ភ្នំពេញៈ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​លោក វ៉ា គឹមហុង និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ពន្យល់​អំពី​ការបង្កើត​ផែនទី​ខ្នាត ១/២៥០០០ និង​បដិសេធ​ការចោទប្រកាន់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លើកឡើង​ថា ផែនទី​នេះ​ត្រូវ​បាន​គូស​ និង​ផ្ដល់​ដោយ​វៀតណាម​។

គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម​កាលពី​ថ្ងៃទី​ ១ ខែ​សីហា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ភាគី​វៀតណាម​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុកបៃ ខេត្ត​តៃនិញ​ និង​ប្រគល់​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក​ខ្នាត​ ១/២៥០០០ ដែល​បានកំណត់​ព្រំដែន​ ៨៤ % ​ដែល​កម្ពុជា​ និង​វៀតណាម​បាន​ឯកភាព​គ្នា​។

លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​លោក ហ៊្វូង ថេឡុង អនុប្រធាន​គណៈកម្មការ​ព្រំដែន​រដ្ឋ​នៃ​ក្រសួង​ការបរទេស​វៀតណាម​បាន​ចុះហត្ថលេខា​ក្នុង​ពិធី​ទទួល​ប្រគល់​នេះ បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និង​ឯកភាព​ទទួល​យក​សៀវភៅ​ផែនទី​ឋាន​លេខា​ព្រំដែន​ដែល​បាន​ចងក្រង​រួច​ចំនួន​ ៥០០ ​ច្បាប់ដើម​។ សៀវភៅ​ផែនទី​នេះ​មាន​ជា​ភាសា​ខ្មែរ-វៀតណាម​ចំនួន ២៥០ ​ច្បាប់ និង​ភាសា​វៀតណាម-ខ្មែរ​ចំនួន ២៥០ ​ច្បាប់​ដែល​បាន​ចង​ជា​អាល់ប៊ុម ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ប្រទេស​រៀងៗ​ខ្លួន​តទៅ​។

លោកស្រី​ថ្លែងថា​៖ «​ផែនទី​នេះ​ជា​ផែនទី​ទំនើប​សម័យ​ឌីជីថល ៤.0 ដែល​បង្ហាញ​យ៉ាង​ច្បាស់លាស់ ខ្សែព្រំដែន បង្គោល​ព្រំដែន​រួម​នឹង​ស្ថានភាព​ភូមិសាស្ត្រ​នៅ​លើដី​ជាក់ស្តែង​បាន​យ៉ាង​ជាក់លាក់ ងាយស្រួល​ក្នុង​ការប្រើប្រាស់ មិន​ដូច​ផែនទី​បោន​ខ្នាត ១/១០០០០០ នោះទេ​»​។

ភ្លាមៗ​បន្ទាប់ពី​ព័ត៌មាន​អំពី​ការប្រគល់​ផែន​ទីនេះ​ត្រូវបាន​ផ្សព្វផ្សាយ អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​កំពូល​រំលាយ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ពី​ក្ដីបារម្ភ​លើ​ផែនទី​នេះ និង​អះអាង​ថា ផែនទី​នេះ​គូស​ដោយ​វៀតណាម តាមរយៈ​សន្ធិសញ្ញា​កំណត់​ព្រំដែន​ឆ្នាំ​ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥​។

សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា ការទទួល​យក​ផែនទី​ថ្មី​សន្លាង​ខ្នាត​ ១/២៥០០០ ពី​វៀតណាម​ប្រៀប​ដូចជា​ការទទួល​យក​ប្លង់ដី​ថ្មី​នៃ​ប្រទេស​កម្ពុជា​ដែល​គូស​ដោយ​វៀតណាម​។ ក្នុងន័យ​នេះ​បូរណភាព​ដែនដី​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​កំណត់​ដោយ​វៀតណាម​»​។ អតីត​បក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ផែនទី​នេះ និង​ការបោះបង្គោល​ព្រំដែន​ ៨៤ ​ភាគរយ​ដែល​សម្រេចបាន​។

ក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ទាត់ចោល​ការលើកឡើង​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​លោក​ថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មិនបាន​ស្រាវជ្រាវ​។

