ភ្នំពេញៈ អគ្គ​ស្នងការរង​នគរបាលជាតិ​ លោក ម៉ក់ ជី​តូ បានដាក់​ទិសដៅ​បន្ត​ចំនួន​ ៦​ ចំណុច​ដល់​មន្ត្រី​នគរបាល​ប្រឆាំង​បទ​ល្មើ​ស​គ្រឿង​ញៀន​ទាំង​អស់ ដើម្បី​ជំរុញ​ការអនុវត្ត​ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែ​ម​ទៀត ខណៈ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​រយៈ​ពេល ៩ ខែ​ឆ្នាំនេះ​ កើន​ឡើង ១,៦៥ ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន។

​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​វាយតម្លៃ​សភាព​ការណ៍ និង​លទ្ធផល​នៃ​ការប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​រយៈ​ពេ​ល ៩ ខែ​ឆ្នាំនេះ​ នៅ​ថ្ងៃ​ទី ២១ តុលា​ លោក​ ម៉ក់ ជី​តូ ឲ្យ​ដឹង​ថា ដើម្បី​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បង្ក្រាប​គ្រឿងញៀន​បន្ថែមទៀត លោ​ក​​បាន​ដាក់​ផែន​ការ​ចំនួន​ ៦​ ចំណុច​ ដូចជា ទី១- បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បា​ប់​ឲ្យ​មាន​ប្រសិទ្ធ​ភាព ទី២- បន្ត​ជំរុញ​ការស្រាវជ្រាវ ស៊ើប​អង្កេត​បណ្តា​ករណីធំៗដែល​នៅ​សេសសល់ ដើម្បី​បង្ក្រាប​ឲ្យ​ដល់​ឫស​គល់ ទី៣- បន្ត​ស្រាវ​ជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​សម្អាត​ប្រាក់​ដែលជា​ផល​នៃ​បទ​ល្មើស​គ្រឿង​ញៀន។

តាម​រយៈ​ការថ្លែង​ដដែល ចំណុច​ទី៤- បន្ត​ជំរុញ​អនុវត្ត​វិធានការ​បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​ការនាំ​ចូល ការ​លួចលាក់​កែច្នៃ និង​ការ​ជួ​ញ​ដូរ​​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅតាម​គោលដៅ​សប្បាយដ្ឋាន ដោយ​ត្រូវ​ពង្រឹង​តាមដាន គ្រប់​គ្រង ត្រួត​ពិនិត្យ​សកម្ម​ភាព​នៅ​តាម​បន្ទាត់​ព្រំ​ដែ​ន ព្រម​ទាំង​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​តឹងរ៉ឹង​បំផុត។ ទី៥- ពង្រឹង​កិច្ចសហ​ប្រតិ​បត្តិ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ជា​មួ​យ​​ដៃគូ​ទាំង​ក្នុង និង​ក្រៅ​តំបន់ ដោយ​ខិតខំ​កសាង និង​ពង្រឹង​យន្តការ​ទំនាក់ទំនង​ឲ្យ​បានច្បាស់​លាស់ និង​ទី៦- ពង្រឹ​ង​សម​ត្ថ​ភា​ព​មន្ត្រី​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន និង​លើក​កម្ពស់​សមត្ថភាព​ម​ន្ត្រី​អនុវត្ត​ច្បាប់ តាមរយៈ​ការបណ្តុះ​បណ្តាល​ជំនាញ និង​​ច្បាប់​ព្រម​ទាំង​បង្កើន​ការគាំទ្រ​លើក​ទឹក​ចិត្ត និង​ពង្រឹង​វិន័យ សីលធម៌ មន​សិការ​វិជ្ជាជីវៈ​ដ​ល់​កង​កម្លាំង។

លោក​បញ្ជាក់​ថា​៖ «យើង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈដែលមាន​ការកើនឡើង​ជា​បន្តបន្ទាប់ ជាពិសេស​យើង​ចា​ប់​បា​ន​​​គ្រឿង​ញៀន និង​សារធាតុ​ផ្សំ​ជិត ៣ តោន ​កាលពី​ពេលថ្មីៗ​នេះ។ ប៉ុន្តែ​យើង​ក៏​នៅមាន​ចំណុច​ខ្វះ​ខាត ចន្លោះ​ប្រហោង​មួយ​ចំ​នួ​ន​ពាក់​ព័ន្ធ​នឹង​ជំនាញ បច្ចេក​ទេស​ដែល​ត្រូវ​ទាមទារ​ឲ្យ​កម្លាំង​យើង​ខិតខំ​ពង្រឹង​សមត្ថ​ភាព​បន្ថែម​ទៀត​»។

