ភ្នំពេញៈ លោក លឺ ឡាយស្រេង នឹង​វិលត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​ជួប​គ្រូពេទ្យ​ពិនិត្យ​ជំងឺ​នៅ​ក្រុង​បាងកក បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​យក​ទោស​ពៃរ៍ រឿង​បរិហារ​កេរ្តិ៍ និង​ប្រមាថ​ព្រះមហា​ក្សត្រ។

លោក លឺ ឡាយស្រេង បាន​ថ្លែង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​កាលពី​ម្សិលមិញ​ថា៖ «អរគុណ​សម្ដេច​ណាស់​ដែល​បាន​អនុញ្ញាត​ឲ្យ​ទៅវិញ ព្រោះ​នៅ​ស្រុក​គេ​វា​ពិបាក នឹក​ស្រុក​ចង់​ងាប់​ហើយ។ ប៉ុន្តែ​មុន​ទៅវិញ ខ្ញុំ​ត្រូវ​ទៅ​ពេទ្យ​សិន​ព្រោះ​សុខភាព​ខ្ញុំ ត្រូវការ​ទៅ​ពេទ្យ ១ ខែ​ម្ដង។ ឥឡូវ​ទៅ​សួរ​ពេទ្យ​សិន​ថា ពេទ្យ​ឲ្យ​ទៅ​ថ្ងៃ​ណា ព្រោះ​ជំងឺ​បេះដូង ស្ត្រូក និង​ខួរក្បាល ត្រូវ​ទៅ​ជួប​ពេទ្យ ១ ខែ​ម្ដង»។

លោក​បន្តថា៖ «ប៉ុន្តែ​យ៉ាងណា​ឥឡូវ​ធូរស្រាល​ណាស់​បាន​សម្ដេច​ឲ្យ​ទៅវិញ បែប​ចង់​ជា​វិញ​ហើយ​នេះ»។

លោក​ថា លោក​កំពុងស្នាក់នៅ​ប្រទេស ​ថៃ ជាមួយ​ចៅ ២ នាក់។ ភ្លាមៗ ក្រោយ​ពេល​ភ្លើង​ខៀវ ពី​លោក ហ៊ុន សែន លោក លឺ ឡាយ​ស្រេង បាន​ថ្លែង​តាម​ហ្វេសប៊ុក​ថា លោក​បាន​និយាយ​ខុស​ហើយ​សន្យា​មិន​ធ្វើ​ឲ្យ​មាន​កំហុស​ទៀត​ទេ។

លោក​ថា៖ «បាទ ជាមួយ​ព្រះ​កូ​ណា លែង​និយាយ​លែង​អី​ហើយ ព្រោះ​និយាយ​ទៅ វា​រត់​ចោល​ស្រុក វា​ប៉ះពាល់​ដល់​កិត្តិ​នាម ព្រះនាម​ព្រះកូណាម្ដង​ទៀត​ សុំ​ខមាទោស​សុំ​ព្រះ​រាជទាន​ទោ​ស ​ដល់​ទូល​ព្រះ​បង្គំ​ដែល​ធ្លាប់​បម្រើ​តាំង​ពី​ព្រះរាជ​បិតា រហូត​ដល់​ព្រះ​អង្គ​សព្វ​ថ្ងៃនេះព្រោះ​ច​ង់​បាន​ឲ្យ​ព្រះ​អង្គ​ចេញ​មក​ដោះ​ស្រាយ​ឲ្យ​ចប់​ឆាប់ៗ។ ឥឡូវ​​គឺ​ថា​ តាម​ដំណើរ​អ៊ីចឹង​ទៅ»។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ ជាង​ ៣ ពាន់​នាក់ កាល​ពី​ថ្ងៃ​ចន្ទ​ លោក ហ៊ុន សែន បាន​ថ្លែង​ថា លោក​អនុញ្ញាត​ឲ្យ​លោក លឺ ឡាយ​ស្រេង ​មក​ស្រុក​ខ្មែរ​វិញ ដោយ​មិន​មាន​ការ​ចាប់​ខ្លួន។

