ភ្នំពេញៈ អតីត​មេដឹកនាំ​បក្សប្រឆាំង​អះអាង​ថា​ក្នុង​នាម​ក្រុម​ខ្លួន​ជា​អ្នកប្រជាធិបតេយ្យ​នឹង​ទៅ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​សុំ​ឲ្យ​ប្រទេស​មហាអំណាច​មួយ​នេះ​ផ្តល់​មក​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​នូវ​លុយ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ពាក់ព័ន្ធ​នឹង​ភាព​មិនប្រក្រតី​ដែល​ត្រូវ​បាន​បង្កក ឬ​រឹបអូស​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​មន្ត្រី​បក្ស​កាន់អំណាច​បន្ទរ​ថា សុំ​ឲ្យ​រឹបអូស​យក​មក​សង​រាស្ត្រ​វិញ​ចុះ​ខ្លួន​សាទរ​វិធានការ​នេះ​។

ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ពី​ម្សិលមិញ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្សប្រឆាំង​ដ៏ធំ​លោក​ សម រង្ស៊ី បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​កំពុង​និរទេស​ខ្លួន​បាន​ប្រៀបធៀប​មេដឹកនាំ​ ឬ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​នឹង​មេដឹកនាំ​ប្រទេស​ហ្វីលីពីន​ឈ្មោះ​ ម៉ា កូស ដែល​មាន​លុយរាប់​លាន​ដុល្លារ​អាមេរិក​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ហើយ​យក​ទៅ​លាក់ទុក​នៅ​ធនាគារ​នៃ​សហរដ្ឋអាមេរិក ស្វ៊ីស និង​ប្រទេស​នៅ​អឺរ៉ុប​។

លោក​ រង្ស៊ី ថា ក្រោយ​មក​លុយ​របស់​អតីត​មេដឹកនាំ​ប្រទេស​ហ្វីលីពីន​រូប​នោះ​ត្រូវ​បាន​គេ​បង្កក​ និង​រឹបអូស​ហើយ​បន្ទាប់មក​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ហ្វីលីពីន​បាន​ទៅ​ចរចា​ជាមួយ​ប្រទេស​ទាំងនោះ​ដើម្បី​សុំ​ឲ្យ​បញ្ជូន​លុយ​ទាំងអស់​នោះ​មក​សង​ពលរដ្ឋ​ហ្វីលីពីន ឬ​អភិវឌ្ឍ​ប្រទេស​។

ដោយ​ឡែក​សម្រាប់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន វិញ​លោក​ សម រង្ស៊ី ថា អាមេរិក​នឹង​បង្កក​ ឬ​រឹបអូស​លុយ​រាប់​លាន​ដុល្លារ​អាមេរិក​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជា​បន្ត​ទៀត​ក្រោយពី​ពួកគេ​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋអាមេរិក​ហើយ​នោះ ហើយ​ថា​ក្រុម​លោក​ជា​អ្នក​ប្រជាធិបតេយ្យ​នឹង​ធ្វើ​តាម​របៀប​ប្រទេស​ហ្វីលីពីន​ដែរ​ដើម្បី​យក​លុយ​មក​សង​ប្រជារាស្ត្រ​វិញ​។

លោក​ រង្ស៊ី ​បញ្ជាក់​ថា​៖ «​យើង​ក៏​មាន​បំណង​អ៊ីចឹង​ដែរ ដើម្បី​កុំ​ឲ្យ​លោក​ ហ៊ុន សែន និង​បក្ខ​ពួកគាត់​នឹកស្មាន​ថា​បាន​យក​លុយ​ទៅ​លាក់​នៅ​កន្លែង​ណា​គេ​រក​មិន​ឃើញ​។ សម័យ​នេះ​មិន​អាច​លាក់​អី​បាន​យូរ​ទេ​យើង​នឹង​ទៅ​រក​ឲ្យ​ទាល់តែ​ឃើញ​ហើយ​យក​មក​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ សង​ដីធ្លី សង​អ្វីៗ​ដែល​ប្រជារាស្ត្រ​ខ្មែរ​បាត់បង់​។

លោក​បន្ត​ថា​ឥឡូវ​នេះ​រាស្ត្រ​ខ្មែរ​ក្រ​ជំពាក់​ធនាគារ​វ័ណ្ឌក​។ អ៊ីចឹង​ហើយ​បាន​ក្រុម​អ្នក​ប្រជាធិបតេយ្យ​យក​លុយ​នោះ​មក​សង​វិញ​យ៉ាង​ហោច​ណាស់​ក៏​សង​បំណុល​ជំនួស​រាស្ត្រ​ខ្មែរ​ដែល​ជំពាក់​លុយ​ធនាគារ​ដោយសារ​អំពើ​ពុករលួយ​របស់​លោក​ ហ៊ុន សែន​។

