ភ្នំពេញៈ ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក ​គឹម សន្តិភាព ថ្លែង​ថា វិធានការ​របស់​សមត្ថកិច្ច​ និង​តុលាការ​ករណី​ចាប់ និង​ឃុំខ្លួន​លោក រ៉ុង ឈុន ធ្វើឡើង​ដោយ​ត្រឹមត្រូវ​តាមច្បាប់ ខណៈ​អ្នកវិភាគ​ចង់​ឲ្យ​មាន​ការពិភាក្សា​គ្នា​ជាសម្ងាត់​ពាក់ព័ន្ធ​រឿង​ព្រំដែន​។

ចៅក្រម​ស៊ើបសួរ​លោក វ៉ាន់ សែនវិសុទ្ធ នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​បាន​សម្រេច​ឃុំខ្លួន​លោក រ៉ុង ឈុន នៅ​ពន្ធនាគារ បន្ទាប់ពី​លោក រ៉ុង ឈុន ត្រូវបាន​ព្រះរាជអាជ្ញា​លោក សេង ហៀង ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​បើ​យោងតាម​លោក​ គុជ គឹមឡុង អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក រ៉ុង ឈុន គឺជា​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ និង​ធ្លាប់​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពី​កូតា​អតីត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ឆ្នាំ​ ២០១៣​។

លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​សុក្រ ទី​​ ៣១ ខែ​កក្កដា គឺមាន​រយៈពេល​ ១០ ​ថ្ងៃ​ បន្ទាប់ពី​លោក​ដែល​ជា​តំណាង​ឲ្យ​ក្រុម​ឃ្លាំមើល​កម្ពុជា​បានចេញ​សេចក្ដី​ថ្លែងការណ៍​ហើយ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

នៅ​មុន​ពេល​ចាប់ខ្លួន​លោក រ៉ុង ឈុន ​បាន​ចុះទៅ​មើល​ព្រំដែន​ក្នុង​ឃុំ​ត្រពាំងផ្លុង​នៃ​ស្រុក​ពញាក្រែក ​ខេត្ត​ត្បូងឃ្មុំ​។ នៅ​ថ្ងៃទី ២១ កក្កដា លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់ថា លោក​បាន​ចុះទៅ​ជួប​តំណាង​ពលរដ្ឋ ១០៦ គ្រួសារ ​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​ ១១៤ ដល់​លេខ​ ១១៩​។

លោក​បាន​សរសេរ​ថា ពលរដ្ឋ​បាន​ប្រាប់​ក្រុមការងារ​លោក​ថា ការបោះបង្គោល​ព្រំដែន​ពី​បង្គោល​លេខ ១១៤ ដល់​ ១១៩ ​មាន​ភាព​មិនប្រក្រតី ដែល​ធ្វើឲ្យ​ពួកគាត់​បាត់បង់​ដី​អាស្រ័យ​ផល​ទៅ​ខាង​វៀតណាម​ជាច្រើន​រយ​ហិកតា ឬ​ចូល​មក​ក្នុង​ដី​កម្ពុជា​ប្រមាណ​ ៥០០ ម៉ែត្រ​។ លោក​បាន​ស្រង់​សម្ដី​មនុស្ស​វ័យ ៧០ ​ឆ្នាំ ​ដែល​បាន​ប្រាប់ថា បន្ទាត់​ព្រំដែន​ត្រូវបាន​រំកិល​បន្តិច​ម្ដងៗ​ចូលមក​ក្នុង​ដី​ខ្មែរ ៣ គីឡូម៉ែត្រ​។