លោក​ថ្លែង​ថា៖ «អញ្ជើញ​មក​លោក​តា គ្មាន​អាណា​គេ​ចាប់​ទេ​ទៅ។ ខ្ញុំ​ក៏​មិន​បាច់​ធ្វើ​សំបុត្រ​លើក​លែង​ទោស​ឲ្យ​តា​ឯង​ដែរ។ លោក​ឯង តា​ឯង​អ្នក​និយាយ ខ្ញុំ​ក៏​និយាយ​ទៅ​វិញ​។ ឥឡូវ​បើក ​លឺ ឡាយស្រេង​ ចូល​ស្រុក​មក។ ខ្ញុំ​ហៅ​ប្រកាស​ហៅ​ បក់​​ដៃ​ហៅ​តា​ឯង​មើល​ទៅ។ ខ្ញុំ​បក់​ដៃ​មក តា​អើយ​តា ​ត្រឡប់​មក​វិញ​មក ហើយ​គ្រាន់​តែសុំ​កុំ​ឡប់​តទៅ​ទៀត»។

លោក​បាន​ប្រាប់​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌លោក​ អង្គ វង្សវឌ្ឍនា ឲ្យ​ពិនិត្យ​មើល​សំណុំ​រឿង​របស់​លោក ​ឡាយ​ស្រេង ដោយ​ក្នុង​​សំណុំ​រឿង​ ដែល​ត្រូវ​បង់​ប្រាក់​សំណង​ គឺ​ត្រូវ​ធ្វើ​លិខិត​​ស្នើ​សុំព្រះ​រាជទាន​ទោស​ ដើម្បី​ឲ្យ​សំណង​នោះ​ចប់​សព្វ​គ្រប់។

ប៉ុន្តែលោកនាយក​រដ្ឋ​មន្ត្រី​ បញ្ជាក់​ថា លោក ឡាយ​ស្រេង​ អាច​មក​​ស្រុក​ខ្មែរ​វិញ​សូម្បី​មុន​ការ​ចេញ​ព្រះ​រាជក្រឹត្យ​លើក​លែង​ទោស​​ ហើយ​លោក​ផ្ទាល់​​ នឹង​ជួប​លោកឡាយ​ស្រេងដើ​ម្បី​ពិសាបាយ​ជាមួយ​គ្នា។ លោក​ថា លោក ឡាយ​ស្រេង តែង​សរសើ​រលោក​ថា​ ជា​មនុស្ស​មាន​អំណាច​បញ្ជា។

លោក លឺ ឡាយ​ស្រេង​ ជាប់​ក្នុង​សំណុំ​រឿង​ចំនួន​ ៣ ក្រោយ​ពេល​ការ​សន្ទនា​របស់​លោក​ តាម​ទូរស័ព្ទ​ត្រូវ​បាន​គេ​ថត ហើ​យ​យក​ទៅបង្ហោះ​ជា​សា​ធារណៈ។ លោក ឡាយ​ស្រេង ​ត្រូវ​បា​ន​ប្ដឹង​​ដោយ មេធាវី​តំណាង​លោក ហ៊ុន សែន ហើយ​តុលាការ​កាត់​​ទោស​លោក​ឲ្យ​បង់​ប្រាក់​ ៥០០ លានរៀល ។ លោក​នៅ​ជាប់​បណ្ដឹង​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​បទ​បរិហារកេរ្តិ៍​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រឿង​ទទួល​យក​កៅអីសភា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​កាលពីថ្ងៃ​ម្សិល​មិញ​​​។ SPM

បើ​ទោះ​ជា​លោក ហ៊ុន សែន បង្ហាញ​ក្ដី​អាណិត​ដល់​លោក ឡាយ​ស្រេង​ ក៏​ដោយ ​ក៏​លោក​បាន​ប្ដេជ្ញា​ចិត្ត​ថា​ លោក​មិន​អាច​លើក​លែង​ដល់​មនុស្ស​មួយ​ក្រុម​ដែល​ប្រមាថ​ដល់​ភរិយា​លោក និង​កូន​ប្រុស​ ហ៊ុន ម៉ាណែត ដោយ​ពួក​គេ​ចោទ​ថា​ ហ៊ុន ម៉ាណែត ជា​កូន​របស់​មេ​ដឹកនាំ​វៀតណាម។

