ភ្នំពេញៈ អតីត​មេដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ចាត់​ទុក​ស្ថានភាព​នយោបាយ​ក្នុង​ឆ្នាំ​បោះឆ្នោត​ជាតិ​នេះ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្វី​ដែល​លោក​អះអាង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​លេង​ល្បែង​នយោបាយ​ភ្លាត់ស្នៀត​ក្រោយ​ពី​បក្សប្រឆាំង​ដ៏ធំ​របស់​លោក​ត្រូវ​បាន​រំលាយ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា ស្ថានភាព​ពិត​ជា​ល្អ​មែន​ហើយ​គឺ​ល្អ​សម្រាប់​គណបក្ស​កាន់​អំណាច​។

នៅលើ​ហ្វេសប៊ុក​របស់​លោក​ពី​ម្សិលមិញ​ក្រោយ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី លោក​ សម រង្ស៊ី ដែល​ក៏​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ថា នេះ​ជា​លើក​ទី​ ១ ​ហើយ​ដែល​លោក​ឃើញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ល្អ​បែប​នេះ ក្រោយពី​លោក​ធ្វើ​នយោបាយ​ ២៥ ​ឆ្នាំ​កន្លង​មក​ហើយ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ភ្លាត់ស្នៀត​ធ្ងន់ធ្ងរ​ណាស់​ក្រោយ​ពី​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ សម រង្ស៊ី ហាក់​ដូច​ជា មាន​ជំនឿ​ទៅ​លើ​ជ័យជម្នះ​ពី​ការបោះឆ្នោត​ថ្ងៃទី​ ២៩ ខែ​កក្កដា ទោះបី​ជា​បក្សប្រឆាំង​ដ៏ធំ​នេះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ត្រូវ​ចូលរួម​ប្រកួត​ប្រជែង​នឹង​គេ​ក៏ដោយ​។

លោក​ សម រង្ស៊ី ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ដែល​ឃើញ​ស្ថានការណ៍​ណា​ដែល​អំណោយផល​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ជាង​ឆ្នាំ​ ២០១៨ ​នេះ​ទេ​។ ពីព្រោះ​ជន​ផ្តាច់ការ​បាន​ភ្លាត់ស្នៀត​យ៉ាង​ទម្ងន់​ដោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​រំលាយ​ឆន្ទៈ​ខ្មែរ​ជាង​ពាក់​កណ្តាល​នគរ គឺ​រំលាយ​ និង​សម្លាប់​ប្រជាធិបតេយ្យ​តែ​ម្តង​នៅ​ប្រទេស​កម្ពុជា​»​។

ការ​ដែល​លោក​អះអាង​ថា​ស្ថានការណ៍​អំណោយផល​គឺ​លោក​សំដៅ​ទៅ​លើ​ប្រជាពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​ថ្ងៃទី​ ២៩ ខែ​កក្កដា​ជា​ជ័យជម្នះ​នឹង​ទទួល​បាន​យ៉ាងងាយស្រួល​។

លោក​បន្ថែម​ថា​ពិភពលោក​នឹង​មិន​ទទួល​ស្គាល់​ទេ នូវ​ទង្វើ​បែប​នេះ​ហើយ​អង្គការ​សហប្រជាជាតិ​ក៏​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​នៅ​ពេល​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រជែង​នយោបាយ​តែ​មួយ​គត់​ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​នេះ​។

លោក​អះអាង​ថា​​ នៅ​ពេល​មិន​មាន​ការទទួលស្គាល់​ពី​អន្តរជាតិ​នោះ​គឺ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ក៏​មិន​មាន​ភាព​ស្រប​ច្បាប់​ផង​ដែរ ពេល​នោះ​ហើយ​រដ្ឋាភិបាល​មិន​អាច​ដំណើរការ​បាន​ឡើយ​។

លោក​ថ្លែង​ថា​៖ «​ចាំ​តែ​មើល​ទៅ​ក្រោយ​ថ្ងៃ​ ២៩ ខែ​កក្កដា​ ក្រោយ​ថ្ងៃ​បោះឆ្នោត​លេងសើច​ហ្នឹង គ្មាន​អ្នក​ណា​ទទួល​ស្គាល់​ ហ៊ុន សែន នឹង​បាត់បង់​ភាព​ស្រប​ច្បាប់​។ គាត់​មិន​អាច​ដឹកនាំ​ប្រទេស​ជិះសេះ​លែង​ដៃ​ដូច​សព្វថ្ងៃ​បាន​ទៀត​ទេ​»​។

