ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល ​២ ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី ១១ ដល់​ទី ១២ ខែ​តុលា ដោយ​លោក​នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ឧបនាយក​រដ្ឋមន្ត្រី​​ និង​ជា​​រដ្ឋមន្ត្រី​ការបរទេស ​ប្រាក់ សុខុន និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង។ នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស។

ក្រសួង​ការ​បរទេ​ស​​បញ្ជាក់​ថា លោក វ៉ាង យី នឹង​មាន​ជំនួប​ប្រជុំ​ផ្លូវ​ការ​ជាមួយ​លោក​ ប្រាក់ សុខុន ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ក្នុង​វិស័យ​​នានា ព្រម​ទាំង​បញ្ហា​តំបន់​ និង​អន្តរជាតិ​ ដែល​ជា​ប្រយោជន៍ និង​កង្វល់​រួម។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី នឹង​មាន​ពិធី​ចុះហត្ថលេខា​ លើ​ឯកសារ​សំខាន់​ចំនួន ៣ រួមមាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន លិខិត​​​ប្ដូរ​សារ​ស្ដីពី​ការ​សិក្សា​​លទ្ធភាព ​នៃ​​ការ​ទទួល​បាន​សមិទ្ធផល ​(សមិទ្ធលទ្ធភាព)​ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ និង​លិខិត​ប្ដូរ​សារ​ស្ដីពី​ការ​សិក្សា​សមិទ្ធលទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ។ ពិធី​ចុះហត្ថលេខា​​នេះ ​នឹង​ធ្វើ​ឡើង​ក្រោម​ការ​អញ្ជើញ​ធ្វើ​ជាសាក្សី​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រសួង​ការបរទេស​បញ្ជាក់​ថា៖ «ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​ឯក​ឧត្តម វ៉ាង យី មក​កាន់​កម្ពុជា​លើក​នេះ ​នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ចំណង​មិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់ សាមគ្គីភាព​ ភាតរភាព​ និង​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ចិន​ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជា​សកល​នៃ​ជំងឺ​កូវីដ ១៩ ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន»​។

ក្រសួង​ការបរទេស​ចិន បាន​បញ្ជាក់​កាល​ពី​ថ្ងៃទី ​៩​ ខែ​តុលា ​​ថា​ ​លោក វ៉ាង​ យី នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចំនួន ៤ សម្រាប់​​រយៈពេល ៥ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ​១១ រហូត​ដល់​​ថ្ងៃទី ​១៥ ​តុលា​ រួម​មាន​​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ឡាវ និង​ថៃ។ ថ្ងៃ​ចុង​ក្រោយ​លោក​នឹង​ប្ដូរ​ជើង​យន្តហោះ​នៅ​ប្រទេស​សិង្ហបុរី។

កាល​ពី​ថ្ងៃទី ៦​ ខែ​តុលា ​លោក​ឧបនាយក​រដ្ឋមន្ត្រី​​ ហោ ណាំហុង បាន​ដឹកនាំ​កិច្ច​ប្រជុំ​​សមាជិក​គណៈកម្មាធិការ​សម្របសម្រួល​​អន្ដររដ្ឋាភិបាល​កម្ពុជា-ចិន​ អំពី​ការ​អនុវត្ត​បញ្ជី​ការ​ងារ​បន្ទាន់​លើ​​ការ​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ការ​អភិវឌ្ឍ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ ​៧១ ​សេ ផ្លូវ៣១ ផ្លូវ​៣៣ និង​ផ្លូវ ​៤១ ការ​អភិវឌ្ឍ​ទំនើបកម្ម​កសិកម្ម​កម្ពុជា​។ ក្រៅ​ពី​នេះ​ ក៏​មាន​ការ​ពិនិត្យ​លើ​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​មហាផ្ទៃ​ជា​ពិសេស​បញ្ហា​សន្ដិសុខ បញ្ហា​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​បញ្ហា​សហប្រតិបត្តិការ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ បញ្ហា​ទាក់ទង​ផ្ទាល់​រវាង​ស្ថាប័ន​ផ្សេងៗ​ទៀត។​ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហោ ណាំហុង។