ដោយ​ស្រង់​សម្ដី​តំណាង​ពលរដ្ឋ លោក រ៉ុង ឈុន បន្តថា អាជ្ញាធរ​ស្រុក​ពញាក្រែក​បាន​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូលទៅ​បង្កបង្កើនផល​លើដី​ ៦០ ​ហិកតា​ ដែល​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា- វៀតណាម បាន​ប្រាប់​ពលរដ្ឋ​ឲ្យ​ផ្អាក​បង្កបង្កើនផល ដើម្បី​បោះបង្គោល​ព្រំដែន​។ ពេល​ពលរដ្ឋ​ចូលទៅ​បង្កបង្កើន​ផល អាជ្ញាធរ​វៀតណាម​បាន​ចូល​មក​រុញច្រាន​ពួកគេ​ក្នុង​ដី​កម្ពុជា ២០០ ម៉ែត្រ ហើយ​អាជ្ញាធរ​កម្ពុជា​មិន​បាន​ហាមឃាត់​។ លោក​លើកឡើង​ថា នេះ​ជា​ការបំពាន​លើ​អធិបតេយ្យភាព​កម្ពុជា​។

នៅក្នុង​ថ្ងៃ​ចាប់ខ្លួន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កម្រាស់​ ៣ ​ទំព័រ​ដោយ​ទាត់ចោល​ទាំងស្រុង ការអះអាង​របស់​លោក រ៉ុង ឈុន​។

គណៈកម្មាធិការ​នេះ​បាន​ចាត់ទុក​ការលើក​ឡើង​នេះ​ថា​៖ «​មាន​ចេតនា​បង្កើត ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ចេតនា​​ទុច្ចរិត​ក្នុង​បំណង​បំភាន់​សាធារណ​មតិ​ជាតិ អន្តរជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​លើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​អំពី​ការធ្វើឲ្យ​បាត់បង់​ទឹកដី​ក៏ដូចជា​ការបណ្ដោយ​ឲ្យ​មាន​ការរំលោភបំពាន​ទឹកដី​ពី​ប្រទេស​ជិតខាង ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីស្រែ​ចម្ការ​»​។

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថ្លែង​ថា លោក រ៉ុង ឈុន បាន​ផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​បំផ្លើស​ពី​ការពិត និង​ឃុបឃិត​ជាមួយ​ជនខិលខូច​ដែល​បាន​អះអាង​ដូច​ខាង​លើ​។

គណៈកម្មធិការ​បាន​បញ្ជាក់ថា ការកំណត់​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​មិន​បាន​ធ្វើឲ្យ​បាត់បង់​ទឹកដី​ទេ ហើយ​ពុំមាន​អាជ្ញាធរ​វៀតណាម​ណា​រុញច្រាន​ពលរដ្ឋ​ខ្មែរ ២០០ ម៉ែត្រ​ក្នុង​ទឹកដី​កម្ពុជា​ទេ​។

គណៈកម្មាធិការ​ដដែល​បាន​បញ្ជាក់​ថា ការកំណត់​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បច្ចុប្បន្ននេះ​សម្រេច​បាន ៨៤ ភាគរយ​ហើយ​។ ផ្ទៃដី​ដែល​ភាគី​កម្ពុជា​ទទួល​បាន បន្ទាប់ពី​ការចរចា​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន គឺជា​ដី​របស់​រដ្ឋ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​ និង​ចែកចាយ​ព័ត៌មាន​របស់​លោក រ៉ុង ឈុន ហើយ​អ្នក​ដែល​ចែកចាយ​ព័ត៌មាន​នេះ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​។

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចូលរួម​រក្សាទុក​ចំណែក​ដី​ទាំងនោះ និង​ទប់ស្កាត់ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ជន​ទាំងឡាយ​ណា​ដែលមាន​ចេតនា​ចង់​បំពាន​យក​ដី​រដ្ឋ​នោះ​ដោយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បន្លំ​ធ្វើ​ឯកសារ​ខុសច្បាប់​ក្នុង​គោលបំណង​បំភ័ន្ត​ដល់​សាធារណមតិ​ជាតិ និង​អន្តរជាតិ​។

វីដេអូ៖

លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជន​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ករណី​ព្រំដែន គឺជា​អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

លោក​ថ្លែងថា​៖ «​ជាក់ស្តែង​លោក រ៉ុង ឈុន បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង តាមរយៈ​សកម្មភាព​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​អំពី​ព័ត៌មាន​មិន​ពិត ទាក់ទង​នឹង​ករណី​ព្រំដែន​ដូច​អ្វី​ដែល​មាន​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​។ ហេតុនេះ​ការអនុវត្ត​វិធានការ​ច្បាប់​លើ​សកម្មភាព​ល្មើសច្បាប់​នេះ​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ សម្រាប់​កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​នានា​លើ​សកលលោក​យើង​នេះ​»​។

