The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ម៉ម ប៊ុនហេង ​ថា វីរុស​កូរ៉ូណា​ថ្មី​អាច​ឆ្លង ប៉ុន្តែ​មិន​មាន​ករណី​ថ្មី​កើតឡើង​នៅ​កម្ពុជា​ទេ




លោក​ ម៉ម ប៊ុនហេង ​ថា វីរុស​កូរ៉ូណា​ថ្មី​អាច​ឆ្លង ប៉ុន្តែ​មិន​មាន​ករណី​ថ្មី​កើតឡើង​នៅ​កម្ពុជា​ទេ

Content image - Phnom Penh Post
គ្រូ​ពិនិត្យ​កម្ដៅ​សិស្ស​មុន​ចូលរៀន​នៅ​សាលារៀន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ម្សិលមិញ​។ ហេង ជីវ័ន

លោក​ ម៉ម ប៊ុនហេង ​ថា វីរុស​កូរ៉ូណា​ថ្មី​អាច​ឆ្លង ប៉ុន្តែ​មិន​មាន​ករណី​ថ្មី​កើតឡើង​នៅ​កម្ពុជា​ទេ

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​លើកឡើង​ថា នៅ​កម្ពុជា វីរុស​កូរ៉ូណា​ថ្មី​អាច​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​មិនទាន់​រកឃើញ​មាន​ករណី​ថ្មី​ណា​ផ្សេង​ទៀត​នោះទេ ខណៈ​មាន​ការលើក​ឡើង​ថា វីរុស​កូរ៉ូណា​គឺ​មិនអាច​រស់នៅ​ក្នុង​សីតុណ្ហភាព​ក្ដៅ​របស់​ប្រទេស​កម្ពុជា​បាន​ទេ​។

លោក ម៉ម ប៊ុនហេង ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា បុរស​ជនជាតិ​ចិន​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ដែល​បាន​រកឃើញ​ជា​ករណី​ដំបូង​នៅ​កម្ពុជា​គឺ​មាន​សុខភាព​ល្អ​ធម្មតា​ឡើង​វិញ​ហើយ​។ លោក​ថា​៖ «​វីរុស​ហ្នឹង​វា​នៅក្នុង​សំបោរ ហើយ​បើ​ឆ្លង​ពី​មាត់​ ១ ​ទៅ​មាត់​ ១ ​ទៀត​គឺ​វា​បាន​ឆ្លង​បាត់​ទៅហើយ​។ នៅ​កម្ពុជា​យើង​គឺអាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត អ៊ីចឹង​បាន​យើង​ត្រូវ​ប្រុងប្រយ័ត្ន​»​។

ប៉ុន្តែ​លោក​ថា នៅ​កម្ពុជា​ពុំទាន់​រកឃើញ​វីរុស​កូរ៉ូណា​ដែល​ជា​ករណី​ថ្មី​នៅឡើយ​ទេ ក្រៅតែ​ពី​បាន​រកឃើញ​មួយ​ករណី​កាលពី​ថ្ងៃទី​ ២៥ ខែ​មករា​នៅលើ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ធ្វើដំណើរ​មកពី​ខេត្ត​វូហាន ប្រទេស​ចិន ចូលមក​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២៣ ​ខែ​មករា​។

លោក​បន្ថែមថា ក្រោយ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ដើម្បី​ព្យាបាល​គឺ​បុរស​ជនជាតិ​ចិន​នេះ​មាន​ស្ថានភាព​សុខភាព​ល្អ​ធម្មតា ប៉ុន្តែ​ត្រូវ​បន្ត​ដាក់​ឱ្យនៅ​ដាច់​ដោយ​ឡែក ដើម្បី​តាមដាន​ពី​សុខភាព​រហូត​គ្រប់​ចំនួន ១៤ ​ថ្ងៃ​ទើប​សម្រេច​ថា តើ​បុរស​នោះ​ត្រូវ​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ឬ​យ៉ាងណា​? លោក ប៊ុនហេង បញ្ជាក់ថា​ចំពោះ​ការលើកឡើង​ពី​វីរុស​កូរ៉ូណា​ថ្មី​មិន​អាច​រស់នៅ​ក្នុង​សីតុណ្ហភាព​ក្នុង​ប្រទេស​កម្ពុជា​បាន គឺ​ដោយសារ​វីរុស​នោះ​ត្រូវ​ស្ថិត​នៅ​កណ្ដាលវាល​ហើយ​ត្រូវ​រង​នូវ​កម្ដៅថ្ងៃ​យូរ​។

លោក​ ជឹម ភ័ក្ត្រា ដែល​ធ្លាប់​ធ្វើការ​នៅ​មន្ទីរពិសោធន៍​ស្រាវជ្រាវ​វេជ្ជសាស្ដ្រ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​លើកឡើង​ថា ការពាក់​ម៉ាស់​គឺ​មិនអាច​ការពារ​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​បាន ១០០% ​នោះ​ទេ​ដោយសារ​វីរុស​នេះ​មាន​ទំហំ​ ០,១២៥ មីក្រូម៉ែត្រ​ដែល​មាន​ទំហំ​តូច​ជាង​បាក់តេរី​ (Bacteri)​។ ប៉ុន្តែ​លោក​ថា ពលរដ្ឋ​នៅ​កម្ពុជា​មិន​ចាំបាច់​ពាក់​ម៉ាស់​នោះ​ទេ ដោយសារ​តែ​សីតុណ្ហភាព​នៅ​កម្ពុជា​គឺ​មិន​អាច​ឱ្យ​វីរុស​កូរ៉ូណា​ថ្មី​រស់​បាន​ និង​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បានឡើយ​។

