ភ្នំពេញៈ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​ខកខាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ខណៈ​ដីកាកោះ​តម្រូវ​ឱ្យ​ចូល​ខ្លួន​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការលើក​ឡើង​របស់​លោក​ដែល​ថា ព្រះរាជសារ​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​របស់​ព្រះមហាក្សត្រ​ជា​លិខិត​ក្លែង​។

តាម​កាលកំណត់​លោក សម រង្ស៊ី ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី​ ១២ ខែ​កក្កដា​តាម​ការកោះ​ហៅ​របស់​ព្រះរាជអាជ្ញារង សៀង សុខ ប៉ុន្តែ​លោក​មិន​បាន​ចូល​បំភ្លឺ​ទេ ដោយ​កំពុង​មាន​វត្តមាន​​នៅ​ក្រៅ​ប្រទេស​។ យោង​តាម​ដីកា​កោះ​​ចុះ​ថ្ងៃ​ទី​ ១៩ មិថុនា​របស់​លោក សៀង សុខ ការ​កោះ​ឲ្យ​ចូល​បំភ្លឺ​នេះ​ពាក់ព័ន្ធ​នឹង​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ ដែល​លោក​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជា​បន្តបន្ទាប់​ចាប់ពី​ខែ​មិថុនា​កន្លង​មក​។

កាលពី​ដើម​ខែ​មិថុនា​ព្រះរាជសារ​មួយ​របស់​ព្រះមហាក្សត្រ​ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​​ ២៩ កក្កដា​ដោយ​មាន​​បញ្ជាក់​ «​កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ពី​ការគាប​សង្កត់​ការគំរាម​កំហែង ការ​សម្លុត​ពី​ជន​ណា​ម្នាក់​ ឬ​បក្សនយោបាយ​ណា​មួយ​...» ​ត្រូវ​បាន​ផ្សព្វផ្សាយ​។ ប៉ុន្តែ​ព្រះរាជសារ​នោះ​ត្រូវ​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃទី​ ១៨ ខែ​ឧសភា មុន​ពេល​លិខិត​របស់​លោក សម រង្ស៊ី ចុះ​ថ្ងៃទី ​២៣ ​មិថុនា​ដែល​ទូល​សុំ​កុំ​ឲ្យ​ព្រះមហាក្សត្រ​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​។

លោក សម រង្ស៊ី បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា​ដោយ​ផ្អែក​លើ​កាលបរិច្ឆេទ​នេះ​លោក​យល់​ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ជា​សារលិខិត​ក្លែងក្លាយ​ ឬ​ជា​លិខិត​ដែល​ត្រូវ​បាន​ចុះ​ថ្ងៃ​ក្លែងក្លាយ​។ ទោះ​យ៉ាង​ណា​ព្រះបរមរាជវាំង​បាន​បំភ្លឺ​រួច​ហើយ​ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ជា​ព្រះរាជសារ​ពិត​។

លោក សម រង្ស៊ី ថ្លែង​ថា​៖ «​ពេល​ខ្ញុំ​និយាយ​ថា​លិខិត​ព្រះមហាក្សត្រ​ដាក់​កាលបរិច្ឆេទ​ក្លែងក្លាយ​មិនមែន​ជា​ការប្រមាថ​ទេ​។ ខ្ញុំ​ចង់​សំដៅ​ទៅ​លោក ហ៊ុន សែន ទេ ...​។ ម៉េច​ក៏​មិន​ប្តឹង​ខ្ញុំ​ផង​ទៅ​ក្នុង​ការ​លើកឡើង​នេះ​? ...!»​។

លោក លី សុផាណា អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​ឆ្លើយតប​នឹង​សំណួរ​ស្ដីពី​នីតិវិធី​បន្ទាប់​ទេ​កាលពី​ម្សិលមិញ​។ ចំណែក​លោក​មេធាវី សំ សុគង់ ដែល​កន្លង​មក​បាន​ការពារ​ក្តី​លោក សម រង្ស៊ី ជាច្រើន​ករណី​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​លោក សម រង្ស៊ី មិន​បាន​ពឹង​លោក​ឲ្យ​ការពារ​ក្ដី​ក្នុង​ករណី​នេះ​ទេ​។

លោក សម រង្ស៊ី កំពុង​ជាប់​បណ្ដឹង​ផ្សេងៗ​មួយ​ចំនួន​រួមមាន ទាំង​សំណុំ​រឿង​ត្រូវ​បាន​ជំនុំជម្រះ​រួច​ហើយ​ និង​មិនទាន់​ជំនុំ​ជម្រះ​។ ​សំណុំ​រឿង​មិន​ទាន់​ជំនុំជម្រះ​រួមមាន បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ពាក់ព័ន្ធ​នឹង​ការចោទ​ប្រកាន់​ថា​លោក​នាយក​រដ្ឋមន្ត្រី​បាន​ជួល​អតីត​សកម្មជន​សង្គ្រោះ​ជាតិ​រូប​នេះ​ឲ្យ​វាយប្រហារ​គណបក្ស​ប្រឆាំង​ CNRP ​សំណុំ​រឿង​ដែល​ចោទ​ថា លោក​យល់​ព្រម​កាត់​ដី​ឲ្យ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម និង​សំណុំ​រឿង​ញុះញង់​កងកម្លាំង​ប្រដាប់អាវុធ​កុំ​ឲ្យ​ស្ដាប់បង្គាប់​។

បើ​ទោះ​ជា​អតីត​ប្រធាន​បក្សប្រឆាំង​រូប​នេះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង​ដូច្នេះ​ក្តី ប៉ុន្តែ​អ្នក​វិភាគ​ម្នាក់​យល់​ថា បណ្ដឹង​ទាំងនេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ផ្លូវ​នយោបាយ និង​ការសុំ​អភ័យទោស​។

លោក សូ ចន្ថា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​ថ្លែង​ថា​៖ «​តាមពិត​ទៅ​លោក សម រង្ស៊ី មាន​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​វោហារស័ព្ទ​នយោបាយ​របស់​លោក​ក្នុង​ពេល​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​។ ប៉ុន្តែ​នៅ​ពេល​មាន​ដំណោះស្រាយ​នយោបាយ​អ្វីៗ​នឹង​ត្រូវ​បាន​សម្អាត​»​។

ដោយឡែក​ករណី​ប្រមាថ​ចំពោះ​អង្គព្រះមហាក្សត្រ​វិញ​លោក សូ ចន្ថា យល់​ថា​លោក សម រង្ស៊ី គួរ​តែ​សរសេរ​លិខិត​សុំ​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ប្រសិន​បើ​វា​ជា​ករណី​ពិតប្រាកដ​៕