The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក សម រង្ស៊ី ថា អភិបាល​រាជធានី​ភ្នំពេញ​គួរ​មក​ពី​គណបក្ស សង្គ្រោះ​ជាតិ

លោក សម រង្ស៊ី ថា អភិបាល​រាជធានី​ភ្នំពេញ​គួរ​មក​ពី​គណបក្ស សង្គ្រោះ​ជាតិ

លោក សម រង្ស៊ី ថា អភិបាល​រាជធានី​ភ្នំពេញ​គួរ​មក​ពី​គណបក្ស សង្គ្រោះ​ជាតិ

131104_03
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទកាសែតកាលពីសប្តាហ៍មុន ម៉ៃ វីរៈ

ភ្នំពេញៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស ប្រឆាំង កាល​ពី​ម្សិលមិញ បាន​ថ្លែង​ថា អភិបាល​រាជធានី​ភ្នំពេញ​បន្ទាប់ គួរ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លើក​មូលហេតុ​គណបក្ស​របស់​លោក​ទទួល​បាន​សំឡេង​ភាគ​ច្រើន នៅ​ក្នុង​ការ​បោះឆ្នោត កាល​ពី​ថ្ងៃ ទី២៨ ខែ កក្កដា។

គោល​គំនិត​នេះ ត្រូវ​បាន​លើក​ឡើង​ក្នុង​សុន្ទរកថា ទៅ​កាន់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​ស្រុក​រាប់​ពាន់​នាក់ ដែល​បាន​ធ្វើ​ឡើង នៅ​មុន​កិច្ច​ប្រជុំ ដែល​បាន​គ្រោង​ធ្វើ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ថ្ងៃ​ស្អែក​នេះ។ លោក សម រង្ស៊ី បាន​ថ្លែង​ថា បញ្ហា​ជុំវិញ​ការ​តែង​តាំង​អភិបាល​រាជធានី អាច​លើក​ឡើង​ព្រម​ជាមួយ​នឹង​របៀប​វារៈ​ស្នូល របស់​គណបក្ស ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត ការ​បោះឆ្នោត និង​កំណែ​ទម្រង់។

នៅ​ក្នុង​ពិធី នៅ​ទីស្នាក់ការ​គណបក្ស ក្នុង​ខណ្ឌ ទួលគោក លោក សម រង្ស៊ី បាន​ថ្លែង​ថា គណបក្ស ប្រឆាំង គួរ​ដឹក​នាំ​រាជធានី ដែល​ខ្លួន​បាន​ឈ្នះ​អាសនៈ ៧ ក្នុង​ចំណោម​អាសនៈ​ចំនួន ១២ ក្នុង​ការ​បោះឆ្នោត​ខែ កក្កដា។ លោក​បាន​បន្ថែម​ថា៖ «យើង​ទាមទារ អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​តែ​ចេញ​ពី [គណបក្ស​សង្គ្រោះ​ជាតិ] ដើម្បី​គោរព​ឆន្ទៈ​ប្រជាជន ដែល​ចង់​បាន​ការ​ផ្លាស់​ប្តូរ»។

ទោះ​ជា​យ៉ាង​ណា ក្រោយ​មក លោក សម រង្ស៊ី បាន​បន្ទន់​សម្តី ហើយ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការ​តែង​តាំង​អភិបាល ក្នុង​ខេត្ត ដែល​គណបក្ស​ប្រឆាំង​មាន​សំឡេង​ភាគ​ច្រើន ក្នុង​ការ​បោះឆ្នោត គួរ​តម្រូវ​ឲ្យ​មាន​ការ​ឯកភាព​ពី​គណបក្ស​ប្រឆាំង។ «ជា​គោលការណ៍​យ៉ាង​ហោច​ណាស់​ក្នុង​ខេត្ត​ចំនួន ៤ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះឆ្នោត...យើង​ចង់​មាន​សំឡេង​ក្នុង​ការ​តែង​តាំង​អភិបាល»។ «ប្រជាជន​ភាគ​ច្រើន គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​មាន​សំឡេង»។ លោក​បន្ថែម​ថា ក្នុង​រយៈ​ពេល​វែង គណបក្ស​នឹង​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​ទូទៅ​សម្រាប់​រាល់​អភិបាល រាជធានី ខេត្ត​ទាំង​អស់។

បច្ចុប្បន្ន គណបក្ស​ប្រជាជន តែង​តាំង​អភិបាល​ខេត្ត រាជធានី តាម​រយៈ​ក្រសួង មហាផ្ទៃ ហើយ​បន្ទាប់​មក​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជក្រឹត្យ​តែង​តាំង។

លោក ជាម យៀប តំណាង​រាស្រ្ត គណបក្ស​ប្រជាជន បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​ទេ​ថា លោក សម រង្ស៊ី បាន​ធ្វើ​ការ​ទាមទារ តំណែង​អភិបាល​រាជធានី​នោះ​។ លោក​បាន​បន្ត​ថា ក្នុង​កិច្ច​ប្រជុំ​លើក​មុន លោក សម រង្ស៊ី ចង់​បាន​តុល្យភាព​អំណាច និង​តំណែង​ជា​ប្រធាន​រដ្ឋសភា។ «វា​ជា​មហិច្ឆតា​របស់​គាត់ ប៉ុន្តែ​វា​នឹង​អាស្រ័យ​លើ​គណបក្ស​ប្រជាជន ដែល​ជា​អ្នក​ឈ្នះ​ឆ្នោត​។ គាត់​ចង់​បាន​អ្វី​ក៏​ដោយ គាត់​មិន​អាច​មាន​វា​ទេ»។

