ស្ទឹងត្រែងៈ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់​របស់​រាជរដ្ឋាភិបាល​កាលពី​ដើម​សប្តាហ៍​នេះ​បាន​បញ្ចេញ​នូវ​ឯកសារ​ ២ របស់​លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ស្ទឹងត្រែង​ដែល​បាន​យក​សម្ភារ​របស់​ពលរដ្ឋ​រងគ្រោះ​ម្នាក់​ដោយ​ខុសច្បាប់​ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​កាលពី​អំឡុង​ឆ្នាំ​ ២០១៣​។

ឯកសារ​នៃ​ការ​រឹបអូស​យក​សម្ភារ​ដោយ​ខុសច្បាប់​របស់​លោក វ៉ាន់ឌី ត្រូវបាន​បញ្ចេញ​បន្ទាប់ពី​មាន​ការស៊ើបអង្កេត​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ក្រោយពី​ទទួល​បាន​បណ្ដឹង​ពី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ សែ ម៉េងជា រស់នៅ​ក្នុង​ភូមិ​កណ្ដាល ឃុំ-ស្រុក ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។

លោក សែ ម៉េងជា ជា​ម្ចាស់ផ្ទះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា សម្ភារ​ដែល​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បាន​ដកហូត​ពី​ផ្ទះ​របស់​លោក​ដោយ​ខ្លះ​មិន​បាន​ចុះ​ក្នុង​កំណត់ហេតុ​ក្នុង​អំឡុង​ឆ្នាំ​ ២០១៣ គឺ​មាន​រថយន្ត​ជិត ១០ ​គ្រឿង ម៉ូតូ​ចំនួន ១៤ គ្រឿង ​រួមទាំង​ឯកសារ​ជំពាក់​ប្រាក់ និង​សម្ភារ​នៅក្នុង​ផ្ទះ​​ទាំងស្រុង​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​ ២០ ម៉ឺន​ដុល្លា​។ ប៉ុន្តែ​លោក​អះអាង​ថា​ទំហំ​ទឹកប្រាក់​ដែល​នៅ​សល់​មិនទាន់​បាន​ទទួល​ប្រមាណ​ជាង​ ៦ ​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។

លោក ម៉េងជា បាន​អះអាង​ថា​ការដកហូត​ទ្រព្យសម្បត្តិ​របស់​លោក​បាន​ធ្វើឡើង​ក្រោយពី​អាវុធហត្ថ​ខេត្ត​បាន​ចុះ​ឆែកឆេរ​ដោយ​បាន​ចោទប្រកាន់​ពី​ការផ្តល់​ទីតាំង​ប្រព្រឹត្ត​ល្បែងស៊ីសង ហើយ​តុលាការ​ខេត្ត​បាន​ឃុំខ្លួន​លោក ៧ ​ខែ និង​ប្រពន្ធ​លោក ១ ​ខែ​រហូត​សាលាឧទ្ធរណ៍​បាន​សម្រេច​លើកលែង​ការចោទប្រកាន់​ក្រោយ​មាន​ការ​មិន​សុខចិត្ត និង​ប្តឹង​ទាស់​។

លោក ម៉េងជា បាន​ថ្លែង​ថា​៖ «​ពេល​នោះគេ​ចុះមក​ភ្លាមៗ មក​ប្រមូល​សម្ភារ​នៅក្នុង​ផ្ទះ​ទាំងអស់​ទាំង​ដែល​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​»​។

លោក ម៉េងជា បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ក្រោយមក​ពេល​ខ្ញុំ​ចេញពី​ពន្ធនាគារ​វិញ ខ្ញុំ​ក៏​ស្វែងរក​អន្តរាគមន៍​ដល់​អ្នកធំៗ និង​ស្ថាប័ន​ជាច្រើន​រហូត​ទៅដល់​លោក សៅ សុខា ​ទៀត​។ ក្រោយមក​លោក អៀង វ៉ាន់ឌី បានប្រគល់​ឲ្យ​ខ្ញុំ​តែ ៥ ​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។ ខ្ញុំ​មិនដឹង​ទៅរក​ឯណា​ទៀត​ទេ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ចេញ​លិខិត​ប្រគល់​ឲ្យ​ខ្ញុំ​ដល់​ទៅ​ ២ ​លើក តែ​មេបញ្ជាការ​រូបនោះ​នៅ​តែ​មិន​អនុវត្តតាម​»​។

