ពោធិ៍សាត់ៈ អភិបាលខេត្ត​ពោធិ៍សាត់​លោក ម៉ៅ ធនិន បានដាក់​កម្មវិធី​ជួប​ប្រជាពលរដ្ឋ​ដោយផ្ទាល់​នៅ​សាលាខេត្ត ២ ​ថ្ងៃ​ក្នុង​ ១ ​សប្តាហ៍​ដើម្បី​ដោះស្រាយ​បញ្ហា និង​ជម្លោះ​ផ្សេងៗ​របស់​ពួកគេ ខណៈ​ដែល​លោក​អះអាងថា ធ្វើជា​មន្ត្រី​ត្រូវតែ​បម្រើ​រាស្ត្រ ទោះបី​ពួកគាត់​ត្រូវការ​យ៉ាងណាក៏ដោយ​។

លោក ម៉ៅ ធនិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ចាប់តាំងពី​លោក​បានមក​ដឹកនាំ​ខេត្ត លោក​បាន​សុំឱ្យ​ប្រជាពលរដ្ឋ​បញ្ចូល​រូបលោក និង​ភរិយា​របស់លោក​ជា​សមាជិកគ្រួសារ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​ ១១៧០០០ គ្រួសារ​ក្នុងឋានៈ​ជា​កូន ជា​ក្មួយ នៃ​ឋានានុក្រម​គ្រួសារ​។ នៅពេល​ដោះស្រាយ​លោក​ប្រើ​របៀប​ ២ ទី​ ១ ​តាម​លក្ខណៈ​គ្រួសារ និង​ ១ ​ទៀត​លោក​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ច្បាប់ នៅពេល​ពួកគាត់​មិនបាន​យល់ដឹង​ជ្រួតជ្រាប​ពី​បញ្ហា​ច្បាប់​។

លោក បន្តថា លោក​បាន​ដោះស្រាយ​ជម្លោះ និង​បញ្ហា​តាមរយៈ​យន្តការ​ទាំង​ ២ ​បាន​ដោយ​ជោគជ័យ​ដោយ​ប្រើ​គោលនយោបាយ​ឈ្នះ-ឈ្នះ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មិនមាន​អ្នកណា​ចាញ់ ហើយ​ប្រជាពលរដ្ឋ​ពេញចិត្ត និង​រីករាយ​ជាខ្លាំង​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ ការ​ដោះស្រាយ​បញ្ហា​នេះ​មិនមែន​សំដៅ​តែ​ទៅលើ​បញ្ហា​ណាមួយ​នោះទេ គឺ​មាន​បញ្ហា​ទូទៅ​ទាំងអស់ ដូចជា​ទំនាស់​នៅក្នុង​គ្រួសារ ទំនាស់​ព្រំដី ទំនាស់​ប្តី​ប្រពន្ធ​លែងលះគ្នា បញ្ហា​ប្រឈម​ទៅលើ​ជីវភាព​រស់នៅ និង​បញ្ហា​គ្រប់យ៉ាង​ទាំងអស់​ផ្សេងទៀត​។

លោក​ថ្លែងថា​៖ «​យើង​បាន​ប្រើ​យន្តការ​នេះ​កន្លងមក​គឺមាន​លក្ខណៈ​មួយ​ល្អ​ណាស់ ដែល​យើង​ដើរ​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល គឺ​មន្ត្រី​គឺជា​អ្នកបម្រើ​រាស្ត្រ​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​របស់​សម្តេច (​ហ៊ុន សែន​)​។ អ៊ីចឹង​ដើម្បី​បម្រើ​លោក (​ប្រជារាស្ត្រ​) ​បាន​ល្អ យើង​មានការ​ជួប​លោក​ដោយ​ផ្ទាល់ៗ​អ៊ីចឹង​»​។

លោក​ថ្លែងថា​៖ «​យើង​ជា​ថ្នាក់ដឹកនាំ​នៅក្នុង​ខេត្ត ហើយ​យើង​ជា​មេ​គ្រួសារ យើង​មាន​តួនាទី​បម្រើ​រាស្ត្រ​។ យើង​បម្រើ​រហូត​ទាល់តែ​ចប់​ចុង ចប់​ដើម​។ ទោះ​ជា​លោក​ត្រូវការ​យ៉ាងម៉េច យើង​ត្រូវ​បម្រើ​លោក​អ៊ីចឹង​»​។

លោក​បន្តថា ប្រជាពលរដ្ឋ​តែងតែ​មាន​ជំនឿ​មកលើ​ថ្នាក់ដឹកនាំ​ខេត្ត​របស់លោក និង​បានមក​កាន់​សាលាខេត្ត ហើយ​លោក​ក៏បាន​ដោះស្រាយ​ជូន​ពួកគាត់​។ នៅពេល​ដោះស្រាយ​ពេលខ្លះ​មាន​ហេតុផល​មិន​ច្បាស់លាស់ ហើយ​គូ​ជម្លោះ​មិនបាន​មកជួប​ផ្ទាល់ លោក​បាន​ចាត់តាំង​ឱ្យ​អាជ្ញាធរ​ស្រុក​ចាត់វិធានការ​ដើម្បី​ហៅ​ប្រជាពលរដ្ឋ​មក​សម្របសម្រួល​ដោះស្រាយ ក្នុងករណី​ដែល​ពួកគាត់​មិន​ពេញចិត្ត​នឹង​ការប្តឹងផ្តល់​របស់​ពួកគាត់​។

