ភ្នំពេញៈ លោក សម រង្ស៊ី ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ចង់​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ពី​បទ​ក្បត់​ជាតិដូច​លោក កឹម សុខា ដែរ និង​សុំ​ធ្វើជា​សាក្សី ក្នុង​រឿងនេះ ជា​អ្វីដែល​អ្នក​វិភាគ​និង​មន្ត្រី​រដ្ឋាភិបាល​ថា គ្រាន់​តែ​ចង់​បាន​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ​ប៉ុណ្ណោះ។

នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក ក៏ដូចជា​អ្វីដែល​លោក​បាន​ផ្ញើ​មកកាន់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ម្សិលមិញ លោក សម រង្ស៊ី បាន​ថ្លែង​ថា លោក​ត្រូវ​តែ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​លើ​បទ​ក្បត់​ជាតិ​ជាមួយ​លោក កឹម សុខា ដែរ។

លោក​ថា បើ​លោក កឹម សុខា ត្រូវ​ចោទថា បាន​ឃុបឃិត​ជាមួយ​បរទេស​ឬ​ជាមួយ​អាមេរិក​នោះ ខ្លួន​លោក​ក៏​គួរ​តែ​ត្រូវ​បាន​ចោទ​បែប​នេះ​ដូចគ្នា។

លោក​សរសេរថា៖ «ខ្ញុំ សម រង្ស៊ី សហ​ស្ថាបនិក និង​ជា​អតីត​ប្រធាន​ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ សូម​ស្នើសុំ​ជា​ផ្លូវការ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​នូវ​បទ​ចោទ​ក្បត់​ជាតិ​ដូចគ្នា​ជាមួយនឹង​លោក កឹម សុខា ហើយ​ប្រឈម​នឹង​ការ​ផ្ដន្ទា​ទោស​ជាមួយ​សហការី​របស់​ខ្ញុំ​គឺ​លោក កឹម សុខា»។

លោក រង្ស៊ី បាន​លើក​ហេតុផល​ថា ការ​ថ្លែង​របស់លោក កឹម សុខា កាល​ពី​ឆ្នាំ ២០១៣ ដែល​ថា​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​គណបក្ស​ប្រឆាំង​តាមរយៈ​អង្គការ​សង្គម​ស៊ីវិល​នោះ គឺធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​រូប​លោក​ជា​ប្រធាន។ លោក​ថា ​ក្នុងនាម​ជា​ប្រធាន​គណបក្ស លោក​គឺជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ក្នុង​ដំណើរការ​សម្រេច​ចិត្ត​របស់​គណបក្ស ហើយ​គ្រប់គ្រង​រាល់​សកម្មភាព​សំខាន់ៗ​របស់​បក្ស រួម​បញ្ចូល​ទាំង​ការ​ទទួល​និង​ការ​បែង​ចែក​ជំនួយ​បរទេស​ដែល​ជួយ​គណបក្ស​ដើម្បី​បង្កើត និង​អនុវត្ត​យុទ្ធសាស្ត្រ។

លោក​បាន​បន្ថែមថា លោក​បាន​ជួប​ជាមួយ​វិទ្យាស្ថាន IRI និង​វិទ្យាស្ថាន NDI ដែល​គាំទ្រ​ដោយ​អាមេរិក​ច្រើន​ជាង​លោក កឹម សុខា ជា​ជំនួប​ដែល​លោក​ថា​និយាយ​ពី​ការផ្ដល់​ជំនួយ​ដល់​បក្ស​ប្រឆាំង​ដែល​មាន​លក្ខណៈ​ប្រជាធិប​តេយ្យ​របស់​កម្ពុជា។

លោក​ថា៖ «បើសិន​ជាមួយ​ការចោទប្រកាន់​ណាមួយ​ដែល​ធ្ងន់ធ្ងរ​ដូចជា​បទ​ក្បត់​ជាតិ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​លើ មន្ត្រីជាន់ខ្ពស់​ណាមួយរ​បស់​គណបក្ស​នេះ ខ្ញុំ​ត្រូវ​តែ​ជា​មនុស្ស​ទី ១ ក្នុង​ការ​ស៊ើបអង្កេត​ហើយ​នឹង​ប្រឈម​មុខ​ការ​ផ្ដន្ទា​ទោស»។

លោក​បន្ថែមថា មាន​ផ្លូវ​តែមួយគត់​ដែល​អាច​រក​ផ្លូវ​ចេញពី​បញ្ហា​បច្ចុប្បន្ន​គឺ​ឈប់​ទុក​លោក កឹម សុខា ជា​ចំណាប់​ខ្មាំង ដោយ​ទម្លាក់​បទ​ចោទ​ពី​រូប​លោក។

លោក សម រង្ស៊ី ក៏បាន​អះអាង​ថា លោក​សុខចិត្ត​ធ្វើជា​សាក្សី​ករណី​លោក កឹម សុខា ដោយ​ការ​ធ្វើ​សក្ខីកម្ម​តាមរយៈ​ប្រព័ន្ធ Skype ពី​ក្រៅ​ប្រទេស ហើយ​ថា តុលាការ​មិន​ចាំបាច់​កោះ​ហៅ​លោក គង់ គាំ បំភ្លឺ​ទេ ព្រោះ​គាត់​មិន​ដឹង​រឿង​ច្រើន​ទេ។

