The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក សម រង្ស៊ី ប្រកាស​មិន​ប្រយុទ្ធ​ជាមួយ​មេដឹកនាំ​ CPP ​ក្នុង​តុលាការ​ខ្មែរ​ទេ




លោក សម រង្ស៊ី ប្រកាស​មិន​ប្រយុទ្ធ​ជាមួយ​មេដឹកនាំ​ CPP ​ក្នុង​តុលាការ​ខ្មែរ​ទេ

Content image - Phnom Penh Post
លោក សម រង្ស៊ី ដើរ​ចេញ​ពី​រដ្ឋសភា​ក្នុង​ឆ្នាំ ២០១៥។ ហេង ជីវ័ន

លោក សម រង្ស៊ី ប្រកាស​មិន​ប្រយុទ្ធ​ជាមួយ​មេដឹកនាំ​ CPP ​ក្នុង​តុលាការ​ខ្មែរ​ទេ

ភ្នំពេញ: លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា​លោក​មិន​ប្រយុទ្ធ​ជាមួយ​មេដឹកនាំ​គណបក្ស​កាន់​អំណាច​នៅ​ចំពោះ​មុខ​តុលាការ​កម្ពុជា​ទេ ព្រោះ​មិន​ចាប់​អារម្មណ៍​ចំពោះ​ករណី​ទាំងអស់​ដែល​ប្តឹង​លើ​រូប​លោក​ដោយ​មេដឹកនាំ​គណបក្ស​ដែល​កំពុង​កាន់​អំណាច​ដោយសារ​បញ្ហា​ទាំង​នោះ​វា​ជា​រឿង​នយោបាយ។

ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ពី​ប្រទេស​បារាំង លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដោយ​អាជ្ញាធរ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា​លោក​មិន​ចំណាយ​ពេល​ប្រយុទ្ធ​នៅ​ក្នុង​តុលាការ​ក្នុង​សំណុំ​រឿង​ទាំងអស់​ដែល​ប្តឹង​ដោយ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​រួម​មាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក ហេង សំរិន ប្រធាន​រដ្ឋសភា​លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្រ្តី... ព្រោះ​ករណី​ទាំង​អស់​ជា​រឿង​នយោបាយ​ហើយ​ម៉្យាង​ទៀត​តុលាការ​កម្ពុជា​មិន​អាច​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​បាន​ទេ​ក្នុង​សំណុំ​រឿង​ទាំងអស់​នេះ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ជាថ្មី​ថា​សំណុំ​រឿង​ទាំងអស់​នេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ច្រក​នយោបាយ ហើយ​លោក​ថា​លោក​មិន​បាន​គិត​ស្វែងរក​មេធាវី​ការពារ​លោក​នៅ​តុលាការ​នៅ​ឡើយ​ទេ បន្ទាប់ពី​លោក​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «រឿង​នេះ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ព្រោះ​ខ្ញុំ​យល់​ថា​វា​គ្មាន​ប្រយោជន៍​ដោយសារ​តុលាការ​ក្នុង​ប្រទេស​ខ្មែរ​មិន​ផ្តល់​យុត្តិធម៌ មិន​ផ្អែក​ទៅ​លើ​ច្បាប់ ពួកគេ​ធ្វើ​ទៅ​តាម​នយោបាយ។ ដូច្នេះ​យើង​ប្រយុទ្ធ​ជាមួយ​តុលាការ​នោះ​វា​គ្មាន​ប្រយោជន៍»។

លោក សម រង្ស៊ី ថ្លែង​ថា៖ «ដូច្នេះ​យើង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​នយោបាយ។ នៅ​ពេល​យើង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ដំណោះស្រាយ​នយោបាយ បញ្ហា​តុលាការ​នឹង​ត្រូវ​បញ្ចប់។ ដូច្នេះ​យើង​មិន​ចាំបាច់​ប្រយុទ្ធ​នៅ​ចំពោះ​មុខ​តុលាការ​ទេ»។ «ប្រសិន​បើ​ពួកគេ​នៅ​តែ​ប្តឹង​ខ្ញុំ​ដដែល ខ្ញុំ​មិន​ទាន់​បាន​គិត [ស្វែងរក​មេធាវី] នៅ​ឡើយ​ទេ ប្រសិន​បើ​ខ្ញុំ​គិត ខ្ញុំ​គិត​អំពី​ដំណោះស្រាយ​នយោបាយ។ ពី​មុន​ពេល​ខ្ញុំ​លាលែង​ក្រោយ​ពេល​ខ្ញុំ​លាលែង វា​នៅ​តែ​ជា​ហេតុផល​នយោបាយ​ព្រោះ​ពួកគេ​ចោទ​ប្រកាន់​ខ្ញុំ​ដោយសារ​ខ្ញុំ​ប្រឆាំង​នឹង​ពួកគេ»។

