The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ​លឺ ឡាយស្រេង ​រង​បណ្ដឹង​ប្រមាថ​ព្រះមហាក្សត្រ

លោក ​លឺ ឡាយស្រេង ​រង​បណ្ដឹង​ប្រមាថ​ព្រះមហាក្សត្រ

Content image - Phnom Penh Post
ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែង​ក្នុង​ពេល​ផ្ដល់​បទសម្ភាស​ជាមួយ​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ (ខ្មែរ)។ គាំ ច័ន្ទរស្មី

លោក ​លឺ ឡាយស្រេង ​រង​បណ្ដឹង​ប្រមាថ​ព្រះមហាក្សត្រ

ភ្នំពេញ: មេធាវី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្តឹង​លោក លឺ ឡាយស្រេង អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្រោយ​បាន​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​នឹង​លោកស្រី គី លំអង អតីត​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​មាន​ចំណុច​ខ្លះ​ប្រមាថ​ដល់​ព្រះមហាក្សត្រ​។

កាលពី​ថ្ងៃ​សៅរ៍​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ សី ហា បាន​បញ្ចេញ​សំឡេង​សន្ទនា​ឯកជន​តាម​ទូរស័ព្ទ​រវាង​លោក លឺ ឡាយស្រេង និង​លោកស្រី គី លំអង ដែល​នៅ​ក្នុង​ការ​សន្ទនា​នោះ​លោក លឺ ឡាយស្រេង ថ្លែង​ថា​៖ «​អត់​ទេ​បើ​មិន​ហ៊ាន​ទេ​ឲ្យ​ដាក់​រាជ្យ​ទៅ​ឲ្យ​យក​គេ​ទៅ​ធ្វើ​ម្តង​វិញ​មាន់​គ្រាវ​អ៊ីចឹង​នោះ​»​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​លោក និង​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ នឹង​ដាក់​ពាក្យ​ប្តឹង​លោក លឺ ឡាយស្រេង ដែល​បាន​ថ្លែង​ប្រមាថ​ព្រះមហាក្សត្រ​តាមរយៈ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី គី លំអង​។

លោក​ថ្លែង​ថា​៖ «​ឥឡូវ​នេះ​គឺ​ថា​កុំ​រត់ៗ​។ ផ្តាំ​ទៅ លឺ ឡាយស្រេង ថា ខ្ញុំ​ផ្ញើ​សារ​ប្រាប់​ឲ្យ​ហើយ​ថា​ខ្ញុំ​ប្តឹង​ជាមួយ​នឹង​សម្តេច​ក្រុមព្រះ​។ ចេញ​មក​សារភាព​ថា​បាន​និយាយ​មែន​។ សុំ​អភ័យទោស​ព្រះមហាក្សត្រ​សូម​អភ័យទោស​សម្ដេច​ ហ៊ុន សែន​។ តែ​ខ្ញុំ​អត់​អភ័យទោស​ឲ្យ​លោក​ឯង​ទេ ព្រោះ​លោក​ឯង​ព្រហើន​ពេក​»​។

លោក គី តិច មេធាវី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​លោក​បាន​ទទួល​ការ​ណែនាំ​ពី​លោក​នាយក​រដ្ឋមន្ត្រី​រួច​ហើយ​ក្នុង​ការ​ប្តឹង​លោក ឡាយស្រេង​។

លោក តិច ថ្លែង​ថា​៖​ «​ខ្ញុំ​បាន​ទទួល​ការ​ណែនាំ​ពី​សម្តេច​តេជោ​រួច​ហើយ ហើយ​ខ្ញុំ​កំពុង​រៀបចំ​បណ្ដឹង​។ អ្វី​ដែល​សម្តេច​លោក​បាន​ណែនាំ​មក​ខ្ញុំ​គឺ​ចំណុច​ដែល​ថា​លោកតា​ លឺ ឡាយស្រេង ថ្លែង​ថា​សម្តេច​តេជោ​បាន​ផ្តល់​លុយ​ទៅ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច អ៊ីចឹង​។ នេះ​ផ្ទុយ​ពី​ការពិត​ហើយ​សម្តេច​គិត​ថា​ជា​ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​​ចំពោះ​គាត់​»​។

ដោយឡែក​លោក ញ៉េប ប៊ុនជិន អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែង​ថា​មេធាវី​ ៤ ​រូប​កំពុង​ប្រមូល​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​តុលាការ​ប្រឆាំង​លោក ឡាយស្រេង​។