ជាមួយ​គ្នា​នេះ​ បើតាម​លោក អ៊ិន សុង នាយក​រង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ​អាន​របាយ​ការណ៍​រយៈពេល​ ៩​ ខែ (ចាប់ពី​ថ្ងៃទី ១​ មករា ដល់​ថ្ងៃ​ទី​ ២០ កញ្ញា ឆ្នាំ​ ២០២០) ក្នុង​កិច្ច​ប្រជុំ​នោះ គឺមន្ត្រី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន បាន​បង្ក្រាប​បទ​ល្មើស​​គ្រឿ​ង​ញៀ​ន​​​សរុប​​ចំនួន ១ ៣៣៣​ ករណី បើ​ធៀប​ឆ្នាំ​ ២០១៩​ មានតែ ១ ៣១១ ករណី​ប៉ុណ្ណោះ​ ដែល​កើន​ឡើង​ ២២​ ករណី​ ស្មើ​នឹង ១,៦៥​ ភាគរយ។

តាម​កា​រប​ញ្ជាក់រប​ស់​មន្ត្រីរូប​នេះ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជនល្មើស​បាន​សរុប​ចំនួន​ ២ ២០០ នាក់ ខណៈ​កាលពី​ឆ្នាំ​ ២០១៩ ឃាត់​​ខ្លួន​​បាន​ចំនួន​ ២ ១​១២ នាក់។ ​ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៤០០,៤៩​ គីឡូ​ក្រាម បើ​ធៀប​ឆ្នាំ ២០១៩ បាន​តែ ៤៣,​១៣​ គី​ឡូ​ក្រាម​ប៉ុណ្ណោះ រួម​នឹង​មធ្យោ​បាយ និង​សម្ភារ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

លោក​ឲ្យដឹង​ថា ករណី​លួច​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លងកាត់​កម្ពុជា​ ១៦ ករណីធំៗ​ ទៅ​កាន់​ប្រទេស​ទី៣ ត្រូវ​បាន​បង្ក្រាប។ ក្នុង​នោះ​​តាមផ្លូវ​គោក ៧​ ករណី តាមផ្លូវ​អាកាស ៣ ករ​ណី តាម​កញ្ចប់​បញ្ញើ​ប្រៃសណី​យ៍​ចំនួន​ ៥​ ករណី និង​​ផ្លូវទឹក​ ១ ​ករណី ដែល​មាន​​បរិមាណ​សារ​ធាតុ​ញៀន​សរុប​ប្រមាណ ២៩៣,៤២​ គីឡូ​ក្រាម។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរង​គ្រោះ​ដោយ​គ្រឿង​ញៀន​កម្ពុជា​ សាទរ​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ជំនាញ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​ទ្វេ​ដង​បែបនេះ។ ប៉ុន្ដែ​លោក​នៅតែ​ជំរុញ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ឲ្យ​កាន់តែ​តឹងរ៉ឹង​បន្ថែម​ទៀត ដើម្បី​កាត់បន្ថយ​កុំ​ឲ្យ​មាន​ជនរង​គ្រោះ​ដោយសារ​គ្រឿន​ញៀន​កើន​ឡើ​ង​​ថែម​ទៀត។

លោក​ថា៖ «ខ្ញុំ​មិនដឹងថា ការកើន​ឡើ​ង​នៃ​ចំនួន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នេះ ដោយសារតែ​មន្ត្រី​អនុវត្ត​ច្បាប់​តឹងរ៉ឹង​​ជា​ង​មុន ឬ​បណ្ដាល​មក​ពី​អ្នកប្រើ​ប្រាស់​គ្រឿងញៀន​កើន​ច្រើន​ជាង​មុន​ទេ។ ប៉ុន្ដែ​ខ្ញុំ​មិន​ចង់ឃើញ​យុវជន​ខ្មែរ​ឆ្កួត​ដោយសារ​គ្រឿ​ង​ញៀន​ច្រើន​បន្ថែមទៀត​ទេ គឺ​ធ្វើយ៉ាងណា​ជួយ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ឥទ្ធិពល​គ្រឿង​ញៀន​ឲ្យ​បាន​ផុសផុល ដើម្បី​ដា​ស់​ស​តិ​អារម្មណ៍​គាត់​កុំ​ឲ្យ​ចង់​សាក​ល្បង ឬ​ប្រើប្រាស់​គ្រឿង​ញៀន»។

លោក សុវណ្ណ ​បន្ថែម​ថា ក្រៅពី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នេះ សមត្ថកិច្ច​ជំនាញ​ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹង​បំផុត​ចំពោះ​អ្នក​ជួញដូ​រ អ្នក​ដឹក​ជញ្ជូន អ្នក​កែច្នៃ ឬ​ផលិត។ ជាពិសេស ត្រូវតែ​ទប់ស្កាត់​ការ​នាំចូល​ឆ្លង​ដែន​ពី​បរទេស ព្រោះ​មួយរយៈ​ចុង​ក្រោ​យ​នេះ ការនាំ​គ្រឿង​ញៀន​ពី​ប្រទេស​ជិតខាង​មានការ​កើនឡើង​គួរកត់សម្គាល់​ដែលជា​ក្ដីបារម្ភ​ចំពោះ​ពលរដ្ឋ​កម្ពុជា៕