ភ្នំពេញៈ លោក​ សម រង្ស៊ី បង្ហាញជំហរ​មិន​វិល​ត្រឡប់​ចូ​ល​​មក​កម្ពុជា ដូច​ការ​ភ្នាល់​នោះ​ឡើយ​ ខណៈ​ដៃ​គូ​ភ្នាល់​គឺ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចាត់​​ទុក​គូប្រកួត​របស់​លោក​ថា​​ ជា​មនុស្ស​ខូច​តែ​លោក​នៅ​តែ​រង់ចាំ។

ខណៈ​ដែល​ឱសាន​វាទ​នៃ​ការ​ភ្នាល់​សល់​តែ​ជាង​ ១០ ថ្ងៃ​នោះ លោក​ ហ៊ុន សែន បាន​បង្ហោះ​សារ​​មាន​ខ្លឹម​សារ​​ឌឺដង ​​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​មិន​បាន​បញ្ចេញ​ចំ​ឈ្មោះ​អ្នក​ណា​ម្នាក់​ឡើយ ប៉ុន្តែ​ត្រូវ​បាន​គេ​គិត​ថា គឺ​សំដៅ​ទៅ​លើ​លោក​ សម រង្ស៊ី ដែល​ជា​ដៃ​គូ​ភ្នាល់​របស់​លោក​។

លោក​នាយក​រដ្ឋ​មន្ត្រី​​សរសេរ​​ថា ​ដៃ​គូ​ប្រកួត​វាយ​កូន​គោល​របស់​លោកលេង​ខូច​ខ្លាំង គឺ​វាយ​​​បាល់​ធ្លាក់​ទឹកដែល​មនុ​ស្ស​បាន​ឃើញ​គ្រប់​គ្នា ប៉ុន្តែ​ដៃគូ​របស់​លោក ​បែ​រជា​យក​បាល់​ថ្មី​មក​វាយ​ ដោយ​មិន​ខ្វល់​ពី​បាល់​ពិន័យ។

លោក​​សរសេរ​​បន្ត​ថា៖ «ពេល​នេះ​គាត់​កំពុង​ចូល​បន្ទ​ប់​ទឹក​ ខ្ញុំ​រង់​ចាំ​ខាង​ក្រៅ​​ ប៉ុន្តែ​សង្ស័​យ​ថាគាត់​មិន​ព្រម​ចេញ​មក​ទេ​ដឹ​ង​ ឬ​គាត់​ទម្លាយ​ទ្វារ​រត់​ចេញ​ទៅ​ក្រៅ​តារាង​បាត់​ហើយ។​ តែ​ទោះ​​យ៉ាង​ណា​​ ខ្ញុំ​ត្រូវ​រង់​ចាំ​គាត់​រហូត​ផុត​ម៉ោង​ប្រកួត​ ព្រោះ​គា​ត់​ជា​អ្នក​បបួល​ខ្ញុំ​ភ្នាល់​ដោយ​សម្ដី​ក្អេង​ក្អាងទៀត​ផង។​ សុំ​ចេញ​មក​ប្រកួត​បន្ត​ណា​អ្នក​ខ្លាំ​ង​​ កុំ​រត់​ចោល​ទីលាន​ប្រកួត»។

លោក សម រង្ស៊ី កាល​ពី​ខែ​វិច្ឆិកា បាន​បបួល​លោក​ ហ៊ុន សែន ភ្នាល់​ដោយ​ដាក់​លក្ខខ​ណ្ឌ​ថា លោក កឹម សុខា នឹង​ត្រូវ​ដោះ​លែង​នៅ​ពេល​ជាប់​ឃុំ​បាន​ ១៨ ខែ គឺ​មិន​លើស​ពី​ថ្ងៃទី​ ៣​ ខែ​មីនា ឆ្នាំ​ ២០១៩ ​នេះទេ​។ ការ​ភ្នាល់​នេះ​គឺ​លោក រង្ស៊ី ថា​ នឹង​ចូល​ឲ្យ​ចាប់​ខ្លួន​ បើ​លោក​ចាញ់ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ទទួល​ការ​ភ្នាល់​នោះ​ ដោយ​សន្យា​ចុះ​ចេញ​ពីតំណែង​បើ​លោក ​រង្ស៊ី ឈ្នះ។

ប៉ុន្តែ​ខណៈ​ដែល​ចំនួន​ថ្ងៃ​កាន់​តែ​ខិត​ជិត​មក​ដល់​នោះលោក សម រង្ស៊ី កា​ល​ពី​ថ្ងៃ​សៅរ៍​ បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកនូវ​​បទ​សម្ភាស​​មួយ​ជា​មួ​យ​វិទ្យុ​អាស៊ី​សេរី ដោយ​បាន​បង្ហាញ​ជំហរ​ថា ការ​ចូល​មក​កម្ពុជា ​គឺ​ត្រូវ​ធ្វើ​តាម​កាលៈ​ទេសៈ។

