម្លៃ​ផ្លូវច្បាប់​នៅ​កម្ពុជា​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​ភ្លាមៗ​ក្រោយពី​អង្គការ TI បានចេញ​របាយការណ៍​កាលពី​ម្សិលមិញ​ដោយ​អះអាងថា​៖ «​រាជរដ្ឋាភិបាល​គឺ​មិន​យក​ចិត្ដ​ទុកដាក់ ហើយ​គ្មាន​តម្លៃ​ផ្លូវច្បាប់​ណា​ដែល​យើង​យក​មក​ធ្វើការ​អនុវត្ដ​នោះទេ​។ នេះ​គ្រាន់តែ​ជា​ពាណិជ្ជកម្ម​របស់​អង្គការ​នោះ ដើម្បី​ផលប្រយោជន៍​រឿង​ផ្សេង​។ អ្វីដែល​យើង​មើលឃើញ​វិធីសាស្ដ្រ ការវាយតម្លៃ យើង​អត់​គាំទ្រ​ ឬ​ក៏​យើង​អត់​បាន​ដឹង​របៀប​គេ​ធ្វើ​។ ពីព្រោះ​បញ្ហា​អំពើ​ពុករលួយ​ពិបាក​រកឃើញ​ណាស់ ដើម្បី​ស្វែងរក​សកម្មភាព​អំពើពុករលួយ​គួរតែ​ចូលរួម​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​យើង​ចាត់វិធានការ​ភ្លាម​ជាបន្ទាន់​»​។

លោក ផៃ ស៊ីផាន បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​ធ្វើ​អ្វីៗ​ដូចជា​ការផ្ដល់​សេវាសាធារណៈ​ជាដើម​គឺ​បាន​ធ្វើឡើង​នៅ​ច្រក​ចេញចូល​តែមួយ ដែល​មិន​ទាមទារ​ឱ្យ​មាន​ការរត់​ការច្រើន​ទេ​។ បច្ចុប្បន្ន​កម្ពុជា​កំពុង​ពង្រឹង​សេរីភាព​សារព័ត៌មាន​សិទ្ធិ​មនុស្ស​ហើយ​ការបើក​ទូលាយ​ធំ​របស់​កម្ពុជា​នោះ​គឺ​អាច​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​ច្រើន​តាមរយៈ​វិស័យ​អនឡាញ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​រហូត​អាច​រាយការណ៍​ទៅ​ដល់​រាជរដ្ឋាភិបាល​ដោយផ្ទាល់​ដោយ​ខ្លួនឯង​ផងដែរ​។

លោក ស៊ីផាន ថ្លែងថា​៖ «​លទ្ធផល​ដែល​យើង​ទទួល​បាន​យើង​ឃើញថា កំណើន​ពន្ធដារ​កំណើន​ថវិកាជាតិ​មានការ​កើនឡើង​ខ្ពស់​។ យើង​ឃើញ​ការចុះ​បញ្ជី​នៃ​ការ​ទុកចិត្ដ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​មាន​កំណើន​ចូល​ច្រើន​។ ដូច្នេះ​ការលើកឡើង​ (​របស់ TI) នោះ​គ្រាន់តែ​ជាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​អង្គការ​នោះ​ដើម្បី​រស់រាន​មាន​ជីវិត​ប៉ុណ្ណោះ​»​។

ទោះ​យ៉ាងណា​ក៏ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ (TI) ​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​របាយការណ៍​សន្ទស្សន៍​នៃ​ការយល់ឃើញ​អំពើ​ពុករលួយ (CPI) ​លើក​ទី​ ២៥ ដោយ​ក្នុងនោះ​មាន​ប្រទេស​ចំនួន​ ១៨០ ជុំវិញ​ពិភពលោក​ត្រូវបាន​លើក​មក​វាយតម្លៃ​ក្នុង​ចំណោម​នោះ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ ១៦២ ខណៈ​កាលពី​ឆ្នាំ​ ២០១៨ ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​ ១៦១ ​ដែល​តួលេខ​នេះ​បង្ហាញថា​កម្ពុជា​នៅតែ​ជា​ប្រទេស​មាន​កម្រិត​ពុករលួយ​ខ្ពស់​ដដែល​។

សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​របស់ TI ចេញផ្សាយ​កាលពី​ម្សិលមិញ​បានបង្ហាញ​ថា សន្ទស្សន៍​នៃ​ការយល់ឃើញ​អំពើ​ពុករលួយ​នេះ​បាន​ផ្អែកលើ​ការយល់​ឃើញ​របស់​អ្នក​ឯកទេស​ និង​អ្នកជំនាញ​ផ្នែក​ធុរកិច្ច​អំពី​កម្រិត​នៃ​អំពើពុករលួយ​នៅក្នុង​វិស័យ​សាធារណៈ​ក្នុង​ប្រទេស​នីមួយៗ ដោយ​ប្រើប្រាស់​មាត្រដ្ឋាន​ពិន្ទុ​ពី​ ០ (​សូន្យ​) ​ទៅ​ដល់​ ១០០ (​មួយរយ​) ដែល​ពិន្ទុ​ ០ ​ពិន្ទុ​មានន័យថា ពុករលួយ​ខ្លាំង ហើយ ១០០ ​ពិន្ទុ​គឺ​ស្អាតស្អំ​ខ្លាំង​។ សន្ទស្សន៍​នៃ​ការយល់​ឃើញ​ពី​អំពើពុករលួយ​គឺជា​សូចនាករ​កម្រិត​សកល​ឈាន​មុខ​ទាក់ទង​នឹង​អំពើពុករលួយ​នៅក្នុង​វិស័យ​សាធារណៈ​ដោយ​បង្ហាញ​ពី​កម្រិត​នៃ​អំពើ​ពុករលួយ​ប្រចាំឆ្នាំ​របស់​ប្រទេស​​ជាច្រើន​ជុំវិញ​ពិភពលោក​។

សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​នេះ​បញ្ជាក់ថា​៖ «​ប្រទេស​កម្ពុជា​ទទួល​បាន ២០ ​ពិន្ទុ​លើ​ពិន្ទុ​អតិបរមា ១០០ គឺជា​ពិន្ទុ​ដដែល​ធៀប​នឹង​ឆ្នាំមុន​។ កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ ១៦២ ក្នុងចំណោម ១៨០ ​ប្រទេស​ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុងការ​វាយតម្លៃ​»​។

លទ្ធផល​នៃ​សន្ទស្សន៍​ដដែល​នេះ​បញ្ជាក់ថា នៅ​កម្រិត​តំបន់​ប្រទេស​កម្ពុជា​បន្ត​ស្ថិត​ក្នុងចំណោម​ប្រទេស​មាន​ពិន្ទុ​ទាប​ជាងគេ​ទី​ ៣ ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅលើ​តែ​ប្រទេស​អាហ្វហ្គានីស្ថាន និង​កូរ៉េ​ខាង​ជើង​តែប៉ុណ្ណោះ ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​ពិន្ទុ​ទាប​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។

ចំណែក​ប្រទេស​សិង្ហបុរី​បន្ត​ស្ថិតនៅ​កំពូល​តារាង​ជា​ប្រទេស​លេខ​រៀង​ទី​ ៤ ដែល​ស្អាតស្អំ​បំផុត​ក្នុង​ពិភពលោក បើ​ទោះ​ជា​ទទួល​បាន​ពិន្ទុ​ដូច​ឆ្នាំមុន​។ ដោយឡែក​ប្រទេស​ ម៉ាឡេស៊ី និង​វៀតណាម​ ជា​ប្រទេស​តែ​ ២ ​ប៉ុណ្ណោះ ដែល​មាន​ពិន្ទុ​កើនឡើង​ពី ៤៧ ​ទៅ​ ៥៣ និង​ពី​ ៣៣ ​ទៅ​ ៣៧ រៀង​គ្នា​។ រីឯ​ប្រទេស​ ឥណ្ឌូនេស៊ី​ កើន​ ២ ​ពិន្ទុ​បន្ថែម​ពី ៣៨ ទៅ​ ៤០ ខណៈ​ប្រទេស ហ្វីលីពីន ​ជា​ប្រទេស​​តែមួយគត់​ក្នុង​តំបន់​ដែល​ធ្លាក់​ពិន្ទុ​ពី ៣៦ ​មក ៣៤​។ ចំណែក​ប្រទេស​ថៃ ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា ​រក្សា​ពិន្ទុ​នៅ​ដដែល​។

សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​ដដែល​នេះ​អះអាង​ថា លទ្ធផល​នៃ​ចំណាត់ថ្នាក់​ពិន្ទុ​នេះ​ចង្អុល​បង្ហាញថា ទោះបី​កម្ពុជា​សម្រេច​បាន​នូវ​លទ្ធផល​ជាក់លាក់​មួយចំនួន​ដូចជា ភាពប្រសើរ​ឡើង​នៃ​ការ​កៀរគរ​ធនធាន និង​កំណែលម្អ​ការផ្ដល់​សេវាសាធារណៈ ប៉ុន្ដែ​ការប្រសើរ​ឡើង​នេះ​មិនទាន់​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​យល់ឃើញ​ជារួម​របស់​អ្នកជំនាញ និង​ធុរជន​នោះទេ ជាពិសេស​ជុំវិញ​បញ្ហា​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ និង​អំពើពុករលួយ​ផ្នែក​នយោបាយ​។ កំណែទម្រង់​ជា​ប្រព័ន្ធ និង​ស៊ីជម្រៅ​សំខាន់ៗ​ជាពិសេស​ទាក់ទង​នឹង​នីតិរដ្ឋ និង​ប្រព័ន្ធ​យុត្ដិធម៌​មាន​ភាពប្រសើរ​ឡើង​តិចតួច​ ឬ​មិន​ប្រសើរឡើង​ទាល់តែ​សោះ​។

សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​នេះ​បញ្ជាក់ថា ប្រទេស​កម្ពុជា​នៅតែ​ទទួលបាន​ពិន្ទុ​ទាប​ខ្លាំង​ក្នុង​សន្ទស្សន៍​ស្ដីពី​នីតិរដ្ឋ​របស់​គម្រោង​យុត្ដិធម៌​របស់​ពិភពលោក (World Justice Project) និង​គម្រោង​នៃ​ភាព​ផ្សេងគ្នា​នៃ​ប្រជាធិបតេយ្យ (The Varieties of Democracy) ដែល​វាស់វែង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​នីមួយៗ​ក្នុង​ការកែលម្អ​នីតិរដ្ឋ និង​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតយ្យ​។

លោក ប៉ិក ពិសី នាយក​ប្រតិបត្ដិ​ស្ដីទី​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែងថា តាម​សន្ទស្សន៍​នៃ​ការយល់ឃើញ​អំពើ​ពុករលួយ​នេះ​ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​គេ​យល់​ឃើញថា មាន​កម្រិត​អំពើ​ពុករលួយ​ខ្ពស់ និង​នៅតែ​ជាប់​ចំណាត់​ថ្នាក់ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ចំណាត់​ថ្នាក់ទាប​បំផុត​ទី​ ៣ ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

លោក​ថ្លែងថា​៖ «​ទោះជា​យ៉ាងណា​ក៏ដោយ​ប្រសិនបើ​អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ និង​អំពើពុករលួយ​ផ្នែក​នយោបាយ​មិនត្រូវ​បាន​ដោះស្រាយ​ឱ្យ​ត្រឹមត្រូវ​ទេនោះ អំពើ​ពុករលួយ​នឹង​បន្ត​បង្កើន​ភាពអយុត្តិធម៌​សង្គម និង​បង្ក​ជា​ហានិភ័យ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​ជា​ប្រព័ន្ធ និង​ស៊ីជម្រៅ​»​។

TI បាន​បញ្ជាក់ថា សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំនេះ​ដែល​បានធ្វើការ​ដាក់ពិន្ទុ និង​លេខ​រៀង​ប្រទេស​ចំនួន ១៨០ ដោយ​ផ្អែកលើ​កម្រិត​នៃ​អំពើ​ពុករលួយ​នៅក្នុង​វិស័យ​សាធារណៈ​។

ប្រភព​ទិន្នន័យ​ចំនួន​ ១៣០ ផ្សេងៗ​គ្នា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើការ​វិភាគ​ដោយ​ផ្អែកលើ​ការវាយតម្លៃ​របស់​អ្នកជំនាញ និង​ទស្សនៈ​របស់​អ្នកជំនួញ​ដែល​ក្នុងនោះ​មាន​ប្រភព​ចំនួន​ ៨ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​វាយតម្លៃ និង​ដាក់ពិន្ទុ​ប្រទេស​កម្ពុជា ១- ​ទីភ្នាក់ងារ​ប្រឹក្សា​ហានិភ័យ​នយោបាយ និង​សេដ្ឋកិច្ច​ទ្វីបអាស៊ី ឆ្នាំ ២០១៩ (PERC) ២- ​ការស្ទង់​មតិ​ពី​ធុរជន​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​ ២០១៩ (WEF) ៣- ​ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​ស្ដីពី​ការយល់ដឹង​ជា​សកល ឆ្នាំ​ ២០១៨ (GI) ៤- ​ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​របស់​ទីភ្នាក់ងារ​សេដ្ឋកិច្ចវិទូ​ឆ្នាំ​ ២០១៩ (EIU) ៥- គម្រោង​នៃ​ភាពផ្សេង​គ្នា​នៃ​ប្រជាធិបតេយ្យ​ឆ្នាំ​ ២០១៩ (VDEM) ៦- ​សន្ទស្សន៍​ស្ដីពី​នីតិរដ្ឋ​របស់​គម្រោង​យុត្ដិធម៌​ពិភពលោក​ឆ្នាំ​ ២០១៩ (WJP) ៧- ​សន្ទស្សន៍​នៃ​បម្រែបម្រួល​របស់​មូលនិធិ Bertelsmann ឆ្នាំ​ ២០២០ (BFTI) និង​ចុងក្រោយ​បង្អស់​គឺ​ការវាយតម្លៃ​ស្ថាប័ន និង​គោលនយោបាយ​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក​ឆ្នាំ​ ២០១៨ (WB)៕