ព្រះ​សីហនុ ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​យល់​ព្រម​​ទៅ​តាម​ការ​ស្នើ​សុំ​លាលែង​ពី​​អភិបាល​ខេត្ត​ព្រះ​សីហនុ របស់​លោក​ យន្ត មីន និងក៏​​បាន​ប្រកាស​ដក​លោក​ ញឹម វណ្ណ​ដា ចេញ​ពី​តំណែង​ ពាក់​ព័ន្ធ​នឹង​ការ​រលំបាក់​អគារ​ ៧​ ជាន់​ នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ២៥ ​នាក់​ គិត​មក​ដល់​ត្រឹម​ម៉ោង ​២ កន្លះ​ ​រសៀល​​ថ្ងៃ​​ទី​ ២៤​ ខែ​ មិថុនា​ នេះ​។

លោក​ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា ក្នុង​ពេល​ដែល​លោក​​បំពេញ​ការ​ងារ​នៅ​ខេ​ត្តព្រះសីហនុ លោក​ យន្ត មីន អភិបាល​ខេត្តព្រះសីហនុ​ បាន​ទទួល​ស្គាល់​កំហុស​លើការ​គ្រប់​គ្រង​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន ដែល​បណ្តាល​ឲ្យ​​មាន​រឿង​ឈឺ​ចាប់កើត​ឡើង​។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​សរសេរ​ទៀត​ថា​៖ «គាត់ ​(យន្ត មីន) បាន​ស្នើម​ក​ខ្ញុំ​ដើម្បីលាលែង​ចេញ​ពីអភិបាល​ខេត្ត​ព្រះ​សីហនុ។ ខ្ញុំ​បាន​យល់​ព្រម​ឲ្យ​​គាត់​លាលែង ​និងបាន​ពិភាក្សា​ជាមួយ សម្តេច ស ខេង យកឯក​ឧត្តម គួច ចំរើន ពីអភិបាល​ខេត្ត​កំពង់​ចាម មក​ធ្វើ​ជាអភិបាល​ខេត្ត​ព្រះ​សីហនុវិញ»។​ ​

ប៉ុន្តែ​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ទោះ​ជាមាន​ការរៀប​ចំបែប​នេះ​ក៏ដោយ​ក៏ លោកយន្ត មីន នៅ​បន្ត​ដឹក​នាំយុទ្ធនាការ​រុករ​ក​ និង​សង្គ្រោះ​តទៅ​ទៀត រហូត​ចប់​កិច្ច​ការ​ និង​អភិបាល​ខេត្ត​ថ្មី​ លោក គួច ចំរើន ចូលកាន់​តំណែង។

ជា​មួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ធ្វើ​សេច​ក្តី​សម្រេច​ផង​ដែរ​ថា៖ «ខ្ញុំក៏​សូម​បញ្ជាក់​ថា ​ថ្ងៃនេះ​ខ្ញុំ​បាន​សម្រេចចិត្ត​ដក ឯក​ឧត្តម ញឹម វណ្ណដា ចេញពី​តំណែង​ជាទេសរដ្ឋ​មន្ត្រី​ និង​ជាអនុប្រ​ធានទី ១​ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រងគ្រោះ​មហន្ត​រាយ​ ដោយ​មូល​ហេតុ​ខ្វះ​ការទទួល​ខុស​ត្រូវ​និង​ភូតភរ​»។

ភ្លាម​ៗ​បន្ទាប់​ពីលោក​នាយក​រដ្ឋ​មន្ត្រី បាន​យល់​ព្រម​ឲ្យ​លា​លែង​ពី​តំណែង លោក​ យន្ត មីន បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​​​របស់​លោក និង​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ ដោយ​បង្ហាញ​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង និង​បាន​សុំការ​អភ័យ​ទោស​ពីក្រុម​គ្រួសារ នៃ​ជ​នរង​គ្រោះ​ទាំង​អស់ ក្នុង​ឧបទ្ទវ​ហេតុ​រលំ​អគារ​ ៧ ​ជាន់​ ក្នុង​ក្រុង​ព្រះសីហនុ​នេះ។ ជាមួយ​គ្នា​នេះ លោកក៏បាន​ប្រកាស​ពី​ការ​ទទួល​ខុស​ត្រូវ និងបាន​ស្នើ​សុំលោក​នាយក​រដ្ឋមន្ត្រី លាលែង​ពីតំណែង​​​ហើយ​លោក​នឹងនៅ​តែបន្តស​កម្មភាព​ជួយស​ង្គ្រោះ ក្នុង​ឧបទ្ទវ​ហេតុនេះ​ឲ្យ​ច​ប់​ចុង​ចប់​ដើម។

លោក​បញ្ជាក់​ថា៖ «សម្តេច​ក៏​បាន​ផ្តល់​ការ​យល់​ព្រម​ហើយ​ដែរ។ ជាមួយ​នេះ ខ្ញុំ​បាទ​សុំការ​អភ័យ​ទោស​ពី​សម្តេចតេ​ជោនាយ​ករដ្ឋ​មន្ត្រី សម្តេច​ក្រឡា​ហោម សម្តេច ឯកឧត្តម​ លោក​ជំទាវ ចំពោះ​កង្វះ​ខាត នៃការ​បំពេញ​ភារៈកិច្ច​របស់​ខ្ញុំ​បាទ កន្លង​មក​នេះ។ ខ្ញុំសុំ​ការ​អភ័យ​​ទោស និង​ការ​អធ្យា​ស្រ័យ​ពី​បង​ប្អូន​ប្រជាពលរ​ដ្ឋ មន្ត្រីរាជ​ការ កង​កំលាំង​ប្រដាប់​អាវុធ​ គ្រ​ប់​ប្រភេទ ក្នុង​ខេត្ត​ព្រះសីហនុ​ទាំង​អស់ ចំពោះ​កង្វះ​ខាត​របស់​ខ្ញុំ​កន្លង​មក ត្បិត​អីខ្ញុំបាន​ខំប្រឹង​អស់​ពីលទ្ធភាព​ហើយ​»៕