
ឧបករណ៍តេស្តរហ័ស ដើម្បីស្វែងរកអង់ទីហ្សែនកូវីដ ១៩។ រូបថត AFP
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ លោក ម៉ម ប៊ុនហេង បានធ្វើការក្រើនរំឭកទៅដល់ម្ចាស់មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ដែលទទួលបានលិខិតអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ ១៩ ត្រូវមានដាក់បង្ហាញតម្លៃនៅទីសាធារណៈ និងមានការយល់ព្រមដោយធ្វើកិច្ចព្រមព្រៀងធ្វើតេស្តកូវីដ ១៩ ផងដែរ។
លោក ម៉ម ប៊ុនហេង បានចេញលិខិតជម្រាបទៅដល់ម្ចាស់មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភពទាំងអស់ដែលបានទទួលលិខិតអនុញ្ញាតក្នុងការប្រើតេស្តរហ័សនេះ អាចរកទិញប្រភេទតេស្តរហ័ស Abbott និង Roche ពីក្រុមហ៊ុនដែលបានចុះបញ្ជីកាត្រឹមត្រូវស្របច្បាប់ ដើម្បីយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន។
លោកបានលើកឡើងថា៖ «ត្រូវធ្វើការកំណត់តម្លៃឱ្យបានសមរម្យ និងណែនាំដល់បុគ្គលិកក្រោមឱវាទត្រូវមានដាក់បង្ហាញតម្លៃនៅទីសាធារណៈក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន ឱ្យអតិថិជនបានដឹងមុន និងមានការយល់ព្រមដោយធ្វើកិច្ចព្រមព្រៀងធ្វើតេស្តកូវីដ ១៩»។
លោក ម៉ម ប៊ុនហេង បន្ថែមថា ក្រសួងសុខាភិបាលអនុញ្ញាតឱ្យមូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ ប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ ១៩ គឺក្នុងគោលបំណងឱ្យសេវាឯកជនមានលទ្ធភាពធ្វើការញែកអ្នកជំងឺដែលមកទទួលសេវាព្យាបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងជំងឺនេះ នៅក្នុងការផ្តល់សេវាសុខាភិបាល និងចូលរួមធានានិរន្តរភាពនៃការផ្តល់សេវាថែទាំ និងព្យាបាលជំងឺនៅក្នុងសេវាសុខាភិបាល៕