លោក​ថា ការ​ចូល​ទៅ​ស្លាប់​ គឺ​បាន​ត្រឹម​តែ​ឈ្មោះ​វីរបុរស​ប៉ុណ្ណោះ ប៉ុន្តែ​វា​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ជាតិ​ទេ។ លោក​បាន​លើក​ឧទាហរណ៍​ថា ​សម្ដេច​ព្រះ​ នរោត្តម​ សីហនុ ក្រោយពី​រដ្ឋ​ប្រហារ​ និង​ការ​ឈ្លាន​ពាន​​របស់​វៀតណាម មិន​បាន​ចូល​មក​កម្ពុជា​ ឲ្យ​មាន​ការ​ចាប់​ខ្លួន​ទេ គឺ​ព្រះ​អង្គ​​​ចេះ​គេច​ខ្លួន​មួយ​រយៈ​ពេល ​ដល់​កាលៈទេសៈ​អំណោយ​ផល ដល់​​​ស្ថានការ​ណ៍ទុំ​ល្អ​ ទើប​​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

លោក​ក៏​​​រំឭក​ពី​ការ​រត់​ចោល​ប្រទេស​របស់​​លោក​ ហ៊ុន សែន ទៅ​សុំ​ជំនួយ​ពី​វៀត​ណាម​ មក​វាយ​​ជាមួយ​ពួក​ខ្មែរ​ក្រហម។ លើស​ពី​នេះ​ លោក​ក៏​រំឭក​ពី​ឧត្តម​សេនីយ៍ ហ្សាល ដឺហ្គោល របស់​បារាំង ដែល​បាន​គេច​ខ្លួនពី​បារាំង​ ទៅ​នាំ​កម្លាំង​ពីក្រៅ​មក​រំដោះ​ប្រទេស​បារាំង។

លោក រង្ស៊ី ​ថា៖ «ឥឡូវ​នេះ​ ស្ថានការណ៍​ប្រទេស​ កម្ពុជា​ អីចឹង​ដែរ។ បើ​ខ្ញុំ​ឲ្យ​ ហ៊ុន​ សែន​ ចាប់​ខ្ញុំ ខ្ញុំ​ក្លាយ​ទៅ​ជា​ កែម ​ឡី ខ្ញុំ​ក្លាយ​ទៅ​ជា​ កឹម សុខា។ ឥឡូវ កែម ឡី ជា​វីរបុរស​មែន ប៉ុន្តែ​ កែម ឡី មាន​បាន​ជួយ​ប្រជា​ពលរដ្ឋ​ឲ្យ​រំដោះ​ខ្លួន​ពី​របប​ផ្ដាច់​ការ​មក​ដល់​ពេល​នេះ​ទេ? អត់​ទេ។ លោក កឹម សុខា ឲ្យ​ ហ៊ុន សែន ចាប់​ ឥឡូវ​នេះ រង​ការ​ឃុំ​ឃាំ​ង​ពី​ពន្ធនាគារ​ មក​ឃុំ​ឃាំង​ក្នុង​ផ្ទះ អត់​មាន​សេរីភាពតើ​ជួយ​រំដោះ​ប្រជា​​ពលរដ្ឋ​បាន​ទេ? ជួយ​ទៅ​បំផុស​បំផុល​អន្តរជាតិ​បាន​ទេ?»។

នៅ​ពេល​សួរ​ថា​ តើ​លោក​ទុក​ចិត្ត​ប៉ុនណា ​ក្នុង​ការ​ត្រឡប់​មក​កម្ពុជា​វិញ​? លោក​ រង្ស៊ី ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ទៅ​ឆោត​ឲ្យ​គេ​ចាប់​ងាយៗ ឲ្យ​គេ​សម្លា​ប់​ងាយៗ​ទេ។ យើង​ធ្វើ​អី​យើង​ត្រូវតែ​លៃ​លកឲ្យ​មាន​លទ្ធភា​​​​ព​ឈ្នះ​ ឲ្យ​ប្រជា​រាស្ត្រ​ឈ្នះ យើង​រៀប​ចំ​ផែន​ការណា​មួយ​ ដែលជោគ​ជ័យ យើង​មិន​ទៅធ្វើ​លេងៗ ឲ្យ​គេ​កម្ចាត់​យើង​ងាយៗ​អ៊ីចឹង​ទេ។ បំណង​របស់​ខ្ញុំ​ គឺចង់​ឈ្នះ​ដោយ​សន្តិវិធី។ គឺ​យើង​ធ្វើ​ចលនា​ក្នុង​ចិត្ត​ក្នុង​អារម្មណ៍​ក្នុង​បេះដូង គេ​ហៅ​ថា​ សង្គ្រាម​ចិត្តសាស្ត្រ​ក៏​បាន​ដែរ»។