លោក​ ប៊ុន ជិន ថ្លែង​ថា​៖ «​យើង​ជជែក​គ្នា​ម្សិលមិញ​ឃើញ​ច្រក​ចេញ​ថា​ទាល់តែ​យើង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ហើយ​បាន​ (​អាច​) ​ដោះស្រាយ​បញ្ហា​។ បើ​មិន​អ៊ីចឹង​ទេ​គាត់​នៅ​តែ​និយាយ​រហូត ខមាទោស និយាយ​ទាល់​តែ​គាត់​និយាយ​លែង​កើត​។ គាត់​នៅ​តែ​ជេរ​យើង​ថា​ឲ្យ​យើង​អ៊ីចឹង​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​បើ​គាត់​មិន​នៅ​ជាមួយ​ហ៊្វុនស៊ិនប៉ិច​ទេ កុំ​ទៅ​បំផ្លាញ​ផ្ទះ​ហ្នឹង​ទុក​ឲ្យ​កូនចៅ​ទុក​ឲ្យ​បងប្អូន​ដែល​ជា​សាច់​សាលោហិត​នាំ​គ្នា​ជួសជុល​នៅ​ទៅ​។ គាត់​មិន​ត្រូវ​ហែក​ដំបូល​ហើយ​គាត់​មក​ដក​សសរ​កន្លោង គាត់​មក​កាត់​ជើង​សសរ អ៊ីចឹង​មិន​យុត្តិធម៌​ទេ​។ គាត់​អាច​និយាយ​ឲ្យ​ក្មេង​ស្តាប់​ពីរោះ​បាន តែ​ជា​មនុស្ស​ចាស់ គាត់​ជា​អ្នក​បំផ្លាញ​ទ្រនំ​របស់​ខ្លួន​គាត់​»​។

លោក ប៊ុនជិន បាន​បដិសេធ​ថា​ការ​ចោទប្រកាន់​ដែល​ថា​សម្តេច​ក្រុមព្រះ​ប្រមូល​លុយ​ម្នាក់​ ២ ​ម៉ឺន​ដុល្លារ​ពី​សមាជិក​បក្ស​ជា​ថ្នូរ​នឹង​ការ​បាន​ធ្វើ​តំណាងរាស្ត្រ​ដើម្បី​ទទួល​កៅអី​សភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នឹង​ត្រូវ​​រំលាយ​នោះ​មិនមែន​ជា​ការពិត​ទេ​។ លោក​បាន​ថ្លែង​ថា​៖ «​សម្តេច​ក្រុម​ព្រះ​ទៅ​យក​លុយ​ពី​ណា ២ ​ម៉ឺនៗ​បូក​ទៅ ១ ​លាន​ពី​ណា​មក​? ចុះ​កាល​លោក​ធ្វើ​ឧបនាយក​រដ្ឋមន្ត្រី​គាត់​យក​លុយ​ទៅ​សូក​លោក​ឬ​យ៉ាង​ម៉េច​?»​។

លោក​ ប៊ុន ជិន ​ថ្លែង​ថា​លោកស្រី​ លំអង អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ឡាយស្រេង ប៉ុន្តែ​ទុក​ឲ្យ​ក្រុម​មេធាវី​ធ្វើការ​លើ​រឿង​នេះ​។

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ សី ហា បាន​​បញ្ចេញ​សំឡេង​សន្ទនា​ឯកជន​តាម​ទូរស័ព្ទ​រវាង​លោក ឡាយស្រេង និង​លោកស្រី គី លំអង ដែល​លោក​ ឡាយស្រេង និង​លោកស្រី​ លំអង គឺជា​អតីត​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ក្នុង​ការ​សន្ទនា​នោះ​លោក ឡាយស្រេង បាន​និយាយ​ថា​លោក និង​លោក ឡៅ ម៉ុងហៃ មាន​​គម្រោង​ចូល​គាល់​ព្រះមហាក្សត្រ​ដើម្បី​ស្នើ​ឲ្យ​ព្រះអង្គ​បន្ថយ​កម្តៅ​នយោបាយ​កម្ពុជា​។

លោកស្រី គី លំអង បាន​ថ្លែង​ថា​៖ «​មើល​ទៅ​លោក​មិន​ហ៊ាន​ទេ​បង លោក​មិន​ហ៊ាន​ទេ​»​។

លោក ឡាយស្រេង បាន​ឆ្លើយតប​ថា​៖ «​អត់​ទេ បើ​មិន​ហ៊ាន​ទេ​ឲ្យ​ដាក់​រាជ្យ​ទៅ​ឲ្យ​យក​គេ​ទៅ​ធ្វើ​ម្តង​វិញ​មាន់គ្រាវ​អ៊ីចឹង​នោះ​»​។