លោក​បាន​ពន្យល់ថា ផែនទី​ខ្នាត​ ១/២៥០០០ នេះ​មិនមែន​ជា​ការក្លែង​ផែនទី​ពី​ខ្នាត ១/១០០ ០០០ ទៅជា ១/២៥ ០០០ នោះទេ គឺជា​ការផលិត​ផែនទី​ថ្មី​ដែល​ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ បាន​ឯកភាព​ចុះ​កិច្ចព្រមព្រៀង​ផលិត​ផែនទី​នេះ​ជាមួយ​ក្រុមហ៊ុន​ផលិត​ផែនទី​ឈ្មោះ Bloom Info​។ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក​មួយ​នេះ​បាន​ដេញ​ថ្លៃ​ឈ្នះ​ក្រុមហ៊ុន​របស់​បារាំង ជប៉ុន និង​ហ្វាំងឡង់​។

លោក​បន្ត​ថា មិនមែន​កម្ពុជា និង​វៀតណាម​ជា​អ្នក​ផលិត​ផែនទី​នេះ​ផ្ទាល់​ទេ​។ ប្រទេស​ទាំង​ ២ ​រ៉ាប់រង​ក្នុងការ​ផ្ដល់​វត្ថុធាតុ​គោល​សម្រាប់​ឲ្យ​ក្រុមហ៊ុន Bloom Info ផលិត​ផែនទី​នេះ នៅ​ខែមករា ពី​ឆ្នាំ​ ២០១១​។ ប៉ុន្តែ​ក្រោយមក​ក្រុមហ៊ុន​នេះ​បាន​ប្រគល់​ការងារ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ ១ ​ទៀត​ឈ្មោះ Niras ដើម្បី​ធ្វើ​កិច្ចការ​នេះ​បន្ត ហើយ​ក៏​បានបញ្ចប់​ការងារ​នេះ​កាលពី​ឆ្នាំមុន​។ រាល់​ដំណាក់កាល​នៃ​ការផលិត​ផែនទី​នេះ សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ​ច្បាស់លាស់​ពី​ភាគី​កម្ពុជា​ក៏ដូចជា​ភាគី​វៀតណាម​។

លោក​ពន្យល់ថា មុននឹង​ផលិត​ចេញ​ជា​ផែនទី ដំណាក់កាល​ទី​ ១ គេ​ប្រើ​យន្តហោះ ដើម្បី​ហោះ​លើ​បណ្ដោយ​ព្រំដែន​ក្នុង​ប្រវែង​ណាមួយ​ដែល​កំណត់​ដើម្បី​ថត​យក​រូបថត​អាកាស ឬ orthophoto map​។ បន្ទាប់មក​ប្រទេស​ទាំង​ ២ និង​ក្រុមហ៊ុន​ផលិត​ត្រួតពិនិត្យ​លើ​រូបថត orthophoto map ដើម្បី​កែតម្រូវ​។

ដំណាក់កាល​ទី​ ២ ក្រុមហ៊ុន​បាន​ធ្វើ​ផែនទី orthophoto map ហើយ​ប្រគល់​មក​ឲ្យ​ភាគី​ទាំង​ ២ ដើម្បី​បោះបង្គោល​ព្រំដែន​ខណ្ឌសីមា​ជាមួយ​គ្នា​។ បន្ទាប់មក​ភាគី​ទាំង​ ២ ប្រគល់​លទ្ធផល​ឯកភាព​គ្នា​ទ្វេភាគី​ដែល​រួមមាន​ទីតាំង​បង្គោល និង​ខ្សែព្រំដែន​ឲ្យ​ទៅ​ក្រុមហ៊ុន Bloom Info និង Niras ដើម្បី​បញ្ចូល​ក្នុង​ផែនទី​អាកាស និង​បង្កើត​បាន​ជា​ផែនទី​ឋានលេខា​ដែល​បង្ហាញ​ទិដ្ឋភាព​នានា រួមមាន​ផ្លូវទឹក ថ្នល់ វាលស្រែ​ចម្ការ​។ បន្ទាប់ពី​ដាក់​បញ្ចូល​ហើយ​ក្រុមហ៊ុន​ប្រគល់​ផែនទី​នេះ​ឲ្យ​ភាគី​ទាំង​ ២ ​ពិនិត្យ​មើល​ម្ដងទៀត​ដែល​ស៊ីពេល​រាប់​ខែ​។

