
លោក មូន ជេអុីន និងភរិយា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ លោក មូន ជេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងភរិយាបានមកដល់កម្ពុជាកាលពីម្សិលមិញក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរយៈពេល ៣ ថ្ងៃដើម្បីពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង ២។
ទស្សនកិច្ចផ្លូវរដ្ឋនេះនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍ស្អែក។ លោក មូន គ្រោងចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាអធិបតីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញ លោក ហ៊ុន សែន ថ្លែងថា លោកនិងភរិយាជួបអាហារជាលក្ខណៈគ្រួសារជាមួយលោក មូន និងភរិយា។
លោក ហ៊ុន សែន ថ្លែងថា៖ «ល្ងាចនេះ (ល្ងាចម្សិលមិញ) ខ្ញុំនឹងបាយជាមួយប្រធានាធិបតី សាធារណរដ្ឋកូរ៉េ ក្នុងលក្ខណៈជាគ្រួសារទេ ហើយស្អែកទើបបានចរចាផ្លូវការ និងធ្វើវេទិកាធុរកិច្ចរួមគ្នា ក៏ប៉ុន្តែដើម្បីគាត់មកដល់គឺតួអង្គព្រះមហាក្សត្រទេ ដែលត្រូវផ្តល់ភោជនាហារផ្លូវការសម្រាប់ប្រធានាធិបតី ក៏ប៉ុន្តែខ្ញុំជួបជាមួយ គាត់ បាយជាមួយគ្នា តែ ២ នាក់ប្តីប្រពន្ធ ២ នាក់ប្តីប្រពន្ធទេ យើងនឹងខិតខំបើកទីផ្សារ ហើយស្អែក (ថ្ងៃនេះ) គម្រោងនៃការលើករបស់ខ្ញុំស្នើឱ្យកូរ៉េជួយទិញផលិតផលរបស់កម្ពុជាបន្ថែមទៀត»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា៖ «ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់ប្រធានាធិបតី មូន ជេអុីន គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជាសាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ កាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំង ២ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា កិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខាទាំងនោះ គឺនឹងផ្តោតទៅលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង ២។
លោកបញ្ជាក់ថា៖ «យើងមិនអាចនិយាយជាធារណៈបានទេ គ្រាន់តែអាចបញ្ជាក់បានថា ក្នុងកិច្ចព្រមព្រៀងហ្នឹងពាក់ព័ន្ធនឹងរឿងពាណិជ្ជកម្ម ហើយនិងកិច្ចសហប្រតិបត្តិការ ហើយកិច្ចព្រមព្រៀងនេះ គឺស្ថិតក្នុងការចរចាសិនជាមួយថ្នាក់ដឹកនាំទាំង ២»។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកាលពីម្សិលមិញ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេអំពីដំណើរមកដល់នៃប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។ ទោះយ៉ាងណាក៏ដោយ លោក ហើស សិរីធន អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសហ្វីលីពីននិងប្រទេសឡាវបានថ្លែងថាអតីតព្រះមហាក្សត្រជាបិតាស្ថាបនិកកសាងស្ពានស៊ីម៉ងត៍ទំនាក់ទំនងកម្ពុជា-កូរ៉េ និងតភ្ជាប់ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។