លោក​ថ្លែង​ថា៖ «វា​ជេរ​យើង​ជេរ​ស្អី ជេរ​តាម​ចិត្ត វា​គូររូប​យក​ពូថៅ​កាប់​ក្បាល​យើង​វា​ធ្វើ​តា​ម​​ចិត្ត។ រួច​មេ​វា​អ្នក​ណែ​នាំ​ឲ្យ​ធ្វើ។ ឃើញ​មេ​វា​ដែល​ណែ​នាំ​ថា​ ណែ​ត្រូវ​មាន​គុណធម៌​ ឃើញ​ដែល​មេវា (ធ្វើ)​ ទេ? រហូត​ដល់​ការ​ប្រមាថ​មួយ​ដែល​ខ្ញុំ​មិន​អាច​អត់​ឱន​ឲ្យ​ពួក​អាឆ្កែ​អស់​ហ្នឹង (ដឹង) ប្រមាថ​ស្អី​ទេ? ប្រមាថ​ ប្រពន្ធ​ខ្ញុំ​ទៅ​ជា​ប្រពន្ធ​របស់​មេដឹកនាំ​វៀតណាម និង​ ហ៊ុន​ ម៉ាណែត ក្លាយ​ទៅជា​កូន​របស់​មេដឹក​នាំ​វៀត​ណាម។ រឿង​មួយ​នេះ​អាហែ្អង​ត្រូវ​ចាំម៉ាជីវិត​របស់​​អញអត់​អត់​ឱន​ឲ្យ​អាហ្អែង​ទេ»។

លោក​បន្ត​​ថា លោក​នឹង​​កម្ទេ​ច​អ្នក​ដែល​ប្រមាថ​បែប​នេះឲ្យដូ​ច​​​អ្វី​ដែល​លោក​បាន​ដាក់​គោលដៅ​កម្ចាត់​ប៉ុល ពត។

លោក​បញ្ជាក់​ថា​៖ «អញ​បញ្ជូន​ឃ្លីប​ហ្នឹង​ទៅឲ្យ​ស្ថាន​ទូត​នានា​ រឿង​ហ្នឹង​ហើយ ​ដែល​អញ​មិន​អត់ឱន​ឲ្យ​អាហ្អែង ហើយ​អាហ្អែង​កុំ​ថា​ យក​រឿង​បុគ្គល​ធ្វើជា​បញ្ហា​​ធំ បុគ្គល​ឬ​ជាតិ​ហើយ​អាហែ្អង​ហ៊ាន​ធ្វើ​ចំពោះ​អញ​ប៉ុណ្ណឹង អញ​ក៏​មិន​អត់​ឱន​ឲ្យ​អាហែ្អង​ដែរ។ អញ​ដាក់​គោលដៅ​កម្ចាត់​ឯង​ ស្មើ​នឹង​អញ​ដាក់​គោល​ដៅ​កម្ចាត់​ ប៉ុល ពត ដូច​គ្នាអាហែ្អង​ចាំ​ឲ្យ​ច្បាស់​កន្លែង​នេះ»។

លោក​បញ្ជាក់​យ៉ាងច្បាស់​ថា ការ​ប្រមាថ​មួយ​នេះ ​មិន​អាច​យោគ​យល់បាន​ទេ ​ហើយ​ក៏​មិន​អាច​និយាយ​គ្នា​កើត​ដែរ។ លោក​បាន​​ទុក​ឱកា​ស​ឲ្យ​​មេដឹក​​នាំ​រូប​នោះ​សុំ​ទោស​ ហើយ​សុំ​ឲ្យ​គេ​ធ្វើ​ការ​ប្រកាស​ថ្កោល​ទោស​ចំពោះ​ក្រុម​ដែល​ធ្វើ ប៉ុន្តែ​លោក​ថា មេដឹកនាំរូប​​នោះ ​មិន​អាច​​ថ្កោល​ទោស​កើត​ទេ​ ព្រោះ​គាត់​ជា​​អ្នក​ណែ​នាំ​ឲ្យ​កូន​ចៅ​គេ​ធ្វើ​របៀប​ហ្នឹង។

លោក​ថ្លែង​ថា៖ «ប៉ុន​អាពត ខ្លាំង​ប៉ុណ្ណឹង​ ហ៊ុន សែន វាយ​ដួល​ទាំង​អស់​។ ឥឡូវ​អាធុន​ប៉ុនណេះ​ ទៅ​នៅ​លែង​នៅក្រៅ​ទៅ អញហៅ​តែ​ លឺ ឡាយ​ស្រេង​ បាន​ហើយ។ ផ្ដល់​ឲ្យ​តែ​ លឺ ឡាយ​ស្រេង​ ទៅ​បាន​ហើយ អាប៉ុន្មាន​ទៀត​ ទុក​អាហែ្អង​នៅ​ចង្រៃ​នៅ​ហ្នឹង»។