លោក​បន្ត​ថា កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី ​៦ តុលា ក៏​ពិនិត្យ​លើ​ការ​នាំ​កសិផល​កម្ពុជា​ច្រើន​មុខ​ទៅ​ចិន​ឱ្យ​បាន​ច្រើន​ក្នុង​ពេល​ឆាប់ៗ​ ជា​ពិសេ​ស​អង្ករ​ឱ្យ​បាន​គ្រប់​ចំនួន ​៤០ ​ម៉ឺនតោន និង​កសិផល​ជា​ច្រើន​ផ្សេង​ទៀត ​មាន​ដូច​ជា ចេក ស្វាយ ម្សៅ​ដំឡូងមី ទុរេន គ្រាប់​ស្វាយ​ចន្ទី កៅស៊ូ ស្ករ​ស មៀន​ប៉ៃលិន ម្រេច ដូង ផ្លែ​ស្រកានាគ និង​ទឹក​មាត់​ត្រចៀក​កាំ​ជា​ដើម​។

ដំណើរ​ទស្សនកិច្ច​របស់​លោក វ៉ាង យី នា​ពេល​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​មិន​សប្បាយ​​ចិត្ត​​​ពី​សំណាក់​មន្ទីរ​បញ្ចកោណ​របស់​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​មាន​ការ​រុះរើ​អគារ​ទីបញ្ជាការ​ជួរ​​មុខ​ដែល​ជួសជុល​ដោយ​សហដ្ឋ​អាមេរិក កាល​ពី​ខែ​មុន​ ចេញ​ពី​មូលដ្ឋាន​ទ័ព​រាម​ នៅ​ខេត្ត​ព្រះសីហនុ។ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ មន្ទីរ​បញ្ជកោណ​​មាន​ក្ដី​បារម្ភ​ថា ការ​រុះរើ​នេះ ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាត​ឱ្យ​មាន​​ធនធាន​យោធា​ចិន ​នៅ​មូលដ្ឋាន​ទ័ព​រាម។

ប៉ុន្តែ​កម្ពុជា​បាន​បញ្ជាក់​ច្បាស់​​ថា ការ​រុះរើ​នេះ គឺ​ដើម្បី​ទៅ​កន្លែង​ដែល​ទូលាយ និង​ដើម្បី​អភិវឌ្ឍ​ផែ​រាម ហើយ​កម្ពុជា​ស្វាគមន៍​ការ​ចូល​ចត​នៃ​នាវា​​ពី​គ្រប់​ប្រទេស​តាម​ការ​ស្នើសុំ។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​​នៃ​អតីត​គណបក្ស​ប្រឆាំង​ថ្លែង​ពី​ម្សិលមិញ​ថា បច្ចុប្បន្ន​នេះ មហា​អំណាច​ចិន និង​សហរដ្ឋ​អាមេរិក​ កំពុង​ប្រជែង​អំណាច​គ្នា​នៅ​តំបន់​អាស៊ី។ លោក​សង្កេត​ឃើញ​ថា ចិន​កំពុង​ប្រឹងប្រែង​ធ្វើ​កិច្ច​ការ​ទូត​នៅ​តំបន់​អាស៊ី ហើយ​ចិន​កំពុង​ប្រឹងប្រែង​យក​កម្ពុជា​ ជា​ចំណុច​យុទ្ធសាស្ត្រ​មួយ​ សម្រាប់​សមរភូមិ​ភូមិសាស្ត្រ​នយោបាយ ពី​ព្រោះ​ប្រទេស​ផ្សេង​ទៀត ​ដូច​ជា​ម៉ាឡេស៊ី ថៃ វៀតណាម​ ឥណ្ឌូនេស៊ី​ ភូមា ហាក់​ដូច​ជា​កៀក​​ទៅ​ខាង​អាមេរិក​ជាង។