លោក សិរីធន ថ្លែងថា៖ «ខ្ញុំគិតថា ជារួមប្រទេសទាំង ២ មានទំនាក់ទំនងល្អ ទាំងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ កូរ៉េបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារប្រទេស កម្ពុជា ឡើងវិញ កូរ៉េបានផ្ដល់ជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ ជាពិសេសបានផ្ដល់ភាពអនុគ្រោះដល់ការផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ទៅធ្វើការនៅកូរ៉េ ជាផ្នែកមួយនៃការជួយកាត់បន្ថយភាពក្រីក្រ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កន្លងទៅទំនាក់ទំនងកម្ពុជា និងកូរ៉េ គឺមានលក្ខណៈស្មើចុង ស្មើដើម ដោយគ្មានភាគីណាមួយ មានចេតនាកេងចំណេញលើគ្នានោះទេ ហើយវារឹតតែពិសេសទៅទៀត ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េនៅពេលនេះ គឺរឹតតែបង្ហាញពីទំនាក់ទំនងល្អរវាងគ្នានិងគ្នា ហើយធ្វើឲ្យវិនិយោគិនកូរ៉េ ដែលមកវិនិយោគនៅកម្ពុជា កាន់តែមានទំនុកចិត្ត ហើយភ្ញៀវទេសចរកូរ៉េ នឹងមានចំនួនកើនឡើង សម្រាប់ជាប្រយោជន៍ដល់កម្ពុជាផងដែរ។
លោក បានថ្លែងថា៖ «ក្រោយការបោះឆ្នោតឆ្នាំ ២០១៨ មានបរទេសមួយចំនួន ហាក់មិនសូវស៊ីសង្វាក់ជាមួយរដ្ឋាភិបាលកម្ពុជា ដែលខ្វល់ខ្វាយពីរឿងប្រជាធិបតេយ្យ សិទ្ធិមនុស្សអីជាដើម តែខណៈនេះបែរជាប្រធានាធិបតីកូរ៉េមកកម្ពុជា ដែលជារូបភាពនយោបាយ គឺកម្ពុជា មានផលចំណេញល្អច្រើន មានន័យថា ជាការទទួលស្គាល់ដ៏ទូលំទូលាយមួយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ការមកនេះ គឺយើងចំណេញទាំងនយោបាយ ទាំងសេដ្ឋកិច្ច ហើយស្របជាមួយសហគមន៍អឺរ៉ុបកំពុងពិចារណា រឿង EBA នេះដែរ ព្រោះថា កូរ៉េ អាចក្លាយជាទីផ្សារសំខាន់មួយដែររបស់កម្ពុជា»។
តែយ៉ាងណាលោក បានអះអាងថា ក្នុងបរិបទដែលពិភពលោក មានការប្រកួតប្រជែងរវាងមហាអំណាចនៅពេលនេះ កម្ពុជា គួរដើរតួនាទី និងធ្វើខ្លួនយ៉ាងណា កុំឲ្យក្លាយជាកូនអុកនៃប្រទេសមហាអំណាចណាមួយ ដែលជះផលមិនល្អមកកម្ពុជា ព្រោះថា ក្នុងបរិបទនេះប្រទេសតូចៗដូចជាកម្ពុជា ងាយធ្លាក់ទៅក្នុងកណ្តាប់ដៃ នៃប្រទេសមហាអំណាច បើសិនជាបង្ហាញថា ខ្លួននៅជ្រុងម្ខាងណានៃប្រទេសមហាអំណាចណាមួយនោះ។
លោកបញ្ជាក់បន្តថា៖ «យើងធ្វើយ៉ាងណា ត្រូវប្រកាន់នយោបាយចម្រុះពណ៌ មិនបង្ហាញថា ខ្លួនគាំទ្រខាងណានោះទេ គឺត្រូវរក្សាទំនាក់ទំនងរវាងប្រទេសទាំងអស់ ដោយគិតពីផលប្រយោជន៍ប្រជាជាតិយើង អធិបតេយ្យរបស់ជាតិយើង ដែលផ្តល់នូវផលប្រយោជន៍ ឯករាជ្យ គឺយើងត្រូវគិត»។
ចាប់ពីឆ្នាំ ២០០៧ ដល់ ២០១៨ កម្ពុជាបានបញ្ជូនពលករចំនួនសរុប ៦១៥៨០ នាក់ ក្នុងចំណោមនោះស្រី ១២៩០៥ នាក់ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម សំណង់ និង នេសាទ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (Employment Permit System-EPS) ។
ក្នុងឆ្នាំ ២០១៨ មានពលករកម្ពុជាទៅធ្វើការនៅប្រទេសសាធារណរដ្ឋកូរ៉េសរុប ៣១ ៨៧០ នាក់ ក្នុងនោះស្រី ១ ១៤២ នាក់។ ពលករដែលធ្វើការងារនៅទីនោះទទួលបានប្រាក់បៀវត្សរ៍មធ្យម ១ ៤៣០ ដុល្លារ៕