ស្វាយរៀងៈ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះបង្គោល​​ព្រំដែន​កម្ពុជា-វៀតណាម ​បាន​ជួប​ជាមួយ​ភាគី​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ពិភាក្សា​អំពី​ការបោះ​តង់​របស់​ភាគី​វៀតណាម​នៅ​ព្រំដែន​មិនទាន់​ឯកភាព តែ​មិនទាន់​មាន​លទ្ធផល​​នៅឡើយ​។

ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​បាន​រៀបចំ​សណ្ដាប់ធ្នាប់ ការពារ​សុវត្ថិភាព​ជូន​គណៈប្រតិភូ​មួយ​ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រជុំ​ស្ដីពី​កិច្ចការងារ​ព្រំដែន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ម៉ុកបាយ​ស្ថិត​ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម​។

លោក វ៉ា គឹមហុង បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​យ៉ាងខ្លី​ថា កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម​អំពី​ការបោះតង់​នៅ​តាម​បណ្ដោយ​តំបន់​ព្រំដែន មិនទាន់​ឯកភាព​រវាង​កម្ពុជា និង​វៀតណាម​។

លោក​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀតថា​៖ «​អត់​មានអី​ទេ មាន​តែ​រឿង​បោះតង់​បោះ​អី​បន្តិចបន្តួច ខ្ញុំ​មិនទាន់​ចង់​និយាយ​រឿងនេះ​ទេ ដោយសារ​យើង​កំពុង​ចរចា​គ្នា​រឿងនេះ​»​។

កាលពី​សប្ដាហ៍​មុន​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​បាន​ថ្លែងថា តង់​ដែល​វៀតណាម​បោះ​មាន​ជាង ៤០ ​កន្លែង​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​លើ​ខ្សែ​ព្រំដែន​។ ទីតាំង​ទាំងនោះ​មិនមែន​ជា​ដី​វៀតណាម ហើយ​ក៏​មិនទាន់​ជា​ដី​កម្ពុជា ពេញលេញ​នោះដែរ ប្រទេស​ទាំង​ ២ ​ត្រូវ​បន្ត​ពិភាក្សា​រក​ចំណុច​ឯកភាព​បន្ត​ទៅទៀត​។

លោកស្រី​បន្តថា ក្រសួង​មហាផ្ទៃ​បាននិង​កំពុង​ធ្វើការងារ​នេះ ហើយ​រឿងនេះ​ជា​រឿង​ដែល​និយាយ​គ្នា​បាន​ជា​លក្ខណៈ​ទ្វេភាគី​មិនមែន​ជា​រឿង​ធំដុំ​ដោះស្រាយ​មិន​ចេញ ដែល​ចាំបាច់​ទៅរក​គេ​ជួយ​នោះទេ​។ កម្ពុជា​បានធ្វើ​ការតវ៉ា​តាមរយៈ​ក្រសួង​ការបរទេស​ ១ ​ដង​ជា​ ២ ​ដង​ទៅ​វៀតណាម​ហើយ ហើយ​វៀតណាម​ថា ពេល​ចប់​កូវីដ​១៩ គេ​នឹង​ដកតង់​ទាំងនោះ​ចេញ​។

លោកស្រី​ថ្លែងថា​៖ «​យើងខ្ញុំ ​និង​ថ្នាក់ដឹកនាំ​ព្រំដែន ជាពិសេស​សម្តេច​តេជោ បាន​ដាក់​ទាំង​ជីវិត​ដើម្បី​ការពារ​ទឹកដី​មួយ​នេះ​រហូតមក​។ ដូច្នេះ​គ្រប់​ដង្ហើម​ចេញចូល​របស់​ខ្ញុំ​មិន​ដែល​ភ្លេច​នូវ​កាតព្វកិច្ច​របស់ខ្លួន​ឡើយ គឺ​ការពារ​ឲ្យ​បាន​បូរណភាព​ទឹកដី និង​មិន​ឲ្យ​បរទេស​ណា​មក​បំពាន​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​បំពាន​ទឹកដី​គេ​វិញ​ដែរ​»​។

លោក គង់ សុភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មកទល់​ពេល​នេះ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​ពាក់ព័ន្ធ​នឹង​ការបោះតង់​របស់​វៀតណាម​នៅ​ព្រំដែន​មិនទាន់​ឯកភាព​ក្នុង​ខេត្ត​របស់លោក​។ លោក​បញ្ជាក់ថា តង់​ដែល​វៀតណាម​បាន​បោះ​នៅ​តាម​ព្រំដែន​មាន​សរុប ២៤ កន្លែង​នៅលើ​ព្រំប្រទល់​ជាង ២៩ គីឡូម៉ែត្រ​ជាមួយ​ខេត្ត​កណ្ដាល​។