លោក​ថ្លែងថា​៖ «​រយៈពេល​ ១ ​អាទិត្យ បើ​ស្រុក​ចំណាត់ការ​ទៅ (​ប្រជាពលរដ្ឋ​) មិន​ព្រម​ទេ អាហ្នឹង​គាត់​ឆ្លើយតប​មក​ខេត្ត​វិញ​។ ខ្ញុំ​នឹង​រៀបចំ​ដាក់​យន្តការ​ហ្នឹង​ចុះ​ដោះស្រាយ​។ អ៊ីចឹង ខ្ញុំ​អត់​ចុះ​ដោះស្រាយ​នៅ​ស្រុក​ទេ​។ ខ្ញុំ​ចុះទៅ​ដោះស្រាយ​ដល់​ឃុំ​តែម្តង​នៅ​ទីតាំង​កើតហេតុ ទីតាំង​ដែលមាន​បញ្ហា​បណ្ដឹង​តែម្តង​។ ទៅដល់​ឃុំ​ហ្នឹង ខ្ញុំ​ក៏​អញ្ជើញ​ពុក​ម៉ែ ប្រជាពលរដ្ឋ ចាស់ព្រឹទ្ធាចារ្យ​នៅ​ទីនោះ​ដែល​លោក​ដឹង​ហេតុ យល់​ហេតុ ស្គាល់​ពី​បញ្ហា​រឿង​ហ្នឹង​សព្វគ្រប់ ហើយ​លោក​ប្រជុំគ្នា​មក​នៅ​សាលាឃុំ​ហ្នឹង​ដើម្បី​ពិភាក្សាគ្នា​មើល​! ឈ្មោះ «​ក​» និង​ឈ្មោះ «​ខ​» ឈ្លោះ​គ្នា​មាន​បញ្ហា​អី​?»​។

លោក​បាន​ថ្លែងថា លោក​តែងតែ​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​ច្បាប់ និង​ប្រាប់​ឱ្យ​ពួកគាត់​ប្រកាន់យក​នូវ​ភាព​សុក្រឹត និង​យុត្តិធម៌​។ អ្នក​ដែល​យក​ដី​គេ គឺ​ត្រូវ​ឱ្យគេ​វិញ​។ អ្នក​ដែល​យក​ដី​រដ្ឋ​គឺ​ត្រូវឱ្យ​រដ្ឋ​វិញ​។ លោក​ថា យន្ត​ការជួប​ពលរដ្ឋ​នេះ​នឹង​នៅតែ​បន្ត​ធ្វើជា​ដរាប ហើយ​នឹង​មានការ​សិក្សា​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាងនេះទៀត​។

លោក សំ ចាន់គា មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស Adhoc ប្រចាំខេត្ត​ពោធិ៍សាត់​ និង​ កំពង់ឆ្នាំង ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា យន្តការ​នេះ​គឺជា​នីតិវិធី​មួយ​ល្អ​ដែរ ដើម្បីឱ្យ​ពលរដ្ឋ​រាយការណ៍​អំពី​ភាព​អសកម្ម​ដែល​អាជ្ញាធរ​មូលដ្ឋាន​លាក់បាំង​ព័ត៌មាន​ផ្សេងៗ​កន្លងមក​។ វា​ក៏​ជា​កិច្ចការ​ដ៏គំរូ​មួយ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ហ៊ាន​ជួប​ជាមួយ​អាជ្ញាធរ ដែល​កន្លងមក​ប្រជាពលរដ្ឋ​តែង​ភ័យខ្លាច​ក្នុង​ការជួប​អាជ្ញាធរ​។

លោក​បន្តថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​លើកឡើង​ថា មន្ត្រីរាជការ​គឺជា​អ្នកបម្រើ​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​កន្លងមក​មន្ត្រី​រាជការ​ហាក់ដូច​ជា​តាំងខ្លួន​ជា​ម្ចាស់ ហើយ​ប្រជាពលរដ្ឋ​គឺជា​អ្នក​បម្រើ​ទៅវិញ​។

លោក​ថ្លែងថា​៖ «​លោក (​អភិបាល​ខេត្ត​) អាច​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតឡើង​ដែល​លោក​បានទទួល​ហើយ​ឆាប់​ដោះស្រាយ​។ បើសិន​ជា​ ៦ ​ខែ​បាន​ជួប​ម្តង​តាមរយៈ​វេទិកាសាធារណៈ​នោះ អាជ្ញាធរ​ពិបាក​ក្នុងការ​ដោះស្រាយ​។ រឿង​ខ្លះ​បាន​ទៅជា​ទុំជោរ​បាត់​ហើយ បាន​អាជ្ញាធរខេត្ត​បានដឹង​»​។

ហ្វេសប៊ុក​របស់​មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​ ៤ ខែ​កុម្ភៈ​បាន​បញ្ជាក់ថា ​ទំនាស់ និង​បញ្ហា​ប្រឈម​ជិត​ ៤០ ​ករណី​ត្រូវបាន​លោក ម៉ៅ ធនិន ដោះស្រាយ​បញ្ចប់​នៅ​​ថ្ងៃទី​ ៤ ខែកុម្ភៈ ក្នុងតួនាទី​ជា​អភិបាលខេត្ត និង​តួនាទី​ជា​ក្រុមគ្រួសារ​តែមួយ​៕