លោក​ រង្ស៊ី ​លើក​ឡើង​ថា សេណារី​យោទី ១ ​របស់​លោកហ៊ុន សែន គឺ​ចាប់​​រូប​លោក ​ឬ​សម្លាប់​ដោយ​បាតដៃ​ទី ៣ ប៉ុន្តែ​លោក​ថា​ លោក​មិន​ចូល​ក្នុង​សេ​ណា​​រីយោនេះ​ទេ ដោយ​​​លោក​មាន​សេណារីយោ​មួយ គឺ​ចូលទៅ​ចាប់​លោក​ ហ៊ុន សែន វិញ​ ដោយ​​អះអាង​ថា​​ មាន​ការ​ងើប​ឡើ​ង​របស់​ពលរដ្ឋ​និង​កង​កម្លាំង​ប្រដាប់​អាវុធ។

អ្នក​វិភាគ​នយោបាយ​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ ​នៃរាជបណ្ឌិត្យ​សភា​​កម្ពុជាយល់​ឃើញ​ថា ឆ្លង​តាម​អ្វី​ដែល​លោក សម រង្ស៊ី លើក​ឡើង​នោះ​ បញ្ជាក់​ថា លោក​នឹង​មិន​មក​វិញតាម​ការ​សន្យា​ដូច​ការ​ភ្នាល់​ទេ។ «វា​គ្រាន់​តែ​ជា​ការ​​បំពង​សំឡេង ទាញ​ការ​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណឹង​ទេ​ ដើម្បី​កុំ​ឲ្យ​ប្រជាជន​ភ្លេច​គាត់ ដើម្បី​កុំ​ឲ្យ​អន្តរជាតិ​ភ្លេច​គាត់ អ៊ីចឹង​គាត់​បង្កើត​ព្រឹត្តិការណ៍​ទាញ​កា​រ​ចាប់​អារម្មណ៍​ហើ​យ​​ជា​ទូទៅ​ គាត់​មិន​ដែល​បាន​គោរព​តាម​ការ​សន្យា ហើយ​បើ​និយាយ​ពី​រឿង​គាត់​ឈ្នះ​វិញ គាត់​ឈ្នះ​រហូត»។

លោក​ ភា បន្ត​​ថា៖ «ចាញ់​ក្ដី ឈ្នះក្តី លោក សម រង្ស៊ី មិន​មក​តាម​ការ​សន្យា​ទេ គឺ​គាត់​មិន​គោរព​ការ​សន្យា​ចំពោះ​ការ​ភ្នាល់​របស់​គាត់​ទេ។ គាត់​កំពុង​រក​លេស រក​ហេតុ​ផលផ្សេងៗ​ដើម្បី​គេច​វេះ​ពី​ការភ្នាល់​ហ្នឹងដូច​ជា​គាត់​ថា ​គាត់​ឈ្នះ​បេះ​ដូង​ប្រជា​ពលរដ្ឋ។ ដូច្នេះ​គឺជាភាសា​មួយ​ដែល​ដោះសា ដើម្បីគេច​វេះ​ពី​ការទទួល​ខុស​ត្រូវ​»​។

លទ្ធភាព​ដែល​មិន​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី ត្រូវ​បាន​អ្នក​វិភាគរូប​នេះ ប្រៀប​ប្រដូច​នឹង​ពាក្យ​ស្លោក​ខ្មែរ​ថា៖ «ភូត​ច្រើន ចាញ់​អាត្មា គឺ​ធ្វើ​ឲ្យ​គេ​លែង​ជឿ​ទុក​ចិត្ត​គាត់ បាត់​បង់​ទំនុក​ចិត្ត​ពី​គាត់​ ហើយ​សហគមន៍​អន្តរជាតិ​ ក៏​លែង​ជឿ​គាត់​ដែរ គាត់​និយាយ​មិន​ពិត»។

ទោះ​យ៉ាង​ណា លោក ឯម សុវណ្ណារ៉ា អ្នក​វិភាគ​នយោបាយ​យល់​ថា ការ​ភ្នាល់​របស់​លោក សម រង្ស៊ី គឺ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​ ឬ​​ល្បិច​កល​នយោបាយ​ប៉ុណ្ណោះ ហើយ​លោក រង្ស៊ី ក៏​មាន​ភាពឆ្លាត​វៃ​លើ​រឿង​ភ្នាល់​នេះ​ដែរ។