កិច្ច​ពិភាក្សា​ថ្ងៃ​ស្អែក ដែល​ជា​ជំនួប​ពិភាក្សា​លើក​ទី ១ ចាប់​តាំង​ពី​គណបក្ស​ប្រជាជន បាន​ជម្នះ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ដោយ​ឯកបក្ស កាល​ពី​ថ្ងៃ​ទី ២៣ ខែ កញ្ញា និង​បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​កំពូល បាន​ជួប​គ្នា​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ ទី១៦-១៧ ខែ កញ្ញា នឹង​ជា​ការ​ប្រជុំ​រវាង​ក្រុម​បច្ចេកទេស​មិន​មែន​ជា​កិច្ច​ប្រជុំ​មេ​ដឹក​នាំ​ថ្នាក់​កំពូល​ទេ។

សំណើ​សំខាន់ៗ​របស់ គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត កំណែ​ទម្រង់​ការ​បោះឆ្នោត ផ្អែក​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ស្នើ​ឲ្យ​សមាជិក​ទាំង ៩ រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លាលែង​ពី​តំណែង។

ប៉ុន្តែ កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​ថ្លែង​ថា បញ្ហា​ដទៃ​ទៀត​ដូចជា​ការ​តែង​តាំង​អភិបាល រាជធានី ខេត្ត ក៏​អាច​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ។ «ការ​ពិភាក្សា​នឹង​បើក​ចំហ​បញ្ហា​ណា ក៏​អាច​លើក​ឡើង​ផង​ដែរ ព្រោះ​គ្មាន​បុរេ​លក្ខខណ្ឌ​ទេ។ ដូច្នេះ យើង​នឹង​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក»។

បើ​ទោះ​បី​ជា​ការ​ទាមទារ​របស់ គណបក្ស​សង្គ្រោះ​ជាតិ​អាច​មាន​ប្រជាប្រិយភាព​ក៏​ដោយ ក៏​ប៉ុន្តែ​អ្នក​គាំទ្រ​គណបក្ស​ជាច្រើន​នាក់ បាន​ចាប់​ផ្តើម​សម្តែង​ចេញ​នូវ​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន ដែល​គណបក្ស​ប្រឆាំង​កំពុង​តែ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន។

ឆ្លើយ​តប កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​បំភ្លឺ​ប្រាប់​សមាជិក​គណបក្ស​ថា ការ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន ស្តីពី​កំណែ​ទម្រង់ មិន​មែន​ជា​ការ​ចរចា​ចូល​រួម​ក្នុង​រដ្ឋសភា ឬ​ក្នុង​រដ្ឋាភិបាល​ទេ។ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា៖ «សូម​ជ្រាប​រវាង​ការ​ប្រជុំ និង​ការ​ចូល​រួម ... ការ​ប្រជុំ​គ្រាន់​តែ​ពិភាក្សា មិន​មាន​ន័យ​ថា [យើង​]ចូល​រួម [រដ្ឋសភា រដ្ឋាភិបាល] ទេ»។

លោក សម រង្ស៊ី បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «កិច្ច​ប្រជុំ​ថ្ងៃ​អង្គារ គឺ​គ្រាន់​តែ​ជា​កិច្ច​ប្រជុំ​បច្ចេកទេស ដែល​វា​នឹង​សម្រួល​ដល់​កិច្ច​ពិភាក្សា​ផ្ទាល់ រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ធ្វើ​សេចក្តី​សម្រេច​»។ លោក​បាន​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទូច​ថា កិច្ច​ប្រជុំ​ថ្នាក់​កំពូល​នៅ​ថ្ងៃ​អនាគត នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាជន​ឃ្លាំ​មើល និង​តាម​ដាន​កិច្ច​ពិភាក្សា​ផង​ដែរ។

លោក សក់ សេដ្ឋា រដ្ឋ​លេខា​ក្រសួង មហា​ផ្ទៃ ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​បច្ចេកទេស​សម្រាប់​កិច្ច​ប្រជុំ ពី​ភាគី​គណបក្ស​ប្រជាជន​បាន​ថ្លែង​ថា កិច្ច​ពិភាក្សា​អាច​មាន​ផ្លែ​ផ្កា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ពិត​ជា​មាន​ឆន្ទៈ​ចរចា​មែន។ លោក​បន្ថែម​ថា៖ «ពេល​ចរចា អ្វី​ដែល​យើង​ព្រម​ព្រៀង​គ្នា យើង​អាច​ធ្វើ​កំណែ​ទម្រង់​បាន។ ចំណុច​ដែល​យើង​ខ្វែង​គំនិត​គ្នា​ច្រើន យើង​មិន​អាច​ធ្វើ​កំណែ​ទម្រង់​បាន​ទេ»៕

រាយការណ៍​បន្ថែម​ដោយ ឆាយ ច័ន្ទនីដា

អត្ថបទគួរចាប់អារម្មណ៍