នៅពេល​ភ្នំពេញ​ប៉ុស្តិ៍​ទាក់ទង​តាម​អ៊ី​មែល​ពីថ្ងៃ​ម្សិលមិញ​ដើម្បី​សួរ​ថា តើ​លោក​នឹង​ចូល​បំភ្លឺ​ផ្ទាល់​ជាមួយ​តុលាការ​ឬទេ? លោក​សម រង្ស៊ី ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​លាត​ត្រដាង​ព័ត៌មាន​របស់​ខ្ញុំ​ទៅ​កាន់​តុលាការ​ជា​មុន​សិន តាមរយៈ​ប្រព័ន្ធ Skype ប្រសិន​បើ​ពួកគេ​យល់​ព្រម»។

លោក លី សុ​ផា​ណា អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​ឆ្លើយតប​នឹង​សំណួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍​ទេ​កាល​ពី​ម្សិលមិញ។

ប៉ុន្តែ​លោក​ ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា៖ «អ្វី​ដែល​លោក​ សម រង្ស៊ី និយាយ​គឺមាន​គោល​បំណង​នយោបាយ។ គាត់​ចង់​លើក​ប្រជាប្រិយ​ភាព​របស់​គាត់​ដោយ​ចេញ​មក​ទាមទារ​ទទួល​ខុស​ត្រូវ។

តាមពិត បើ​យើង​ប្រៀបធៀប​ជាមួយ​លោក កឹម សុខា, លោក កឹម សុខា មាន​ប្រជាប្រិយ​ភាព​ជាង ព្រោះ​គាត់​មិន​ដែល​រត់​ចោល​ប្រទេស​ហើយ​ហ៊ាន​ប្រឈម​មុខ​ច្បាប់។ លោក​ សម រង្ស៊ី ត្រូវ​គេ​បំភ្លេច​ចោល​ហើយ...»។

ចំពោះ​ការស្នើសុំ​ធ្វើជា​សាក្សី​ក្នុងករណី​លោក កឹម សុខា អ្នក​នាំពាក្យ​រូបនេះ​ថ្លែងថា មាន​តែ​តុលាការ​ទេ ដែល​អាច​កំណត់​បាន​ថា​អ្នក​ណា​ជា​អ្នក​ផ្ដើម​គំនិត អ្នក​សម​គំនិត អ្នក​ប្រព្រឹត្ត ហើយ​អ្នក​ណា​ដែល​គួរ​ធ្វើ​ជា​សាក្សី។

លោក​ថា ការស្នើសុំ​ធ្វើ​សាក្សី​អាចធ្វើ​ទៅបាន​ប្រសិនបើ​គាត់​មាន​ចិត្ត​ចង់​ធ្វើ​ស្មោះ ប៉ុន្តែ​ការ​ធ្វើ​តាម Skype មិន​ត្រូវ​បាន​ច្បាប់​អនុញ្ញាត​ឡើយ។

លោក មាស នី អ្នកវិភាគ​បញ្ហា​សង្គម​យល់ថា ករណី​ចោទប្រកាន់ លោក កឹម សុខា ជា​ករណី​នយោបាយ ហើយ​លោក សម រង្ស៊ី នឹង​មិន​ចូល​ខ្លួន​មក​ធ្វើ​សាក្សី​ដោយ​ផ្ទាល់​ឡើយ។

លោក​ថ្លែងថា៖ «នៅពេល​វាជា​រឿង​នយោបាយ មាន​វិធី​ក្នុង​ការហៅ​សាក្សី​មក​សួរ...»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​យល់ថា​ប្រសិន​បើ​លោក សម រង្ស៊ី ពិត​ជា​មាន​មនសិការ​យល់​ថា មាន​កំហុស​មែន គាត់​គួរ​ចូល​មក​កម្ពុជា​ដើម្បី​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។

លោក​ថា៖ «...ខ្ញុំ​ចង់​ឲ្យ​គាត់​ក្លាហាន​ត្រឡប់មក​ប្រគល់​ខ្លួន​ឲ្យ​គេ​ចាប់​រឿង​ក្បត់​ជាតិ។ អ្នក​ទោស​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​បាន​ធ្វើ​ដូច្នេះ​រួច​ហើយ។ លោក សម រង្ស៊ី នឹង​បង្កើត​ប្រវត្តិសាស្ត្រ​និង​ផ្លាស់ប្ដូរ​សង្គម​យើង​ឲ្យ​ប្រសើរ​ជាង​នេះ»។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា លោក សម រង្ស៊ី ចង់​ភ្ជាប់​ខ្លួន​នឹង​លោក កឹម សុខា ដើម្បី​ឲ្យ​គេ​ឃើញ​ថា «សម រង្ស៊ី​ កឹម សុខា ជា​មនុស្ស​តែមួយ» ហើយ​ឲ្យគេ​ឃើញ​ថា ជា​អ្នក​ស្នេហា​ជាតិ​ឬ​ក្បត់​ជាតិ​ជាមួយ​គ្នា។

លោក​ថា៖ «វា​ជា​យុទ្ធសាស្ត្រ​របស់គាត់​គឺ​គាត់​ចង់​ឲ្យ​ភាគី​ម្ខាង​ទៀត​ខឹង​ច្រឡោត ហើយ​គាត់​នឹង​ទទួលបាន​ប្រយោជន៍​ពី​ស្ថានការណ៍​នយោបាយ។ នេះ​ជា​អ្វី​ដែល​លោក​បាន​ធ្វើ​ជា​ច្រើន​លើក​រួច​មក​ហើយ»៕