The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក រ៉ុង ឈុន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ

លោក រ៉ុង ឈុន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ

លោក រ៉ុង ឈុន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ

កណ្តាលៈ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​កណ្តាល អស់​រយៈ​ពេល​ជិត​ ៣​ ម៉ោង កាល​ពី​ម្សិលមិញ ដើម្បី​ឆ្លើយ​បំភ្លឺ និង​បណ្តឹង​ពី​បទ​ញុះញង់ និង​បរិហាកេរ្តិ៍​ ពាក់ព័ន្ធ​នឹង​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ជា​មួយ​កម្មករ​នៅ​រោងចក្រ Tai Yang ។

បើ​យោង​តាម​លោក រ៉ុង ឈុន ការ​ចូល​បំភ្លឺ​របស់​លោក គឺ​ពាក់ព័ន្ធ​នឹង​បណ្តឹង​មួយ​ដែល​ចោទ​ប្រកាន់​ថា​ លោក​បាន​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម និង​បាន​បរិហាកេរ្តិ៍​ថ្នាក់​ដឹក​នាំ​រោងចក្រ Tai Yang ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​លើ​រូប​លោក បន្ទាប់​ពី​លោក​ បាន​ចូល​អន្តរាគមន៍ នៅ​ក្នុង​កូដកម្ម មាន​រយៈ​ពេល​ពីរ​ខែ ដែល​ចាប់​ផ្តើម​តាំង​ពី​ចុង​ខែ​មិថុនា។ លោក រ៉ុង ឈុន ដែល​អះអាង​ថា ​ការ​ចូល​រួម​ធ្វើ​កូដកម្ម​របស់​លោក ​គឺ​ដើម្បី​កម្មករ​នោះ បាន​ថ្លែង​ថា​៖ «ខ្ញុំ​បាន​ប្រាប់​ព្រះរាជ​អាជ្ញា​ថា អ្វី​ដែល​ក្រុមហ៊ុន​ចោទ​ប្រកាន់​ខ្ញុំ គឺ​ខុស​ពី​[អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​]»។ «ខ្ញុំ​មិន​បាន​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ទេ​ ប៉ុន្តែ​ពួក​គេ​ បាន​ដាក់​លិខិត​មួយ​មក​ខ្ញុំ ដើម្បី​ស្នើ​សុំ​ឲ្យ​ខ្ញុំ​ជួយ​ពួក​គេ។ ខ្ញុំ​បាន​ជួយ​ពួក​គេ​ស្វែង​រក​ដំណោះស្រាយ ដោយ​សន្តិ​វិធី ពីព្រោះ​ពួក​គេ​ត្រូវ​ការ ការ​ជួយ​ពី​ខ្ញុំ​»។ លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​កោះ​ហៅ​កាល​ពី​ដំបូង​នៅ​ថ្ងៃ​ទី​ ២៩ សីហា បាន​ថ្លែង​ថា​ លោក​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ហើយ​លោក​ថា លោក​មិន​ប្រាកដ​នោះ​ទេ​ ថាតើ​លោក​នឹង​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ​ម្តង​ទៀត ឬ​យ៉ាង​ណា។

លោក​ថ្លែង​បន្ត​ថា​៖ «ខ្ញុំ​បាន​ស្នើសុំ​ទៅ​ព្រះរាជអាជ្ញា​ឲ្យ​បញ្ចប់​បណ្តឹង​នេះ ពីព្រោះ​ថា អ្វី​ដែល​ក្រុមហ៊ុន​បាន​ចោទ​ប្រកាន់​ខ្ញុំ​គឺ​ខុស»។ លោក​ថ្លែង​បន្ត​ថា​ លោក​គិត​ថា ​បញ្ហា​នឹង​ត្រូវ​បាន​បញ្ចប់។

លោក​ បន្ត​ទៀត​ថា​៖ «ព្រះ​រាជ​អាជ្ញា មិន​ទាន់​ឆ្លើយ​តប​មក​ខ្ញុំ អំពី​អ្វី​ដែល​ខ្ញុំ​បាន​ស្នើ​សុំ​ពី​គាត់​នៅ​ឡើយ​ទេ​»។ លោក​បន្ថែម​ថា​៖ «​វា​ជា​រឿង​អយុត្តិធម៌​ណាស់ ប្រសិន​បើ​ខ្ញុំ ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ឬ​ចាប់​ខ្លួន​»។

លោក ទេព ម៉ូនីន ព្រះ​រាជ​អាជ្ញា​រង សាលា​ដំបូង​ខេត្ត​កណ្តាល ដែល​បាន​សាក​សួរ​លោក រ៉ុង ឈុន មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ។

លោក ម៉ែន មករា មន្រ្តី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កណ្តាល បាន​ថ្លែង​ថា តុលាការ​ ត្រូវ​បាន​តម្រូវ​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​តាម​បណ្តឹង​របស់ ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន បើ​ទោះ​បី​ជា​គាត់​មិន​មាន​បំណង​ចោទ​ប្រកាន់​លោក រ៉ុង ឈុនក៏​ដោយ៕ PS

អត្ថបទគួរចាប់អារម្មណ៍