លោក​ថា​ ជាទូទៅ​មាន​កត្តា​ចំនួន​ ៣ ដែល​អាច​ឱ្យ​មាន​ការឆ្លង​វីរុស​កូរ៉ូណា​គឺ​ចំនួន​វីរុស សីតុណ្ហភាព​ក្រោម ២០ ​អង្សាសេ និង​ការប៉ះពាល់ និង​នៅ​ទល់​មុខ​អ្នកជំងឺ​ផ្ទាល់​ដោយ​គ្មាន​របាំង​ការពារ​។ «​កត្តា​ដែល​មិន​ងាយ​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​យើង​គឺ ១- ​ប្រទេស​យើង​មាន​សីតុណ្ហភាព​លើស​ពី ៣០ អង្សាសេ ដែល​ជា​កត្តា Virus មិនអាច​រស់​បាន នៅពេល​ខ្ទាត​ចេញ​ពី​អ្នកជំងឺ​ណា​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ដោយ​រក្សា​ចម្ងាយ​ពី​គ្នា ១ ​ម៉ែត្រ​។ ២- ​មិនទាន់​មាន​អ្នកផ្ទុក Virus នេះ​ច្រើន​នៅឡើយ​ (​នៅ​កម្ពុជា​)​។ ដូច្នេះ​អ្នក​ដែល​មិន​នៅក្នុង​តំបន់​ប្រឈម មិន​ចាំបាច់​ពាក់​ម៉ាស់​ឡើយ​»​។

តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ដើម្បី​បង្ការ​ការឆ្លង​វីរុស​កូរ៉ូណា​នេះ​គឺ​ត្រូវ​ចៀសវាង​ការប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ ដូចជា​គ្រុនក្ដៅ ក្អក និង​កណ្ដាស់ ឬ​ផ្ដាសាយ និង​ត្រូវ​ប្រញាប់​លាងដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល​ជែល បន្ទាប់ពី​ប៉ះពាល់​ផ្ទាល់​ ឬ​ស្ថិតនៅក្នុង​បរិវេណ​ជុំវិញ​អ្នកជំងឺ​ទាំងនេះ​។ ចៀសវាង​ការធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វូហាន​ដែល​ជា​ទីក្រុង​ផ្ទុះ​ជំងឺ​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​ចិន​។

ត្រូវ​បរិភោគ​អាហារ​មាន​អនាម័យ​ដែល​ត្រូវបាន​ចម្អិន​ឆ្អិន​ល្អ ជាពិសេស​សាច់ និង​ស៊ុត និង​ត្រូវ​ប្រើ​កន្សែង ក្រមា ក្រដាស​ខ្ទប់មាត់ និង​ច្រមុះ​នៅពេល​ក្អក ឬ​កណ្ដាស់ និង​រក្សា​ចម្ងាយ​ជាង ១ ​ម៉ែត្រ​ពី​បុគ្គល​ដែល​មាន​រោគសញ្ញា​ផ្លូវដង្ហើម​ស្រួចស្រាល់​។ ចៀសវាង​យក​ដៃ​ប៉ះពាល់​ភ្នែក ច្រមុះ និង​មាត់ បន្ទាប់ពី​ប៉ះពាល់​សត្វ និង​ផលិតផល​សត្វ សត្វ​ឈឺ សាច់​ខូចគុណភាព កាក​សំណល់​សត្វ ឬ​ទឹក​សរីរៈ​សត្វ​ក្នុង​ផ្សារ និង​មិន​ត្រូវ​ខាកស្ដោះ​នៅ​ទីសាធារណៈ​។

ក្រៅ​ពីនេះ​ការប្រើប្រាស់​ជ្រញ់​ និង​កាំបិត​ត្រូវ​បែងចែក​ដាច់​ពី​គ្នា​រវាង​អាហារ​ឆៅ និង​ឆ្អិន និង​ត្រូវ​លាងដៃ​បន្ទាប់ពី​ចាប់​កាន់​អាហារឆៅ និង​ឆ្អិន ហើយ​ឧបករណ៍​និង​កន្លែង​ដាក់​លក់​សត្វ​រស់ គឺ​ត្រូវ​លាង​សម្អាត​យ៉ាង​តិច​ ១ ​ដង​ក្នុង​ ១ ​ថ្ងៃ​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ទៀតថា អ្នក​ដែល​មាន​អាការ​គ្រុនក្ដៅ ៣៨ ​អង្សាសេ និង​មាន​រោគសញ្ញា​ ១ ​យ៉ាង​តិច​ក្នុង​ចំណោម ក្អក ហូរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម ហើយ​ទើប​ធ្វើ​ដំណើរ​វិលត្រឡប់​មក​ពី​ប្រទេស​ចិន​ត្រូវ​រាយការណ៍​បន្ទាន់​ទៅកាន់​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ ១១៥ ​ដោយ​មិន​គិត​ថ្លៃ​៕

អត្ថបទគួរចាប់អារម្មណ៍