ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​លោក​ សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​បក្ស​សង្គ្រោះជាតិ​ឱ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​ ២៦ ខែ​កញ្ញា​នេះ​លើ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍​ដែល​ប្តឹង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

ការកោះហៅ​នេះ​កើតឡើង​ខណៈ​លោក​ សម រង្ស៊ី ដែល​កំពុង​និរទេស​បាន​និង​កំពុង​អំពាវនាវ​ទៅ​កងកម្លាំង និង​ពលរដ្ឋ​ឲ្យ​ចូលរួម​គាំទ្រ​ដំណើរ​វិលត្រឡប់​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ឆ្នាំ​ ២០១៩ នូវ​អ្វី​ដែល​លោក​ហៅថា​ដើម្បី​ប្តូរ​មេដឹកនាំ​បច្ចុប្បន្ន​គឺ​លោក ហ៊ុន សែន សង្គ្រោះ​ប្រជាធិបតេយ្យ​។ ជាមួយ​គ្នា​នេះ​លោក​ សម រង្ស៊ី អះអាង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ត្រៀម​ថវិកា​ទុក​ឱ្យ​កងទ័ព​ដែល​ផ្តាច់​ខ្លួន​ចាំ​ជួយ​ការពារ​ពលរដ្ឋ​ខ្មែរ​មក​ទទួល​លោក នៅពេល​ដែល​លោក​វិលត្រឡប់​ចូល​កម្ពុជា​។

ដីកាកោះ​ថ្ងៃទី​ ១៨ កញ្ញា ដែល​ទើប​ផ្សព្វផ្សាយ​ម្សិលមិញ​បញ្ជាក់​ថា​៖ «​យើង​ កែវ សុធា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​អញ្ជើញ​ឈ្មោះ​ សម រង្ស៊ី ឱ្យចូល​ទៅកាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៦ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ឆ្លើយបំភ្លឺ​ពី​ដំណើរ​រឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ សាមីខ្លួន​ត្រូវ​អញ្ជើញ​តាម​លិខិត​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​យក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​រឿង​ខាងលើ​មក​ជាមួយ​ផង​ប្រសិន​បើ​មាន​»​។

បើ​តាម​ពាក្យបណ្តឹង​ឱ្យ​ដឹង​ថា​កាលពី​យប់​ថ្ងៃទី​ ១២ កញ្ញា លោក​ សម រង្ស៊ី បាន​ធ្វើ​កិច្ចសម្ភាសន៍​ក្នុង​វេទិកា​វិទ្យុ​អាស៊ីសេរី និង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ Facebook ថា​៖ «​អ្នក​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា​ជា​ចំណាប់​ខ្លាំង​របស់​ ហ៊ុន សែន សូម្បី​ព្រះមហាក្សត្រ​របស់​យើង​ក៏​ជា​ចំណាប់ខ្មាំង​របស់​ ហ៊ុន សែន​។ ដូចនេះ​លោក​អត់​ហ៊ាន​ធ្វើ​អី​លោក​ខ្លាច​ ហ៊ុន សែន លោក​ចង់​តែ​រក្សា​រាជបល្ល័ង្ក​។ ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយ​អន្លើ​យើង មិន​អាច​រំពឹង​ព្រះមហាក្សត្រ​ដែល​ជា​អាយ៉ង​របស់ ហ៊ុន សែន ដូច​សព្វថ្ងៃ​នេះ​ទេ​»៕