សម្រាប់​មន្ត្រី​ជាន់ខ្ពស់​ដែល​លោក​ថា​ពួកគេ​ចង់​ទៅ​អាមេរិក​ដោយសារ​ពួកគេ​មាន​សាច់ញាតិ ឬ​កូនចៅ​របស់​ពួកគេ​រស់នៅ​សហរដ្ឋអាមេរិក និង​មាន​លុយ​ផ្ញើ​នៅ​ធនាគារ​ទី​នោះ​លោក​ រង្ស៊ី អះអាង​ថា​៖ «​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ដាក់​ពួក​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​លើ​បញ្ជីខ្មៅ​របស់​គេ គឺ​គេ​អត់​ឲ្យ​ទៅ​ជាន់​ដី​គេ​ទៀត​ទេ ហើយ​គេ​ឈាន​ទៅ​រឹបអូស​ទ្រព្យសម្បត្តិ​ចាប់ផ្តើម​បង្កក​ទ្រព្យសម្បតិ្ត​។ មិន​អាច​យក​លុយ​តម្កល់ទុក​នៅ​សហរដ្ឋ​អាមេរិក​ទៅ​ប្រើប្រាស់​បាន​តាម​ចិត្ត​ទេ ពីព្រោះ​គេ​ដឹង​ថា​លុយ​នេះ​ជា​លុយ​មកពី​អំពើ​ពុករលួយ​»​។

លោក​បញ្ជាក់​ថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ខ្ញុំ​ សម រង្ស៊ី នឹង​ជំរុញ​ឲ្យ​គេ​ប្រមូល​លុយ​ទាំងអស់​នោះ​មក​សង​ប្រជារាស្ត្រ​ខ្មែរ​វិញ ពីព្រោះ​លុយ​នេះ​ញើស​ឈាម​ប្រជារាស្ត្រ​ខ្មែរ​»​។

ទោះ​ជា​យ៉ាង​ណា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច លោក​ សុខ ឥសាន ថ្លែង​ថា​ព័ត៌មាន​ទាក់ទង​នឹង​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នេះ​គឺ​គ្រាន់តែ​សូរសំឡេង​មួយ ដែល​កើតឡើង​នៅ​ពេល​ការបោះឆ្នោត​ខិតជិត​មក​ដល់​តែ​ប៉ុណ្ណោះ ហើយ​ថា​ក្រុមមន្ត្រី​ជាន់​ខ្ពស់​មិន​មាន​លុយ​ដល់​ថ្នាក់​រាប់លាន​តម្កល់​ទុក​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​។

លោក​ ឥសាន ថ្លែង​ថា​៖ «​យើង​អត់​មាន​គាំទ្រ​អំពើ​ពុករលួយ​ទេ អ៊ីចឹង​លុយ​ណា​ដែល​បាន​ពី​អំពើ​ពុករលួយ ហើយ​រកឃើញ​មាន​ភ័ស្តុតាង​ច្បាស់លាស់ គេ​រឹបអូស​យក​មក​ចែក​ប្រជាជន​យក​មក​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ អាហ្នឹង​យើង​ស្វាគមន៍​ក៏​ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​វា​អត់​មាន​។ ដូច្នេះ​អាការ​រឹបអូស​ហ្នឹង​វា​អត់​មាន​ការ​រឹបអូស​ទេ ពីព្រោះ​វា​អត់​មាន​អី​រឹបអូស​»​។

ពាក់ព័ន្ធ​នឹង​ការ​បង្កក​ទ្រព្យសម្បត្តិ​​ និង​ដាក់​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ទៅក្នុង​បញ្ជី​ខ្មៅ​អាមេរិក​នោះ​លោក ឥសាន សង្កត់​ធ្ងន់​ថា​៖ «​ខ្ញុំ​យល់​ថា វា​ជា​ឧបាយកល​ទុច្ចរិត​របស់​មជ្ឈដ្ឋាន​ប្រឆាំង​ទាំង​ក្នុង​ និង​ក្រៅប្រទេស​នៅ​ពេល​ដែល​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​កាន់តែ​ឈាន​ជិត​ចូល​មកដល់​។ ចាំមើល​ចាប់​ពី​ថ្ងៃ​ហ្នឹង​ទៅ​រហូត​ដល់​ឆ្នាំ​ណា​បាន​គេ​រឹបអូស​យក​ទ្រព្យសម្បត្តិ និង​លុយកាក់​ហ្នឹង​បាន អាហ្នឹង​យើង​អបអរសាទរ​ទាំងអស់​គ្នា​»​។

អ្នក​វិភាគ​នយោបាយ​ និង​ស្រាវជ្រាវ​កិច្ចការ​សង្គម​លោក​ មាស នី មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​វោហារស័ព្ទ​របស់​លោក​ សម រង្ស៊ី ទេ​ដោយ​និយាយ​ថា​ជា​រឿង​រសើប ប៉ុន្តែ​លោក​ថា​ប្រទេស​ដទៃ​ដែល​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​នោះ​ត្រូវ​បាន​គេ​បង្កក ឬ​រឹបអូស ដោយសារ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​គឺ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ណា​មួយ​នោះ​អាច​ទៅ​សុំ​យក​លុយ​ ឬ​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​ទាំងអស់​មក​អភិវឌ្ឍ​ប្រទេស​របស់​គេ​បាន​។

លោក​ មាស នី ថ្លែង​ថា​៖ «​ក៏​ប៉ុនែ្ត​នៅក្នុង​ប្រទេស​ដទៃ​ទៀត​កាលណា​មាន​ការ​បង្កក​ទ្រព្យសម្បត្តិ​អ៊ីចឹង​ហើយ​គឺ​បាន​ន័យ​ថា ទ្រព្យសម្បត្តិ​ហ្នឹង​ថ្ងៃ​ក្រោយ​ប្រទេស​ហ្នឹង​អាច​សុំ​គេ​ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​បាន​។ នេះ​វា​ជា​ទម្លាប់​ធម្មតា​នៃ​ការបង្កក​ទ្រព្យសម្បត្តិ គេ​មិន​បង្កក​យក​ទៅ​ណា​ទេ​»៕