ភ្នំពេញ: ក្រុមអតីតគ្រូបង្រៀនចំនួន ១១ នាក់ ក្នុងចំណោម ១៣ នាក់ កាលពីម្សិលមិញ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំទាស់នឹងសេចក្ដីសម្រេចរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រកាសលុបឈ្មោះពួកគេចេញពីបុគ្គលិកអប់រំ កាលពីដើមខែមករា ឆ្នាំ ២០១៨ ដោយលើកហេតុផលថា អវត្តមានមិនសុំច្បាប់។
លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលត្រូវបានតែងតាំងដោយអតីតគណបក្សសង្គ្រោះជាតិ និងអតីតប្រធានសមាគមគ្រូបង្រៀនឯករាជ្យ ដែលត្រូវបានប្រកាសលុបឈ្មោះដែរនោះបានថ្លែងថា គោលបំណងនៃការដាក់ពាក្យបណ្ដឹងមកកាន់សាលាដំបូងនេះ ដើម្បីសុំឲ្យតុលាការចេញសាលក្រមបដិសេធចោលនូវប្រកាសស្ដីពីការលុបឈ្មោះបុគ្គលិកអប់រំ និងសុំឲ្យផ្ដល់ក្របខ័ណ្ឌដើមមកវិញ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថា បើតុលាការមិនទទួលរងនូវសម្ពាធនយោបាយទេ តុលាការនឹងធ្វើការសម្រេចតាមវិជ្ជាជីវៈ ហើយនឹងទទួលយកតាមការស្នើសុំនេះ ព្រោះពួកខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ក្រសួងអប់រំ យុវជន និងកីឡាទេ គឺការសម្រេចនេះក្នុងន័យនយោបាយ»។
លោក ឈុន បានអះអាងថា បុគ្គលិកអប់រំទាំងអស់ដែលបានដាក់បណ្ដឹងនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតច្បាប់ឲ្យស្ថិតនៅក្រៅក្របខ័ណ្ឌជាបណ្ដោះអាសន្ន (ឬព្យួរការងារ) ដើម្បីទៅបម្រើការងារជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ស្រុក-ខណ្ឌ ខេត្ត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ក្រោយពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ១៦ ខែវិចិ្ឆកា ឆ្នាំ ២០១៧ មកពួកលោកត្រូវបាត់បង់ពីតួនាទីជាក្រុមប្រឹក្សាឃុំ ស្រុក ខេត្ត និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្រោយពីអស់តួនាទី នៅអង្គភាពថ្មី ពួកលោកក៏បានដាក់ពាក្យសុំចូលបម្រើការងារនៅអង្គភាពចាស់វិញ ប៉ុន្ដែត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីប្រកាសលុបឈ្មោះពួកលោកចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់។
យោងតាមពាក្យបណ្ដឹងបានឲ្យដឹងថា៖ «ពួកយើងខ្ញុំមិនសុខចិត្តទៅនឹងប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការលុបឈ្មោះពួកយើងខ្ញុំចេញពីក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា ខាងលើនេះឡើយ ដោយពួកយើងខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ចំពោះការសម្រេចលុបឈ្មោះពួកយើងខ្ញុំចេញពីក្របខ័ណ្ឌនេះ ដោយក្រសួងមិនបានអនុវត្តតាមនីតិវិធីរដ្ឋបាលដូចមានចែងក្នុងច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិល ត្រង់មាត្រា ៤០ និងមាត្រា ៤៧ ឡើយ»។
លោកថា៖ «ការសម្រេចលុបឈ្មោះពួកខ្ញុំចេញពីក្របខ័ណ្ឌទាំងអយុត្តិធម៌នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ដោយចោទប្រកាន់ពួកខ្ញុំថា បោះបង់ការងារចោល និងមួយចំនួនទៀតអវត្តមានគ្មានច្បាប់អនុញ្ញាត»។
លោក គង់ ស៊ីវង្ស អតីតគ្រូបង្រៀននៅវិទ្យាល័យព្រះសីហនុកំពង់ចាមតាំងពីឆ្នាំ ១៩៩០ ប៉ុន្ដែលោកត្រូវបានជាប់ជាក្រុមប្រឹក្សាខេត្តកំពង់ចាមសមាសភាពមកពីអតីតគណបក្សសង្គ្រោះជាតិ នោះបានថ្លែងថា ការសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាការរំលោភសិទ្ធិសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល និងជាករណីគ្មានមូលដ្ឋានច្បាស់លាស់។
លោកបន្តថា ក្រោយពីបាត់បង់តួនាទី នៅថ្ងៃទី ៣ ខែមករាឆ្នាំ ២០១៨ លោកបានសុំចាប់ផ្ដើមដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចជាគ្រូបង្រៀន នៅដើមខែកុម្ភៈ ឆ្នាំ ២០១៨ ប៉ុន្តែក្រសួងបែរជាសម្រេចលុបឈ្មោះលោកចេញពីក្របខ័ណ្ឌទៅវិញ។ លោក គង់ ស៊ីវង្ស ដែលបានបាត់បង់តួនាទីពីក្របខ័ណ្ឌអប់រំនេះ បានដាក់ចម្ងល់លើនីតិវិធីក្រសួងថា ជាការរើសអើងផ្នែកនយោបាយ?
