ភ្នំពេញៈ លោក វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ប្រាប់​នាយ​ទាហាន​ដែល​ទើប​បញ្ចប់​ការសិក្សា​ឲ្យ​ធ្វើជា​គំរូ​ក្នុង​ការគោរព និង​អនុវត្ត​ច្បាប់​ហើយ​ត្រូវ​យល់ច្បាស់​ពី​តួនាទី​ភារកិច្ច​របស់ខ្លួន​ក្នុង​ការការពារ​ខឿន​ឯករាជ្យ​អធិបតេយ្យ​ជាតិ​។

ការថ្លែង​របស់​លោក វង្ស ពិសេន ដូចនេះ​បាន​ធ្វើ​ឡើង​​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ធ្វើ​សច្ចាប្រណិធាន​សម្រាប់​​និស្សិត​នាយទាហាន​ជំនាន់​ទី​ ២០ ចំនួន ​១០១ ​នាក់​ នៅ​វិមាន​ឈ្នះ-ឈ្នះ​កាលពី​ថ្ងៃ​អង្គារ​។

លោក​បាន​បញ្ជាក់ថា​៖ «[​នាយ​ទាហាន​] ត្រូវ​យល់ច្បាស់​ពី​តួនាទី​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ​ដែល​ជា​កម្លាំង​ស្នូល​នៃ​កិច្ចការពារ​ខឿន​ឯករាជ្យ អធិបតេយ្យ​ជាតិ​។ [​ត្រូវ​] ធ្វើជា​គំរូ​ក្នុង​ការគោរព​ច្បាប់ និង​អនុវត្ត​ច្បាប់ ជាពិសេស​ការគោរព​វិន័យ បទបញ្ជា ច្បាប់​លក្ខន្តិកៈ​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ​»​។

លោក​បន្តថា នាយទាហាន​ក៏ត្រូវ​ពង្រឹង​ពង្រីក​ចំណង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ទាំង​ការរស់នៅ និង​ការបំពេញ​ការងារ​ក្នុង​នោះ​ក៏ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រជាជន​ដែរ ព្រោះថា​កងយោធពល​ខេមរភូមិន្ទ​ជា​កូនចៅ​ប្រជាជន​កើតចេញ​ពី​ប្រជាជន និង​ដើម្បី​បម្រើ​ប្រជាជន​។

លោក​ក៏បាន​ប្រាប់​ដល់​នាយទាហាន​ទាំងអស់​ឲ្យ​ក្តាប់ជាប់​នូវ​សភាពការណ៍​សន្តិសុខ​ផងដែរ ដើម្បី​ត្រៀមលក្ខណៈ​អនុវត្ត​បទបញ្ជា​ក្នុង​នោះ​ត្រូវ​លើក​កម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ចំពោះ​​ឧបាយកល​គ្រប់​រូបភាព​របស់​ពួក​អមិត្ត ហើយ​ត្រូវ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត​លើ​សកលលោក​ផងដែរ​។

លោក ប៊ុត សុភាព នាយកសាលា​នាយទាហាន​សកម្ម​បាន​​ថ្លែង​ដែរ​ថា និស្សិត​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​ ២០ ចំនួន ១០១ ​នាក់​ បាន​ប្រឡង​បញ្ចប់​វគ្គ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ៤ ខែធ្នូ​​ឆ្នាំនេះ ហើយ​គ្រោង​ចេញ​ទៅ​បម្រើការ​តាម​កងឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ​តាម​ការចាត់​តាំងរបស់​អគ្គបញ្ជាការ និង​ក្រសួង​ការពារជាតិ​។

លោក​បញ្ជាក់ថា ឆ្លងកាត់​ការសិក្សា​រយៈពេល​ ៤ ​ឆ្នាំ និស្សិត​នាយទាហាន​សកម្ម​ទាំងអស់​បាន​ចុះ​ធ្វើ​កម្មសិក្សា​នៅ​តាម​បណ្ដា​កងពល និង​យោធភូមិភាគ​​ដើម្បី​ដក​បទពិសោធ​ការងារ​។

