ភ្នំពេញៈ លោក លឺ ឡាយស្រេង អតីត​មន្ត្រី​ជាន់​ខ្ពស់ ​នៃ​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស ​កម្ពុជា ​វិញ​ហើយ​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​មាន​ការ​សន្ដោស​ប្រណី​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​ដែល​ប្រកាស​មិន​យក​ទោសពៃរ៍​ចំពោះ​រូប​លោក​។

នៅ​ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​ ៩ ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​លោក ឡាយស្រេង បាន​ថ្លែង​ថា​ លោក​មាន​ការ​ត្រេកអរ​ជា​ខ្លាំង​ដែល​បាន​វិល​ត្រឡប់​​មក​កាន់​មាតុ​ប្រទេស​​កំណើត​វិញ​។

លោក​បាន​ថ្លែង​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នូវ​អារម្មណ៍​របស់​លោក​ថា៖ ​«គ្មាន​ភាព​រីករាយ​ឯណា ជាង​ការ​រស់​នៅ​ក្នុង​ស្រុក​កំណើត​​ខ្លួន​នោះ​ទេ»​។

នៅ​ពេល​សួរ​ថា ​តើ​លោក​នឹង​មានគ​ម្រោង​អ្វី​សម្រាប់​ជីវិត ចុង​ក្រោយ​របស់​លោក បន្ទាប់​ពី​​ទទួល​បាន​ការ​សន្ដោស​ប្រណី​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន លោក ឡាយស្រេង បាន​​ថ្លែង​​ថា ​លោក​នឹង​រក្សា​ភាព​ស្ងៀមស្ងាត់​​ក្នុង​ភាព​ជា​និវត្តជន។

ក្រៅ​ពី​នេះ​លោក ​ស្រេង ​បាន​ឲ្យ​ដឹង​ថា៖ ​«ខ្ញុំ​នឹង​រៀបចំ​មជ្ឈមណ្ឌល​ និង​មូលនិធិ​ថែទាំ​មនុស្ស​ចាស់​មួយ​នៅ​តំបន់​ភ្នំ​ស្រង់​ដើម្បី​ចូលរួម​ចំណែក​​​កាត់​​បន្ថយ​ការ​លំបាក​របស់​រាជ​រដ្ឋាភិបាល»។

លោក​ លឺ ឡាយស្រេង បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​ឯ​ទីក្រុង​បាងកក​ ប្រទេស ​ថៃ កាល​ពី​ដើម​ឆ្នាំ ២០១៨ បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​​នូវ​សារ​សន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​លោកស្រី គី លំអង​ អតីត​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ ដែល​ត្រូវ​បាន​គេ​លួច​ថត ហើយ​​ត្រូវ​បាន​គេ​​យក​ទៅ​បង្ហោះ​ជា​សាធារណៈ​។

លោក ឡាយស្រេង​ ជាប់​ក្នុង​សំណុំ​រឿង​ចំនួន​ ៣។ លោក ​ឡាយស្រេង​ ត្រូវ​បាន​ប្ដឹង​ដោយ​មេធាវី​តំណាង​លោក ហ៊ុន សែន ​ហើយ​តុលាការ​​បាន​កាត់​ទោស​លោក​ឲ្យ​បង់​ប្រាក់​ដោយ​ផាក​ពិន័យ​ចំនួន ៨ លាន​រៀល ចូល​​ជា​ថវិការ​ដ្ឋ និង​តម្រូវ​ឲ្យ​បង់​សំណង​ជំងឺ​ចិត្ត​ ៥០០ លាន​រៀល​។ លោក​នៅ​ជាប់​បណ្ដឹង​បទ​ប្រមាថ​ព្រះ​មហាក្សត្រ និង​បទ​បរិហារកេរ្តិ៍​​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច រឿង​ទទួល​យក​អាសនៈ​រដ្ឋសភា​ របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​។

