ភ្នំពេញៈ សាលាដំបូងរាជធានីកាលពីម្សិលមិញបានសម្រេចផ្តន្ទាទោសដោយកំបាំងមុខលើប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងជំនួយការរបស់លោកដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេសឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំ និងបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនពាក់ព័ន្ធនឹងការក្លែងឯកសារសាធារណៈរឿងបង្ហោះឯកសារព្រំដែនកម្ពុជា វៀតណាមដ៏ចម្រូងចម្រាសដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជារឿងនយោបាយ។
នៅក្នុងសវនាការដែលអវត្តមានមេធាវីទាំងសងខាង និងអវត្តមានជនជាប់ចោទទាំងបីនាក់នោះប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក លាង សំណាត់ បានប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំដោយអនុវត្តទោសពេញ។ ចំណែកជំនួយការនៃក្រុមការងារគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោក ២ នាក់ទៀតឈ្មោះ អ៊ឹង ជុងលាង និងឈ្មោះ សត្យា សម្បត្តិ ដាក់ពន្ធនាគារ ៥ ឆ្នាំ ដូចគ្នា តែអនុវត្តទោស ៣ ឆ្នាំ សល់ពីរឆ្នាំទៀតត្រូវព្យួរទោស។
លោក លាង សំណាត់ ប្រកាសថា៖ «យើងបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ សម រង្ស៊ី អ៊ឹង ជុងលាង ហៅម៉ាប់ ឈ្មោះ សត្យាសម្បត្តិ ដើម្បីយកមកអនុវត្តទោសតាមសាលក្រម»។ ពួកគេទាំងបីត្រូវចោទចំនួនបីបទល្មើសគឺបទសមគំនិតក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ១០៧ ១០៨ ៤២៩ ៤៣០ ៤៩៥ និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌតែមិនមានពិន័យជាប្រាក់នោះទេ។
ការសម្រេចផ្តន្ទាទោសនេះបន្ទាប់ពីសាលាដំបូងរាជធានីបានបើកសវនាការជំនុំជម្រះដោយកំបាំងមុខចំនួន ២ លើកកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា និងថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៦។
តាមអង្គហេតុតុលាការរកឃើញថាពួកគាត់មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ដែលជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងការបង្ហោះឯកសាររឿងសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម។
លោក សុខហួរ ក៏ត្រូវបានសាលាដំបូងរាជធានីកាលពីថ្ងៃទី ៧ ខែវិច្ឆិកាបានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំចំពោះការបង្ហាញសន្ធិសញ្ញាព្រំដែន «ក្លែងក្លាយ» ផងដែរ។
កាលពីដើមខែវិច្ឆិកាតុលាការក្រុងភ្នំពេញក៏បានកាត់ក្តីឲ្យលោក សម រង្ស៊ី ចាញ់ក្តីលោក សោម សឿន ប្រធានក្រុមការងារគេហទំព័រគណបក្សកាន់អំណាច និងត្រូវបង់សំណង និងប្រាក់ពិន័យសរុប ២៥ លានរៀលពីបទបរិហារកេរ្តិ៍ជាសាធារណៈដែលធ្វើឡើងតាមបណ្តាញហ្វេសប៊ុកដែលលោកសម រង្ស៊ី បានចោទមន្ត្រីបក្សកាន់អំណាចថាជាអ្នកនៅពីក្រោយការជំរុញឲ្យមនុស្សចូលរួមចុច Like លើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។ ក្រៅពីនេះមេបក្សប្រឆាំងរូបនេះក៏ត្រូវបានផ្តន្ទាទោសពាក់ព័ន្ធនឹងសំណុំរឿងបរិហារកេរ្តិ៍មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចលោក ហេង សំរិន និងលោក ហោ ណាំហុង ទៀតផងដែរ។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក សម រង្ស៊ី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាការសម្រេចនេះមិនអាចទទួលយកបានទេ និងចាត់ទុកថាជារឿងអយុត្តិធម៌មួយសម្រាប់កូនក្តីដោយសារតុលាការពុំមានភ័ស្តុតាងគ្រប់គ្រាន់ហើយលោកគ្រោងប្តឹងទៅឧទ្ធរណ៍នៅខែមករាឲ្យពិនិត្យការសម្រេចនេះឡើងវិញ។
លោកថា៖ «យើងឃើញថាក្នុងរឿងព្រហ្មទណ្ឌសំខាន់លើភ័ស្តុតាង និងអង្គហេតុ និងច្បាប់ជាក់ស្តែងហើយភ័ស្តុតាងមើលទៅស្ថិតក្នុងការសង្ស័យច្រើនដោយសារការបង្ហោះក្នុងឈ្មោះ សម រង្ស៊ី ហើយមើលទៅផេកនេះដូចជាទូរទស្សន៍មួយរបស់គណបក្សសម្រាប់ផ្សាយព័ត៌មាន...អ៊ីចឹងមិនបានឆ្លងកាត់ពី សម រង្ស៊ី ទេ»។ ចំណែកផ្លូវច្បាប់វិញ «លុះណាតែលោក សម រង្ស៊ី ជាអ្នកបញ្ជា ឬមេគំនិតប៉ុន្តែក្នុងរឿងនេះឯកឧត្តម ហុង សុខហួរ ក៏ជាសាក្សីដែរគាត់បាននិយាយក្នុងសវនាកាថាមិនមានការពាក់ព័ន្ធសូម្បីតែជាមួយជំនួយការគាត់ដែរ។ អ្វីៗគឺជាព័ត៌មានបង្ហោះក្នុងផេកហ្នឹងអ៊ីចឹងបានថាផ្លូវច្បាប់អត់មានទំនាក់ទំនងជាមួយឯកឧត្តម ហុង សុខហួរ និង ឯកឧត្តម សម រង្ស៊ី និងជំនួយការនោះទេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថ្លែងថាតុលាការទុកពេលឱ្យជនជាប់ចោទប្តឹងទៅឧទ្ធរណ៍តែបើមិនប្តឹងហើយសាលក្រមចូលជាស្ថាពរហើយសមត្ថកិច្ចកម្ពុជានឹងរកវិធីគ្រប់បែបយ៉ាងដើម្បីនាំខ្លួនអ្នកទាំងបីនាក់មកផ្តន្ទាទោសតាមច្បាប់។ «ដំបូងយើងនឹងធ្វើបត្យាប័នទៅប្រទេសបារាំងឱ្យនាំខ្លួនជំនួយការគាត់ពីរនាក់មកដាក់ទោសតែលោក សម រង្ស៊ី យើងមិនអាចធ្វើបានទេដោយសារគាត់មានសញ្ជាតិបារាំង»។
អ្នកវិភាគនយោបាយលោក អ៊ូ វីរៈ ថ្លែងថាការដែលតុលាការសម្រេចឱ្យលោក សម រង្ស៊ី ចាញ់ក្តី និងចោទប្រកាន់ជាបន្តបន្ទាប់អាចជាផ្នែកមួយមិនចង់ឱ្យមេបក្សប្រឆាំងរូបនេះវិលចូលក្នុងស្រុកដើម្បីប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ។ «ខ្ញុំមិនចាប់អារម្មណ៍ទេព្រោះអីដាក់ទោសប៉ុនណាក៏គាត់នៅក្រៅប្រទេសហើយបើគាត់ចង់ចូលរួមប្រកួតនយោបាយទាល់តែមានការលើកលែងទោសសិន»។
លោក សម រង្ស៊ី បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈសារអេឡិចត្រូនិកកាលពីម្សិលមិញថា «ក្រោមរបបផ្តាច់ការ និងព្រៃផ្សៃរបស់លោក ហ៊ុន សែន ដែលប្រើប្រាស់តុលាការអាយ៉ងក្រោមបញ្ជាគាត់ដោយមិនចេះអៀនខ្មាសប្រទេសកម្ពុជាជាប្រទេសមួយខុសគេក្នុងពិភពលោកដែលអ្នកស្លូតត្រង់ត្រូវគេផ្តន្ទាទោសតែជនឧក្រិដ្ឋមានសេរីភាព ធ្វើអំពើអាក្រក់បានតាមចិត្តប្រកបដោយនិទ្ទណ្ឌភាព»។
មេបក្សប្រឆាំងរូបនេះបានថ្លែងថា សេចក្តីសម្រេចរបស់តុលាការមកលើរូបលោក និងសហការីរបស់លោក ២ នាក់គឺរឹតតែធ្វើឲ្យរូបលោកមានកម្លាំងចិត្តកាន់តែខ្លាំងហើយការប្តេជ្ញាចិត្តកាន់តែខ្ពស់ក្នុងការតស៊ូដើម្បីនាំមកនូវការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យនៅឆ្នាំ ២០១៧ និង ២០១៨ ខាងមុខ៕