ភ្នំពេញ: លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា វៀតណាម​មិន​ចាំបាច់​ស្នើឲ្យ​កម្ពុជា​ចូលរួម​ក្នុង​ការធ្វើ​អធិការកិច្ច​នៅតាម​ព្រំដែន​ដែល​ភាគី​វៀតណាម​បាន​កំពុង​បោះតង់​នោះទេ ដោយ​អះអាង​ថា វៀតណាម​គួរតែ​ទៅពិនិត្យ​ខ្លួនឯង ហើយ​ប្រញាប់​រុះរើ​តង់​ទាំងនោះ​ចេញ ព្រោះ​កម្ពុជា​បាន​ឆ្លើយតប​តាមរយៈ​ការទូត​រួចរាល់​ហើយ​។

លោក វ៉ា គឹមហុង បាន​ឲ្យ​ដឹង​ទៀតថា​៖ «​បើ​ភាគី​វៀតណាម​គាត់​ចង់​មក​មើល​ឲ្យ​គាត់​មើលទៅ ហើយ​យើង​សួរ​ទៅ​គាត់​វិញ តើ​ការ​បោះតង់​ហ្នឹង​ត្រឹមត្រូវ​ដែរ​ឬ​អត់​? ហើយ​បើ​អត់​ទេ គួរតែ​រុះរើ​ចេញ​ទៅ​។ ហើយ​ចង់​ឲ្យ​ភាគី​កម្ពុជា​ទៅ​ចូលរួម​អ្វី​ទៀត នាំ​តែ​ខាត​ពេល​ទេ ព្រោះ​យើង​បាន​ធ្វើការ​ឆ្លើយ​តាមរយៈ​កំណត់​ការទូត​រួចរាល់​ហើយ​»​។

លោក​បន្តថា ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ធ្វើការ​ឆ្លើយតប​រួចរាល់​ហើយ ភាគី​វៀតណាម​មិនគួរ​ស្នើ​អ្វី​បន្ថែម​ពី​កម្ពុជា​ទេ​។ អាជ្ញាធរ​ខេត្ត​កណ្ដាល​គួរតែ​ទៅ​សង្កេតមើល​ស្ថានភាព​ជាក់ស្ដែង​បន្ថែម​ទៀត ថា​តើ​ភាគី​វៀតណាម​បាន​រុះរើ​តង់​ទាំងនោះ​ចេញ​ហើយ ឬ​នៅ​? ដើម្បី​ស្វែងរក​វិធានការ​បន្តទៀត​។

លោក គង់ សោភណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ដែរ​ថា លោក​មិន​ទាន់​បាន​ឃើញ​លិខិត​ជា​ផ្លូវការ​ពី​ភាគី​វៀតណាម​នៅឡើយ​ទេ ប៉ុន្ដែ​លោក​បាន​ទទួល​ដំណឹង​តាមរយៈ​សារព័ត៌មាន​ដែរ​។ កិច្ចការងារ​នេះ ត្រូវតែ​មាន​ការសម្រេច​ណាមួយ​ពី​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​មហាផ្ទៃ​។