លោក​ថ្លែង​ថា៖ «គាត់​ប្រាប់​ហើយ​ គាត់​មិន​ចូល​ក្នុង​របត់​នេះ​ទេ បាន​ន័យ​ថា​ នៅ​ក្នុង​របត់​ណា​មួយ​នៃសម្ពាធ​អន្តរ​ជាតិ​ណា​មួយ​កើត​ឡើង ឬ​ការ​រំជួល​ ការងើបឡើង​ ការ​បះ​បោរ ពី​ប្រជា​ពលរដ្ឋ​អាហ្នឹង​គាត់​អូស​ទាញ​បាន​កម្លាំងហ្នឹង​ ទើប​គាត់​ចូល​មក។ អ៊ីចឹង​យុទ្ធសាស្ត្រ​ភ្នាល់នេះ ​គ្រាន់​តែ​ជា​តាក់​ទិក ឬ​វិធី​សាស្ត្រ​ល្បិច​កល​នៅ​ក្នុង​នយោបាយ​ទេ មិន​មែន​ជា​ការ​លេង​ល្បែង​មាន​អាជ្ញាកណ្ដាល​ពិត​ប្រាកដ​ទេ ព្រោះ​អ្នក​នយោបាយ​នៅ​កម្ពុជា​យើង​មាន​ពិស​ពុល​ច្រើន»។

លោកយល់​ថា បើ​ទោះ​បី​ជា​លោក រង្ស៊ី មិន​វិល​តាម​ការ​សន្យា​នេះ​ក៏​ដោយ ​ក៏​អ្នក​គាំទ្រ​របស់​គា​ត់​ មិន​រារែក​ចិត្ត​ឈប់​គាំទ្រ​គាត់​ដែរ ដោយ​សារ​តែ​អ្នក​គាំទ្រ​យល់​ចិត្ត​គាត់​។ «ម្យ៉ាង​ទៀត​ វា​អត់​មាន​អ្នក​នយោ​បាយ​ណា​ ដែល​ហ៊ាន​ប្រឈម​ជាមួយ​នាយក​រដ្ឋមន្ត្រី ហើយ​ដែល​អាច​មាន​កម្លាំង​ស្មើ​គ្នា។ អ៊ីចឹង​គាត់​នៅ​តែ​ជា​បេក្ខជន​នយោបាយ​មួយ​សំខាន់​ដដែល»។

គួរ​រំឭ​ក​ផង​ដែរ​ថា ​ អ្នក​វិភាគ​នយោ​បាយ​ លោក​ ឡៅ​ ម៉ុងហៃ​ ធ្លាប់​បាន​ទស្សន៍ទាយ​​ដោយ​ដាក់​ចេញ​នូវ​ហានិភ័យ​​ចំនួន ៣ ចំណុច ​​ដែល​អាច​នឹង​កើត​ឡើង ​ចំពោះ​លោក​ សម ​រង្ស៊ី​ ប្រ​សិន​បើ​ប្រធា​ន​ស្តី​ទី​​ អតីត​គណ​បក្ស​សង្គ្រោះជាតិរូប​នេះ​​ហ៊ាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ ២០​១​៩ នេះ​មែន​នោះ​។

កាលពីចុង​ខែ​មករា លោក ម៉ុងហៃ បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ​​​ថា​ ចំណុច​ទី១ លោក​ សម ​រង្ស៊ី​ អាច​នឹង​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធ​នា​គារ​ដូច​សហ​ស្ថាប​និក​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក ​កឹម​ សុខា​ ដែរ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជា​តិ​​ ​ហើយ​ចំណុច​ទី​២ ​គឺ​ថា លោក រង្ស៊ី ​នឹង​ត្រូវ​គេ​វាយ​បែក​ក្បាល ដូច​អតី​ត​​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ លោក​ ខៀវ​ សំផន​ នៅ​ពេល​ដែល​គាត់​វិល​ត្រឡប់​មក​កាន់ទីក្រុង​ភ្នំពេញ​វិញនៅ​ឆ្នាំ​ ១៩៩​១​។ ចំណែក​ចំណុច​ទី​៣ ​«(​ស​ម រង្ស៊ី​) អាច​ត្រូវបានសម្លាប់ ដូចសមា​ជិក​ព្រឹទ្ធសភាហ្វីលីពីន ឈ្មោះ អាគី​ណូ Aquino» ដែល​ជា​គូ​ប្រជែ​​ង​​នយោ​បាយ​របស់​ប្រធា​​​នា​ធិប​តី​ហ្វីលី​ពីន​លោក Ferdinand Marcos៕