យោងតាម​លិខិត​ចំនួន​ ២ ​ច្បាប់​ដាច់​ដោយឡែក​ពីគ្នា​ចុះ​កាលពី​ឆ្នាំ​ ២០១៦ និង​ឆ្នាំ​ ២០១៨ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ.ប.ព​) បាន​ដាក់​ជូន លោក អៀង វ៉ានឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បាន​អះអាង​ថា​កាលពី​អំឡុង​ខែ​តុលា​ឆ្នាំ ២០១៣ កម្លាំង​កងរាជ​អាវុធហត្ថ​បាន​ចុះទៅ​ឆែកឆេរ​ផ្ទះ (​ហាង​កាហ្វេ​) ដោយ​បាន​ចាប់យក​វត្ថុតាង​មួយ​ចំនួន​ក្នុង​នោះ​វត្ថុតាង​មួយ​ចំនួន​បាន​ធ្វើ​កំណត់ហេតុ​ត្រឹមត្រូវ​ដោយឡែក​វត្ថុតាង​មួយ​ចំនួន​ទៀត មិន​បានធ្វើ​កំណត់ហេតុ​នោះ​ទេ បើទោះ​ជា​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​សរសេរ​កំណត់​ហេតុ​​ក៏ដោយ​។

លិខិត​នោះ​អះអាង​បន្តថា ចំណែក​វត្ថុតាង​មិនបាន​កត់ចូល​ក្នុង​កំណត់ហេតុ ហើយ​មិនបាន​ប្រគល់​ត្រឡប់​ឲ្យ​ម្ចាស់​ដើម​វិញ​មាន​ដូចជា ប្រាក់​ដុល្លារ​ ១៧០០ ​ដុល្លារ ប្រាក់រៀល ៣០ ​លាន​រៀល ម៉ូតូ​ចំនួន​ ២ ​គ្រឿង​ជាដើម​។

យោងតាម​លិខិត​លើក​ទី​ ២ ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជូន​លោក អៀង វ៉ាន់ឌី នៅ​ថ្ងៃទី​ ២ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ បាន​ឲ្យ​ដឹងថា​លោក​ អៀង វ៉ាន់ឌី មិន​បាន​អនុវត្ត​ប្រគល់​សម្ភារ​ដែល​បាន​យក​ដោយ​ខុស​ច្បាប់​ជូន​លោក សែ ម៉េងជា វិញ​ទេ​។

យោង​តាម​លិខិត​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ករណី​មិន​អនុវត្ត​លិខិត​លេខ​របស់ អ.ប.ព មិនមែន អ.ប.ព មិន​បាន​ទទួល​ព័ត៌មាន​ពី​ទីនោះ​ដែល​លោក មេបញ្ជាការ​បាន​អះអាង​ថា នៅ​ស្រុក​ខ្មែរ​មានតែ​មនុស្ស​ ៣ ​នាក់​គត់​ដែល​លោក​ខ្លាចក្រែង​ទី​ ១ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ទី​ ២ លោក​ គិត ម៉េង និង​ទី​ ៣ លោក សៅ សុខា ក្រៅពី​នោះ​លោក​មិន​ខ្លាច​អ្នកណា​ទាំងអស់​»​។

លិខិត​នេះ​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ការនិយាយ​បែប​នេះ​គឺ​ធ្វើឲ្យ​ខូចខាត​កិត្តិយស​ដល់​ថ្នាក់ដឹកនាំ​នៅ​ទីនេះ​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សូម​បញ្ជាក់​ថា​កន្លង​មក​លោក សៅ សុខា ធ្លាប់​បាន​ទុក​ឱកាស​ឲ្យ​លោក​មេបញ្ជាការ​កែតម្រូវ​ចំណុច​ខ្វះខាត និង​ពង្រឹង​សមត្ថភាព​ការងារ​ឲ្យ​ប្រសើរ​ជាង​ទង្វើ​ដែល​បាន​អនុវត្ត​ឆ្គាំឆ្គង​ដែល​មិន​យក​មូលដ្ឋាន​ច្បាប់​ជា​គោល ហើយ អ.ប.ព នៅ​តែ​បន្ត​រង់ចាំ​មើល​ការផ្លាស់ប្តូរ​ឥរិយាបថ​ការងារ​របស់​លោក​មេបញ្ជាការ​មុន​នឹង​សម្រេច​នីតិវិធី​បន្ត​»​។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

ខណៈ​លោក អៀង វ៉ាន់ឌី ក៏​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ដែរ​កាលពី​ម្សិលមិញ ប៉ុន្តែ​បុរស​ដែល​លើក​ទូរស័ព្ទ​អះអាង​ថា ជា​អ្នកបើក​ឡាន​បាន​ឲ្យ​ដឹងថា​លោក អៀង វ៉ាន់ឌី បាន​ចូល​វះកាត់ និង​សម្រាក​នៅ​មន្ទីរពេទ្យ​។

