ភ្នំពេញ: លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា IDEA ត្រូវ​បាន​សាលាដំបូង​រាជធានី​​ភ្នំពេញ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​សាក្សី​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ខណៈ​អង្គការ​មួយ​អំពាវនាវ​ឲ្យ​មាន​ការដោះលែង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​គម្រប់​ខួប​ ១ ​ឆ្នាំ​នៃ​ការចាប់​ខ្លួន​របស់​លោក​។

លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះហៅ​លោក វន់ ពៅ កាលពី​ថ្ងៃទី​ ២៨ ខែ​សីហា​ថ្មីៗ​នេះ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​សាក្សី​នៅ​ព្រឹក​ថ្ងៃទី​ ១០ ខែ​កញ្ញា​ខាង​មុខ​នេះ​។ ការកោះ​ហៅ​នេះ​គឺ​ដើម្បី​បំភ្លឺ​ករណី​ចោទប្រកាន់​លោក កឹម សុខា បទ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​»​។

លោក វន់ ពៅ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​លោក​បាន​ទទួល​ដីកា​​នោះ​ហើយ ដោយ​លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​កាលកំណត់​។ ទោះ​យ៉ាង​ណា​លោក​ថា លោក​មិន​អាច​រំពឹង​គិត​មុន​ថា តើ​តុលាការ​នឹង​សួរ​លោក​ពី​បញ្ហា​​អ្វី​ទេ ខណៈ​លោក​មិន​ដឹង​មូលហេតុ​​នៃ​ការកោះហៅ​ផង​នោះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​បាន​តុលាការ​កោះហៅ​ខ្ញុំ​ធ្វើជា​សាក្សី​?» ។

កាលពី​ដើម​ខែ​មករា​ឆ្នាំ​ ២០១៤ មាន​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​ឱ្យ​ដល់​ ១៦០ ​ដុល្លារ​នៅ​តាម​ផ្លូវ​វេងស្រេង ខណៈ​ពេល​នោះ​ប្រាក់ខែ​កម្មករ​មាន​តែ​​ ៩៥ ​ដុល្លារ​។

ប៉ុន្តែ​បាតុកម្ម​នោះ​បាន​ឈាន​ដល់​ហិង្សា ដុត​ឡាន វាយកម្ទេច​ទ្រព្យសម្បត្តិ​មួយ​ចំនួន ហើយ​មាន​កម្មករ​យ៉ាង​តិច​ ៤ ​នាក់​បាន​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន​។ បាតុកម្ម​នោះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ថា កើតឡើង​​ដោយ​មាន​ការជំរុញ​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា​ជា​រូបភាព​នៃ​បដិវត្តន៍​ពណ៌​។

លោក វន់ ពៅ បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​បាន​នៅក្នុង​ក្បួន​បាតុកម្ម​នោះ​ទេ ប៉ុន្តែ​លោក​ថា​បាន​ឃ្លាំមើល​នៅ​​មុខ​រោងចក្រ​យ៉ាក់ជីង​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​តាម​ផ្លូវ​ជាតិ​លេខ​ ៤​។​ លោក​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​នឹង​បាតុករ​ ២២ ​នាក់​ផ្សេង​ទៀត ហើយ​លោក​ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ ៤ ​ឆ្នាំ​កន្លះ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ​ក្រោយ​ពេល​ជាប់​ពន្ធនាគារ​បាន​ ៥ ​ខែ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​បាន​ទៅ​ធ្វើ​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​ទេ​។ ខ្ញុំ​គ្រាន់តែ​បាន​ឃ្លាំ​មើល​បាតុកម្ម​នៅ​រោងចក្រ​យ៉ាក់ជីង​តាម​ផ្លូវ​ជាតិ​លេខ ៤​។ បាតុកម្ម​នៅ​យ៉ាក់ជីង​គឺ​នៅ​ថ្ងៃទី​ ២ មករា ​២០១៤ ​ចំណែក​នៅ​ផ្លូវ​វេងស្រេង​គឺ​ថ្ងៃទី​ ៣ ​មករា​​ក្រោយ​ពេល​ត្រូវ​គេ​ចាប់​ខ្លួន​ខ្ញុំ​»​។

ទាក់ទិន​នឹង​ករណី​លោក កឹម សុខា នេះ​ដែរ​កាលពី​ម្សិលមិញ អង្គការ​មួយ​ឈ្មោះ​ថា សហព័ន្ធ​អន្តរជាតិ​សម្រាប់​សិទ្ធិមនុស្ស​ (FIDH) ​បាន​ចេញ​សេចក្តី​ប្រកាស​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ​​ខណៈ​លោក​បាន​ជាប់​ឃុំ​គម្រប់​ ១ ​ឆ្នាំ គិត​ពី​ពេល​ចាប់​ខ្លួន​កាលពី​រំលង​អធ្រាត្រ​​ឈាន​ថ្ងៃទី​ ៣ ខែ​កញ្ញា ឆ្នាំ​មុន​។

អ្នកស្រី Debbie Stothard អគ្គលេខាធិការ​អង្គារ FIDH បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ដើម្បី​ដក​គាត់​ និង​បក្ស​របស់​គាត់​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ​កាលពី​ពេល​ថ្មីៗ​នេះ​គាត់​កំពុង​ត្រូវ​បាន​បន្ត​ការឃុំ​ឃាំង​ដើម្បី​តម្កល់​សម្រាប់​ការចរចា​ចៀសវាង​ទណ្ឌកម្ម​អន្តរជាតិ​។ ​ការបន្ត​ឃុំ​ខ្លួន​លោក កឹម សុខា តាម​អំពើ​ចិត្ត​...​ត្រូវតែ​បញ្ចប់​ជា​បន្ទាន់​»​។

ប៉ុន្តែ​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​កាលពី​ម្សិលមិញ​ថា ការអំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា មិន​អាច​ទៅរួច​ទេ​ដោយសារ​តុលាការ​កម្ពុជា​ជា​ស្ថាប័ន​ឯករាជ្យ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ដើម្បី​ជួយ​ដល់​លោក កឹម សុខា មាន​តែ​ចូលរួម​ក្នុង​នីតិវិធី​តែ​ប៉ុណ្ណោះ​។ បាន​ន័យ​ថា​ធ្វើ​ម៉េច​ខិតខំ​ប្រមែប្រមូល​ភ័ស្តុតាង​ ឬ​​ក៏​សាក្សី ទឡ្ហីករណ៍​ផ្សេងៗ​ដើម្បី​ដោះ​បន្ទុក​គាត់​នៅ​ពេល​សវនាការ​។ អានេះ​ជា​មធ្យោបាយ​ដែល​ល្អ​បំផុត​»​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ពន្យារ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា រយៈពេល​ ៦ ​ខែ​ទៀត​ដើម្បី​បន្ត​ស៊ើបអង្កេត​លើ​បទ​ចោទ​ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ដែល​បទ​ចោទ​នេះ​ធ្វើឲ្យ​លោក កឹម សុខា ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​ ៣០ ​ឆ្នាំ​។

លោក ជិន ម៉ាលីន ថ្លែង​ថា​បើ​ទោះបី​ជា​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​បន្ត​ការឃុំ​ខ្លួន​ ៦ ​ខែ​ទៀត​ក៏ដោយ ក៏​លោក កឹម សុខា នៅ​តែ​អាច​បន្ត​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជាន់ខ្ពស់​ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន​៕