លោក​ថ្លែង​បន្ត​​ថា៖ «​សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី បើ​ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​បើ​សិន​ជា​យើង​មាន​ជំហរ​នយោបាយ​ច្បាស់លាស់ ការ​ចុះ​ហត្ថលេខា​វា​ជា​រឿង​ចំណេញ​ទាំង​សង​ខាង គ្រាន់​តែ​ថា​ចំណេញ​តិច ​ឬ​ចំណេញ​ច្រើន ហើយ​អ្វី​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​​ ​គឺ​ការ​នាំចូល​ផលិតផល​ផ្សេងៗ​ពី​ប្រទេស​ចិន ព្រោះ​ប្រទេស​ចិន​នាំ​ចូល​របស់​ដែល​មិន​សូវ​មាន​គុណ​ភាព ជា​ពិសេស​របស់​ប្រើប្រាស់​មួយ​ចំនួន​​ប្រទេស​យើង​អាច​ក្លាយ​ជា​កន្លែង​សម្រាប់​របស់​ដែល​គេ​បោះចោល​ច្រើន។ ដូច្នេះ​បើ​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ យើង​អាច​នឹង​ចំណេញ ​បើ​មិន​ប្រយ័ត្ន​ប្រយែង​ទេ​ការ​ដោះដូរ​ពាណិជ្ជកម្ម​អាច​នឹ​ង​មាន​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​ដែរ»​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក គិន ភា ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ វ៉ាង យី ធ្វើ​ឡើង​ដោយ​ការ​ព្រៀង​ទុក​យូរ​ហើយ មិន​មែន​មក​កម្ពុជា​ដោយសារ​តែ​បញ្ហា​បារម្ភ​ពី​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​​មូលដ្ឋាន​ទ័ពរាម​នោះ​ទេ។ «យ៉ាង​ណា​ក៏​ដោយ​ដំណើរ​ទស្សនកិច្ច​នេះ​ដែល​គាត់​ចាប់​ផ្ដើម​ជាន់​ដី​កម្ពុជា​មុន​គេ គឺ​វា​បង្ហាញ​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​​ និង​ចិន កាន់​តែ​ស៊ី​ជម្រៅ​កាន់​តែ​ចាក់​ទឹក​មិន​លិច។

ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ យើង​មិន​គួរ​ភ្ជាប់​ដំណើរ​ទស្សនកិច្ច​នេះ​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​​ទេ។ ប៉ុន្តែ​ចង់​ឬ​មិន​ចង់ វា​គាប់​ជួន​គ្នា​នឹង​ការ​ចោទ​ប្រកាន់ ហើយ​លោក​ក៏​មក​ធ្វើ​ទស្សនកិច្ច»។ ទំនាក់​ទំនង​កម្ពុជា​ជាមួយ​ចិន​កាន់​តែ​ស្អិត​ល្មួត កាន់​តែ​ជិត​ស្និទ្ធ ខណៈ​ដែល​ទំនាក់​ទំនង​កម្ពុជា​​ជាមួយ​អាមេរិក ឬ​ជាមួយ​សហភាព​អឺរ៉ុប​ហាក់​ដូច​ជា​ថយ​ចុះ​ទៅ​វិញ។ ប៉ុន្តែ​គេ​មិន​គួរ​ប្រៀបធៀប​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ប្រទេស​​មួយ ទៅ​នឹង​ទំនាក់​ទំនង​របស់​កម្ពុជា​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ទេ​ ពី​ព្រោះ​ការ​វាយ​តម្លៃ​បែប​នេះ​មិន​សូវ​មាន​ភាព​វិជ្ជមាន​សម្រាប់​កម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក គិន ភា។

លោក​ថា៖ «កម្ពុជា​ត្រូវ​មាន​ទំនាក់ទំនង​ពហុភាគី​ជាមួយ​បណ្ដា​ប្រទេស​ទាំង​អស់​ទាំង​សហរដ្ឋ​អាមេរិក​ក្ដី ទាំង​ចិន​ក្ដី​ឱ្យ​តែ​គោរព​នូវ​ផលប្រយោជន៍​ គោរព​នូវ​អធិបតេយ្យ គោរព​បូរណភាពទឹក​ដី ឯករាជភាព​របស់​ផង​គ្នា​ទៅ​វិញ​ទៅ​មក ​គឺ​ជា​រឿង​ល្អ។ ប៉ុន្តែ​ក្នុង​ទំនាក់ទំនង​អន្តររដ្ឋ គេ​តែងតែ​គិត​ពី​ផលប្រយោជន៍​ជាតិ​រៀងៗ​ខ្លួន ហើយ​យើង​ត្រូវ​តែ​ធ្វើ​​ឱ្យ​មាន​តុល្យភាព​រវាង​ផល​ប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​តំបន់។ អ្នក​ណា​ក៏​គេ​លើក​តម្កើង​ផល​ប្រយោជន៍​ជាតិ​ខ្លួន​ឯង​ធំ​ដែរ»៕