
លោក យន្ត មីន អភិបាលខេត្ដព្រះសីហនុ បំផុសស្មារតីចូលរួមសម្អាតសំរាមក្នុងក្រុង។ ផា លីណា
ព្រះសីហនុៈ លោក យន្ដ មីន អភិបាលខេត្ដព្រះសីហនុ បានដឹកនាំក្រុមមន្រ្ដី និងក្រុមអនាម័យក្រុងបន្ដចុះសម្អាតសំរាម នៅតាមដងផ្លូវនិងតំបន់ឆ្នេរក្នុងក្រុងព្រះសីហនុ ដើម្បីបំផុសស្មារតី ដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការថែរក្សាបរិស្ថានទាំងអស់គ្នា។
លោក យន្ត មីន បានថ្លែងថា៖ «សកម្មភាពនេះ គឺជាផ្នែកមួយក្នុងការបំផុសស្មារតីពលរដ្ឋឲ្យងាកមកចាប់អាម្មណ៍ និងចូលរួមជាមួយអាជ្ញាធរ ដើម្បីបរិស្ថានស្អាតគឺត្រូវផ្តើមចេញពីប្រជាពលរដ្ឋយើងម្នាក់ៗចូលរួម»។
លោក ឱ សារឿន អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ ប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា សកម្មភាពសម្អាតសំរាមនេះ គឺជាគោលដៅជាប្រចាំ ដើម្បីឲ្យមន្រ្ដី និងប្រជាពលរដ្ឋចូលរួមក្នុងការសម្អាតសំរាម និងរួមគ្នាថែរក្សាបរិស្ថានទាំងអស់គ្នា។
លោក សារឿនថា បច្ចុប្បន្នខេត្ដព្រះសីហនុ បានទទួលគ្រឿងចក្រសម្អាតឆ្នេរចំនួន ២ គ្រឿងពីគណៈកម្មាធិការជាតិសម្អាតឆ្នេររួចហើយ។ ដោយឡែករដ្ឋបាលខេត្ដក៏បានសហការគ្នាទិញឡានសម្រាប់សម្អាតផ្លូវថ្នល់ចំនួន២គ្រឿងដែរ។
លោក ថ្លែងថា៖ «ការប្រមូលសំរាមនៅតាមទីសាធារណៈ វាមានភាពប្រសើរឡើងហើយ ប៉ុន្ដែរឿងសំរាមនេះ បើយើងពឹងផ្អែកទៅលើក្រុមហ៊ុនតែមួយក៏មិនបានដែរ វាទាមទារការចូលរួមទាំងអស់គ្នា។ ដូចរដ្ឋបាលខេត្ដបានដាក់ចេញនូវគោលការណ៍ចំពោះបញ្ហានេះ ដើម្បីឲ្យមានការចូលរួមសហការគ្នា ពីក្រុមហ៊ុនសម្អាតសំរាម និងប្រជាពលរដ្ឋ ក្នុងការសម្អាតសំរាមនិងថែរក្សាបរិស្ថាន»។
លោក រ៉ន រ៉ាម៉ន ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់លេខ ១ ខេត្ដព្រះសីហនុ បានថ្លែងថា បញ្ហាសំរាមមិនមាននៅសល់យូរថ្ងៃដូចកាលពីមុនទេ។ ក្រុមហ៊ុនគេមកប្រមូលទៀងទាត់ដែរ។ វាពិបាកនិយាយដែររឿងសំរាមហ្នឹង ព្រោះគ្រប់កន្លែងក្នុងក្រុងព្រះសីហនុ សុទ្ធតែកំពុងសាងសង់អគារ។ អ៊ីចឹងរឿងអនាម័យ និងបរិស្ថានហ្នឹងចង់ឲ្យស្អាតដូចពីមុនក៏មិនកើតភ្លាមៗដែរ។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបានអះអាងថាអាជ្ញាធរខេត្ដ បានប្រឹងប្រែងក្នុងការថែក្សា បរិស្ថាន និងអនាម័យបានល្អប្រសើរហើយ ប៉ុន្ដែដោយសម្ទុះនៃការអភិវឌ្ឍមានកំណើនខ្លាំងទើបពេលខ្លះអាជ្ញាធរមិនអាចមើលឃើញគ្រប់កន្លែងបាន។
អ្នកស្រីបន្ដថា៖ «យើងសង្កេតឃើញថា មានភាពធូរស្រាលជាងមុនបន្តិចហើយ ប៉ុន្ដែយើងសង្ឃឹមថា វានឹងមិនមានបញ្ហាសំរាមនេះកើតឡើងច្រើនដូចកាលពីមុនទេ»៕