ព្រះវិហារៈ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​របស់​ប្រមុខ​រដ្ឋាភិបាល​លើ​កិច្ចការ​មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ការងារ​វិស្វកម្ម​កងយោធពល​ខេមរភូមិន្ទ​ លោក​ មាស សុភា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ភាពក្លាហាន​ក្នុង​ការសម្តែង​មតិយោបល់​ជា​សាធារណៈ​ទាំង​ចំណុច​ល្អ​ និង​ចំណុច​មិនល្អ​ និង​មិនត្រូវ​មាន​ភាព​ខ្លាចរអា​នោះទេ​។

ពេល​អញ្ជើញ​បើក​វេទិកា​សាធារណៈ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​ក្នុង​ឃុំ​រតនៈ ស្រុក​រវៀង​កាលពី​ថ្ងៃទី​ ១១ កុម្ភៈ លោក​ មាស សុភា បាន​លើកទឹកចិត្ត​ពលរដ្ឋ​ឲ្យ​មាន​ភាពក្លាហាន​ក្នុង​ការសម្តែង​មតិ​ក្នុង​វេទិកាសាធារណៈ​។ លោក​ទេសរដ្ឋមន្ត្រី​ថា លោក​ចង់​ស្តាប់​មតិយោបល់​ផ្ទាល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​គោលបំណង ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា ដែល​ធ្វើឲ្យ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ត្រូវ​បាន​រំសាយ​ និង​ក៏​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ នេះ​បើ​យោងតាម​នាយប៉ុស្តិ៍​នគរបាល​ឃុំ​រតនៈ​លោក​ ហេង ម៉ុង​។

លោក​ ហេង ម៉ុង បញ្ជាក់ថា​៖ «​គាត់​បាន​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពក្លាហាន​លើក​នូវ​កង្វល់ និង​សំណូមពរ និង​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​នៅ​សហគមន៍​របស់គាត់ និង​ហ៊ាន​ក្នុងការ​សម្តែង​មតិយោបល់​ជា​សាធារណៈ​ទាំង​ចំណុច​ល្អ និង​ចំណុច​មិនល្អ និង​មិនត្រូវ​មាន​ភាព​ខ្លាចរអា​នោះ​ទេ​»​។

លោក​បន្ថែមថា​៖ «​ប្រជាពលរដ្ឋ​មួយ​ចំនួន​តិចតួច​តែប៉ុណ្ណោះ​បាន​លើក​ឡើង​អំពី​បញ្ហា​ព្រៃឈើ​បញ្ហា​ស្រូវ​កសិកម្ម ដោយសារ​តែ​ការជួប​ប្រទះ​ភាពរាំងស្ងួត ជម្លោះដីធ្លី និង​អ្នកខ្លះ​បាន​សំណូមពរ​សុំ​សាលារៀន​ជាដើម​»​។

នាយប៉ុស្តិ៍​រូបនោះ​ឲ្យ​ដឹងថា ជាការ​ឆ្លើយតប​លោក មាស សុភា សន្យា​ថា ​លោក​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង និង​ណែនាំ​មន្ត្រី​មូលដ្ឋាន​ត្រូវខិតខំ​បម្រើ​ពលរដ្ឋ និង​សាមគ្គី​គ្នា​ក្នុង​ការដោះស្រាយ​បញ្ហា​។ លោក​ថា លោក​មិន​ដឹង​មូលហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​លើកឡើង​ពី​កង្វល់​។

លោក​ ពៅ កឿន មេឃុំ​រតនៈ​ឲ្យ​ដឹង​ដែរ​ថា លោក​ មាស សុភា ក្នុង​នាម​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ ឃុំ​រតនៈ ស្រុក​រវៀង បាន​ជួបជុំគ្នា​ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាពក្លាហាន​ក្នុង​ការលើកឡើង​នូវ​បញ្ហា​ និង​សំណូមពរ​នានា​ដែល​កើតឡើង​នៅក្នុង​មូលដ្ឋាន​។ ប្រសាសន៍​របស់លោក​បាន​បំផុស​ប្រជាពលរដ្ឋ​មួយចំនួន​ឲ្យ​ហ៊ាន​លើក​នូវ​កង្វល់​របស់​ពួកគេ​ដែល​កំពុង​ជួបប្រទះ​ដើម្បី​ឲ្យ​ក្រុមការងារ​ជួយ​ដោះស្រាយ​។

លោក​ថា​៖ «​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការធ្វើ​កំណែទម្រង់​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ​លោក​ទេសរដ្ឋមន្ត្រី​នឹង​ជួយ​ឲ្យ​ប្រជាជន​ដែល​ជួប​បញ្ហា​ផ្សេងៗ​ដូចជា​ការកាប់បំផ្លាញ ព្រៃ រុករាន​យក​ដីព្រៃ​ និង​សហគមន៍​ហ៊ាន​លើកឡើង​ដើម្បី​ក្រុម​ការងារ​ជួយ​ដោះស្រាយ​»​។

លោក​ មាស សុភា មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​ពី​ម្សិលមិញ​៕