ប៉ុន្តែ​ចំណុច​ដែល​មិនទាន់​ឯកភាព​មាន​ប្រវែង​ប្រមាណ​ជិត ១២ គីឡូ ដែល​នៅលើ​ទីតាំង​ទាំងនេះ វៀតណាម​បាន​សាងសង់​តង់​ចំនួន ៩ កន្លែង​។ ទោះយ៉ាងណា អាជ្ញាធរ​មូលដ្ឋាន​តាម​ព្រំដែន​ប្រទេស​ទាំង​ ២ ​បាន​ធ្វើ​ទំនាក់ទំនង​គ្នា​ជា​ញឹកញាប់​អំពី​បញ្ហា​នេះ​។

លោក​ថ្លែង​ថា​៖ «​ទី​ ១ ​យើង​កុំ​ឲ្យ​គាត់​ធ្វើ​អី​ខុស​បន្ថែម ទី​ ២ ​ស្នើ​ឲ្យ​គាត់​ដក ហើយ​គាត់​ចុងក្រោយ​ដូចជា​ចង់​ចាប់ផ្ដើម រៀបរយ​ហើយ​។ អាហ្នឹង​ទំនាក់ទំនង​គ្នា​ថ្នាក់មូលដ្ឋាន​។ ប៉ុន្តែ​ដល់​មួយរយៈ​ពេលនេះ កូវីដ​បាន​កើនឡើង​ខ្លាំង ជាពិសេស​សហគមន៍​របស់​គាត់​កើត​កូវីដ​។ អ៊ីចឹង​គាត់​តេ​មក​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ស្រុក​ឃុំ​ថា គាត់​កំពុង​ប្រឈម​ការលំបាក និង​ដាក់​ផែនការ​កុំឲ្យ​មនុស្ស​ចេញចូល​។ អ៊ីចឹង​តាម​ចំណុច​ទាំងអស់​គាត់​យក​អាទិភាព​លើ​កូវីដ គាត់​និយាយ​មក​អ៊ីចឹង ហើយ​យើង​ក៏​ប្រយ័ត្ន​អាហ្នឹង​ដែរ​»​។

លោក​បន្តថា​៖ «​ប៉ុន្តែ​បើសិន​ចប់​កូវីដ​ហើយ​គាត់​មិន​ដក អាហ្នឹង​ជា​បញ្ហា​ដែល​យើង​ត្រូវ​ប្រតិកម្ម ធ្វើ​តបត​ផ្សេងៗ​តាមផ្លូវ​ច្បាប់​ដែលមាន​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កម្ពុជា​បាន​ដាក់​លិខិត​ទៅ​ភាគី​វៀតណាម​ច្រើនសា​ហើយ ប៉ុន្តែ​ចម្លើយ​ពី​វៀតណាម ហាក់ដូចជា​មិនទាន់​អាច​ទទួល​យក​បាន​។ រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ ប៉ុន្តែ​ភាគី​វៀតណាម​ហាក់ដូចជា​មិនសូវ​គោរព​ដល់​ចំណង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​បើ​គាត់​ផ្ដល់​តម្លៃ​មិត្តភាព ប្រហែល​ជា​ការតវ៉ា​នេះ​ត្រូវ​បាន​យកចិត្ត​ទុកដាក់ ហើយ​តង់​ទាំងអស់​នោះ​គួរ​ត្រូវបាន​រើចេញ​ហើយ មិនមែន​ដើម្បី​បង្ការ​កូវីដ បែរ​ជា​យក​តង់​មក​ដាក់​នៅ​តំបន់​ព្រំដែន​ដែល​មិន​មាន​ការឯកភាព​គ្នា​នោះទេ​។ នេះ​បង្ហាញ​ចេតនា​មួយ​មិនល្អ​ចំពោះ​ប្រទេស​ជិតខាង​ផង​គ្នា​»​។

លោក​បន្តថា ករណី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម និង​កោះត្រល់​គឺជា​ករណី​ដែល​ធ្វើឲ្យ​ពលរដ្ឋ​កម្ពុជា​មិនមាន​ទំនុកចិត្ត​លើ​វៀតណាម ដោយសារ​តែ​វៀតណាម​ចូលមក​ហើយ ច្រើន​តែ​មិន​ចេញ​ទៅ​វិញ​។ នេះ​ជា​ចំណុច​ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​ពិចារណា​ពី​មេរៀន​ប្រវត្តិសាស្ត្រ​៕