លោក​បន្តថា​៖ «​ប្រសិន​មាន​ការសម្រេច​ពី​ដែន​សមត្ថកិច្ច​ទាំងនេះ​ខ្ញុំ​នឹង​គោរព​តាម​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ​ឲ្យ​ស្រប​តាម​ច្បាប់ ដើម្បី​ចុះ​ទៅ​ធ្វើ​កិច្ចការងារ​ទាំងនេះ​ជាមួយ​ភាគី​វៀតណាម​»​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​និយាយ​ពី​ការពិភាក្សា​រវាង​ប្រទេស និង​ប្រទេស​គឺ​ទាល់តែ​មាន​ការស្នើសុំ​យោបល់​ពី​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​មហាផ្ទៃ​។ បន្ទាប់មក​ខ្ញុំ​យក​បទបញ្ជា​ថ្នាក់ដឹកនាំ​ទៅ​អនុវត្ត​ក្នុង​កិច្ចការងារ​ជាមួយ​វៀតណាម​តែម្ដង​»​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​អង្គារ​ថា ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាននិង​កំពុង​ធ្វើការ​តតាំង​តាមរយៈ​កំណត់​ការទូត​ដែល​ធ្វើឲ្យ​មាន​ផលវិជ្ជមាន​ក្នុង​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ទាំង​ ២ ​ក្នុង​ការដោះស្រាយ​រឿង​ព្រំដែន​ក្នុង​ន័យ​សន្ដិសហវិជ្ជមាន​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ដោយ​អាជ្ញាធរ​វៀតណាម​បាន​ទទួលស្គាល់​ថា ត្រង់​តំបន់​នោះ​ពិតជា​មិនទាន់​បាន​ឯកភាព​គ្នា​ដោះស្រាយ​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​ជជែក​គ្នា​ជាមួយ​ភាគី​វៀតណាម ដើម្បី​ឲ្យ​មានការ​កំណត់​ការទូត​ជាមួយ​គ្នា​។ ការដោះស្រាយ​បញ្ហា​ព្រំដែន​គឺ​មាន​តែ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ដែល​ជា​អ្នកទទួល​បាន​ដែន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​មិន​មាន​អ្នកណា​ក្រៅពី​គណៈកម្មាធិការ​ចម្រុះ​នេះ​ទេ ទោះ​យ៉ាងណា​យើង​មិន​យក​បញ្ហា​នេះ​ទៅ​ធ្វើជា​ជម្លោះ​ប្រជាជាតិ​ទេ​គឺ​យើង​ព្យាយាម​ដោះស្រាយ​តាមរយៈ​ការជជែក​គ្នា​។ ពលរដ្ឋ​ខ្មែរ​ទាំងអស់​មិន​គួរ​មាន​គំនិត​ច្របូកច្របល់​ដូច​ការលើក​ឡើង​របស់​បុគ្គល​មួយ​ចំនួន​ទេ​»​។

លោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា អាជ្ញាធរ​ខេត្ត​អាន​យ៉ាង​ (An Giang) ​បាន​ដាក់​លិខិត​ទៅ​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​រួចរាល់​ហើយ ដើម្បី​អញ្ជើញ​អាជ្ញាធរ​ខេត្តកណ្ដាល​ចុះ​ពិនិត្យ និង​ធ្វើ​អធិការកិច្ច​នៅ​តាម​ព្រំដែន​ដែល​សង្ស័យ​ពី​ការបោះ​តង់​របស់​វៀតណាម​។

លោក​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​កណ្ដាល​នៅ​តែ​មិន​ទាន់​ដឹង​ពី​កិច្ចសហប្រតិបត្តិការ​​កម្ពុជា-វៀតណាម ឬ​មិនទាន់​ដឹង​ទីតាំង​ភូមិសាស្ត្រ​ច្បាស់លាស់ គួរតែ​មក​ចូលរួម​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​អានយ៉ាង ដើម្បី​ដើរ​ធ្វើ​អធិការកិច្ច​ជុំវិញ​ព្រំដែន​ទាំងអស់​គ្នា​។

លោក​ថា​៖ «​ខ្លឹមសារ​សំខាន់ៗ​គឺ​យើង​បាន​ជម្រាប​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​រួចរាល់​ហើយ ហើយ​ប្រសិន​អាជ្ញាធរ​ខេត្តកណ្ដាល​ចង់​ចូលរួម​ធ្វើ​អធិការកិច្ច​នេះ សូម​ជូនដំណឹង​ទៅ​អាជ្ញាធរ​ខេត្ត​អាន​យ៉ាង​រយៈពេល​ ៣ ​ថ្ងៃ​មុន ដើម្បី​កំណត់​ពេលវេលា​ជាក់លាក់​ចុះ​ទីតាំង​នោះ​ផ្ទាល់​ទាំងអស់​គ្នា​៕