លោក​បន្តថា​៖ «​ដូចនេះ ការអនុវត្ត​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ការត្រឹមត្រូវ​ធ្វើ​ឡើង​ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន ដើម្បី​ធានាបាន​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​។ វិធានការ​ច្បាប់​ចំពោះ​ទង្វើ​ល្មើសច្បាប់​បែបនេះ​នឹង​បន្ត​អនុវត្ត​ដោយ​ខាន​ពុំបាន​។ ហេតុនេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ដែល​កំពុង​លង់ខ្លួន​នឹង​អំពើ​ល្មើសច្បាប់​នេះ បញ្ឈប់​ជាបន្ទាន់​ចៀសវាង​ការប្រឈមមុខ​នឹង​វិធានការ​ច្បាប់​»​។

យោង​តាម​មាត្រា ៤៩៤ និង​ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​នឹងត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ​ទៅ ២ ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ១ ​លាន​ទៅ​ ៤ ​លាន​រៀល ប្រសិន​បើ​ការញុះញង់​នោះ​គ្មាន​ប្រសិទ្ធភាព​។

កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ម្សិលមិញ​ក្រុម​អ្នកគាំទ្រ​លោក រ៉ុង ឈុន បាន​បន្ត​ប្រមូល​ផ្ដុំគ្នា​ ២ ​ថ្ងៃ​ជាប់​គ្នា​ធ្វើការ​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន ឲ្យ​មាន​សេរីភាព​វិញ ដោយ​ពួកគេ​អះអាង​ថា លោក​គ្មាន​កំហុស​ទេ​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​បើ រ៉ុង ឈុន និយាយ​ការពិត ឥត​មាន​អី​សម្រាប់​ចោទថា គាត់​ញុះញង់ និង​ចាប់ខ្លួន​គាត់​នោះទេ​។ រ៉ុង ឈុន និង​ខ្មែរ​ឯទៀត​មាន​សិទ្ធិ​ទទួល​ការកាត់ទោស​ដោយ​តុលាការ​ឯករាជ្យ​ និង​ឥត​លម្អៀង ដែល​ត្រូវការពារ​សិទ្ធិមនុស្ស​ (​រដ្ឋធម្មនុញ្ញ​)»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ខុស​ ឬ​ត្រូវ​អ្នកនយោបាយ​ខ្មែរ​គួរ​ពិភាក្សាគ្នា​ជាសម្ងាត់​រឿង​ព្រំដែន​កុំ​ឲ្យ​ប្រទេស​ជិតខាង​គេ​សើច នៅពេល​ដែល​ខ្មែរ​ឈ្លោះ​គ្នាឯង​រឿង​ព្រំដែន​។

លោក​ថ្លែងថា​៖ «​គួរ​ឲ្យ​ខ្មាស​គេ​ណាស់ នៅពេល​ខ្មែរ​ឈ្លោះ​គ្នា​ជាមួយ​នឹង​ខ្មែរ​គ្នាឯង អំពី​រឿង​របង​ព្រំដែន ហើយ​ខ្ញុំ​គិតថា វៀតណាម​ប្រហែល​គេ​សើច នៅពេល​គេ​ឃើញ​ខ្មែរ​ឈ្លោះ​គ្នា​ដោយសារ​តែ​ព្រំដែន​ខ្លួនឯង​។ អ្នកប្រឆាំង​ថា នៅ​ខាង​នេះ ឯ​អ្នកដឹកនាំ​ថា នៅ​ខាង​នេះ​។ បើ​គ្រាន់តែ​គ្រួសារ​ខ្លួនឯង មិនទាន់​ឯកភាព​គ្នា​ផង តើ​យើង​ទៅ​និយាយ​ពី​បញ្ហា​ព្រំដែន​ជាមួយ​អ្នកជិតខាង​យ៉ាងម៉េច​»៕