ភ្នំពេញៈ លោកមេធាវី លី ច័ន្ទតុលា បានជាប់ឆ្នោតជាប្រធានថ្មីគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី ១៣ ដោយបានឈ្នះសំឡេងគាំទ្រច្រើនលើសលប់ក្នុងចំណោមបេក្ខជនប្រកួតប្រជែងយកកៅអីប្រធានចំនួន ៤ នាក់ផ្សេងទៀត ក្នុងការបោះឆ្នោតដែលរៀបចំដោយគណៈមេធាវី កាលពីថ្ងៃទី ១៦ ខែតុលា នៅសណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ។
តាមការប្រកាសរបស់គណៈមេធាវីឱ្យដឹងថាលោក លី ច័ន្ទតុលា មកពីក្រុមហ៊ុនមេធាវីអេសវីភីទទួលបានសំឡេងគាំទ្រ ១ ៤៤៤ ស្មើនឹង ៧៨.៦៥ ភាគរយ។ លោក កែត ឃី ក្រុមមេធាវីពន្លឺយុត្តិធម៌ទទួលបានសំឡេង ១៣០ ស្មើនឹង ៧.០៨ ភាគរយ។ លោក សំ សុគង់ មកពីក្រុមមេធាវី ប៊ីប៊ីស៊ី ទទួលបានសំឡេង ៥៦ ស្មើនឹង ៣.០៥ ភាគរយលោក ស សូវាន ទទួលបាន ៤១ សំឡេងស្មើនឹង ២.២៣ ភាគរយ។ រីឯលោក សេក សោភ័ណ មកពីការិយាល័យមេធាវី រ៉ៃ & ប៊ីស៊ីនីស ទទួលសំឡេងគាំទ្រ ២៦ ស្មើនឹង ១.៤២ ភាគរយប៉ុណ្ណោះ។
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិថ្មីថ្លែងថា ការប្រកួតប្រជែងក្នុងអាណត្តិនេះ បើទោះជាបេក្ខជនទាំងអស់មានគោលនយោបាយខុសៗគ្នា ប៉ុន្តែការប្រជែងមិនមានជម្លោះនាំឱ្យបែកបាក់ផ្ទៃក្នុងគណៈមេធាវីទេ។
លោកថ្លែងថា៖ «តាមរយៈនេះ ខ្ញុំសូមធ្វើការប្តេជ្ញាម្តងទៀតគឺក្នុងអាណត្តិទី ១៣ នេះខ្ញុំនឹងអនុវត្តឱ្យបាននូវគោលនយោបាយទាំង ៨ ចំណុចដែលខ្ញុំបានដាក់ចេញ។ តាមរយៈនេះ ក៏ខ្ញុំសុំកិច្ចសហការពីសំណាក់បងៗដែលជាសមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈមេធាវីហើយក៏ស្នើសុំនូវមតិយោបល់ និងការណែនាំផ្សេងៗនៅក្នុងការដឹកនាំបន្ត»។
គោលការណ៍ ៨ ចំណុចរបស់ប្រធានថ្មីគឺការរឹតបន្តឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវី ការពង្រឹង និងលើកកម្ពស់សមត្ថភាពមេធាវី ការពង្រឹង កិច្ចសហការ។ ការផ្តល់តម្លៃ និងការយោគយល់គ្នាជាមួយស្ថាប័នជាតិ និងអន្តរជាតិ។ បង្កើនការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីតួនាទីមេធាវី និងពង្រីកទំហំការងារ ព្រមទាំងបង្កើតយន្តការនានាក្នុងការផ្តល់តម្លៃ និងកិត្តិយសដល់មេធាវី។
លោក លី ច័ន្ទតុលា វ័យ ៤២ ឆ្នាំ បានបញ្ចប់បរិញ្ញាបត្រច្បាប់ឯកជននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនាឆ្នាំ ១៩៩៩។ នៅឆ្នាំ ២០០០ លោកទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលនៃប្រទេសបារាំងទៅបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិឯកជន ដោយទទួលបាននិទ្ទេសល្អ។ នៅឆ្នាំ ២០០២ លោកទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ JEAN MOULIN LYON 3 ។
លោកមានបទពិសោធធ្លាប់បម្រើការងារជាក្រឡាបញ្ជីនៃសហចៅក្រមស៊ើបអង្កេត អន្តរជាតិនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ លោកធ្លាប់បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី ហើយក៏ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីរហូតដំឡើងឋានៈជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់មានឋានៈស្មើរដ្ឋមន្ត្រីពីព្រះមហាក្សត្រផងដែរ។
លោក សួន វិសាល អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព។ លោកជឿជាក់ថា សមាជិកមេធាវីទាំងអស់ដែលចូលរួមបោះឆ្នោតបានប្រគល់សន្លឹកឆ្នោតដ៏ត្រឹមត្រូវទៅឱ្យប្រធានថ្មីដែលអាចដឹកនាំគណៈមេធាវីបន្តកាន់តែប្រសើរ។
លោកថ្លែងថា៖ «ទិសដៅសំខាន់ទៅមុខដែលខ្ញុំធ្វើមិនទាន់ចប់ ទី១ គឺកិច្ចទំនាក់ទំនងកិច្ចការបរទេសដែលយើងចង់បង្កើតការិយាល័យមេធាវីនៅតាមបណ្តាប្រទេសមួយចំនួនដែលមានប្រជាពលរដ្ឋយើងរស់នៅ។ ទិសដៅមួយចំនួនទៀតដែលយើងកំពុងធ្វើ ហើយធ្វើមិនទាន់គឺពង្រឹងទំនាក់ទំនងជាមួយមន្ត្រីនគរបាលយុត្តិធម៌ ហើយចង់ពង្រាយមេធាវីឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសនៅខេត្តដាច់ស្រយាល»។
លោកមេធាវី សេក សោភ័ណ មិនទាន់អាចសន្និដ្ឋានបានថា លោក លី ច័ន្ទតុលា អាចមានសមត្ថភាពដឹកនាំគណៈមេធាវីបានល្អកម្រិតណាទេ។ លោកថា៖ «ខ្ញុំគ្មានអ្វីថ្នាំងថ្នាក់អីទេ ហើយបានចូលរួមបំពេញភារកិច្ចជាបេក្ខជន ហើយឃើញលទ្ធផលហ្នឹងរហ័សមែនទែននៃការបោះឆ្នោតនេះ។ ខ្ញុំគោរពឆន្ទៈរបស់សហភាតា។ រឿងដែលខ្ញុំមិនយល់ស្របរបៀបឃោសនា។ ការបោះឆ្នោតលើកក្រោយខ្ញុំគិតពីរបៀបនៃការឃោសនាឱ្យមានភាពត្រឹមត្រូវយុត្តិធម៌»៕