លោក​ សម រង្ស៊ី បញ្ជាក់​ថា​៖ «​ជា​សំណាង​ដ៏ល្អ​ជា​ទីបំផុត​ដែល​យើង​អាច​រើបម្រះ​ពី​អំណាច​ផ្តាច់ការ​ដែល​យើង​អាច​នាំ​មក​នូវ ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដោយ​សន្តិវិធី ដែល​យើង​ចង់​បាន​យូរហើយ​។ យើង​នឹង​សម្រេច​បាន​ថ្ងៃ​ ២៩ កក្កដា​ខាង​មុខ​នេះ​គ្រាន់តែ​កុំ​ទៅ​បោះឆ្នោត វា​មាន​អី​ពិបាក​កុំ​ទៅ​បោះឆ្នោត​។ កាល​យើង​ទៅ​ធ្វើ​បាតុកម្ម​គេ​ដេញ​វាយ ដេញចាប់ ដេញ​បាញ់ ពិបាក​ស្ទើរ​ស្លាប់​ស្ទើរ​រស់​យើង​ហ៊ាន​ទៅ តែ​ឥឡូវ​សុំ​ឲ្យ​នៅ​ផ្ទះ​ប៉ុណ្ណឹង​មាន​ពិបាក​អី ហើយ​យើង​នឹង​ទទួល​បាន​ជ័យជម្នះ​ដ៏ស្រួល​»​។

ប៉ុន្តែ​មន្ត្រី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ​ខៀវ សុភ័គ បាន​ចំអក​ទៅ​លើ​សម្ដី​លោក​ សម រង្ស៊ី ហើយ​ថា​លោក​ រង្ស៊ី ​និយាយ​ត្រូវ​ក្នុង​ស្ថានភាព​បែប​នេះ ប៉ុន្តែ​ថា​ការនិយាយ​ត្រូវ​នេះ​គឺ​ត្រូវ​ស្ថានការណ៍​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​វិញ​ទេ​។

លោក​ សុភ័គ ថ្លែង​ថា​៖ «​គាត់​ថា​ត្រូវ​មាន​ខុស​អី​។ ល្អ​មែន​សម្រាប់​គណបក្ស​ប្រជាជន​ថ្ងៃ​ ២៩ ​កក្កដា​បោះឆ្នោត​។ ២ ​ខែ​យ៉ាង​យូរ រាជរដ្ឋាភិបាល​ថ្មី​នឹង​កើតឡើង ហើយ​ពូ​ជា​អ្នក​អះអាង​ថា​គ្មាន​មុខ​ សម រង្ស៊ី ទេ គ្មាន​មុខ​ ១១៨ ​នាក់ ​(​មន្ត្រី​ជាន់ខ្ពស់​របស់​អតីត​បក្សប្រឆាំង​ដែល​ត្រូវ​ហាម​ធ្វើ​នយោបាយ​) ​ក្នុង​រដ្ឋសភា​ទេ​»​។

លោក​បញ្ជាក់​ថា​ទោះបី​អន្តរជាតិ​ទទួល​ ឬ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏ដោយ​គឺ​មិន​សំខាន់​ទេ ព្រោះ​នេះ​ជា​ស្រុក​ខ្មែរ​មិនមែន​អន្តរជាតិ​ទេ ហើយ​ថា​លោក​ សម រង្ស៊ី មិន​មាន​តម្លៃ​អ្វី​ទៀត​ទេ សូម្បី​អាមេរិកាំង​ក៏​មិន​គាំទ្រ​លោក​ សម រង្ស៊ី ទៀត​ដែរ​។

លោក​ ហង្ស វិទូ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ថ្លែង​ថា​គណបក្ស​សង្គ្រោះ​ជាតិ មាន​ផ្លូវ​មួយ​គឺ​រង់ចាំ​លទ្ធផល​ក្រោយ​ការបោះឆ្នោត​ថា​តើ​មាន​អ្នក​ទៅ​បោះឆ្នោត​ប៉ុន្មាន​នាក់​ហើយ​រដ្ឋាភិបាល​ថ្មី​នោះ​មាន​ការ​ទទួលស្គាល់​ពី​អន្តរជាតិ​ឬ​អត់ ហើយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មាន​ការព្រួយបារម្ភ​អំពី​លទ្ធផល​ក្រោយ​ការបោះឆ្នោត​នោះ​ដែរ​។

លោក វិទូ បញ្ជាក់​ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​ប្រហែល​មាន​ឧបសគ្គ​មាន​វិញ្ញាសា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ឈឺក្បាល​មែនទែន​ក្រោយ​បោះឆ្នោត​។ វិញ្ញាសា​មាន​ច្រើន ប៉ុន្តែ​វិញ្ញាសា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដោះស្រាយ​មាន ​៣ ទី​ ១ ​ថា​តើ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​យ៉ាងម៉េច​ដើម្បី​សម្របសម្រួល​អ្នក​ជាង​ពាក់កណ្តាល​ប្រទេស​ដែល​អត់​ទៅ​បោះឆ្នោត​។ ទី​ ២ ​គាត់​ត្រូវ​ដោះស្រាយ​ចំពោះ​អន្តរជាតិ​នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ​គេ​មិន​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត តើ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដោះស្រាយ​បែប​ម៉េច​? ​ទី​ ៣ ​តើ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដោះស្រាយ​យ៉ាង​ម៉េច​ចំពោះ​ការបែកបាក់​ជាតិ​?»៕