ភ្នំពេញៈ ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្នើ​ដល់​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព និង​វិភាគ​កម្រិត​ជាតិ​ដែក និង​ជាតិ​ស័ង្កសី​នៅក្នុង​ទំនិញ​ផ្សេងទៀត​នៃ​ផលិតផល​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​របស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នានា​ដែល​កំពុង​ចរាចរ​លក់​នៅក្នុង​ប្រទេស​កម្ពុជា​។

ការស្នើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​រកឃើញ​ថា ផលិតផល​ទឹកដោះគោ​ម្សៅផ្សំ​តាម​រូបមន្ត​ម៉ាក Nutrilatt មាន​កម្រិត​ជាតិ​ដែក និង​ស័ង្កសី​ទាប​ឆ្ងាយ​ខ្លាំង​ជាង​កម្រិត​ដែល​បាន​សរសេរ​នៅលើ​ស្លាក​សញ្ញា​ផលិតផល និង​កម្រិត​អប្បបរមា​កំណត់​ដោយ​ស្តង់ដា Codex ដែល​នាំឲ្យ​ប៉ះពាល់​សុខភាព ការលូតលាស់ និង​ការអភិវឌ្ឍ​របស់​ទារក និង​កុមារ​។

លោក យឹម ឆៃលី ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​លោក ប៉ាន សូរស័ក្តិ​ កាលពី​ថ្ងៃទី​ ៣១ ខែ​សីហា ដែល​ក្នុង​លិខិត​នោះ​លោក​បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ចំណាត់ការ​ដ៏តឹងរ៉ឹង​របស់​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ឲ្យ​ក្រុមហ៊ុន NUTRILATT MASTER LM Co,LTD ដែល​ជា​ក្រុមហ៊ុន​នាំចូល​ម្សៅ​ផលិតផល​ទឹកដោះគោ​ផ្សំ​តាម​រូបមន្ត​ម៉ាក Nutrilatt គោរព​តាម​ច្បាប់​កម្ពុជា និង​ស្តង់ដា​អន្តរជាតិ​សំដៅ​ធានា​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​​ប្រទេស​កម្ពុជា​។

លោក​ក៏បាន​ស្នើ​ផងដែរ​ដល់​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​បន្ត​ត្រួតពិនិត្យ និង​វិភាគ​កម្រិត​ជាតិ​ដែក និង​ជាតិ​ស័ង្កសី​នៅក្នុង Bacthes ផ្សេងទៀត​នៃ​ផលិតផល​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​របស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នានា ដែល​កំពុង​ចរាចរ​លក់ដូរ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​លទ្ធផល​នៃ​ការវិភាគ​វិទ្យាសាស្ត្រ ចំពោះ​កម្រិត​ជាតិដែក និង​ជាតិ​ស័ង្កសី​ដែល​មាន​ក្នុង​ផលិតផល​នេះ (Nutrilatt) ហើយ​មាន​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ផលប៉ះពាល់​ដល់​សុខភាព និង​ការអភិវឌ្ឍ​សតិបញ្ញា ស្មារតី កាយសម្បទា​របស់​ទារក និង​កុមារ​»​។

លោក​បានបញ្ជាក់​បន្តទៀត​ថា​៖ «​ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងនេះ​កុំ​ឲ្យ​មាន​ផលិតផល​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​របស់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដែល​កំពុង​លក់​លើ​ទីផ្សារ​ដែល​អាច​បង្ក​មហន្តរាយ​ដល់​សុខភាព និង​ការអភិវឌ្ឍ​របស់​ទារក និង​កុមារ ខ្ញុំ​សូម​គាំទ្រ​ដល់​ចំណាត់ការ​តាមផ្លូវ​ច្បាប់​នានា​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ និង​សូម​សំណូមពរ​ឲ្យ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន​»​។

កាលពី​ថ្ងៃទី​ ២៦ ខែសីហា នាយកដ្ឋាន ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន NUTRILATT MASTER LM Co,LTD តំណាង​គ្រួសារ​ទារក​រងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​បើក​ស្រោមសំបុត្រ​ពិនិត្យ​រួមគ្នា​នូវ​លទ្ធផល​នៃ​ការរកឃើញ​នេះ ប៉ុន្តែ​ក្រោយមក លទ្ធផល​ទាំងនេះ​ក៏​ត្រូវបាន​ក្រុមហ៊ុន NUTRILATT MASTER LM Co,LTD បដិសេធ​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការស្នើ​តាម​លិខិត​របស់​លោក យឹម ឆៃលី គឺ​ស្រប​ទៅ​នឹង​ចំណាត់ការ​របស់​ក្រសួង​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន​ដែល​កំពុង​ស្រាវជ្រាវ​រាល់​ផលិតផល​ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​។ ដោយសារ​តែ​លទ្ធផល​នៃ​ការរកឃើញ​របស់​ក្រសួង​ពាណិជ្ជកម្ម​លើ​ផលិតផល​ទឹកដោះគោ Nutrilatt នេះ​ត្រូវ​បាន​បដិសេធ​ដោយ​ក្រុមហ៊ុន​។

លោក ស៊ាង ថៃ បាន​ឲ្យ​ដឹង​ថែម​ទៀតថា ភាគី​ទាំងអស់​នឹង​ស្វែងរក​ការពិភាក្សា​គ្នា​បន្តទៀត ដើម្បី​ឈាន​ទៅ​រក​ការពិសោធ​ថ្មី​ដែល​អាច​ឲ្យ​ភាគី​ទាំង​សងខាង​ទទួល​យក​លទ្ធផល​នេះ​បាន​ទាំងអស់​គ្នា​។

លោក ស៊ាង ថៃ បាន​បញ្ជាក់​​ឲ្យ​ដឹង​ទៀតថា​៖ «​សកម្មភាព​យើង គឺ​មិនមែន​សំដៅ​តែ​ទៅលើ​ផលិតផល​ទឹកដោះគោ​នេះ​ទេ គឺ​យើង​ពិនិត្យ​ទៅលើ​ទំនិញ​ទាំងអស់​»​។

លោក​ថ្លែង​ទៀតថា​៖ «​ប៉ុន្តែ​ម្សៅ​ទឹកដោះគោ​នេះ គឺជា​រឿង​ថ្មី​មួយ​ដែល​កំពុងតែ​ស្វែង​រកឃើញ​ (​បញ្ហា​) ហើយ​ក៏​មាន​ការជជែក​គ្នា​រវាង​ក្រុមហ៊ុន និង​ក្រសួង ដើម្បី​ឲ្យ​ច្បាស់​ថា តើ​វា​យ៉ាងម៉េច​? ព្រោះ​ធម្មតា​ក្រសួង​បាន​រកឃើញ​ថា ខ្វះ​ជាតិ​ដែក ប៉ុន្តែ​ក្រុមហ៊ុន​ថា អត់​ខ្វះ​ទេ​។ ដូច្នេះ​យើង​នឹង​ជជែក​គ្នា​រក​ដំណោះស្រាយ​នៅលើ​រឿង​ហ្នឹង​»៕

វីដេអូ៖