ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​កាត់ទោស​កំបាំង​មុខ​លោក សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​គេចខ្លួន​ទៅ​បរទេស​ឱ្យ​ជាប់ពន្ធនាគារ ២៥ ​ឆ្នាំ និង​មន្ត្រី​របស់លោក​ផ្សេងទៀត​ឱ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី​ ២០ ទៅ ២២ ​ឆ្នាំ​ពី​ម្សិលមិញ​ពី​បទឧបឃាត​ដែល​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានីភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​លោក​ សម រង្ស៊ី និង​អ្នកពាក់ព័ន្ធ​ ៨ ​នាក់​ផ្សេងទៀត​​ពី​បទ​ឧបឃាត​ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​ ២០១៩​។

លោក​ថា​៖ «​ឈ្មោះ​ សម រង្ស៊ី ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ២៥ ​ឆ្នាំ លោកស្រី​ មូរ សុខហួរ និង​លោក​ អេង ឆៃអ៊ាង ត្រូវបាន​ផ្តន្ទាទោស​ម្នាក់ៗ​ក្នុង​រយៈពេល ២២ ​ឆ្នាំ​ហើយ​ឈ្មោះ​ ជូឡុង សូមួរ៉ា លោក​ ម៉ែន សុថាវរិន្ទ្រ លោក​ អ៊ូ ច័ន្ទឫទិ្ធ លោក​ ហូរ វ៉ាន់ លោក​ ឡុង រី និង​លោក​ នុត រំដួល ត្រូវ​ផ្តន្ទាទោស​ម្នាក់ៗ​ ២០ ​ឆ្នាំ​»​។

លោក​ឱ្យដឹងថា​៖ «​សាលក្រម​នេះ​ប្រកាស​ចំពោះមុខ​មេធាវី​រដ្ឋាភិបាល ហើយ​និង​ចាត់ទុក​ចំពោះមុខ​ជនជាប់ចោទ​ដោយ​ទុក​សិទ្ធិ​ឱ្យ​ប្តឹង​ឧទ្ធរណ៍​ក្នុង​រយៈពេល​កំណត់​ដោយ​ច្បាប់​»​។

ជនជាប់ចោទ​ទាំងនោះ​ត្រូវ​បាន​ផ្តន្ទាទោស​បន្ថែម​ផងដែរ ដោយ​ដកសិទ្ធិ​ប្រជាពលរដ្ឋ​ជា​ស្ថាពរ និង​ដកហូត​សិទិ្ធ​បោះឆ្នោត និង​ឈរឈ្មោះ​បោះឆ្នោត និង​សិទ្ធិ​បំពេញការងារ​ក្នុង​ក្របខ័ណ្ឌ​ជា​មន្ត្រី​សាធារណៈ​ជាដើម និង​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​រួមគ្នា​សង​សំណង​ដល់​រាជរដ្ឋាភិបាល​ចំនួន​ ១ ៨០០ ​លាន​រៀល​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ អ៊ី រិន្ទ​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ទាក់ទង​លោក​ សំ សុគង់ មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​ទាំង​ ៩ ​នាក់​ សុំ​អត្ថាធិប្បាយ​បាន​នៅឡើយ​ទេ​ពី​ម្សិលមិញ ខណៈ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នក​ទទួល​។

លោក​ គូន សារឿន មេធាវី​តំណាងឱ្យ​រាជរដ្ឋាភិបាល​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​ពី​ម្សិលមិញ​ថា បទល្មើស​ឧបឃាត​នេះ​ក្នុង​ក្រម​បាន​កំណត់ថា នៅពេល​ដែល​ក្រុម​លោក​ សម រង្ស៊ី ប្រព្រឹត្ត​បទល្មើស​បែបនេះ​ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ក្នុង​បទឧបឃាត​នេះ គឺ​ច្បាប់​បានកំណត់​ទោស​ពី​ប៉ុន្មាន​ឆ្នាំទៅ​ប៉ុន្មាន​ឆ្នាំ​ហើយ​។ លោក​ថា តាម​លោក​ចាំ គឺ​ទោស​ខ្ពស់បំផុត​ ៣០ ​ឆ្នាំ​។ ដូច្នេះ​ការកំណត់​ទោស​នេះ​គឺ​ស្ថិត​នៅក្នុង​ការកំណត់​របស់​ច្បាប់​។

