ភ្នំពេញៈ អគ្គលេខាធិការសហភាព​សហជីព​កម្ពុ​ជា​លោក រ៉ុង ឈុន បាន​ដាក់​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ​ដើម្បី​ប្តឹង​ប្រឆាំង​នឹង​សាល​ក្រម​សាលា​ដំបូង​ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​ផ្លូវ​វេង​ស្រេង​កាល​ពី​ចុង​ឆ្នាំ ២០១៣ ខណៈ​មេ​សហជីព​ខ្លះ​ដែល​រង​បណ្តឹង​នេះ​ដែរ កំពុង​រង់ចាំ​ការ​កោះ​ហៅ​ពី​សាលា​ឧទ្ធរណ៍។

កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាល​ក្រម​សម្រេច​ឲ្យ​ប្រធាន​សហជីព​ចំនួន ៦ រូប រួម​មាន លោក រ៉ុង ឈុង អគ្គលេខា​ធិការ​សហភាព​សហជីព​កម្ពុជា,លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា,លោក ជា មុនី ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា,លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា, លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា និង លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយន​ភ័ណ្ឌឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ២ ឆ្នាំ ៦ ខែ​តែ​ត្រូវ​ព្យួរទោស​និង​ត្រូវ​បង់ប្រាក់​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ ២ នាក់ សរុប​ចំនួន ៣៥ លាន​រៀល ឬ​ជិត ១ ម៉ឺន​ដុល្លារ។

លោក រ៉ុង ឈុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយ​ដាក់​បណ្ដឹង​កាលពី​ម្សិលមិញ​ថា ការប្តឹង​ប្រឆាំង​នឹង​សាល​ក្រម​នេះ​ព្រោះ​តែ​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​នោះ​ទេ ដោយ​លោក​អះអាង​ថា ក្នុង​អំឡុង​ពេល​កើត​ហេតុ​នៅ​ផ្លូវ​វេង​ស្រេង​នោះ រូប​លោក​គ្មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​ទេ។

យ៉ាងណាក្ដី លោក​ថ្លែងថា គោលបំណង​នៃ​ការធ្វើ​បាតុកម្ម​របស់​កម្មករ​នា​ពេល​នោះ​បើ​តាម​លោក​ដឹង​គឺ​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឲ្យ​បាន ១៦០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ចំពោះ​អំពើ​ហិង្សា​នោះ បែរ​ជា​ពួក​លោក រួម​ទាំង​ក្រុម​កម្មករ​ជា​អ្នក​រង​គ្រោះ​ទៅ​វិញ។

លោក​ថា៖ «ខ្ញុំ​មក​ប្តឹងទៅ​ឧទ្ធរណ៍ ដោយសារ​ខ្ញុំ​មិនអាច​ទទួល​យក​បាន​លទ្ធផល​នៃ​ការ​សម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ​បាន​ទេ ព្រោះ​សេចក្តី​សម្រេច​នេះ​ជា​រឿង​មួយ​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ក៏​ដូចជា​មេ​សហជីព ៥ នាក់​ផ្សេង​ទៀត»។

លោក​បន្តថា៖ «បើតាម​ផ្លូវច្បាប់ អ្នកណា​ដែល​ប្រព្រឹត្ត​ហើយ​នៅ​ទីកន្លែង​ហ្នឹង (កន្លែង​កើត​ហេតុ) ត្រូវ​តែ​ចាប់​អ្នក​ហ្នឹង​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ​អ្វីដែល​យើង​សោក​ស្តាយ មាន​វីដេអូ មាន​អី​ច្រើន​ណាស់ ដែល​អាជ្ញាធរ​កម្លាំង​នគរបាល ទៅ​បាញ់​បង្ក្រាប​លើ​កម្មករ​បាត​ដៃ​ទទេ បង្ក​ឲ្យ​បាត់បង់​ជីវិត​ហើយ​មិន​ត្រូវ​បាន​នាំ​ខ្លួន​ជន​ដៃ​ដល់ និង​អ្នក​នៅ​ក្រោយ​ខ្នង​ជន​ដៃ​ដល់​យក​មក​ផ្តន្ទាទោស​ទេ»។

