ភ្នំពេញៈ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (​គបម​) ​ពី​ម្សិលមិញ​បាន​សម្រេច​ជ្រើស​តាំង​លោក​បណ្ឌិត យ៉ង សាំងកុមារ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​មាន​ជំនាញ​កសិកម្ម​នោះ​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​ ៦ ​ចុង​ខែ​ក្រោយ​នេះ​ដែល​លោក​ថា បើ​លោក​ជាប់​ឆ្នោត​ត្រូវ​តែ​ស្តាប់​តំណាងរាស្ត្រ​ហើយ​មិនមែន​ជា​នាយករដ្ឋមន្ត្រី​ឆេវឆាវ​។

ក្នុង​អង្គសមាជ​ជ្រើសរើស​បេក្ខភាព​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ដែល​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​មាន​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នេះ​ចំនួន​ ៣ ​រូប​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ដើម្បី​ឲ្យ​អង្គសមាជ​បោះឆ្នោត​ជ្រើសតាំង​សម្រាប់​ការប្រកួត​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ ក្នុង​នោះ​មាន​លោក​ យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​លោក​ សាម អ៊ីន អគ្គលេខាធិការ​បក្ស និង​លោក ឃុន សាវឿន ប្រធាន​ប្រតិបត្តិ​គណបក្ស​ខេត្ត​។ ជា​លទ្ធផល​ចេញ​ពី​ការបោះឆ្នោត​របស់ គ.ប.ម. ក្នុង​សន្លឹកឆ្នោត​ចំនួន​ ១៤៦ ​សំឡេង​លោក យ៉ង សាំងកុមារ ទទួល​បាន​សំឡេង​គាំទ្រ​ ១២៧ ​សំឡេង​លោក​ សាម អ៊ីន ទទួល​បាន​សំឡេង​គាំទ្រ​ ១២ ​សំឡេង ឯ​លោក​ ឃុន សាវឿន ទទួល​បាន​ ៧ ​សំឡេង​។

តាមរយៈ​សំឡេង​លើសលប់​បែប​នេះ​លោក​ យ៉ង សាំងកុមារ ត្រូវ​បាន​ជ្រើសតាំង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ប្រសិន​បើ​បក្ស​ថ្មីថ្មោង​មួយ​នេះ​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​។ លោក​ កុមារ ​រំពឹង​ថា គ.ប.ម ​ដែល​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ជាមួយ​នឹង​បក្សនយោបាយ​ចំនួន​ ១៩ ​ទៀត​នោះ​នឹង​ទទួល​បាន​អាសនៈ​នៅក្នុង​រដ្ឋសភា​។

លោក​ សាំងកុមារ ថ្លែង​ថា​៖ «​នេះ​ជា​សញ្ញា​មួយ​ប្រាប់​ថា​យើង​ទាំងអស់​គ្នា​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដោយ​បាន​ផ្តល់​ទំនុក​ចិត្ត​ដល់​យើង​ខ្ញុំ​ក្នុង​ការដឹកនាំ​ក្រុម​ និង​ក្រុម​ (​បេក្ខជន​) ​តំណាងរាស្ត្រ​របស់​យើង​ក្នុង​ការ​ចូលរួម​ប្រកួត​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ​ខែ​កក្កដា​ ២០១៨ ហើយ​ខ្ញុំ​សូម​ប្រកាស​ទទួល​យក​ការតែងតាំង​នេះ​»​។

