ភ្នំពេញៈ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដែល​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​បាន​ចាប់ផ្ដើម​ស៊ើបអង្កេត​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​ការរួម​គំនិត​រំលោភ​យក​ដី​រដ្ឋ និង​អំពើ​បំពាន​អំណាច​ប្រព្រឹត្ត​ដោយ​មន្ត្រី​នៅក្នុង​រាជរដ្ឋាភិបាល​។

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​រូបនេះ​បាន​ឲ្យ​ដឹងថា ក្រុមការងារ​របស់​លោក​កាលពី​ម្សិលមិញ​បាន​ចាប់ផ្ដើម​ស៊ើបអង្កេត​ភាពមិនប្រក្រតី​ចំនួន​ ១៧ ដែល​ទទួលបាន​ពី​ពលរដ្ឋ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ចំនួន​ ១០ ​ខេត្ត​ហើយ​ការស៊ើបអង្កេត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ១២ ខែ​តុលា ឆ្នាំ​ ២០១៩​។

លោក វឌ្ឍនាសាប៊ុង បាន​ឲ្យ​ដឹងថា​ភាពមិនប្រក្រតី​ចំនួន​ ១៧ ករណី​នោះ​គឺ​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន ជិះជាន់ ភូតកុហក​ថ្នាក់ដឹកនាំ រួមគំនិត​យក​ដី​រដ្ឋ អំពើ​បំពាន​អំណាច និង​ភាព​អសកម្ម​របស់​មន្ត្រី​អ្នកមាន​អំណាច និង​អ្នកធំ​។

វឌ្ឍនាសាប៊ុង ថ្លែងថា​៖ «​រឿងនេះ​វា​ពុំ​ងាយស្រួល​នោះ​ទេ ព្រោះ​គ្រប់​ករណី​នីមួយៗ​សុទ្ធសឹង​ចុះ​ដល់​មូលដ្ឋាន​ដាច់​ស្រយាល និង​ឆ្លងកាត់​ឧបសគ្គ​។ ប៉ុន្តែ​យើង​ចុះ​នេះ​គឺ​មាន​លិខិត​បញ្ជា​បេសកកម្ម​ពី​រដ្ឋាភិបាល​ត្រឹមត្រូវ​ហើយ​ខ្ញុំ​យល់ថា បើ​យើង​ខ្លាច​ស្លាប់​ដដែល​មិន​បាច់​មក​ធ្វើការ​បម្រើប្រជាជន​ទេ​មិនបាច់​មក​ធ្វើការ​បោសសម្អាត​មន្ត្រី​ពុករលួយ​ក្នុងសង្គម​ខ្មែរ​ដែរ​»​។

លោក វឌ្ឍនាសប៊ុង បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ធ្វើការ​សិក្សា​រយៈពេល​ ៩ ​ថ្ងៃ​នៅក្នុង​ ១០ ​ខេត្ត​នេះ​ក្នុង​រយៈពេល ២១ ​ថ្ងៃ​ទៀត​គណបក្ស​ខ្មែរ​ក្រោក​នឹង​ធ្វើ​ការប្រមូល​អង្គហេតុ អង្គសេចក្ដី​ដែល​ប្រមូល​បាន​យក​ទៅ​ផ្ទៀងផ្ទាត់​ និង​អង្គច្បាប់ ដើម្បី​រៀបចំ​របាយការណ៍​ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​សម្រេច​។

លោក វឌ្ឍនាសាប៊ុង ថ្លែងថា​៖ «​បើ​រកឃើញ​ខុស​ប្រាប់ថា​ខុស បើ​រកឃើញ​ត្រូវ​ថា​ត្រូវ​ព្រោះ​របាយការណ៍​នីមួយៗ​មុន​នឹង​ឆ្លង​ទៅដល់​សម្ដេច​តេជោ ឆ្លងកាត់​ការសិក្សា​មួយ​តង់​ទៀត​ពី​លេខាធិការដ្ឋាន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​។ របាយការណ៍​ដែល​យើង​រកឃើញ​ទៅ​សិក្សា​បន្តទៀត ហើយ​ផុតពី​ហ្នឹង​បាន​បញ្ចូល​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​មួយតង់​ទៀត​បាន​ន័យ​ថា​របាយការណ៍​នីមួយៗ បើ​ឈរលើ​គោលការណ៍​សុក្រឹត​មិន​លម្អៀង​គឺ​វាយតម្លៃ​រហូត​ទៅដល់ ៣ ​ស្ថាប័ន​»​។

លោក ​ម៉ៅ ​ឌុង ពី​នាយករដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ​បាន​ថ្លែងថា រដ្ឋបាលខេត្ត​ស្វាគមន៍​ចំពោះ​ការចុះ​បេសកកម្ម​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ឲ្យ​តែ​គោរព​ទៅតាម​ច្បាប់​ដោយ​មិន​បម្រើ​ឲ្យ​ផលប្រយោជន៍​បក្ស​របស់​ខ្លួន​។ ទោះយ៉ាងណា​លោក​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គួរ​ស្វែងរក​យន្តការ​របស់​អាជ្ញាធរ​ក្នុង​ការដោះស្រាយ​ជូន​ពួកគាត់​។

លោក​ថ្លែង​ថា​៖ «​ការងារ​តវ៉ា និង​ជម្លោះ​ខ្លះៗ​នៅក្នុង​ខេត្ត វា​តែងតែ​មាន​ហើយ​។ ដូច្នេះ​ក្នុង​នាម​អាជ្ញាធរ​គឺ​ពឹង​ទៅលើ​​ថ្នាក់ជាតិ​ហ្នឹង​ហើយ ព្រោះ​គាត់​មាន​សមត្ថកិច្ច ហើយ​រឿង​ខ្លះ​អាច​ថា ថ្នាក់ក្រោម​ជាតិ​ដោះ​មិន​បាន​មាន​តែ​ពឹង​ទៅលើ​រចនាសម្ព័ន្ធ​ថ្នាក់ជាតិ​ដែល​មាន​ស្ថាប័ន​ផ្សេងៗ​»​។

លោកស្រី ធីម ណារិន មន្ត្រី​សម្របសម្រួល​អង្គការ​សមាគម​អាដហុក ប្រចាំ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិល​ថា បើសិន​ជា​គណបក្ស​នេះ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​មែន​នោះ វា​គឺជា​ការល្អ​សម្រាប់​សង្គម​សម្រាប់​ប្រជាពលរដ្ឋ​។ លោកស្រី​ស្នើ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​គួរ​មាន​ឆន្ទៈ​ពិត​ជួយ​រដ្ឋាភិបាល​៕