ទោះ​បី​មិន​បញ្ចេញ​ឈ្មោះ​ក៏​ដោយ លោក ហ៊ុន សែន ទំនង​សំដៅ​ដល់​លោក សម រង្ស៊ី ដែល​ជា​គូបដិបក្ខ​ជា​យូរ​ឆ្នាំ​មក​ហើយ។ កាល​ពី​ឆ្នាំ​ ២០១៦ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បណ្ដេញ​សមាជិក​បក្ស​​ម្នាក់​ឈ្មោះ យ៉ង ណុយ ហៅ Brady Young ចំពោះ​ការ​ចោទប្រកាន់​ដូច​គ្នា​នេះ។ លោ​ក សម រង្ស៊ី កាល​ពីពេល​នោះ​ក៏​បាន​ចេញ​លិខិត​ថ្កោល​ទោស​មួយ​ចំពោះ​ការ​ចោទប្រកាន់​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លោក​ ហ៊ុន សែន។

​តាម​អីុមែល​កាល​ពី​ម្សិល​មិ​ញ លោក​ សម រង្ស៊ី បាន​ថ្លែង​ថា លោក​មិន​ដែល​យក​ចិត្ត​ទុកដាក់​លើ​ការងារ​ឯក​ជន​របស់​អ្នក​ណា​ម្នាក់​ទេ។

លោក​ថ្លែង​ថា៖ «លោក ហ៊ុន សែន ជា​មេដឹក​​នាំ​មិន​ទទួល​ខុស​ត្រូវ​ ដែ​ល​ចង់​បង្វែរ​ការ​ចាប់​អារម្ម​ណ៍​របស់​សា​ធារណ​ជនលើ​​រឿង​ជាតិ​ ដែល​គាត់​មិន​អាច​ដោះ​ស្រាយ​បានទៅ​លើ​​រឿង​ផ្ទាល់​ខ្លួន​ដោយ​​ចោទប្រកាន់​ទៅ​លើ​អ្នកផ្សេង​ហើយ​យកការ​ចោ​ទ​ប្រកាន់​បែប​នេះ​ ទៅ​បង្ក្រាប​លើ​អ្នក​នយោបាយ​ប្រឆាំង»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា​ កំហុ​ស​​របស់​លោក​ លឺ ឡាយ​ស្រេង ជា​កំហុស​តិច​តួច​ប៉ុណ្ណោះ។ ​អ្នក​ដែល​មាន​ហេតុ​ផល​ច្បាស់​លា​ស់​មិន​គួរ​ឈឺ​ចិត្ត​ដោយសារ​តែ​ការ​សន្ទនា​ឯកជន​របស់​លោក​ទេ។

ប៉ុន្តែគេ​អាច​មាន​ការ​ឈឺ​ចាប់​ ដោយ​ការ​​បាត់​បង់​កិត្តិយស​ជា​បុរស​ នៅ​ពេល​មាន​គេ​និយាយ​ជា​សាធារណៈ​ថា កូន​របស់​ខ្លួន​ត្រូវ​បាន​បង្កាត់​ពូជ​ដោយ​បុរស​ផ្សេង ដែល​មើល​ទៅ​ហាក់​ដូច​ជា​បុរស​ដែល​មាន​ប្រពន្ធ​ក្បត់​ប្ដី។

លោក​ថ្លែង​ថា៖ «អ្នក​ដែល​ចោទ​ប្រកាន់​បែប​នេះ​ សម​នឹង​ទទួល​បាន​ការ​លើក​ឡើង​បែប​នេះ ពី​លោក​នាយក​រដ្ឋ​មន្ត្រី។ ប៉ុន្តែ​​រដ្ឋបុរស​ដែល​មាន​ទំនុក​ចិ​ត្ត​​លើ​ខ្លួនឯង​នឹង​យក​បញ្ហា​សីលធម៌​ជា​រឿង​សំខាន់​ ហើយ​មិន​ខ្វល់​ខ្វាយ​​ពី​ពួក​គេ​ទេ ទោះ​បី​ជា​មតិ​យោបល់​របស់​ពួកគេ​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ប៉ុនណា​ក៏​ដោយ»៕