លោកបញ្ជាក់ថា៖ «ខ្ញុំរំពឹងថា តុលាការនឹងជួយពួកខ្ញុំឲ្យបានចូលបម្រើការនៅក្របខ័ណ្ឌគ្រូបង្រៀនវិញ ព្រោះការចោទប្រកាន់របស់ក្រសួងអប់រំមកលើរូប ខ្ញុំពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំ និងលោកគ្រូអ្នកគ្រូផ្សេងទៀត»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកាលពីម្សិលមិញថា លោកមិនទាន់បាន ទទួលព័ត៌មានអ្វីជាផ្លូវការនៅឡើយទេ ហើយប្រសិនបើក្រសួងបានទទួលសំណុំ រឿងលម្អិតពីពួកគាត់ មន្ត្រីជំនាញនឹងពិនិត្យ ប៉ុន្ដែបើសិនវាស្ថិតនៅក្នុងដៃរបស់ តុលាការ ក្រសួងអប់រំនឹងទុកលទ្ធភាពឲ្យតុលាការជាអ្នកចាត់ចែងវិញ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនទាន់មានមតិអ្វីទេ ព្រោះគាត់បានយកទៅដាក់នៅតុលាការទៅហើយ។ អ៊ីចឹងទុកលទ្ធភាពឲ្យតុលាការ ហើយយើងចាំមើលការឆ្លើយតបពីតុលាការមកវិញ ព្រោះពួកគាត់បានយកពាក្យបណ្ដឹងទៅដាក់នៅតុលាការហើយអ្វីក្រៅពីនេះ យើងបានសម្រេចរួចរាល់អស់ហើយ ខ្ញុំអត់មានមតិអ្វីបន្ថែមលើនេះទេ»។
លោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា លោកមិនទាន់ទទួលព័ត៌មាននេះទេ ដោយរង់ចាំសួរមន្ត្រីរដ្ឋបាលរបស់លោកសិន «ខ្ញុំមិនទាន់ដឹងដែរ ចាំមើលខ្ញុំសួរមន្ត្រីរដ្ឋបាលខ្ញុំសិន»។
ទាក់ទងនឹងបញ្ហាខាងលើនេះលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្តីបន្ទោសមន្ត្រីនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រដែលមិនបានគ្រប់គ្រងបុគ្គលិកក្រោមឱវាទ និងបុគ្គលិកអប់រំ ២០ នាក់ ដែលខកខានមកបំពេញកាតព្វកិច្ចការងារជាប់លាប់ចាប់ពីថ្ងៃទី ៤ មករា ដល់ថ្ងៃទី ៣០ មករា។ក្នុងករណីនេះរដ្ឋមន្ត្រីក្រសួងអប់រំ បានដាក់លក្ខខណ្ឌជាលាយលក្ខណ៍អក្សរដូច្នេះថា៖ «សាមីជនប្រការ ១ (ប្រធាននាយកដ្ឋាន) ត្រូវគ្រប់គ្រងបុគ្គលិកក្រោមឱវាទឲ្យស្របតាមច្បាប់ជាធរមាន។ ចំពោះសាមីជនដែលមានឈ្មោះក្នុងប្រការ ២ (បុគ្គលិក) ត្រូវមកបំពេញកាតព្វកិច្ចការងារឲ្យបានជាប់លាប់។ ក្នុងករណីដែលបន្តអវត្តមានទៀត ក្រសួងនឹងចាត់វិធានការតាមច្បាប់ដែលនៅជាធរមាន»។
លោក លី ចាន់តុលា មេធាវី និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យនីតិសាស្ត្រ វិទ្យាសាស្ត្រសេដ្ឋកិច្ចបានឲ្យដឹងថា ក្រសួងអប់រំបានចេញសេចក្ដីសម្រេចមួយ ដែលគេហៅថា ជាសេចក្ដីសម្រេចផ្នែករដ្ឋបាល ប្រសិនបើអ្នកដែលពាក់ព័ន្ធមិនសុខចិត្តនឹងសេចក្ដីសម្រេចនេះ ពួកគាត់មានសិទ្ធប្ដឹងបន្តទៅតុលាការទៀត ពួកគាត់មានឱកាសប្ដឹងទៅតុលាការនេះ ព្រោះនៅប្រទេសកម្ពុជាមិនទាន់មានតុលាការជំនាញផ្នែករដ្ឋបាលទេ។ ដូច្នេះ សាលាដំបូងអាចតាំងខ្លួនជា តុលាការដែលជំនុំជម្រះរឿងក្ដីនេះបានដែរ។
លោកបន្តថា៖ «ករណីលោក រ៉ុង ឈុន ក៏មានច្បាប់ស្ដីពីលក្ខន្ដិកៈនៃមន្ត្រីរាជការស៊ីវិល ក៏ដូចជាលក្ខខណ្ឌពិសេសសម្រាប់គ្រូបង្រៀនដែរ មានន័យថា គាត់បានសុំព្យួរការងារបង្រៀនមួយរយៈណាមួយ ហើយគាត់ចង់ចូលបម្រើការងារកន្លែងផ្សេងមួយទៀត ហើយគាត់សន្យាថា ចូលធ្វើការវិញនៅថ្ងៃណាមួយ វាអាស្រ័យលើការព្រមព្រៀងគ្នាជាមន្ត្រីកាន់ការងារនេះ។ បើតាមសេចក្ដីប្រកាសក្រសួងថា គាត់មិនព្រមចូលទៅធ្វើការងារកន្លែងដើមវិញ ឬក៏យឺតយ៉ាវរវល់រឿងនយោបាយ ហើយគាត់ចូលយឺតអ៊ីចឹងទៅ អាហ្នឹងក៏ជាកំហុសវិន័យមួយដែរ»៕