ភ្នំពេញៈ ​ក្រសួង​មហាផ្ទៃ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​ថា លោក​បាន​សន្យា​ឲ្យ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​រស់នៅ​ក្នុង​ខេត្ត​ ៤ ​នៅ​ភាគ​ឦសាន​កម្ពុជា ខណៈ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​លោក សម រង្ស៊ី អាច​ជាប់​ពន្ធនាគារ​មួយ​ជីវិត​។

អ្នក​លេង​ហ្វេសប៊ុក​ដែល​ដាក់​ឈ្មោះ​ថា Rithy Erng កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហោះ​ឯកសារ​មួយ​ចំនួន​រួម​ទាំង​វីដេអូ​ឃ្លីប​ផង​ដោយ​បង្ហាញ​ថា លោក សម រង្ស៊ី ធ្លាប់​បាន​ជួប​លោក Kok Ksor ប្រធាន​មូលនិធិ​ម៉ុងតាញ៉ា (Montagnard Foundation, Inc.) ដោយ​ភាគី​ទាំង​ ២ ​បាន​ចុះហត្ថលេខា​មួយ​យល់ព្រម​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា​រស់នៅ​លើ​ខេត្ត​ ៤ ​របស់​កម្ពុជា​រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​។

ឯកសារ​ទាំង​នេះ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន ហ្វ្រេសញូ​យក​មក​ផ្សាយ​បន្ត បូករួម​ទាំង​សារ​ដែល​ឈ្មោះ Rithy Erng បាន​សរសេរ​ទៅ comment ទៅ​​កាន់​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា «​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី Kh» ដែល​ជា​ទំព័រ​គាំទ្រ​គណបក្ស​កាន់​អំណាច​។

នៅក្នុង​ឯកសារ​ដែល​ដាក់​ឈ្មោះ​ថា​ «​កិច្ចព្រមព្រៀង​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច Degar នៅ​កម្ពុជា​» ​មាន​ ៣ ​មាត្រា​ដែល​មាត្រា​ទាំង​នេះ​ត្រូវ​បាន​សរសេរ​ឡើង​បង្ហាញ​សិទ្ធិ​នានា​ដោយ​ផ្អែក​លើ​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​។

ប៉ុន្តែ​នៅក្នុង​វីដេអូ​ដែល​ភ្ជាប់​មក​ជាមួយ​នោះ​លោក សម រង្ស៊ី បាន​និយាយ​ថា​៖ «​ម៉ុងតាញ៉ា គឺ​គាំទ្រ​សង្គ្រោះ​ជាតិ​ពេញ​ទំហឹង​»​។

បន្ទាប់មក​លោក សម រង្ស៊ី បាន​និយាយ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ខ្លឹមសារ​ថា​៖ «Kok Ksor គឺជា​មេដឹកនាំ​ចលនា​ម៉ុងតាញ៉ា ជា​ភាសា​បារាំង​ថា Montagnard ប៉ុន្តែ​ពួកគេ​ហៅ​ខ្លួនឯង​ថា Degar​។ ​ពួកគេ​គឺជា​ផ្នែក​នៃ​ជាតិ​កម្ពុជា ពួកគេ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ​។ ដូច្នេះ​យើង​ដឹង​គុណ​ដល់​ពលរដ្ឋ​ Degar ហើយ Degar គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​។ ​ដូច្នេះ​នៅពេល​យើង​បង្កើត​រដ្ឋាភិបាល​ថ្មី យើង​នឹង​ធានា​ថា​ម៉ុងតាញ៉ា មនុស្ស​ជនជាតិ Degar នឹង​រស់នៅ​ជា​ពលរដ្ឋ​របស់​កម្ពុជា​។ ដី​របស់​ពួកគេ ព្រៃ​របស់​ពួកគេ និង​ភ្នំ​របស់​ពួកគេ​នឹង​ប្រគល់​ទៅ​ឲ្យ​ពួកគេ​វិញ​ក្នុង​នាម​ជា​ម្ចាស់​ដី​ដូច​ដែល​ពលរដ្ឋ​កម្ពុជា​ទូទៅ​ជា​ម្ចាស់​របស់​ដី​នោះ​ដែរ​»​។

បើ​ទោះបី​ជា​វីដេអូ​ឃ្លីប​មាន​រយៈពេល​ជាង​ ១ ​នាទី​នេះ​ត្រូវ​បាន​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចាត់ទុក​ជា​វីដេអូ​បែកធ្លាយ​ក្តី តែ​គេ​អាច​រកឃើញ​វីដេអូ​នេះ និង​វីដេអូ​មួយ​ចំនួន​ទៀត​ស្តីពី​ជំនួប​រវាង​លោក សម រង្ស៊ី និង​លោក Kok Ksor នៅក្នុង​បណ្ដាញ​យូធូប​ដែល​បង្ហោះ​កាលពី​ឆ្នាំ​ ២០១៣​។

ទោះ​យ៉ាងណា​ការ​ចោទប្រកាន់​លោក​ សម រង្ស៊ី ថា​ឃុបឃិត​ជាមួយ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​នេះ​ធ្លាប់​ត្រូវ​បាន​ហ្វេសប៊ុក​ឈ្មោះ សីហា ដែល​ឧស្សាហ៍​ថត​សំឡេង​សន្ទនា​ឯកជន​បង្ហោះ​ម្តង​ហើយ​កាលពី​ពេល​កន្លង​ទៅ​។

