ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ជំរុញ​ផលិតភាព​ និង​គុណភាព​វារីវប្បកម្ម​ក្នុង​ការឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ និង​កាត់បន្ថយ​ការនាំ​ចូល ក្នុង​ខណ:​ជំងឺ​ឆ្លង​កូវីដ ​១៩ កំពុង​រីករាលដាល​ជា​សកល​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​​ទី​ ១៤ ខែ ធ្នូ ឆ្នាំ​ ២០២០ នៅ​ក្រសួងកសិកម្ម​។

បើតាម​ទំព័រ​ហ្វេសប៊ុក​របស់លោក វេង សាខុន កិច្ចប្រជុំ​បន្ទាន់​នេះ​ក៏​ធ្វើឡើង​ដោយ​អនុវត្តតាម​ប្រសាសន៍​ណែនាំ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​បានចាត់ទុក វិស័យ​កសិកម្ម​ជា​ជីពចរ​របស់​ពលរដ្ឋ​កម្ពុជា​។

ដើម្បី​បង្កើត​បរិមាណ និង​គុណភាព​នៃ​វារីវប្បកម្ម លោក​​រដ្ឋមន្ត្រី​កសិកម្ម​បាន​ប្រាប់​ឱ្យ​រដ្ឋបាល​ជលផល​សហការ​ជាមួយ​សមាគម​វារីវប្បករ​កម្ពុជា ដើម្បី​វាយតម្លៃ​ឱ្យ​បាន​ច្បាស់លាស់​អំពី​សមត្ថភាព​ផលិត ផ្គត់ផ្គង់​ក្នុងស្រុក និង​តម្រូវ​ការបន្ថែម​ដោយ​ប្រើ​យន្តការ​ចុះ​ស្រង់​ស្ថិតិ​កសិដ្ឋាន​ចិញ្ចឹម កន្លែង​ចិញ្ចឹម និង​បណ្តុំ​អាជីវកម្ម​ផ្សេងៗ​ទៀត​រួច​កំណត់​ចេញ​អំពី​បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​ច្បាស់លាស់​។

លោក​ជំរុញ​ឱ្យ​រដ្ឋបាល​ជលផល​ពង្រឹង និង​ពង្រីក​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស បែបបទ​រដ្ឋបាល និង​ឯកសារ​គតិយុត្ត​ដែលមាន​ស្រាប់​ដល់​សមាជិកសមាគម​វារីវប្បកម្ម​កម្ពុជា ព្រមទាំង​ពង្រឹង​ការងារ​ទប់ស្កាត់​បទល្មើស​នាំចូល​ផល​វារីវប្បកម្ម ដោយ​ត្រូវ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​សមាគម​។

រដ្ឋបាល​ជលផល​ក៏ត្រូវ​ជួយ​រៀបចំ​ចងក្រង​បណ្តុំ​អាជីវកម្ម ឬ​បណ្តាញ​ចិញ្ចឹម ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​បរិមាណ​ផលិត និង​តម្រូវការ ព្រមទាំង​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​អំពី​បច្ចេកទេស​ចិញ្ចឹម និង​ការកែច្នៃ​បច្ចេកទេស​ចិញ្ចឹម​ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព វិបុលភាព និង​និរន្តរភាព​នៃ​វិស័យ​វារីវប្បកម្ម​កម្ពុជា​ក្នុងពេល​អនាគត​ដ៏ខ្លី​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​សមាគម​វារីវប្បករ​កម្ពុជា​ឱ្យ​រួមសហការ​គ្នា​ក្នុង​រង្វង់​សមាគម បង្កើន​ផលិតភាព​ផលិតកម្ម​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ បង្កង កន្ធាយ និង​កង្កែប​ទាំង​បរិមាណ និង​គុណភាព​ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក និង ធ្វើការ​កាត់បន្ថយ​ការនាំ​ចូល​។

សម្រាប់​សមាគម​វារីវប្បករ​កម្ពុជា លោក​ណែនាំ​ឱ្យ​សមាគម​នេះ​រៀបចំ​បណ្តុំ ឬ​បណ្តាញ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ឱ្យបាន​ទូលំទូលាយ អនុវត្ត​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​ទាំង​កម្មវិធី​ផលិត​កូន កម្មវិធី​ចិញ្ចឹម និង​កម្មវិធី​ទីផ្សារ​។ សមាគម​ក៏ត្រូវ​សាមគ្គី​គ្នា​អនុវត្ត​បែបបទ​បច្ចេកទេស​រដ្ឋបាល និង​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ឆ្លើយតប​តាម​ស្តង់ដា​ផលិត ដែលជា​ឱកាស​ដ៏ល្អ​សម្រាប់​ការប្រកួត​ប្រជែង​។

លោក វេង សាខុន មាន​ប្រសាសន៍​ថា​៖ «[​សមាគម​ត្រូវ​] ​កាត់បន្ថយ​ភាពអសកម្ម បង្កើន​សកម្មភាព​ជំរុញ លើកទឹកចិត្ត គាំទ្រ និង​ផ្សព្វផ្សាយ​អំពី​តម្រូវការ​ទីផ្សារ បរិមាណ និង​តម្លៃ​ក្នុង​រង្វង់​សមាគម​ឱ្យបាន​ទូលំទូលាយ​។ [​សមាគម​] ​ត្រូវ​សហការ​គ្នា​ឱ្យបាន​ល្អប្រសើរ​ជាមួយ​រដ្ឋបាល​ជលផល ដើម្បី​លើកស្ទួយ​វិស័យ​វារីវប្បកម្ម​កម្ពុជា និង​ចូលរួម​ទប់ស្កាត់​បទល្មើស​នាំចូល​ផល​​វារីវប្បកម្ម​ខុសច្បាប់​តាម​គ្រប់​រូបភាព​»​។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា​បាន​ថ្លែង​បន្ទាប់ពី​ជួប​ជាមួយ​លោក វេង សាខុន ថា​កិច្ចប្រជុំ​បន្ទាន់​ពី​ម្សិលមិញ​ក៏​ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី​បាន​រអ៊ូរទាំ​អំពី​ការនាំ​ចូល​ត្រី​ពី​ខាងក្រៅ​ជាច្រើន​តោន ដែល​ធ្វើឱ្យ​ការលក់​ចេញ​ផលិតផល​ត្រី​របស់​ពួកគេ​ជួប​បញ្ហា​ប្រឈម​។