ប៉ុន្តែ​ កាល​ពី​ថ្ងៃ​ទី ​១ ខែ ​មេសា ឆ្នាំ ​២០១៩ នៅ​​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​ វ៉ាន់ដា លោក ហ៊ុន សែន បាន​ប្រកាស​បើក​ផ្លូវ​ឲ្យ​លោក​ ឡាយស្រេង​ វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​ថ្លែង​ថា​ នឹង​មិន​មាន​ការ​ចាប់ចង ឬ​យក​ទោសពៃរិ៍​អ្វី​នោះ​ឡើយ បន្ទាប់​ពី​លោក​បាន​ឃើញ​សារ​អំពាវនាវ​មួយ​របស់​លោក ​ឡាយស្រេង ​ដែល​បាន​រៀបរាប់​​​អំពី​ភាព​លំបាក​នៃ​ការ​រស់​នៅ​ស្រុក​គេ [ប្រទេស ​ថៃ] ដោយ​គ្មាន​សាច់​ញាតិ និង​ពី​គោល​បំណង​នៃ​ការ​ចង់​​វិល​ត្រឡប់​ចូល​មក​រស់​នៅ​នៃ​ជីវិត​ចុង​ក្រោយ​របស់​​លោក​​​ ក្នុង​ប្រទេស ​កម្ពុជា ដែល​ជា​ស្រុក​កំណើត​ប្រសិន​បើ​មាន​​ការ​សន្តោស​ប្រណី​ និង​លើកលែង​​​ទោស​ពី​លោក​នាយក​រដ្ឋមន្ត្រី​។

លោក ហ៊ុន សែន​ បាន​​ថ្លែង​ថា៖ «អញ្ជើញ​មក​លោក​តា គ្មាន​អាណា​គេ​ចាប់​ទេ​ទៅ។ ខ្ញុំ​ក៏​មិន​បាច់​ធ្វើ​សំបុត្រ​លើកលែង​ទោស​ឲ្យ​តា​ឯង​ដែរ។ លោក​ឯង តា​ឯង​ អ្នក​និយាយ ខ្ញុំ​ក៏​និយាយ​ទៅ​វិញ​។ ឥឡូវ​បើក​ឲ្យ ​លឺ ឡាយស្រេង ​ចូល​ស្រុក​មក។ ខ្ញុំ​ហៅ​ ប្រកាស​ហៅ​ បក់​​ដៃ​ហៅ​តា​ឯង​មើល​ទៅ។ ខ្ញុំ​បក់​ដៃ​មក តា​អើយ​តា ​ត្រឡប់​មក​វិញ​មក ហើយ​គ្រាន់​តែសុំ​កុំ​ឡប់​ត​ទៅ​ទៀត»។

ជា​មួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ក៏​​បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​ អង្គ វង្សវឌ្ឍានា ឲ្យ​ពិនិត្យ​មើល​សំណុំ​រឿង​របស់​លោក​ឡាយ​ស្រេង ដោយ​ក្នុង​​សំណុំ​រឿង​ ដែល​ត្រូវ​បង់​ប្រាក់​សំណង​ គឺ​ត្រូវ​ធ្វើ​លិខិត​ស្នើ​សុំ​ព្រះ​រាជទាន​ទោស​ ដើម្បី​ឲ្យ​សំណង​នោះ​ចប់​សព្វ​គ្រប់។

ប៉ុន្តែ​លោក ហ៊ុន សែន បញ្ជាក់​ថា លោក ឡាយស្រេង​ អាច​មក​​ស្រុក​ខ្មែរ​វិញ​សូម្បី​មុន​ការ​ចេញ​ព្រះ​រាជក្រឹត្យ​លើកលែង​ទោស​​ ហើយ​លោក​ផ្ទាល់​​នឹង​ជួប​លោក ឡាយស្រេង ដើម្បី​ពិសាបាយ​ជាមួយ​គ្នា៕