ភ្នំពេញៈ តុលាការ​នឹង​បើក​សវនាការ​ជម្រះ​ក្ដី​លើ​លោក​ សម​ រង្ស៊ី ​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង ​ក្រោយ​ចូល​ឆ្នាំ​ថ្មី ​ករណី​ញុះ​ញង់​កុំឲ្យ​យោធិន​ស្ដាប់​បង្គាប់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព។

លោកប្លង់​ សុផល​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​​ដីកា​​កោះ​ហៅ​លោក​សម រង្ស៊ី​ ឲ្យ​ចូល​រួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២២ ​ខែ​មេសា​ខាង​មុខ​ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ «ញុះ​ញង់​កុំ​ឲ្យ​យោ​ធិន​​ស្ដាប់​បង្គាប់​ និង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព»​។ នេះបើ​យោង​តាម​ដីកា​កោះហៅ​ចុះថ្ងៃ​ទី​ ១៤​ មីនា ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

លោកសម រង្ស៊ី​ ត្រូវ​បាន​ចោទប្រកាន់​ក្នុងបទ​ទាំង ​២ ​នេះ​តាម​មាត្រា​ ៤៧១ និង​៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ​ចំពោះ​ការអំពាវ​នាវ​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់​ប្រព្រឹត្ត​កាល​ពី​ថ្ងៃទី ​៩ ធ្នូ ​ឆ្នាំ ២០១៧។

លោក​ថ្លែង​នៅ​ពេល​នោះ​ថា​៖ «​សូម​​កងកម្លាំង​ប្រដាប់​អាវុធ​ ពល​ទាហាន ​និង​នគរបាល​កុំ​ធ្វើ​តាម​បញ្ជា​ពី​មេដឹកនាំ​ផ្តាច់ការ ​បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ ​និង​សម្លាប់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់»។

តាម​មាត្រា​ទាំង​ ២ នេះ ​លោក​ប្រឈម​​​នឹងការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​ចន្លោះ​ពី​ ២​ ឆ្នាំ​ ទៅ​ ៥​ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល ​ទៅ ​១០ លាន​រៀល។

យោង​តាម​ដីកា​កោះ ​សវនាការ​ជំនុំ​ជម្រះ​ក្តី​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​លោក​រស់ ពិសិដ្ឋ​ ជា​ចៅក្រម​ជំនុំ​ជម្រះ ​និង​លោក​ប្លង់ សុផល​ ជា​តំណាង​អយ្យការ។

ដីកាកោះ​បាន​រៀប​រាប់​សិទ្ធិ​ទាំង​​ ៥​ របស់​ជន​ជាប់​ចោទ​ដែល​​រួម​មានសិទ្ធិ​ទទួល​ដឹង​ឮ​និង​ដីកា​កោះ​​ឲ្យ​ចូល​ខ្លួន ​សិទ្ធិ​បង្ហាញ​ភ័ស្តុតាង​សំអាង​ សាក្សី ​ឬ​ធ្វើ​សំណូម​ពរ​ផ្សេងៗ ​សិទ្ធិ​ប្ដឹង​បដិសេធ​​ចៅក្រម​ជំនុំ​ជម្រះ​ សិទ្ធិ​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង​ ឬ​សុំ​មេធាវី​ជួយ​ការពារ​ ឬ​ពឹង​អ្នក​ដទៃ​ណា​មួយ​ជួយ​ការពារ​ខ្លួន​ និង​សិទ្ធិ​និយាយ​សម្តី ចុង​ក្រោយ​បង្អស់។

លោក​ វង្ស ភក្តី ​មេធាវី​តំណាង​កង​យោធពល​ខេមរភូមិន្ទ​បាន​ថ្លែង​យ៉ាង​ខ្លី​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​ទទួល​ដីកា​កោះ​ឲ្យ​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ទី​ ២២ ​ខែ​មេសា​ រួច​ហើយ។

ចំណែក​លោក ​សំ សុគង់ ​មេធាវី​ការពារ​លោក​ សម រង្ស៊ី​ បាន​ថ្លែង​ថា​លោក​មិន​ទាន់​ទទួល​បាន​ដីកា​ទេ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ដូច្នេះ​លោក​មិន​អាច​អត្ថាធិប្បាយ​បាន​ទេ៕