ភ្នំពេញ: លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលរំលាយកាលពីចុងឆ្នាំ ២០១៧ បានថ្លែងជាញឹកញាប់ថានឹងត្រឡប់ចូលស្រុកខ្មែរវិញនៅឆ្នាំ ២០១៩ នេះ។ ការថ្លែងរបស់លោកបានធ្វើឡើងចុងក្រោយកាលពីម្សិលមិញនៅក្នុងពិធីជួបជាមួយអ្នកគាំទ្រខ្មែរសញ្ជាតិអាមេរិក នៅទីក្រុង Seattle សហរដ្ឋអាមេរិក។
ប៉ុន្តែមន្ត្រីនៃរាជរដ្ឋាភិបាលបានថ្លែងថា គ្មានផ្លូវឬហេតុផលអ្វីដែលលោក សម រង្ស៊ី ត្រូវត្រឡប់មកក្នុងឆ្នាំ ២០១៩ នេះទេ ខណៈដែលអគ្គស្នងការនគរបាលជាតិបានអះអាងថា នគរបាលទទួលបានដីកា ៣ ពីតុលាការពាក់ព័ន្ធរឿងក្ដីរបស់លោកសម រង្ស៊ី ដើម្បីស្វាគមន៍ដំណើរវិលត្រឡប់មកវិញនេះ។
តាមរយៈវីដេអូឃ្លីប ១ ដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ លោក សម រង្ស៊ី បានថ្លែងជាថ្មីម្ដងទៀតថា៖ «ពីទីក្រុង Seattle ថ្ងៃនេះសូមបញ្ជាក់ជម្រាបបងប្អូនថាខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនេះ គឺដើម្បីយកប្រទេសកម្ពុជាប្រគល់សងប្រជារាស្ត្រខ្មែរវិញ។ បេសកកម្មទាំងអស់គ្នាបងប្អូន។ បងប្អូននៅប្រទេសកម្ពុជា យើងនៅក្រៅប្រទេស យើងនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ទៅចាប់ដៃជាមួយបងប្អូន»។
ភ្ជាប់ជាមួយវីដេអូឃ្លីបនោះ លោកក៏បានសរសេរ ផងដែរថា៖ «ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញក្នុងឆ្នាំ ២០១៩ នេះ គឺមិនមែនឲ្យ ហ៊ុន សែន ចាប់ខ្ញុំទេ តែប្រជារាស្ត្រខ្មែររាប់លាននាក់នឹងងើបឈរឡើងដើម្បីទៅចាប់ ហ៊ុន សែន វិញ យកទៅកាត់ទោសពីបទក្បត់ជាតិ»។
លោក រង្ស៊ី ក៏បានអះអាងដែរថា មានពលរដ្ឋខ្មែរអ្នកគាំទ្ររាប់លាននាក់ពីក្រៅប្រទេសចូលរួមស្វាគមន៍លោក។ ក៏ប៉ុន្តែ កាលពីថ្ងៃសុក្រមន្ត្រីរាជរដ្ឋាភិបាលមើលមិនឃើញពីហេតុផល និងវិធីដែលលោក រង្ស៊ី អាចវិលត្រឡប់ចូលស្រុកខ្មែរវិញទេ ដោយបានលើកឡើងពីសេណារីយោជាច្រើនចំណុច។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា មានសេណារីយោ ៦ ដែលមិនអាចឲ្យ លោក សម រង្ស៊ី ហ៊ានវិលចូលស្រុកវិញ។
សេណារីយោទី ១ គឺថា លោក រង្ស៊ី ប្រឈមនឹងផ្លូវច្បាប់។
-ទី ២ បញ្ហាក្នុងការធ្វើដំណើរតាមយន្តហោះជាមួយនឹងទិដ្ឋាការ។
-ទី ៣ ការប្រឆាំងពីសំណាក់ក្រុមលោក កឹម សុខា។
-ទី ៤ ឆន្ទៈប្រជាពលរដ្ឋ ៨៣,២ ភាគរយដែលចេញទៅបោះឆ្នោតមិនស្ដាប់បង្គាប់របស់ រង្ស៊ី។
-ទី ៥ ឯកភាព សាមគ្គីភាពរបស់កងប្រដាប់អាវុធគ្រប់អង្គភាពដែលប្ដេជ្ញាការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិតនៅក្រោមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ដែលជាអគ្គបញ្ជាការ និងការពារនាយករដ្ឋមន្រ្តីពេញច្បាប់របស់មហាជន។
-ទី ៦ គឺមានតែនាយករដ្ឋមន្រ្តីម្នាក់គត់ដែលមានបុព្វសិទិ្ធ ក្នុងកិច្ចស្នើសុំព្រះរាជប្រោសប្រទានទោស បន្ទាប់ពីសាលក្រមសា្ថពរ។
លោក ស៊ីផាន ថ្លែងថា៖ «ជារួម គឺមិនមានលទ្ធភាពត្រឡប់មកវិញទេ គ្រាន់តែយុទ្ធនាការប្រមូលលុយ និងរក្សាកម្លាំងគាំទ្រតែប៉ុណ្ណោះ ការរៃអង្គាសលុយនេះគឺខុសច្បាប់នៅសហរដ្ឋអាមេរិក»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកពីសេណារីយោមួយចំនួន ដែលបង្អាក់លោក សម រង្ស៊ី ដែរ ទី ១ គឺពលរដ្ឋមិនខ្វល់ខ្វាយនឹងការត្រឡប់មកវិញរបស់គាត់ដោយសារតែពួកគាត់កំពុងមមាញឹកនឹងការងារប្រចាំថ្ងៃ។