លោក​បន្ថែម​ថា គ.ប.ម ត្រៀម​ខ្លួន​ជានិច្ច​ទទួល​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​នេះ ហើយ​បើ​មិន​ត្រៀម​ខ្លួន​ឈ្នះ​លើ​ការបោះឆ្នោត​នេះ​ទេ ក៏ គ.ប.ម មិន​រៀច​ចំ​សមាជ​ដើម្បី​ជ្រើសរើស​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​ដែល​ស្តាប់​តំណាងរាស្ត្រ​មិនមែន​នាយក​រដ្ឋមន្ត្រី​ងាក​ឆេះៗ​ទេ​។ ខ្ញុំ​ត្រូវ​តែ​មាន​ការទទួល​ខុសត្រូវ​ចំពោះ​តំណាងរាស្ត្រ​ដែល​រាស្ត្រ​បោះឆ្នោត​ឲ្យ​ហើយ​តំណាងរាស្ត្រ​របស់​យើង​គឺ​ខុស​ពី​តំណាងរាស្ត្រ​កន្លង​មក​ជា​តំណាងរាស្ត្រ​ទទួល​ខុស​ត្រូវ​ចំពោះ​រាស្ត្រ​មិនមែន​តំណាងរាស្ត្រ​ទទួល​ខុសត្រូវ​ចំពោះ​នាយករដ្ឋមន្ត្រី​ទេ​»​។

ក្នុង​នាម​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​លោក​ កុមារ បាន​បញ្ជាក់​ថា​លោក​ដឹង​ច្បាស់ការ​បោះឆ្នោត​នេះ​ទទួល​ជ័យជម្នះ​ ឬ​មិន​ជ័យជម្នះ​គឺ​អាស្រ័យ​លើ​ក្រុម និង​បេក្ខជន​របស់​បក្ស​ទាំង​បម្រុង ទាំង​ពេញ​សិទ្ធិ​។

លោក ញឹក ប៊ុនឆៃ ថ្លែង​ក្នុង​សមាជ​កាលពី​ថ្ងៃ​សៅរ៍​។ហេង ជីវ័ន

លោក​ថ្លែង​ថា​៖​ «​ខ្ញុំ​នឹង​ព្យាយាម​ធ្វើការ​ពី​តែន​ដ៏ល្អ​ក្នុង​ការដឹកនាំ​ក្រុម​យើង​ ប៉ុន្តែ​យើង​ត្រូវ​ចែក​គ្នា​លេង​ និង​បំពេញ​តួនាទី​ឲ្យ​បាន​ល្អ​។ ការ​ប្រឈម​របស់​យើង​ដែល​ធំ​បំផុត​គឺ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត និង​ជា​ម្ចាស់​ប្រទេស​គាត់​ទៅ​បោះឆ្នោត និង​គាត់​ទុក​ចិត្ត​ថា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​គណបក្ស​ឯករាជ្យ​ពិតប្រាកដ​មិនមែន​ជា​អាយ៉ង​របស់​ពី​ណា​ទេ​។ ជា​គណបក្ស​ចូលរួម​ប្រកួត​ដើម្បី​ទទួល​ឱកាស​ដឹកនាំ​ប្រទេស​»​។

លោក​ក៏​បាន​ប្រាប់​សមាជិក​បក្ស​មិន​ឲ្យ​ជេរប្រមាថ​ លាប​ពណ៌​អ្នក​ដទៃ​ ឬ​ញុះញង់ និង​មួលបង្កាច់​អ្នក​ដទៃ​នោះ​ទេ ពេលវេលា​ដែល​សំខាន់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​មុខ​គឺ​អនុវត្ត​តាម​អ្វី​ដែល​បក្ស​បាន​ចែង​។

ដោយ​ឡែក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ក៏​បាន​ធ្វើ​សមាជ​ថ្ងៃទី​ ៩ ​ផង​ដែរ​នៅ​គេហដ្ឋាន​របស់​លោក​ ញឹក ប៊ុនឆៃ នៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ តែងតាំង​លោក​ជា​ប្រធាន​គណបក្ស​នេះ​ឡើង​វិញ បន្ទាប់ពី​លោក​ ញឹក ប៊ុនឆៃ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃទី​ ១ ខែ​ឧសភា​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​សង្ឃឹម​ត្រង់​ថា យើង​នឹង​បាន​អាសនៈ​ដូច្នេះ​យើង​សង្ឃឹម​ថា​នឹង​មាន​ការ​កើនឡើង​នៃ​ការគាំទ្រ​ជាង​ពេល​មុនៗ​»​។