លោក ឡាយស្រេង បាន​បន្ត​សន្ទនា​ឯកជន​នោះ​ជាមួយ​លោកស្រី លំអង អំពី​ការ​ទទួល​បាន​កៅអី​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​លោក​និយាយ​ថា​៖ «​ឱ​! ពួក​អា​អត់​ខ្មាស​ហ្នឹង​ឥឡូវ​កំពុង​ពួក​ក្រសេ​កំពុង​ចែត​។ យី​! គិត​ទៅ​អាមនុស្ស​រក​លុយ​បាន​ស្រួល​... ហ៊ុន សែន ឲ្យ​ជិត ១ លាន​ចុះ​ម្នាក់​ ២ ​ម៉ឺន​បាន​ជិត​ ១ ​លាន​បាត់​ទៀត​ហើយ ហ្អេ អស្ចារ្យ​! ចេះ​តែ​ទៅ​ហើយ​មុខ​អា​មួយ​នេះ​។ អាស​ម្តេច​ចោលម្សៀត​មួយ​នេះ​យ៉ាប់​មែនទែន​ហ្មង​។ ខ្ញុំ​ថា អាហែ្អង ខ្ញុំ​ទ្រាំ​មិន​បាន ថោកទាប​ពេក​»​។

ក្រោយ​ពេល​មាន​ការ​បង្ហោះ​ការ​សន្ទនា​របស់​លោក​លើ​ហ្វេសប៊ុក លោក ឡាយស្រេង នៅ​ថ្ងៃ​សៅរ៍​ដដែល​បាន​និយាយ​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី គី លំអង ម្តង​ទៀត​ដោយ​លោកស្រី គី លំអង សុំ​ឲ្យ​លោក​ចេញ​វីដេអូ​តាម​ហ្វេសប៊ុក សុំទោស​លោក​នាយក​រដ្ឋមន្ត្រី​ និង​ព្រះមហាក្សត្រ​។ ការ​សន្ទនា​ឯកជន​នេះ​ក៏​ត្រូវ​បាន​ផេច សីហា យក​មក​បង្ហោះ​បន្ត​ទៀត​ដែរ​។

លោក លឺ ឡាយស្រេង និង​លោកស្រី គី លំអង ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​អ្នក​ទទួល​ទូរស័ព្ទ​របស់​លោក និង​លោកស្រី​ប្រាប់​ថា​ពួកគាត់​ចេញ​ទៅ​ក្រៅ​ភ្លេច​ទូរស័ព្ទ​នៅ​ផ្ទះ​។

ក៏​ប៉ុន្តែ​តាមរយៈ​ហ្វេសប៊ុក​របស់​លោក លោក លឺ ឡាយស្រេង បាន​ថ្លែង​សុំទោស​ព្រះមហាក្សត្រ និង​លោក​ ហ៊ុន សែន ដោយ​លោក​ថ្លែង​ថា​៖​ «​ដូច្នេះ​ម្តង​ទៀត​ការ​និយាយ​ប៉ុន្មានៗ​ដែល​បាន​ខុស​ឆ្គង​នេះ ខ្ញុំ​សូម​អភ័យទោស​ដល់​ព្រះមហាក្សត្រ សម្តេចនាយក និង​បងប្អូន​ទាំង​អស់​។ សូមមេត្តា​យោគយល់​ថា ខ្ញុំ​នេះ​ជា​អ្នក​បម្រើ​ព្រះមហាក្សត្រ​យូរ​ណាស់ តាំងពី​ណា​ពី​ណី​មក​។ ជួនណា​វា​វិល​ទៅ​មិន​ដឹង​ទៅ​ណាៗ​អាច​និយាយ​ភាន់ច្រឡំ ឬ​ខុស​ក៏​មាន​។ ខ្ញុំ​ទទួល​ថា បើ​មាន​ពាក្យ​លើសលស់​ត្រង់​នេះ​ហើយ​សូម​បងប្អូន​មេត្តា​ម្ដង​ទៀត​សូម​អភ័យ​ទោស​យ៉ាង​ជ្រាលជ្រៅ​ពី​ខ្ញុំ លឺ ឡាយស្រេង​»​។

ប៉ុន្តែ​លោក​ ឡាយស្រេង មិន​បាន​សុំទោស​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឬ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ​នោះ​ទេ​។

លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​របស់​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ បាន​ថ្លែង​ថា​ព្រះមហាក្សត្រ មិន​អាច​មាន​បុគ្គល​ណា​បំពាន​បាន​ឡើយ​។ អង្គ​ព្រះមហាក្សត្រ​លោក​អត់​មាន​លូក​ព្រះហស្ថ​ក្នុង​នយោបាយ​លោក​ជា​បិតា​របស់​ខ្មែរ​ទូទាំង​ប្រទេស​ហើយ​លោក​អត់​មាន​ព្រះរាជ​តួនាទី​អី​មក​ចាត់ចែង​នយោបាយ​ទេ​។

លោក​ថ្លែង​ថា​៖ «​យើង​ស្នើ​ទៅ​ថ្វាយ​លោក​បាន ប៉ុន្តែ​យើង​អត់​ត្រូវ​ទិតៀន​លោក​ទេ​។ និយាយ​ពី​ព្រះមហាក្សត្រ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច​មិន​អាច​ទៅ​បញ្ជា​លោក​បាន​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