ភ្នំពេញៈ ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ព្រមានចាត់វិធាន​ការ​ផ្លូវ​ច្បាប់​ដល់​គ្រប់​បណ្ដា​មន្ទីរ​កសិក​ម្ម ​រុក្ខា​ប្រមាញ់​ និង​នេ​សាទ​ ​ក៏​ដូច​ជា​ការិ​យា​ល័យ​ផលិត​កម្ម ​និង​បសុ​ព្យា​បា​ល​រាជ​ធានី​-​ខេត្ត​ទាំងឡាយ​ណា ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ថ្លោធ្លោ​យ​នូវ​លំហូរ​ចរាចរណ៍​សត្វ​ជ្រូក​រស់​ ​និង​ផលិត​ផល​ជ្រូក​ខុស​ច្បាប់​គ្រប់​ប្រភេទ​ពី​ប្រទេស​ជិត​ខាង​ចូល​មក​កម្ពុជា​ ​ពិសេស​ពី​ប្រ​ទេស​វៀត​ណាម​ ​ដែល​មាន​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​ អាហ្រ្វិក។

យោង​សារាចរ​ណែ​នាំស្តីពី​ «​វិធាន​ការ​បន្ទាន់​ក្នុង​ការទប់​ស្កា​ត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ប៉េស្ត​ជ្រូក​»​ ​ចុះ​ថ្ងៃ​ទី​ ៣០ ​ខែ ​ឧសភា​ ឆ្នាំ​ ២០១៩​ ​និង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពីម្សិលមិញ​ បាន​ឲ្យ​ដឹង​ថា​ ​លោក​ ​វេង​ ​សាខុន ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ ​បាន​គូស​ប​ញ្ជាក់​ថា​ រហូត​មក​ទល់​​ពេល​នេះ ​ជំងឺ​ប៉េស្ត​ជ្រូក​ អាហ្រ្វិក​កំពុង​បន្ត​ឆ្លង​រីករាល​ដាល​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ​និងពិភព​លោក។

សារាចរដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​​នៅ​ប្រទេស​វៀត​ណាម​ ​មាន​ករណី​ផ្ទុះ​ជំងឺ​នេះ​នៅ​តាម​បណ្ដា​ខេត្ត​-​ក្រុង​ចំនួន ៣៨ ​ហើយ​ជ្រូក​ប្រមាណ​ ១,៥​ លាន​ក្បាល ​ត្រូ​វ​បាន​សម្លាប់​ចោល​ ​ចាប់​តាំង​ពី​មាន​ករណី​ផ្ទុះ​លើ​ក​ដំបូង​ ដែល​ត្រូ​វបាន​រាយ​ការណ៍​ជាផ្លូវ​ការ​នៅ​ថ្ងៃ​ទី ​១៩​ ខែ កុម្ភៈ ឆ្នាំ ​២០១៩។​

​នៅ​ក្នុង​សារាចរនោះលោក សាខុន ​បាន​បន្ថែម​ថា៖​ «នៅ​ប្រទេស​ វៀត​ណាម​ ជំងឺ​នេះ​បាន​ឆ្លងរាល​ដាល​យ៉ាង​ឆាប់​រហ័ស ​ចាប់​តាំង​ពី​តំបន់​ភាគ​ខាង​ជើង រហូត​​​មក​ដល់​ភាគ​កណ្ដាល ​និង​ថ្មីៗ​នេះ​ ​បាន​ឆ្លង​រាលដាលកា​ន់​តែ​ខ្លាំង​ឡើង​មក​ខេត្ត​ជា​ច្រើន​នៅ​ភាគ​ខាង​ត្បូង​ និង​ជា​ពិសេស​​​​​​នៅ​តាម​បណ្ដា​ខេត្ត​ ​ដែល​មាន​ព្រំប្រទល់​ជាប់​ជា​មួយ​ប្រទេស​ កម្ពុជា​ ដែល​ជា​សញ្ញា​ហានិ​ភ័យ​ខ្ពស់​ក្នុង​ការឆ្លង​រីករាល​ដាល​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ដល់​កម្ពុជា»។