ទី ២ ពេលវេលារហូតដល់ពេលបោះឆ្នោតអាណត្ដិក្រោយនៅឆ្ងាយ។ ទី៣ កម្ពុជាកំពុងរីករាយនឹងកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយប្រចាំឆ្នាំដែលធ្វើឲ្យពលរដ្ឋមិនប្រថុយប្រថានចូលរួមនឹងការធ្វើបាតុកម្មរបស់គាត់។
សេណារីយោទី ៤ គឺថា រដ្ឋាភិបាលកំពុងសម្រួលដល់បរិយាកាសធ្វើជំនួញនៅកម្ពុជា ក្នុងខណៈដែលពិភពលោកប្រកួតប្រជែងគ្នា។ ទី ៥ គឺគ្មានហេតុផលអ្វីដែលលោក សម រង្ស៊ី ត្រូវត្រឡប់មកឆ្នាំនេះទេ។
លោកសុខ ទូច បានចំអកលោក សម រង្ស៊ី ថា ការប្រកាសត្រឡប់មកវិញនេះគឺជាការប្រកូកប្រកាសដើម្បីប្រមូលលុយប៉ុណ្ណោះ។
លោកនិយាយថា៖ «គាត់កំពុងប្រមូលលុយពីអ្នកគាំទ្រព្រោះគាត់បានចំណាយអស់រយៈពេលយូរមកហើយ។ (គាត់ថា) បើចូលរួម ខ្ញុំនឹងត្រឡប់មកវិញ។ ខ្ញុំត្រូវការ ៣០ ម៉ឺនដុល្លារដើម្បីគាំទ្រការវិលត្រឡប់។ តើត្រូវការ ៣០ ម៉ឺនដុល្លារយកមកធ្វើស្អី? វាមិនគ្រប់សម្រាប់ជួលឡានដឹកកម្មករ ៤០ ម៉ឺននាក់មកចូលរួមផង»។
លោក សុខ ទូច បានសន្និដ្ឋានថា ដោយយោងលើសេណារីយោទាំង ៥ នោះ លោក សម រង្ស៊ី នឹងមិនវិលត្រឡប់មកវិញទេនៅឆ្នាំ ២០១៩ នេះ ប៉ុន្តែលោកមិនធានានៅពេលជិតដល់ បោះឆ្នោតឆ្នាំ ២០២៣ ទេ។
អ្នកប្រវត្តិសាស្ត្រលោក ឌៀប សុផល ដែលបានចូលរួមក្នុងវេទិកាតុមូលស្ដីពីស្ថានការណ៍នយោបាយចុងក្រោយនៃអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រ ថ្លែងថា តាមប្រវត្តិសាស្ត្រ លោក សម រង្ស៊ី នឹងមិនត្រឡប់មកវិញទេដោយសារគាត់ខ្លាចជាប់គុក។
ស្របពេលជាមួយគ្នានេះ អតីតមន្ត្រីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គឺលោក គង់ គាំ កាលពីថ្ងៃសៅរ៍បានសរសេរសារលើហ្វេសប៊ុករបស់គាត់ ដោយវាយប្រហារលើលោក សម រង្ស៊ី លើ ៥ ចំណុច គឺថា លោក សម រង្ស៊ី គឺជាមនុស្សកុហកបោកប្រាស់ បំផ្លាញអនាគតអ្នកប្រជាធិបតេយ្យ សន្ទិដ្ឋិភាពយកបរទេសចោលខ្មែរ និងស្រវឹងវង្វេងយកខ្មៅជាស។
លោកសរសេរថា៖ «ទស្សន៍ទាយថាដាច់ខាតគ្មានការស្នើសុំលើកលែងទោសលើកទី ៣ ឲ្យទណ្ឌិត សម រង្ស៊ី ព្រោះមានការប្តេជ្ញាច្បាស់លាស់រួចហើយ។ (ខ្ញុំ) សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រដ្ឋសភានីតិកាលទី ៦ រាជរដ្ឋាភិបាលអាណត្តិទី ៦ ដំណើរការជាធម្មតាដល់ទីបញ្ចប់»។
កាលពីថ្ងៃសុក្រដែរ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបង្ហើបឲ្យដឹងថា ប៉ូលិសបានទទួលដីកាចំនួន ៣ ពីតុលាការដើម្បីស្វាគមន៍លោក សម រង្ស៊ី ពេលចូលស្រុកវិញ។ លោកថ្លែងដូច្នេះក្នុងពិធីដំឡើងឋានន្តរស័ក្តិដល់នគរបាលខេត្តព្រៃវែង។
សារព័ត៌មាន Fresh News បានដកស្រង់សម្ដីរបស់លោកដែលបានថ្លែងថា៖ «ឥឡូវពួកឧទ្ទាមក្រៅច្បាប់ ទាំងក្នុងស្រុក និងក្រៅស្រុក បាននិងកំពុងងបំពុលព័ត៌មានរបស់ដែលគេហៅថា គណបក្សក្រៅច្បាប់ ឥឡូវបាន និងកំពុងធ្វើសង្រ្គាមចិត្តសាស្រ្ត ដូចជាការបង្កើតចលនាថា សម រង្ស៊ី នឹងចូលស្រុកខ្មែរវិញ នេះជាព័ត៌មានដែលបំពុល។ យើងអត់ចោទទេ តែក្នុងនាមជាកម្លាំងប្រដាប់អាវុធ យើងអត់មានធ្វើអ្វីក្រៅពីច្បាប់នោះទេ។ រាល់ថ្ងៃនេះ គាត់ (សម រង្ស៊ី) មានដីកា ៣ គឺតុលាការបានចេញដីកាឱ្យនគរបាលកាន់ក្នុងដៃចំនួន ៣ សម្រាប់ស្វាគមន៍គាត់»៕
វីដេអូ៖