អតីត​ឧបនាយក​រដ្ឋមន្ត្រី​រូប​នេះ​ដែល​អតីត​ជា​ប្រធាន​បក្ស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា​ឆ្នាំ​ ២០១៧ ដោយ​សង្ស័យ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មួយ​កាលពី ១០ ​ឆ្នាំ​មុន​។ បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​លោក​ ញឹក ប៊ុនឆៃ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​តែងតាំង​លោក សឹង្ហ គីរី ជា​ប្រធាន​បក្ស​ជំនួស​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទ​ប្រកាន់​ហើយ​ខ្ញុំ​ច្បាស់​ខ្លួន​ខ្ញុំ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ស៊ូ​ប្រឈម​ជាមួយ​នឹង​ច្បាប់ និង​ជាមួយ​នឹង​តុលាការ​។ មិន​មាន​ភ័ស្តុតាង​អី​ដាក់​បន្ទុក​ចោទប្រកាន់​ខ្ញុំ​ជា​អ្នក​ដែល​ថា​បាន​រួម​សមគំនិត​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​ទេ​ដូច្នេះ​ហើយ​បាន​ជា​តុលាការ​អនុញ្ញាត​ឲ្យ​ខ្ញុំ​មាន​សេរីភាព​»​។

មន្ត្រី​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន និង​លោក​ សួស យ៉ារ៉ា ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​តប​នឹង​ការលើក​ឡើង​របស់​គណបក្ស​ខាង​លើ​បាន​ទេ​កាលពី​ម្សិលមិញ​។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិក​ (NICFEC) ​លោក​ សំ គន្ធាមី ថ្លែង​ថា គ.ប.ម មិន​អាច​ឈ្នះ​គណបក្ស​ប្រជាជន​បាន​ទេ​នៅ​ក្នុង​អាណត្តិ​នេះ ព្រោះ​បក្ស​នេះ​ទើប​តែ​បង្កើត​ថ្មី​ឆ្នាំ​ ២០១៦ ​ហើយ​គាត់​ទើប​តែ​ចូលរួម​បោះឆ្នោត​មូលដ្ឋាន​ឃុំ​សង្កាត់​ឆ្នាំ​​ ២០១៧​។

លោក​បញ្ជាក់​ថា​៖ «​ដូច្នេះ​ប្រជាប្រិយភាព​គាត់​នៅ​មាន​កម្រិត​ទេ​ និង​មិន​ទាន់​បាន​ទូលំទូលាយ​ដូច​គណបក្ស​ប្រជាជន​ទេ​។ តាម​ខ្ញុំ​ប៉ាន់​ប្រមាណ​អាច​បាន​អាសនៈ​ខ្លះ​។ បើ​យើង​ប្រៀបធៀប​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០១៣ ​យើង​មើល​ទៅ​ឃើញ​តែ​ ៨ ​គណបក្ស​នយោបាយ​ដែល​ចូលរួម​តែ​ ២០១៨ ​យើង​ឃើញ​មាន​ ២០ ​គណបក្ស​ហើយ​គណបក្ស​ខ្លះ​ទើប​តែ​បង្កើត​ថ្មី​វា​ជា​ហេតុផល​របស់​គេ​ដែល​រិះគន់​ថា​គណបក្ស​បង្កើត​ឡើង​មួយ​ចំនួន​ដើម្បី​បង្គ្រប់កិច្ច​ និង​ហែហម​ដើម្បី​ធ្វើឲ្យ​មាន​ចំនួន​ច្រើន​»​។

មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ចាត់​ទុក​ការបោះឆ្នោត​ខាងមុខ​ថា មិន​មាន​ភាពសេរី ត្រឹមត្រូវ និង​យុត្ដិធម៌​ទេ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្សប្រឆាំង​ដ៏ធំ​មួយ​ និង​ជា​គូប្រជែង​ដ៏ស័ក្តិសម​នឹង​បក្ស​កាន់​អំណាច​ត្រូវ​បាន​រំលាយ​ចោល​ហើយ​អាសនៈ​របស់​អតីត​បក្សប្រឆាំង​ត្រូវ​បាន​បែងចែក​ឲ្យ​ទៅ​គណបក្ស​ផ្សេង​នោះ​៕