លោក សាខុន​ បាន​ថ្លែង​នៅ​ក្នុង​សារាចរ​ថា ​ដើម្បី​ទប់​ស្កាត់​កា​រ​ឆ្លង​រាល​ដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​​ ​លោក​បាន​ដាក់​ចេញ​នូវវិ​ធាន​ការ​ ៨ ចំណុច​ ដែល​រួម​បញ្ចូល​ទាំង​ការ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​ដៃ​គូ​ជា​មួយ​បណ្ដា​ប្រទេស​ជិត​ខាង​នៅ​ក្នុ​ងតំ​បន់​ ដើម្បី​ផ្លាស់​ប្ដូរ​​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅមក ស្ដី​ពី​បច្ចុប្បន្ន​ភាព​នៃ​ជំងឺ​ប៉េស្តជ្រូកអាហ្រ្វិក​ និង​ផ្សព្វ​ផ្សាយ​អំពី​វិធានជី​វសុ​វត្ថិ​ភាព​នានា​ដល់​កសិករ​ ពាណិ​ជ្ជ​ករ​ ម្ចាស់​កសិ​ដ្ឋាន​ចិញ្ចឹ​ម​ជ្រូក​ ​និង​ម្ចាស់​សត្ត​ឃាត​ដ្ឋាន​ ចាប់​តាំង​​ពីទី​ជន​បទ​រហូត​ដល់​ទី​ប្រជុំ​ជន​រាជ​ធានី​-ខេត្ត​នៅទូ​ទាំង​ប្រទេស​ កម្ពុជា ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​រីក​រាល​នៃ​ជំងឺ​នេះ និងរួ​មគ្នា​ទប់​ស្កាត់​ការហូរ​ចូល​នៃ​សត្វ​​ជ្រូករស់​ និង​ផលិត​ផល​សាច់​ជ្រូក​ខុស​ច្បាប់​គ្រប់​ប្រភេទ​ពី​បណ្ដា​ប្រទេស​ជិត​ខាង​ ​ជា​ពិ​សេស​ពី​ប្រទេស ​វៀតណាម។

​ជា​មួយ​គ្នា​នេះ​ ​លោក​បាន​ព្រមាន​ផង​ដែរ​ថា​៖​ «​ក្នុង​ករណី​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​ ឬ​មាន​កា​រថ្លោះ​ធ្លោយ​ដោ​យ​ប្រកា​រ​ណា​មួយ​ មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមា​ញ់​ ​និង​នេសាទ​ ​ក៏​ដូច​ជា​ការិយាល័យ​ផលិត​កម្ម​ និង​បសុ​ព្យា​បាល​រាជធានី​-​ខេត្ត​នោះ ​នឹង​ទទួលខុស​ត្រូវ​ទាំង​ស្រុង​ ​ចំពោះ​មុខ​ក្រសួង​កសិ​កម្ម​ ​និង​ចំពោះ​មុ​ខ​ច្បាប់​ជាធរមាន»។

​យោង​​តាម​ការ​អះអាង​របស់​លោក​ ​តាន់​ ​ផាន់​ណា​រ៉ា ​អគ្គ​នាយ​ក​នៃ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ​ និង​ផលិតក​ម្ម​ស​ត្វ​​នៃ​​ក្រ​សួង​កសិក​ម្ម ​រុក្ខា​ប្រមាញ់​ ​និង​​​នេ​សាទ​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ​នៅក្នុង​ប្រ​ទេស​​កម្ពុ​ជា​ក៏​មាន​សេច​ក្ដី​រាយ​ការណ៍​អំពី​ការ​ផ្ទុះឡើ​ង​នៃ​ជំងឺ​ប៉េ​ស្តជ្រូក​អាហ្រ្វិក​​នេះ​ផងដែ​រ​ នៅ​ក្នុង​ខេត្ត​រតន​គិរី​ ​ ​ប៉ុន្តែ​​​ ​ត្រូ​វ​បាន​មន្ត្រី​ជំ​នាញ​បើក​យុទ្ធនាការ​ទប់​ស្កាត់​ទាន់​ពេល​វេលា ​ហើយ​បច្ចុប្ប​ន្ន​ ​ករណី​នេះ​ពុំ​មាន​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នោះ​ទេ៕ ​