អ្នកបើកបរ​បាន​ឲ្យ​ដឹងថា​៖ «​សុំទោស ខ្ញុំ​តៃកុង​ឡាន​គាត់​ទេ​។ គាត់​នៅក្នុង​មន្ទីរពេទ្យ គាត់​ឈឺ គាត់​វះកាត់​ខ្ញុំ​មិន​ដឹង​ទេ​»​។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដែល​កំពុង​ស្រាវជ្រាវ​ករណី​នេះ ដើម្បី​ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ចន្ទ​ថា លោក អៀង វ៉ាន់ឌី បាន​ប្រើ​អំណាច​ខុសច្បាប់​ក្នុង​ការរឹបអូស​ទ្រព្យសម្បត្តិ ចាប់​ជនរងគ្រោះ និង​ភរិយា​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ និង​មិន​គោរព​តាម​លិខិតគតិយុត្ត​របស់​តុលាការ​ថែម​ទាំង​បិទបាំង​ភ័ស្តុតាង​ផងដែរ​។

លោក វឌ្ឍនាសាប៊ុង បាន​អះអាង​ទៀត​ថា​មេបញ្ជាការ​រូប​នេះ​មាន​ភាព​អសកម្ម​ក្នុងការ​អនុវត្តតាម​សេចក្ដី​ជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​បញ្ជា​ឲ្យ​មេបញ្ជាការ​រូបនេះ​ប្រគល់​ទ្រព្យសម្បត្តិ​ឲ្យ​ជនរងគ្រោះ​វិញ​។

លោក វឌ្ឍនាសាប៊ុង ថ្លែងថា​៖ «​ករណីនេះ​យើងខ្ញុំ​ចាត់ទុក​ជា​ករណី​ពិសេស​បំផុត ព្រោះ​មេបញ្ជាការ​រូបនេះ​តែង​យក​ឈ្មោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ទៅធ្វើ​រឿង​មិន​គប្បី ហើយ​លោក​មេបញ្ជាការ​រូបនេះ​ក៏​មាន​ពាក់ព័ន្ធ​ និង​ករណី​ផ្សេងទៀត​ផង​ដែរ​ដែល​មាន​លក្ខណៈ​ស្រដៀង​នេះ​ជាច្រើន​ទៀតផង​»​។

កាលពី​អំឡុង​ខែ​ មិថុនា ឆ្នាំ ២០១៦ លោក អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រូបនេះ​ធ្លាប់​ត្រូវបាន​លោក​ សៅ សុខា ចេញ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​ផ្នែក​វិន័យ​ម្តង​រួច​មកហើយ ដោយសារ​តែ​មាន​កំហុស​ខុសឆ្គង​ក្នុង​ការបំពេញ​ប្រតិបត្តិការ​តួនាទី ភារកិច្ច ហើយ​បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​រូបនេះ​ប្រគល់​វត្ថុតាង​ឲ្យ​ឈ្មោះ សែ ម៉េងជា វិញ​ផងដែរ​។

លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ដែល​បាន​ទទួល​ពាក្យបណ្តឹង​នេះ​ពី​ជនរងគ្រោះ​នឹង​ធ្វើ​ការ​តាម​វិជ្ជាជីវៈ​របស់ខ្លួន ដើម្បី​ផ្តល់​ភាពត្រឹមត្រូវ​ដល់​ជនរងគ្រោះ ព្រោះ​ថា​បើ​ករណីនេះ​ជា​រឿង​បុគ្គល​ប្រព្រឹត្ត​កំហុស​គឺ​ត្រូវ​តែ​អនុវត្ត​ទៅតាម​ច្បាប់ ដោយ​មិន​មាន​ការយោគយល់ ឬ​ខ្លាចរអា​។ ​

លោក សុខា ថ្លែងថា​៖ «​ជាមួយ​បញ្ហា​មិន​ខ្លាច​អ្នកនេះ​មិន​ខ្លាច​អ្នកនោះ ខ្ញុំ​ក៏​មិនដឹង​ដែរ ព្រោះ​ខ្ញុំ​ក៏​ពលរដ្ឋ​ម្នាក់​ដែរ រស់នៅក្នុង​ប្រទេស​មាន​ច្បាប់​ដែល​តម្រូវ​ឲ្យ​គោរព​ទាំងអស់គ្នា​។ បើ​យើង​ធ្វើ​ខុសត្រូវ​ទទួលទោស​តាមច្បាប់​ទៅ ហើយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក​មាន​សិទ្ធិ​របស់​លោក​ពិនិត្យ​មើល​អំពើពុករលួយ អ្នកប្រព្រឹត្ត​អំពើពុករលួយ លោក​មាន​សិទ្ធិ​ចាប់​តើ​ផ្អែក​លើ​ភ័ស្តុតាង​ទៅ​។ មិន​ទៅ​ភ័យ​អី ព្រោះ​មិនមែន​អង្គភាព​ទាំងមូល​នាំគ្នា​ទៅធ្វើ​ណា​? បុគ្គល​ណា​ធ្វើ​ខុស ត្រូវ​បុគ្គល​ហ្នឹង​ទទួល​ខុសត្រូវ​តាម​ច្បាប់​ទៅ​»៕