ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​សម្ដែង​នូវ​ក្ដី​ព្រួយ​កង្វល់​អំពី​លទ្ធភាព​នៃ​ការរំដោះគ្រោះ​ទឹកជំនន់​ដែល​បង្កឡើង​ពី​សកម្មភាព​រំលោភច្បាប់​របស់​ក្រុម​ជន​ឱកាសនិយម​មួយចំនួន តាមរយៈ​ការចាក់ដី​លុប​ចំណី​មាត់ច្រាំង​ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ​។ ជាមួយ​នឹង​ក្ដីបារម្ភ​នេះ​លោក​បាន​ស្នើ​ដល់​អភិបាល​រាជធានី-ខេត្ត ចូលរួម​ជួយ​ចាត់វិធានការ​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​រំលោភបំពាន​ទាំងនេះ​ឲ្យ​បាន​សមស្រប​។

យោងតាម​លិខិត​ជម្រាប​ជូន​អភិបាល​រាជធានី-ខេត្ត ស្ដីពី «​សំណើសុំ​ជួយ​ទប់ស្កាត់​ការរំលោភ ចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ​» ចុះ​ថ្ងៃទី​ ៨ ខែ​ឧសភា ឆ្នាំ​ ២០២០ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​លោក លឹម គានហោ បាន​កត់សម្គាល់​ថា ស្របពេល​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​នាពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ពិសេស​វិស័យ​សំណង់​ និង​ហេដ្ឋារចនាសម្ព័ន្ធ ក្រសួង​ក៏បាន​សង្កេត​ឃើញ​មាន​សកម្មភាព​អវិជ្ជមាន​មួយចំនួន​ដូចជា​ការរំលោភ ចាក់ដី​លុប​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ផង​ដែរ​។

ក្នុង​លិខិត​នោះ​លោក​ គានហោ​ បាន​គូសបញ្ជាក់​ថា​៖ «​ផ្តើមចេញពី​សកម្មភាព​ (​រំលោភ​ដោយ​ខុសច្បាប់​នេះ​) ក្រសួង​ធនធានទឹក និង​ឧតុនិយម​មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​បញ្ហា​ដែល​កើតឡើង​ដល់​លទ្ធភាព​នៃ​ការរំដោះ​ទឹក និង​បង្ក​ជា​គ្រោះមហន្តរាយ​ទឹកជំនន់​ដោយសារ​ចំណី​មាត់ច្រាំង​ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ និង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មួយចំនួន​ត្រូវ​បាន​រំលោភ​ចាក់ដី​លុប និង​ការសាងសង់​បិទផ្លូវ​ទឹក​នានា ដោយ​ពុំ​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​»​។

លោក គានហោ ក៏បាន​ស្នើ​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ចូលរួម​ចាត់វិធានការ​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​ទាំងនេះ​ឲ្យ​បាន​សមស្រប​។

អង្គការ​សមាគម​ធាងត្នោត​កាលពី​ខែ​ចុង​ខែ​ធ្នូ ឆ្នាំ​ ២០១៩ បានចេញ​ផ្សាយ​របាយការណ៍​ចុងឆ្នាំ​របស់ខ្លួន​មួយ​ដោយ​អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាល​បន្ត​ការលុប​បឹង និង​តំបន់ដីសើម​ផ្សេងទៀត​ដោយ​លើកឡើង​អំពី​ការបាត់បង់​កន្លែង​ស្តុក​ទឹក​ដ៏សំខាន់​សម្រាប់​ទីក្រុង​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​៖ «​បឹង​​ និង​តំបន់​ដីសើម​ក្នុង​រាជធានី​ភ្នំពេញ ជិត​ត្រូវ​បាន​បាត់បង់​ទាំងស្រុង ហើយ​ប្រសិនបើ​ស្ថានភាព​នេះ នៅតែ​បន្ត​ដូច​ការ​ស្មាន​ទុក ទីក្រុង និង​តំបន់​នៅ​ជុំវិញ​អាច​នឹង​ត្រូវ​រងគ្រោះ​ពី​ទឹកជំនន់​ធ្ងន់ធ្ងរ ការបាត់បង់​ពូជ​ត្រី ការបាត់បង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បែប​ធម្មជាតិ និង​ការបាត់បង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​»​។

របាយការណ៍​បន្តថា​ចាប់តាំងពី​ឆ្នាំ​ ១៩៩០ ​មក​ក្នុងចំណោម​បឹង​ចំនួន​ ២៦ ​ក្នុង​រាជធានី​ភ្នំពេញ​មាន​បឹង​ចំនួន​ ១៦ គឺ​ស្មើនឹង​ ៦០ ភាគរយ​នៃ​ផ្ទៃដី​បឹង​ទាំងអស់ ត្រូវបាន​ចាក់ដី​លុប និង​បឹង​ចំនួន ១០ ​ទៀត​ត្រូវបាន​ចាក់ដី​លុប​ខ្លះៗ រួចហើយ​។ មូលហេតុ​ចម្បង​នៃ​ការលុប​បឹង​នោះ​គឺ​ «​បណ្ដាល​មកពី​ការសាងសង់​បុរី តំបន់​លំនៅឋាន និង​ទីក្រុង​រណប​»​។

លោក សឿង សារ៉ន នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមាគម​ធាងត្នោត​បាន​ឲ្យ​ដឹងថា លោក​បាន​ជំរុញ​ឲ្យ​ក្រសួង​នេះ​បន្ត​តាមដាន និង​ឃ្លាំមើល​ចំពោះ​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​លើកឡើង​ថា ករណី​លុប​បឹង​នេះ​គឺ​ទាក់ទង​នឹង​ផលប្រយោជន៍ និង​កើតចេញ​ពី​អ្នកមាន​លុយ មាន​អំណាច​។

លោក​ថា​៖ «​ក្រសួង​គួរ​បង្កើត​យន្តការ និង​ការលើក​ទឹកចិត្ត​ឲ្យ​សាធារណជន​រាយការណ៍​ពី​ករណី​លុប​បឹង ប្រឡាយ និង​ផ្តល់​រង្វាន់​ដល់​អ្នករាយការណ៍​ពី​ករណី​លុប​នេះ​។ បន្ថែម​ពីនេះ​ត្រូវ​មាន​ចំណាត់ការ​ឱ្យបាន​​តឹងតែង​បំផុត​ចំពោះ​អ្នកមាន​លុយ​មាន​អំណាច​ណា​ដែល​រំលោភ​លើដី​បឹង​»៕