ភ្នំពេញ៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ផលិតករ​ភាពយន្ត​ជើង​ចាស់​ម្នាក់​បាន​ទទួល​មរណភាព​នៅ​រសៀល​ថ្ងៃ​នេះ នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ខណៈ​ពេល​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ ១៩។ នេះ​បើ​យោង​តាម​លោក ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន។

លោក សុវណ្ណ បាន​ថ្លែង​ថា៖ "ខ្ញុំ​មិន​ដឹង​ពី​មូលហេតុ​ទេ តែ​លោក​ស្លាប់​នៅ​ជិត​ម៉ោង ៧ ខណៈ​ដែល​លោក​កំពុង​ព្យាបាល​ជំងឺ​កូវីដ ១៩"។

លោក ម៉ៅ អាយុទ្ធ ដែល​មាន​អាយុ ៧៧ ឆ្នាំ រស់នៅ​ភូមិ០៧ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ បាន​ឆ្លង​ជំងី​កូវីដ ១៩ ហើយ​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២១។

លោក ម៉ៅ អាយុទ្ធ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​មួយ ក្នុង​ចំណោម​ផលិតករ​ល្បី​ឈ្មោះ​ដទៃ​ទៀត ដោយ​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ ក្នុង​នោះ​មាន​ស្នាដៃ​ផលិត​ខ្សែ​ភាពយន្ត​ខ្សែ​វីដេអូ​ចម្រៀង​កាយវិការ​កំណាព្យ​ប្រលោម​លោក​ជាដើម។

ខ្សែ​ភាពយន្ត​ដ៏​ល្បី ដែល​ជា​ស្នាដៃ​របស់​លោក និង​មាន​ភាព​ល្បីល្បាញ​នោះ គឺ​រឿង «នេសាទ​ក្រពើ» កាល​ពី​អំឡុង​ឆ្នាំ ២០០៣ និង​រឿង «ហ្លួង​ព្រះ​ស្តេច​កន» កាល​ពី​ឆ្នាំ ២០១៦ កន្លង​ទៅ។

"គ្មាន​អ្វី​ដែល​ខ្ញុំ​សញ្ជឹង​គិត​យ៉ាង​ឆ្ងាយ​នៅ​វេលា​នេះ​ជាង​ពេល​ណាៗ​ទាំង​អស់ ដោយសារ​តែ​រៀម​ច្បង​ដ៏​ល្បី ដ៏សំខាន់​ក្នុង​វិស័យ​ទូរទស្សន៍​ជាតិ និង​ភាពយន្ត​របស់​ខ្មែរ​គឺ​ ឯកឧត្តម ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ (បាន​ទទួល​មរណភាព​នាពេល​នេះ)"។ នេះ​ជា​សារ​របស់​លោក កឹម គុណវឌ្ឍ អតីត​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​នេះ។

ជាមួយ​គ្នា​នេះ ថ្នាក់​ដឹកនាំ និង​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ លោក ម៉ៅ អាយុទ្ធ ពី​ចម្ងាយ​ដោយ​ក្ដី​សោកស្ដាយ​ជា​ទី​បំផុត៕