លោក​ថា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​សាលា​បណ្ដុះបណ្ដាល​ទាហាន​​ ៣ ​កម្រិត​គឺ​ទី​ ១ នៅ​ភូមិភាគ​ទាំង​ ៦ ទី​ ២ ​គឺ​សាលា​នាយទាហាន​សកម្ម​របស់​លោក​​ និង​មាន​វិទ្យាស្ថាន​កងទ័ព​ជើងគោក មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ព​ជើងគោក​។ ចំណែក​កម្រិត​ទី​ ៣ គឺ​សាកល​វិទ្យាល័យ​ការពារជាតិ​។

លោក​បន្តថា​នៅក្នុង​កម្មវិធីសិក្សា​របស់​សាលា​លោក​មាន​កម្មវិធី​អប់រំ​លើកទឹកចិត្ត​ពី​ ២០ ​ទៅ​ ២៥ ភាគរយ​ ដែល​និយាយ​អំពី​ការអប់រំ​ចិត្តសាស្ត្រ​ធ្វើ​ឲ្យ​នាយទាហាន​មាន​ឆន្ទៈ និង​មនសិការ​ស្នេហា​ជាតិ​។

លោក​បាន​បញ្ជាក់ថា​៖ «​សំខាន់​បំផុត​នាយទាហាន​ត្រូវតែ​គោរព​ច្បាប់​។ ​គោរព​ច្បាប់​ហើយ​ត្រូវ​ចេះ​ជួយ​ទំនុកបម្រុង​ជួយ​គ្នា​ទៅវិញ​ទៅមក មិន​ថា ប្រជាពលរដ្ឋ កងទ័ព ​ឬ​យុវជន​ទេ​»​។

លោក ប៊ុត សុភាព បាន​បន្ត​ថា​នាយទាហាន​សកម្ម​ត្រូវធ្វើ​សច្ចាប្រណិធាន​សរុប​ ២ ​ដង គឺ​ទី​ ១ ​ពេល​ពួកគេ​ចេញពី​ស៊ីវិល​មក​ចូល​ជា​កងទ័ព​ត្រូវ​សច្ចា​គោរព​ច្បាប់ វិន័យ​របស់​សាលា​ និង​ត្រូវខិតខំ​រៀនសូត្រ​។ ​ទី​ ២ ​ក្រោយពេល​បាន​ប្រឡង​ចប់​គាត់​​ត្រូវ​ធ្វើ​សច្ចាប្រណិធាន​ម្ដងទៀត​​ជាមួយ​វីរបុរស​ខ្មែរ​។ ឆ្នាំនេះ​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​ឈ្នះ-ឈ្នះ​។

លោក​បាន​ពន្យល់ថា​៖ «​ការធ្វើ​សច្ចាប្រណិធាន​នៅ​វិមាន​ឈ្នះ-ឈ្នះ​នេះ មិនមែន​សំដៅ​តែ​លើ​វីរជន​ស្នេហា​ជាតិ រំដោះជាតិ​នៅ​ថ្ងៃ​ ៧ ​មករា​នោះទេ គឺ​សំដៅ​ដល់​វីរជន​គ្រប់​ស្រទាប់​តាំងពី​សម័យ​យើង​តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​គ្រប់​និន្នាការ​ទាំងអស់​តាំងពី​ព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា នាយទាហាន និង​ថ្នាក់ដឹកនាំ​ត្រូវតែ​ធ្វើជា​គំរូ​ល្អ និង​ជា​អ្នកបម្រើ​ពលរដ្ឋ​។ លោក​ថា​​ជាក់ស្ដែង​មាន​នាយទាហាន​មួយ​ចំនួន​តូច​ដែល​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ក្នុង​សង្គម ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ព្រោះ​ក្នុងសង្គម​ក៏មាន​មនុស្ស​ល្អ និង​អាក្រក់​ដែរ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ជា​ជួរ​កងកម្លាំង​ប្រដាប់អាវុធ​ត្រូវធ្វើ​អ្វី​ជា​គំរូ​ដល់​សង្គម​។ ​កាលពី​សម័យ​សង្គមរាស្ត្រនិយម​កាលណា​គេ​និយាយ​ថា កងទ័ព​គឺជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​​គឺ​គេ​គោរព​ស្រឡាញ់​ប្រជាពលរដ្ឋ​ណាស់ ហើយ​ជួយ​ប្រជាពលរដ្ឋ​មិនមែន​តាំង​ខ្លួនឯង​ជា​ម្ចាស់​ប្រជាពលរដ្ឋ​ទេ​»៕