លោក​ថ្លែងថា​៖ «​ដោយសារ​មាន​ការចិញ្ចឹម​ផុសផុល​ច្រើន ហើយ​ប្រជាពលរដ្ឋ​មានការ​រអ៊ូរទាំ​អំពី​ការនាំ​ចូល​ត្រី​ប៉ះចំ​ត្រី​ដែល​យើង​មាន​ស្រាប់ គាត់​ស្នើឱ្យ​ខ្ញុំ​ក្នុងនាម​សមាគម ស្នើ​ទៅ​​រដ្ឋមន្ត្រី​ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​នាំចូល​ត្រី​ដែល​យើង​មាន​ស្រាប់ ដូចជា​ត្រីប្រា ត្រី​អណ្ដែង កង្កែប ជាដើម​»​។

លោក រ៉ាដែន បាន​រៀបរាប់​ថា សមាគម​របស់លោក​ទើបតែ​ចាប់ដំណើរការ​នៅ​ខែមិថុនា ២០២០ ដើម្បី​អភិវឌ្ឍ​វារីវប្បកម្ម​នៅ​កម្ពុជា​ដូចជា​ផលិត​ត្រី និង​សត្វ​ផ្សេងទៀត​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​អាច​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​នាពេល​អនាគត​។

លោក រ៉ាដែន បាន​ថ្លែងថា ចាប់តាំងពី​បង្កើត​មក​សមាគម​នេះ​មាន​សមាជិក​សកម្ម​ជាង​ ២០០ ដែល​អ្នក​ផលិត​កូន​ត្រី អ្នក​ចិញ្ចឹម​ត្រី និង​ផ្គត់ផ្គង់​ចំណី​ត្រី នៅក្នុង​ខេត្ត​ទាំង​ ៦ ជុំវិញ​បឹង​ទន្លេសាប​។ សមាគម​នេះ​ចងក្រង​អ្នក​ចិញ្ចឹម​ត្រី​ពិតប្រាកដ​ដើម្បី​ចែករំលែក​ព័ត៌មាន បទពិសោធ​នៃ​ការចិញ្ចឹម​ត្រី​ដែល​ធ្វើឱ្យ​ត្រី​មាន​សុខភាព​ល្អ ទទួលស្គាល់ និង​ទទួលយក​ពី​ទីផ្សារ​ក្នុងស្រុក​។

លោក​បញ្ជាក់ថា សមាគម​លោក​ធ្វើការ​លើ​បច្ចេកទេស និង​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា វា​ដល់​ពេលវេលា​ដែល​ត្រូវមាន​ការចាត់ចែង​ច្បាស់លាស់​លើ​វារីវប្បកម្ម​ហើយ ព្រោះ​បច្ចុប្បន្ន​កិច្ចសហប្រតិបត្តិការ​រវាង​ពលរដ្ឋ និង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​មាន​ដោយ​អន្លើ​ប៉ុណ្ណោះ​។

លោក​បាន​ថ្លែងថា​៖ «​ប្រសិនបើ​យើង​ចិញ្ចឹម​ក្នុងស្រុក ហើយ​បង្កើន​ឱ្យ​ទៅ​ជា​លក្ខណពិសេស​តាមរយៈ​បច្ចេកទេស​ចិញ្ចឹម​ការជំរុញ​របៀបរបប​នៃ​ការចិញ្ចឹម​ឱ្យ​ល្អ​ស្រប​តាម​បទដ្ឋាន​ជាតិ ខ្ញុំ​គិតថា​វា​ល្អ​ជាង​ការនាំ​ចូល​ពី​ក្រៅ​ស្រុក​ដែល​យើង​គ្រប់គ្រង​មិនបាន​។ ក្នុង​ ១ ​ថ្ងៃៗ​តម្រូវការ​ត្រី​សាច់​នៅក្នុង​ស្រុក​ច្រើនណាស់ ហើយ​កន្លងទៅ​ដូច​យើង​បានដឹង​ហើយ​ថា យើង​មាន​កង្វះខាត ហើយ​មាន​ការនាំចូល​សាច់ជ្រូក​ពី​ក្រៅ​»​។

លោក វណ្ណៈ បាន​ថ្លែង​ដោយ​លើកទឹកចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​កសិកម្ម​បន្ថែម​ការផ្សព្វផ្សាយ​បច្ចេកទេស​វារីវប្បកម្ម​ដល់​វារីវប្បករ​ឱ្យបាន​យល់​កាន់តែច្បាស់ និង​ធ្វើយ៉ាងណា​ឱ្យ​អ្នកប្រើប្រាស់​អាច​ទទួលស្គាល់​ផលិតផល​ទាំងនោះ​។ ការពង្រឹង​គុណភាព​ផលិតផល និង​ការទទួលស្គាល់​របស់​អ្នកប្រើប្រាស់​គឺជា​ការជំរុញ​ឱ្យ​វារីវប្បកម្ម​កាន់តែ​រីកចម្រើន និង​អាច​ទប់ស្កាត់​ការនាំ​ចូល​ពី​ខាងក្រៅ​បាន​៕