លោក​បន្តថា នៅ​ដំណាក់កាល​ទី​ ៣ ភាគី​កម្ពុជា និង​វៀតណាម​យក​ផែនទី​ទៅ​ផ្ទៀងផ្ទាត់​នៅ​លើដី​ជាក់ស្ដែង ថា​តើ​រូបថត​អាកាស​ត្រឹមត្រូវ​ដូច​ជាក់ស្ដែង​នៅលើ​ដី​ឬទេ​។ បន្ទាប់ពី​ឯកភាព​ហើយ ទើប​ភាគី​ទាំង​ ២ ​កំណត់​ដាក់​ទីតាំង​បង្គោល ហើយ​ឲ្យ​ក្រុមហ៊ុន​បញ្ចូល​ក្នុង​ផែនទី​ដោយ​មាន​បង្គោល និង​ខ្សែបន្ទាត់​ព្រំដែន ព្រមទាំង​ពិនិត្យ​សាជាថ្មី​ដើម្បី​កែតម្រូវ​ឲ្យ​ត្រូវ​តាម​អ្វីដែល​ភាគី​បាន​ឯកភាពគ្នា​។

ដំណាក់កាល​ចុងក្រោយ បន្ទាប់ពី​ពិនិត្យ​ហ្មត់ចត់​ហើយ​ភាគី​ទាំង​​ ២ បាន​ប្រគល់​កិច្ចការ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផលិត​តាម​កុងត្រា​ដែល​បាន​ព្រមព្រៀង​។ ក្នុងដំណាក់កាល​ផលិត​នៅ​រោងពុម្ព ភាគី​ទាំង​ ២ ដែល​ម្ខាងៗ​មាន​សមភាព​ចំនួន ២០ ​នាក់​ទៅពិនិត្យ​នៅឯ​រោងពុម្ព​ផ្ទាល់​។ នៅពេល​បោះពុម្ព​ត្រឹមត្រូវ​ហើយ កម្ពុជា​អ្នក​ទទួល​យក​ផែនទី​ទាំងអស់ ដើម្បី​ចុះហត្ថលេខា​ពី​អ្នកជំនាញ​គ្រប់លំដាប់​ថ្នាក់​រហូត​ដល់​រូបលោក​ជា​អ្នក​ចុះហត្ថលេខា​ចុងក្រោយ​នៅ​មុខ​នាយករដ្ឋមន្ត្រី​ធ្វើឡើង​នៅ​ប្រទេស​វៀតណាម​កាលពី​ឆ្នាំមុន​។

លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​អ្វីដែល​យើង​ធ្វើ​ពិធី​ប្រគល់​ទទួល​នៅ​ថ្ងៃទី​ ១ ខែសីហា​នេះ នៅ​ម៉ុក​បាយ​គឺ​យើង​ចប់​អស់​ហើយ វៀតណាម​ជួយ​ចងក្រង​ជា​អាល់ប៊ុម​ដូច​អាល់ប៊ុម​រូបថត​ដោយ​មួយឈុត​មាន ៩០ ​ផ្ទាំង គេ​ចងក្រង​ជា​អាល់ប៊ុម​ឲ្យ​ល្អ​ដោយសារ​គេ​មាន​ជំនាញ​បច្ចេកទេស​គេ​ជួយ​ចងក្រង​ឲ្យ​យើង​»​។

លោក​បន្តថា ផែនទី​នេះ​ជា​ផែនទី​ឋានលេខា​ខ្នាត​ ១ ​លើ​ ២៥០០០ មាន​ទីតាំង​បង្គោល​នៅលើ​ផែនទី​ទាំងអស់ និង​មាន​ខ្សែ​ព្រំដែន​ដែល​មាន​និយាម​ការគ្រប់​ចំណុច​ទាំង​ ៨៤ ​ភាគរយ​នៃ​ព្រំដែន​ដែល​បាន​ឯកភាព​គ្នា​។

លោក​បញ្ជាក់ថា​៖ «​ក្នុងនោះ​ភាគី​ទាំង​ ២ គ្រោង​យក​លទ្ធផល​នៃ​ការផ្លាស់ប្ដូរ​រួចហើយ​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ទៅ​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ដែល​គេ​ទុក​ជា​តឹកតាង​។ យើង​តម្កល់​នោះ​ជា​ឯកសារ​ទន់ និង​ឯកសារ​រឹង​។ ប៉ុន្តែ​យើង​ធ្វើ​កិច្ចការ​នេះ បន្ទាប់ពី​យើង​ផ្លាស់ប្ដូរ​លិខិតូបករណ៍ សច្ចាប័ន​រវាង​ប្រទេស​យើង​ទាំង​ ២ ដែល​គ្រោង​នឹង​ធ្វើ​នៅពេល​ឆាប់ៗ​នេះ​»៕

វីដេអូ៖