ឆ្លើយតប​នឹង​ឯកសារ​ទាំង​នេះ​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​៖ «​វា​​ជា​រឿង​ធ្ងន់ធ្ងរ​ពេក​ហើយ រក​ពាក្យ​ដាក់​មិន​បាន​ទេ​។ ដូច្នេះ​យើង​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ដើម្បី​តបត​នឹង​សកម្មភាព​ដ៏ស្មោគគ្រោក សកម្មភាព​ស្អុយ​ដូច​លាមក​របស់​គាត់ សកម្មភាព​ដ៏លាមក​»​។

នៅ​ពេល​សួរ​ថា ឯកសារ​នេះ​ត្រូវ​បាន​ថ្លែង​យូរ​មក​ហើយ​នោះ​លោក​ សុភ័គ ​ថា​៖ «​គាត់​និយាយ​យូរហើយ គាត់​លាក់​ការណ៍​ជា​ឯកសារ​សម្ងាត់​របស់​គាត់ តែ​គ្នា​គាត់​ក្បត់​គាត់​ទៅ​វា​ចេញ​មក​។ យើង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ យើង​នឹង​ធ្វើ​មិន​យូរ​ទេ​»​។

លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​មិន​អាច​សុំ​ការបំភ្លឺ​បាន​ទេ​ដោយ​លោក​ថា​ជាប់​ប្រជុំ ប៉ុន្តែ​លោក​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន ហ្វ្រេសញូ​ថា ទង្វើ​របស់​លោក សម រង្ស៊ី គឺជា​អំពើ​ក្បត់ជាតិ​ដែល​ប្រឈម​ជាប់​ពន្ធនាគារ​ ១ ​ជីវិត​ផ្អែក​តាម​មាត្រា​ ៤៤០ នៃ​ក្រមព្រហ្មទណ្ឌ​។

តាម​មាត្រា​នេះ​ចែង​ថា​៖ «​អំពើ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​ ឬ​ភ្នាក់ងារ​បរទេស​នូវ​ដែនដី​ជាតិ​ទាំង​ស្រុង​​ ឬ​មួយ​ផ្នែក​ត្រូវ​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​អស់​មួយ​ជីវិត​»​។

ទោះ​យ៉ាងណា​នៅ​ក្នុង​វីដេអូ​របស់​លោក សម រង្ស៊ី ក៏​ដូចជា​នៅក្នុង​ឯកសារ​កិច្ចព្រមព្រៀង​ជាមួយ​លោក Kok Ksor មិន​បាន​និយាយ​ពី​ការ ​«​កាត់​ដី​» ​ទៅ​ឲ្យ​ទៅ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​ទេ​។

លោក សម រង្ស៊ី បាន​ឆ្លើយ​នឹង​សំណួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍​តាម​សារ​អេឡិចត្រូនិក​កាលពី​ម្សិលមិញ​ថា លោក​ពិត​ជា​បាន​ជួប​លោក Kok Ksor ហើយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​មែន​ដោយ​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​ ២០១៣​។

ប៉ុន្តែ​លោក​ថា​កិច្ចព្រមព្រៀង​នោះ​មិន​បាន​និយាយ​ដល់​រឿង​កាត់​ដី​ឲ្យ​វៀតណាម​ទេ​គឺ​មិន​បាន​និយាយ​ពី​រដ្ឋ​ឯករាជ្យ​ ឬ​រដ្ឋ​ផ្តាច់​ខ្លួន​នោះ​ឡើយ​។

លោក សម រង្ស៊ី ពន្យល់​ថា​៖ «​ខ្ញុំ​ចង់​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​សិទ្ធិ​ស្របច្បាប់​របស់​ជនជាតិ​ភាគតិច​ជាច្រើន​ក្រុម​ដែល​គេ​ហៅថា ម៉ុងតាញ៉ា ដែល​រស់នៅ​ក្នុង​ផ្នែក​ឦសាន​នៃ​ប្រទេស​។ ជនជាតិ​ភាគតិច​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​។ សិទ្ធិមនុស្ស​របស់​ពួកគេ​ត្រូវ​បាន​គេ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ជា​​បន្តបន្ទាប់​...»​។

នៅក្នុង​កិច្ចព្រមព្រៀង​នោះ​មាន​លើក​ឡើង​ពី​ពាក្យ​ «​ជនជាតិ​ដើម​មាន​សិទ្ធិ​ស្វ័យភាព​»​។ ​ត្រង់​ចំណុច​នេះ​លោក សម រង្ស៊ី បកស្រាយ​ថា​៖ «​វា​គ្រាន់​តែ​ជា​ការអនុវត្ត​ជាក់ស្តែង​នៃ​វិមជ្ឈការ​ដែល​ស្រប​ទៅ​នឹង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន នោះ​វិមជ្ឈការ​ និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​មិន​ដែល​កើតមាន​ឡើយ​»​។

ទាក់ទង​នឹង​ការ​ចោទ​ថា​ក្បត់ជាតិ លោក សម រង្ស៊ី ថ្លែង​ថា​៖ «​វា​ជា​ការ​ចោទប្រកាន់​គួរ​ឲ្យ​អស់​សំណើច ប៉ុន្តែ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដោយសារ​តែ​របប​ផ្តាច់ការ​បែប​កុម្មុយនីស្ត និង​ហួស​សម័យ​តែងតែ​ស្វែងរក​លេស​​ដើម្បី​បង្ក្រាប​លើ​ទម្រង់​ណា​មួយ​នៃ​ការប្រឆាំង​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​»៕