ឥឡូវ​នេះ​មាន​បណ្តឹង​ចំនួន​ ៨ ដែល​ដាក់​ប្រឆាំង​នឹង​លោក សម រង្ស៊ី ដោយ​ចោទប្រកាន់​លោក​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ហើយ​ករណី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់។ បណ្តឹង​ទាំង​នោះ​ត្រូវ​បាន​ប្តឹង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង និង​រដ្ឋមន្រ្តី​អមនាយក​រដ្ឋមន្រ្តី លោក សោម សឿន សកម្មជន​នយោបាយ កញ្ញា ធី សុវណ្ណថា។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា​លោក សម រង្ស៊ី មិន​អាច​គេច​ពី​សំណាញ់​ច្បាប់​បាន​ទេ ហើយ​បើ​ទោះបី​ជា​លោក សម រង្ស៊ី លាលែង​ពី​ប្រធាន និង​សមាជិក​នៃ​គណបក្ស​លោក​នៅ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​អ្វី​ដែល​លោក សម រង្ស៊ី លើក​ឡើង​វា​គ្រាន់​តែ​ជា​គំនិត​របស់​លោក។

លោក សុខ ឥសាន បាន​ថ្លែង​បន្ត​ថា៖ «គាត់​មិន​ប្រយុទ្ធ [នៅ​ក្នុង​តុលាការ] ព្រោះ​គាត់​មិន​មាន​អ្វី​ប្រយុទ្ធ។ មិន​មាន [ដំណោះស្រាយ​នយោបាយ​សម្រាប់​លោក សមរង្ស៊ី] ទេ»។

ដោយ​ជាប់​រវល់​នឹង​ករណី​មួយ​ទៀត​លោក សំ សុគង់ មេធាវី​លោក សមរង្ស៊ី ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ទេ​កាលពី​ម្សិលមិញ។

នៅ​ពេល​ទាក់ទង​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ លោក សុគង់ បាន​ថ្លែង​ថា​លោក​មិន​ប្រាកដ​ថា​តើ​គណបក្ស​សង្គ្រោះជាតិ​នឹង​បន្ត​ផ្តល់​ថវិកា​លើ​ការ​ការពារ​ក្តី​របស់​លោក សម រង្ស៊ី ឬ​អត់​នោះ​ទេ​ដោយសារ​ឥឡូវ​នេះ​លោក​បាន​លាលែង​ពី​តំណែង ប៉ុន្តែ​លោក​បាន​អះអាង​ថា​លោក​នឹង​ពិនិត្យ​ករណី​នេះ​ហើយ​នាពេល​ឆាប់ៗ​នេះ​នឹង​ដាក់​ភ័ស្តុតាង​បន្ថែម​រួមមាន​ដូចជា ការ​សន្ទនា​លេចធ្លាយ​តាម​អនឡាញ​រវាង​កញ្ញា ធី សុវណ្ណថា និង​លោក​នាយក​រដ្ឋមន្រ្តី​ដែល​ជា​មូលដ្ឋាន​នៃ​ការ​ចោទប្រកាន់​កូនក្តី​របស់​លោក។

អ្នក​នាំពាក្យ​តុលាការ និង​ព្រះរាជអាជ្ញា​ក្នុង​ក្ដី​នេះ​លោក លី សុផាន់ណា បាន​ថ្លែង​ថា​ចំណាត់ការ​នឹង​បន្ត​ធ្វើ បើ​ទោះបី​ជា​អវត្តមាន​របស់​ចុងចោទ ឬ​មេធាវី​របស់​គាត់​ក៏ដោយ៕ PS

អត្ថបទគួរចាប់អារម្មណ៍