លោក​ថ្លែងថា​៖ «​ការកំណត់​ទោស​នេះ​វា​លើសពី​ពាក់កណ្តាល ក៏ប៉ុន្តែ​វា​មិន​ដល់​កម្រិត​ខ្ពស់បំផុត​ទេ ដែល​ហៅថា កម្រិត​អប្បបរមា​នៃ​ទោស​ដោយសារ​ការយល់​ឃើញ​របស់​ចៅក្រម ហើយ​ការផ្តន្ទាទោស​នេះ​គឺ​ប្រាកដជា​ក្នុង​កម្រិត​មួយ​ស្ថិត​នៅ​ក្រោម​ការចែង​ច្បាស់​នៅក្នុង​ក្រម​ព្រហ្មទណ្ឌ​យើង​»​។

ក្រោយពី​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ភា្លម​លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​ពី​ម្សិលមិញ​ដោយ​ចាត់ទុក​ការសម្រេច​របស់​តុលាការ​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​។ លោក​លើកឡើង​ថា​៖ «​សាលក្រម​គួរឱ្យ​អស់សំណើច​នេះ ឆ្លុះបញ្ចាំង​ពី​ការភ័យខ្លាច​របស់​លោក​ ហ៊ុន សែន ដែល​ចង់​កម្ចាត់​លោក​ សម រង្ស៊ី ចេញពី​ឆាកនយោបាយ​នៃ​ប្រទេស​កម្ពុជា​។ ពីព្រោះ​គាត់​ដឹងថា បើ​មាន​ការបោះឆ្នោត​ត្រឹមត្រូវ របប​ផ្តាច់ការ ហួស​សម័យ​របស់​គាត់​នឹង​មក​ដល់​ទីបញ្ចប់​របស់​វា​»​។

លោក​បញ្ជាក់ថា​៖ «​អ្នកណា​ដែល​ត្រូវ​តុលាការ​អាយ៉ង ក្រោម​របប​ផ្តាច់ការ តាម​ធ្វើ​ទុក្ខ​បុកម្នេញ អ្នកនោះ​ជា​អ្នកតស៊ូ ស្វែងរក​សេរីភាព ជូន​ប្រទេសជាតិ​យ៉ាងពិត​ប្រាកដ​»​។

សូមជម្រាបថា បើទោះបី​ជា​អវត្តមាន​ជនជាប់ចោទ​ទាំង​ ៩ ​នាក់​ក្តី ប៉ុន្តែ​ក្នុង​សវនាការ​នាពេល​កន្លង​ទៅ លោក​ចៅក្រម​ ឌុច សុខសារិន បាន​ចាក់​បញ្ចាំង​ឃ្លីប​វីដេអូ ដែល​មាន​រយៈពេល​ខ្លី បង្ហាញ​ពី​សកម្មភាព​លោក សម រង្ស៊ី និយាយ​ក្នុង​អង្គប្រជុំ​មួយ​នៅ​សហរដ្ឋអាមេរិក ពីថ្ងៃ​ទី​ ១៤-១៥ កញ្ញា ឆ្នាំ​ ២០១៩ អំពី​ការរៀបចំ​គម្រោង វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ​វិច្ឆិកា ឆ្នាំ​ ២០១៩​។ ក្នុង​ឃ្លីប​វីដេអូ លោក​ សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​កងទ័ព​ផ្តាច់ខ្លួន​ចេញ​ពី​របប​ផ្តាច់ការ និង​កុំ​ស្តាប់បង្គាប់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បែរមក​ខាង​ប្រជាពលរដ្ឋ​វិញ​។

តាមរយៈ​វីដេអូ​នោះ​លោក​ សម រង្ស៊ី លើកឡើងថា គាត់​នឹង​រៀបចំ​កញ្ចប់​ថវិកា​ដែល​បាន​ពី​ការប្រមែប្រមូល​ពី​ក្រៅប្រទេស សម្រាប់​ឧបត្ថម្ភ​ដល់​បងប្អូន​ជា​កងកម្លាំង​ប្រដាប់អាវុធ​។ លោក​អំពាវនាវ​ឱ្យ​ពលករ​ដែល​កំពុង​ធ្វើការ​នៅក្រៅ ប្រទេស​ត្រៀមខ្លួន​អមដំណើរ​គាត់​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ឆ្នាំ​ ២០១៩​។

លោក​ សម រង្ស៊ី ថ្លែងថា​៖ «​នៅពេល​ប្រទេស​យើង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ យើង​ធានា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​រស់​នៅបាន​សមរម្យ ហើយ​បងប្អូន​កងទ័ព​នឹង​ក្លាយជា​វីរបុរស​របស់​ប្រទេស​។ កូន​ខ្មែរ​ត្រូវ​ចូលរួម​បេសកកម្ម ស្រោចស្រង់​ប្រទេសជាតិ​»៕

វីដេអូ៖