ក្រោយ​ដាក់​បណ្ដឹង​នៅ​សាលាឧទ្ធរណ៍​រួច លោក រ៉ុង ឈុន សម្ដែង​ក្ដី​រំពឹងថា នឹង​ទទួល​បាន​យុត្តិធម៌ ហើយ​ថា សាលា​ឧទ្ធរណ៍ នឹង​លើក​លែង​ការ​ចោទ​ប្រកាន់​លោក ប្រសិន​បើ​អនុវត្ត​តាម​នីតិវិធី​វិជ្ជាជីវៈ។

ដោយឡែក​នៅក្នុង​សំណុំរឿងនេះដែរ មេដឹកនាំ​សហជីព​មួយចំនួន​ដូចជា លោក អាត់ ធន់ លោក​ប៉ាវ ស៊ីណា និង​អ្នក​ស្រី​យ៉ាង សុភ័ណ្ឌ ក្នុង​ចំណោម​មេ​សហជីព​ដទៃ​ទៀត ក៏បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សាល​ក្រម​នេះ​រួច​ហើយ​ដែរ ខណៈ​ពេល​នេះ នៅ​កំពុង​រង់ចាំ​ការ​កោះ​ហៅ និង​ការ​ផ្ដល់​យុត្តិធម៌​ពី​សាលា​ឧទ្ធរណ៍។

លោក អាត់ ធន់ ដែល​បានដាក់​ពាក្យបណ្ដឹង​ទៅ​ឧទ្ធរណ៍​ម្នាក់ ក្នុង​ចំណោម​មេ​សហជីព ៣ នាក់​ដែល​បាន​ដាក់​បណ្តឹង​ប្រឆាំង​សាល​ក្រម​ដូចគ្នា បាន​ថ្លែង​ថា លោក​កំពុង​រង់ចាំ​ការ​កោះ​ហៅ​ពី​សាលា​ឧទ្ធរណ៍ ក្រោយពី​បាន​ដាក់​ពាក្យ​បណ្តឹង​តាំង​ពី​ថ្ងៃ ១២ ខែធ្នូ ឆ្នាំ​មុន។ លោក អាត់ ធន់ បាន​រំពឹង​ថា សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ជូន​លោក ខណៈ​លោក​ហៅ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​គឺជា​រឿង​មិន​សម​ហេតុ​សម​ផល។

លោក​ថ្លែងថា៖ «សាលា​ឧ​ទ្ធ​រណ៍​មក​ដល់ពេល​ហ្នឹង មិន​ទាន់​បាន​ហៅ​យើង​ដើម្បី​ទៅ​ធ្វើ​សវនាការ​លើ​សំណុំ​រឿង​ហ្នឹង​ទេ។ យើង​រង់ចាំ​នីតិវិធី​ហ្នឹង ហើយ​យើង​មិន​ប្តឹង​តែ​មួយ​ទេ គឺ​ប្តឹង​គ្រប់​ដំណាក់​កាល ដរាប​ណា​គេ​ទម្លាក់​ចោល​ថា​យើង​គ្មាន​ទោស​តែ​មិន​ដឹង​ថា​សាលា​ឧទ្ធរណ៍​ចាប់ផ្តើម​ហៅ​យើង​នៅ​ពេលណា?​ខ្ញុំ​រំពឹង​ថា សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​សម្រាប់​យើង»។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​លី សុ​ផាណា អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​លោក ទូច ថារិទ្ធ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​បាន​ទេ កាល​ពី​ម្សិលមិញ។

ដោយ​សំអាង​ថា​មាន​ភ័ស្ដុតាងបញ្ជាក់​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ជា​សាធា​រណៈ​កាល​ពី​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ​មុន​ថា ប្រធាន​សហជីព ៣ រូប រួម​មាន លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា និង​លោក ជា មុនី មិន​ពាក់​ព័ន្ធ​ករណី​បាតុកម្ម​លើ​ផ្លូវ​វេង​ស្រេង​ក្រោយ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ចុង​ឆ្នាំ ២០១៣ ទេ ប៉ុន្តែអ្នក​ក្រៅ​ពី​នោះ​លោក​មិន​ហ៊ាន​ធានា​ឡើយ៕